សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ឧត្ដរមានជ័យ​ត្អូញ​ថា អាជ្ញាធរ​តាម​ដាន​ខ្លាំង ក្រោយ​ពី​ពួក​គេ​ទៅ​គាំទ្រ​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត

ដោយ សុ ជីវី
2019-05-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ផែនទី​ខេត្ត​ឧត្ដរមានជ័យ។ Photo: RFA
ផែនទី​ខេត្ត​ឧត្ដរមានជ័យ។ Photo: RFA


សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បន្ដ​ធ្វើ​ទុក្ខបុកម្នេញ ដល់​សកម្មជន​បក្ស​ប្រឆាំង


សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ​មួយ​ចំនួន​ត្អូញត្អែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ប៉ូលិស និង​ប្រជា​ការពារ​ភូមិ​តាម​ដាន​សកម្មភាព​របស់​ពួក​គាត់​ស្ទើរ​គ្រប់​ទីកន្លែង​ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរី​ក្នុង​ការ​រស់​នៅ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ទង្វើ​ខុស​ច្បាប់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​លោក​ ធួក​ ធឿយ​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៤ ឧសភា​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​​មេភូមិ​ ប្រជា​ការពារ​ភូមិ​ និង​ប៉ូលិស​មូលដ្ឋាន​ តាម​ដាន​ឃ្លាំ​មើល​សកម្មភាព​របស់​លោក​គ្រប់​ទីកន្លែង ជា​ពិសេស ​នៅ​កាល​ពី​ថ្ងៃ​ទី៩ ឧសភា ​ពេល​លោក​ចេញ​ដំណើរ​ទៅ​គាំទ្រ​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត ចូល​បំភ្លឺ​តុលាការ​​ខេត្ត​បាត់ដំបង ប៉ុន្តែ​បាន​អាក់​ខាន​ទៅ​វិញ បន្ទាប់ពី​ប៉ូលិស​ក្នុង​ខេត្ត​មួយ​នេះ​បាន​ឃាត់​រថយន្ត​របស់​លោក​សាក​សួរ​ចាប់​កំហុស​ជា​ច្រើន​កន្លែង ដែល​ខុស​ពី​ពលរដ្ឋ​ដទៃ​ពុំ​មែន​សកម្មជន​បក្ស​ប្រឆាំង​នោះ។ លោក​ថា ការ​ធ្វើ​បែប​នេះ​ រំខាន​ខ្លាំង​ដល់​សេរីភាព​ដើរ​ហើរ​របស់​លោក៖ «យើង​ចង់​ទៅ​ណា​គេ​មាន​បណ្ដាញ​មើល​យើង​ទាំង​ ថ្ងៃ​ដែល​ខ្ញុំ​ទៅ​បាត់ដំបង​ គេ​កាក់​ឡាង​ខ្ញុំ​ហើយ​ប័ណ្ណបើកបរ​បរ​មាន​ទាំង​អស់ តែ​គេ​ចោទ​ថា​កង់​ឡាន​ខ្ញុំ​អស់​ក្រឡា​ ប៉ូលិស​ប៉ុស្តិ៍​នៅ​ចុងកាល់​ ហើយ​គេ​កាក់​ខ្ញុំ​រួច​ហើយ​គេ​ហៅ​ប៉ូលិស​ចរាចរ​មក​ត្រួតពិនិត្យ​ តែ​តាម​ការ​ត្រួតពិនិត្យ​ប៉ូលិស​រដ្ឋបាល​ប៉ុស្តិ៍​អ្នក​កាក់​ខ្ញុំ​ទេ។ខ្ញុំ​ស្នើ​ឱ្យ​អង្គការ​ជាតិ​និង​អន្តរជាតិ​ជួយ​អន្តរាគមន៍​​ដល់​ពួក​ខ្ញុំ​ផង ដើម្បី​ដើរ​ហើរ​រក​ស៊ី​បាន​ដូច​គេ»

ការ​ដាក់​កម្លាំង​តាម​ដាន​នេះ​មិន​មែន​មាន​ចំពោះ​សកម្មជន​តែ​ម្នាក់​លោក​នោះ​ទេ គឺ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ទៀត​ក៏​សមត្ថកិច្ច​តាម​ដាន​យ៉ាង​តឹងរ៉ឹង​ដែរ ហើយ​ពួកគាត់​បាន​ត្អូញត្អែរ​លើ​បញ្ហា​នេះ​គ្រប់គ្នា​ ប៉ុន្តែ​អ្នក​ខ្លះ​មិន​ហ៊ាន​បញ្ចេញ​មតិ​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគាត់​ធ្វើ​ឱ្យ​មិន​អាច​រស់​នៅ​ក្នុង​ស្រុក​បាន។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អំពិល​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី ស្លោម ចរិយា​ ប្រាប់​អាស៊ី​សេរី​ថា ចាប់​តាំង​ពី​អ្នក​ស្រី​ទៅ​គាំទ្រ​សកម្មជន​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​តុលាការ​​ខេត្ត​បាត់ដំបង​មក គឺ​ប៉ូលិស​ជា​ច្រើន​នាក់​តែងតែ​មក​ឃ្លាំមើល​ផ្ទះ​របស់​​អ្នក​ស្រី​ជា​ញឹកញាប់​ និង​មាន​សកម្មភាព​ទ្វេដង បើ​ប្រៀប​នឹង​ពេល​មិន​ទាន់​មាន​ការ​កោះ​ហៅ​សកម្មជន​ចូល​បំភ្លឺ​តុលាការ​នោះ៖ «ម្រាប់​ខ្ញុំ​គិត​ថា​វា​មិន​សម​ចំពោះ​ខ្ញុំ​ទេ ព្រោះ​ក្រុម​គ្រួសារ​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ខុស​ទេ តែ​គេ​តាម​និន្ទា​ខ្ញុំ​រហូត​ សូម្បី​តែ​រក​ស៊ី​ក៏​មិន​ដែល​រក​ស៊ី​ខុស​ច្បាប់​ដែរ​ តែ​ខ្ញុំ​អត់​ដែល​ខ្វល់​ទេ​ព្រោះ​ខ្ញុំ​គិត​ថា​ ពួក​ខ្ញុំ​អត់​បាន​ធ្វើ​ខុស​ច្បាប់​ផង​ គេ​ធ្វើ​បែប​នេះ​វា​ជា​រឿង​នយោបាយ​ ដែល​ជា​ការ​គំរាមកំហែង​ធ្វើ​អោយ​ខ្ញុំ​ធ្វើ​ពួក​ខ្ញុំ​តក់ស្លុត​ កុំ​អោយ​ពួក​ខ្ញុំ​មាន​ការ​តស៊ូ​ព្យាយាម​លើ​រឿង​នយោបាយ​ទៀត​»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អធិការ​នគរបាល​ស្រុក​បន្ទាយអំពិល​លោក​ ឌៀប សារឿន​ ប្រាប់​អាស៊ី​សេរី​ថា​ ប៉ូលិស​មិន​បាន​តាម​ដាន​ឃ្លាំមើល​សកម្មជន​គណបក្ស​ប្រឆាំង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។លោក​អះអាង​ថា បញ្ហា​ដែល​សកម្មជន​ប្រឆាំង​ឃើញ​ប៉ូលិស​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​ផ្ទះ​របស់​ពួកគាត់​ញឹក​ញាប់​នោះ​ គឺ​ជា​ការ​ចុះ​ការពារ​សុវត្ថិភាព​នៅ​តាម​មូលដ្ឋាន​និង​ការ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ តែ​ពួកគាត់​បាន​ព្រួយបារម្ភ​ដោយ​ខ្លួន​ឯង​ហើយ​​ទម្លាក់​កំហុស​ដាក់​ប៉ូលិស​ទៅ​វិញ៖ «គ្រាន់​តែ​ខ្ញុំ​ដើរ​ចែក​អត្តសញ្ញាណប័ណ្ណ​សៀវភៅ​គ្រួសារ ខ្ញុំ​ដើរ​បង្ក្រាប​បទល្មើស​តាម​ភូមិ​ឃុំ​របស់​មាន​ បើ​ថា​រឿង​នយោបាយ​មិន​ដែល​មាន​ទេ។ខ្ញុំ​ធ្វើ​ការ​តាម​ភូមិ​ទើប​មក​ដល់​កន្លែង​មិញ​នេះ​ទេ​ខ្ញុំ​ដើរ​រាល់​ថ្ងៃ​បង

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ថ្មីៗ នេះ បាន​ប្រកាស​ជា​ចំហ​​ម្ដង​ហើយ​ម្ដង​ទៀត​ ថា​របប​លោក​នឹង​បន្ត​តាម​កម្ទេច​មន្ត្រី​គណបក្ស​ប្រឆាំង​ដោយ​មិន​ទុក​ឱ្យ​ពួកគេ​មានជីវិត​នោះ​ទេ ប្រសិន​បើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា​នោះ។

ក្រោយ​ការ​សម្លុត​ព្រមាន​នេះ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​តាមដាន​សកម្មភាព និង​រឹតត្បិត​សិទ្ធិ​សេរី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ​លោក ​ស្រី ណារ៉េន​ ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ការ​បំភិតបំភ័យ​បិទ​សិទ្ធិ​សេរី​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ​ចែង​ថា​​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ចូលរួម​គណបក្ស​នយោបាយ​ និង​សិទ្ធិ​ដើរហើរ​ដោយ​សេរី៖ «យើង​យល់​ថា​ជា​ការ​ភ័យ​ខ្លួន​ឯង​ឬ​យ៉ាង​ម៉េច​ក៏​មិន​ដឹង​ដែរ វា​សំខាន់​គឺ​អាជ្ញាធរ​នឹង​គាត់​ចេះ​តែ​សង្ស័យៗ អីចឹង​ទៅ​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គេ​រំលាយ​ចោល​អស់​ហើយ​ បើ​អីចឹង​ទេ​ធ្វើ​យ៉ាង​ណា​ផ្ដល់​សេរី​អោយ​ពួកគាត់​រស់​បាន​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ទៅ​ កុំ​អោយ​ចេះ​តែ​លាប​ពណ៌​សង្ស័យ​គាត់​បែប​នេះ​ទៀត»

ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​នេះ​​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​លោក សម រង្សី​ បាន​ដឹក​នាំ​ពលករ​ខ្មែរ​ប្រមាណ ៨ពាន់​នាក់ ធ្វើ​បាតុកម្ម​ភ្លើង​ទៀន​នៅ​ទីលាន​ខាងមុខ​សាលាក្រុង​ក្វាងជូ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​យប់​ថ្ងៃ​ទី២០ ខែ​មេសា។ បាតុកម្ម​នេះ រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ឃុំខ្លួន​មេដឹកនាំ​គណបក្ស គឺ​លោក កឹម សុខា។ ចាប់​តាំង​ពី​ពេល​នោះ​មក​សមត្ថកិច្ច​នៅ​តាម​ខេត្ត​បាន​តាមដាន​ ដោយ​ខេត្ត​ខ្លះ​បាន​កោះ​ហៅ​សកម្មជន​គណបក្ស​ប្រឆាំង​ចូល​បំភ្លឺ​តុលាការ​ជា​បន្តបន្ទាប់ ដោយ​ចោទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧។

មន្ត្រី​គណបក្ស​បក្ស​ទាំង ២នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ​ អះអាង​ថា ​បើ​ទោះ​បី​ជា​មាន​គំរាមកំហែង​យ៉ាង​នេះ​ក្ដី​ក៏​សកម្មជន​គណបក្ស​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទៅ​ស្វាគមន៍​លោក ​សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​បាន​គ្រប់​ពេល​ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​នោះ​ឡើយ ព្រោះ​ពួក​គាត់​យល់​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​សព្វ​ថ្ងៃ​មាន​តែ​លោក សម រង្ស៊ី និង​លោក កឹម សុខា ទេ​ ដែល​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​រស់​នៅ​ឡើង​វិញ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment