លោក​ សម​ រង្ស៊ី​ បន្ត​អំពាវនាវ​ឱ្យពលរដ្ឋ​ចូលរួម​ប្តូរ​មេដឹកនាំ​ ខណៈ​សកម្មជន​ជិត១០០នាក់​រង​ការ​ចោទ​


|
https://vodhotnews.com

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បន្ត​អំពាវនាវ​ឱ្យ​ពលករ​ចំណាកស្រុក​វិល​ចូល​ប្រទេស​វិញ​ដើម្បី​ចូលរួម​ប្តូរ​មេដឹកនាំ​ ខណៈ​អតីត​សកម្មជន​បក្ស​នេះ​ជិត១០០នាក់​រង​ការ​ចោទ​ថា បាន​រំលោភ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

សារ​អំពាវនាវ​លើ​ហ្វេ​សប៊ុ​កនៅ​ថ្ងៃ​ពុធ​នេះ​ លោក​ សម​ រង្ស៊ី​ ហៅ​លំហូរ​វិល​ចូល​ស្រុក​វិញ​របស់​ពលករ​ចំណាក​ស្រុក​ជា​ការចូលរួម​ជាមួយ​លោក​ដើម្បី​ប្តូរ​មេដឹកនាំ​ ធានា​ពី​សិទ្ធិ​រស់នៅ​ថ្លៃថ្នូរ​លើទឹក​ដី​កំណើត​របស់​ខ្លួន​។

លោក​ថា​៖ «យើង​ទៅ​រៀបចំ​ស្រុកខ្មែរ​ឡើងវិញ ​ទៅ​ជួយ​អ្នក​ក្រីក្រ​ និង​អ្នក​ទន់ខ្សោយ​ ធ្វើ​យ៉ាងណា​ឱ្យ​កូនខ្មែរ​គ្រប់រូប​រស់​បាន​យ៉ាង​សុខសាន្ត​ សម្បូរសប្បាយ​ និង​ថ្លៃថ្នូរ​ លើទឹក​ដី​កំណើត​របស់​ខ្លួន​ ក្នុង​សង្គម​មួយ​ប្រកបដោយ​សេរីភាព​ និង​យុត្តិធម៌​»។

អតីត​សកម្មជន​ និង​ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ជិត១០០នាក់​ នៅ​ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ខេត្តកំពត​ និង​កំពង់ធំ​​ ត្រូវ​តុលាការ​ និង​នគរបាល​ ហៅ​ទៅ​សាកសួរ​ចោទ​ថា​ពួកគេ​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​ ទាក់ទិន​នឹង​ការ​បង្ហាញ​សារ​គាំទ្រ​គម្រោង​វិលត្រឡប់​របស់​លោក ​សម​ រង្ស៊ី​ មក​កម្ពុជា​ ។

មេធាវី​ លោក​ សំ​ សុ​គង់​ ដែល​ការពារ​ក្តី​ឱ្យ​អតីត​កម្ម​ជនប​ក្សប្រ​ឆំាង​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​កូន​ក្តីទាំងនេះ​ ដើម្បី​ធានា​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

លោក​ថា​៖ «ទាក់ទិន​នឹង​បទ​មិន​គោរព​សាលដីកា​តុលាការ​កំពូល​នេះ ​ខ្ញុំ​គិតថា ​វា​ជា​ការរំលោភ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ ​និង​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ និង​សិទ្ធិ​ជួបជុំ​ ហើយ​ជាពិសេស ​ជា​ការ​គំរាមកំហែង​ទា​ក់​ទិ​នសិទ្ធិ​ទាំងអស់​ហ្នឹង​»។

អតីត​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ លោក​ ស៊ុន​ ធុន​ ឱ្យ​ដឹង​ដែរថា​ នគរបាល​ហៅ​ក្រុមការងារលោក​​សាកសួរ​ ប៉ុន្តែ​ថា​ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ទេ​។ លោក​ហៅ​ចំណាត់ការ​នេះ​ថា​ ជា​យុទ្ធសាស្ត្រ​ចាស់​ គំរាម​បំបែក​សំឡេង​ប្រឆាំង​។

លោក​ថា​៖ «ជា​យុទ្ធសាស្ត្រ​គំរាមកំហែង​បំភិតបំភ័យ​ បំបែក​បំបាក់​ សម្លុ​ត អូសទាញ​ ដើម្បី​គ្រប់គ្រង​»។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​កម្មវិធី​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ខែមុន​ បាន​ណែនាំ​មន្ត្រី​មិន​ឱ្យ​ឆ្លើយឆ្លង​ទៅ​នឹង​សារ​របស់​លោក​ សម​ រង្ស៊ី​ ប៉ុន្តែ​ លោក​ថា​ ត្រូវ​កម្ទេ​ចក្រុ​មប្រឆាំង​មិន​ឱ្យ​ងើប​រួច​ ដោយ​ប្រើពាក្យ​ថា​ «ងើប​មួយ​ វ៉ៃ​មួយ ​ងើប​ពីរ​ វ៉ៃ​ពីរ​» និង​បាន​អះអាង​ថា​ ការអនុវត្ត​បទបញ្ជា​នេះ​ គ្មានអ្វី​កើតឡើង​ទេ​។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​លោក​ សុខ​ ឥសាន ​អះអាង​ថា ​លោក​មិន​ចាប់​អារម្មណ៍ទៅ​នឹង​សារ​លោក​ សម​ រង្ស៊ី​ នេះ​ទេ​ ដោយ​ថា ​សារ​នេះ​ពលរដ្ឋ​ទូទាំង​ប្រទេស​មិន​ឱ្យ​តម្លៃ​។

ប៉ុន្តែ​ អ្នកនាំពាក្យ​រូប​នេះ​ ហៅ​ចំណាត់ការ​របស់​តុលា​រ និង​នគរបាល​ដែល​បាន​កោះហៅ​អតីតមន្ត្រី​មួយចំនួន​ទៅ​សាកសួរ​នោះ ​ថា​ជា​វិធានការ​ច្បាប់​។

លោក​ថា​៖ «ពីព្រោះ​តុលាការ​កំពូល​បាន​ចេញ​សាល​ដីកា​រំលាយ​ និង​បិទផ្លូវ​តវ៉ា​របស់​អតីត​គណបក្ស​ប្រឆាំង​រួចហើយ​។ អ៊ីចឹង​ ជន​ណា​ដែល​នៅ​តែ​បន្ត​បញ្ចេញមតិ​ក៏ដោយ​ មិន​បញ្ចេញមតិ​ក៏ដោយ ​ឱ្យ​តែ​មាន​សកម្មភាព​គាំទ្រ​អតីត​បក្ស​ដែល​ត្រូវ​រំលាយ​រួចហើយ​នេះ ​អ្នក​ហ្នឹង​ត្រូវ​តុលាការ​ហៅ​ទៅ​សួរ​ហើយ​។ ខ្ញុំ​ឃើញ​ការផ្សាយ​របស់​វិទ្យុ​មួយចំនួន​ថា ២០នាក់ ៦នាក់​ ៨នាក់​ ខ្ញុំ​ថា​មិន​ច្រើន​ទេ​ ពីព្រោះ​ពលរដ្ឋ១៥លាន​នាក់​ មាន​នរណា​ហៅ​ទៅ​សួរ​?ដោយសារ​គេ​គោរពច្បាប់​»។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ចុងឆ្នាំ២០១៧ តាមច្បាប់​គណបក្ស​ន​យោបា​យ​ ដែល​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​ទើបនឹង​ធ្វើ​វិសោធនកម្ម​នៅពេលមាន​ជម្លោះ​នយោបាយ​ឈាន​ទៅ​ចាប់​អតី​ត​មេបក្ស​នេះ ​គឺ​លោក​ កឹម​ សុខា​ ដាក់​ពន្ធនាគារ​។

ក្រោយ​រំលាយ​ គ.ជ.ប​ បាន​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ចំនួន ៥៥ក្នុង​សភា​ ជិត​ស្មើនឹង​បក្ស​កាន់អំណាច​ និង​អាសនៈ​ឃុំ​សង្កាត់​ជាង ៥០០០​ទៀត​ ទៅ​ចែក​គណបក្ស​ផ្សេង​ តាមច្បាប់​បោះឆ្នោត​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ដូចគ្នា​។

យ៉ាងនេះ​ក្តី ​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ក្នុង​ដំណើរ​ទស្សនកិច្ច​ឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើក​នេះ​ បាន​អំពាវ​នាវឱ្យដោះលែងលោក កឹម សុខា និងស្នើរដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ពី​ច្បាប់​គណបក្ស​នយោបាយ​ និង​​ច្បា​ប់បោះឆ្នោត​ឲ្យស្របតាមច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចា​ប័ន​។

អ្នកជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​បើក​កិច្ច​សន្ទនា​នយោបាយ​ផង​ដែរ​សម្រាប់​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​និង​សន្តិភាព​។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles