អ្នក​គាំទ្រ​រាប់​រយ​នាក់​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​សកម្មជន​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​​នៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង

ដោយ មួង ណារ៉េត
2019-05-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​របង​សាលា​ដំបូង​ខេត្ត​បាត់ដំបង គាំទ្រ មន្ត្រី​របស់​ពួក​គាត់ ៦នាក់ ដែល​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០១៩។ រូបថត៖ អាដហុក
សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​របង​សាលា​ដំបូង​ខេត្ត​បាត់ដំបង គាំទ្រ មន្ត្រី​របស់​ពួក​គាត់ ៦នាក់ ដែល​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០១៩។ រូបថត៖ អាដហុក


សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​៦​នាក់ បាន​ចូល​បំភ្លឺ​តាម​ដីកា​ការ​កំណត់​​របស់​តុលាការ​ ដោយ មាន​អ្នកគាំទ្រ​រាប់​រយ​នាំ​គ្នា​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួកគេ​​នៅ​​ខាង​ក្រៅ​របង​សាលាដំបូង​ខេត្ត​បាត់ដំបង។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា អាជ្ញាធរ​ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​បាន​​ដាក់​ពង្រាយ​សមត្ថកិច្ច​យាមកាម​យ៉ាង​តឹងរ៉ឹង​​ ហើយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​គាំទ្រ​បាន​ចូល​ទៅ​ដល់​ខាង​មុខ​​តុលាការ​នោះ​ឡើយ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ លោក ជា ជីវ ប្រាប់​អាស៊ី​សេរី​បន្ទាប់​ពី​បំភ្លឺ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៦​ឧសភា​ថា មន្ត្រី​តុលាការ​សាកសួរ​លោក​ជាង​មួយ​ម៉ោង ដោយ​ផ្ដោត​លើ​៣រឿង​សំខាន់ ទី​១ ការ​ហូប​នំបញ្ចុក​ជុំ​គ្នា​នៅ​ផ្ទះ​របស់​លោក​នៅ​មុន​ពេល​របប​លោក​ហ៊ុន សែន​បោះឆ្នោត​ក្លែងក្លាយ​កាល​ពី​ឆ្នាំ​២០១៨ ទី២ រឿង​ការ​បង្ហោះ​សារ​គាំទ្រ​លោក​សម រង្ស៊ី​ ជា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បង្ហោះ​សារ​គាំទ្រ លោក សម រង្ស៊ី និង លោក កឹម សុខា ជា​មនុស្ស​តែ​មួយ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​តុលាការ​កោះ​ហៅ​សាកសួរ​លើ​ករណី​នេះ៖ «វា​ជា​សកម្មភាព​មួយ​ដែល​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​មក​លើ​ខ្ញុំ​ប្រជាពលរដ្ឋ​សាមញ្ញ​​ បាន​ឈប់​ធ្វើ​នយោបាយ​ហើយ​។ ការ​សម្ដែង​មតិ​របស់​ពួក​ខ្ញុំ​កាន់​តែ​រួម​តូច​ ហើយ​ខ្ញុំ​គ្មាន​ជំនឿ​ទៅ​លើ​ប្រពន្ធ​តុលាការ​នោះ​ទេ​ ព្រោះ​ស្ថាប័ន​មួយ​នេះ​ស្ថិត​នៅ​ក្រោម​គំរាម​របស់​អ្នក​នយោបាយ»

តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​លោក គឺ ប៊ុណ្ណារ៉ា​ បាន​កោះ​ហៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន​៦​រូប រួម​មាន ​លោក​ ជា​ ជីវ​ លោក​ គង់​ ប៊ុនហ៊ាង លោក​ ហម​ អ៊ាប លោក​ពួក​ លីហាក់ លោក​ស៊ឹម​ ឡៅ និង​លោក​ស៊ិន​ សាន ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​១៦​ឧសភា ដោយ​ចោទ​ប្រកាន់​ពី​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ រឿង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​រាប់​រយ​នាក់​ ដោយ​អ្នក​ខ្លះ​មក​ពី​ខេត្ត​​សៀមរាប​ ពោធិ៍សាត់​ បន្ទាយមានជ័យ​ និង​ខេត្ត​បាត់ដំបង​នាំ​គ្នា​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួកគេ​នៅ​ខាង​ក្រៅ​របង​សាលាដំបូង​ខេត្ត​បាត់ដំបង។

អ្នក​គាំទ្រ​មក​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ឆាំង បារាំង ថ្លែង​ថា ពួកគាត់​ប្រមាណ​២០​នាក់​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ចំនួន​៣​គ្រឿង ក្នុង​ការ​ទៅ​ចូលរួម​ផ្ដល់​កម្លាំង​ចិត្ត​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។លោក​បន្ត​ថា មូលហេតុ​ដែល​គាំទ្រ​ដោយសារ​​មិន​ពេញ​ចិត្ត​នឹង​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ និង​ចង់​ឱ្យ​ពួកគាត់​បន្ត​ការងារ​របស់​ខ្លួន​ជា​មួយ​គណបក្ស​ប្រឆាំង​ទៅ​មុខ​ទៀត៖ «អ្នក​ខ្លះ​ឱ្យ​ខ្ញុំ​រក​ជួល​ឡាន​ទៀត​ តែ​ខ្ញុំ​រក​ជួល​អត់​ទាន់​ ព្រោះ​ខ្ញុំ​មក​បន្ទាន់​តាំង​ពី​ព្រឹក​។ខ្ញុំ​ធ្វើ​នេះ​ដើម្បី​កុំ​ឱ្យ​ពួកគាត់​គិត​ថា​នៅ​ឯកោ​ម្នាក់​ឯង​ ខ្ញុំ​ចង់​មក​ចូល​រួម​ឱ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ ព្រោះ​យើង​ធ្លាប់​រួម​ការងារ​ជា​មួយ​គ្នា​ពីមុន​មក​ ដល់​ពេល​ពួកគាត់​មាន​បញ្ហា​យើង​ក៏​មិន​ចោល​ពួកគាត់​ដែរ​ ហើយ​ទោះ​បី​ជា​ថ្ងៃ​ក្រោយ​គេ​ហៅ​ខ្ញុំ​ទៅ​បំភ្លឺ​តុលាការ​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ»

អ្នក​គាំទ្រ​ម្នាក់​ទៀត​មក​ពី​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ​ លោក យ៉ាត ភិរម្យ​ ប្រាប់​អាស៊ី​សេរី​ថា​ លោក​ធ្វើ​ដំណើរ​​ចេញ​ពី​ផ្ទះ​ដោយ​ម៉ូតូ​ផ្ទាល់​ខ្លួន​តាំង​ពី​ម៉ោង​៥​ព្រឹក ដើម្បី​ចូល​រួម​ឃ្លាំ​មើល​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង។លោក​បន្ត​ថា សកម្មជន​គណបក្ស​ប្រឆាំង​រងគ្រោះ​ដោយ​អយុត្តិធម៌ ២​ផ្ទួន​គ្នា​ គឺ​ការ​ប្លន់​យក​តំណែង​មេឃុំ​ចៅសង្កាត់​ដោយសារ​​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ផង​ និង មាន​ដីកា​កោះហៅ​ពួកគាត់​ទៅ​បំភ្លឺ​ ដោយ​អយុត្តិធម៌​​មក​លើ​ពួកគាត់​ ដូច្នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​លោក​ត្រូវ​តែ​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួកគាត់៖ «ពួក​យើង​ជា​យុវជន​ស្រលាញ់​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌ គឺ​កម្លាំង​ចេញ​ពី​ចិត្ត​ខ្លួន​ឯង​តែ​ម្ដង ព្រោះ​យើង​ពិចារណា​មើល​បើ​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ត្រឹម​ត្រូវ​ទេ​ ព្រោះ​តំណែង​ដែល​បាន​មក​គឺ​បាន​មក​ពី​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ឱ្យ​ ហើយ​ដល់​គេ​ប្លន់​យក​ទៅ​បាត់​អីចឹង​ទៅ​ គឺ មាន​អារម្មណ៍​មួយ​តូច​ចិត្ត​ណាស់​ ព្រោះ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ផង​ហើយ​គេ​មក​យក​ទ្រព្យសម្បត្តិ​របស់​យើង​ចេញ​ទៅ​ ហើយ​ការ​បោះ​ឆ្នោត​គឺ​មិន​មែន​បាន​ដោយសារ​គេ​លើក​បន្តុប​យើង​ណា​ គឺ​បាន​ដោយសារ​ពលរដ្ឋ​ទុក​ចិត្ត​ស្រលាញ់​បោះ​ឆ្នោត​ឱ្យ​»

ទោះ​ជា​យ៉ាង​ណា​លោក​ថា​ សម្ដែង​ការ​សោកស្ដាយ​ដែល​សមត្ថកិច្ច​បាន​យក​រនាំង​បិទ​ផ្លូវ​រារាំង​មិន​ឱ្យ​ពួកគាត់​​​ចូល​ទៅ​ឈរ​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត»

មន្ត្រី​សម្របសម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើក​ឡើង​ថា ការ​​​បិទ​ផ្លូវ​នៅ​សាលាដំបូង​ខេត្ត​ គឺ​ជា​ចេតនា​មួយ​របស់​អាជ្ញាធរ​ដោយសារ​ភ័យ​ខ្លាច​អ្នក​គាំទ្រ​ផ្ទុះ​ការ​បះបោរ​ណា​មួយ​កើត​ឡើង​​​អំឡុង​ពេល​ពួកគេ​ចូល​បំភ្លឺ​នោះ​។ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា​ បើ​ទោះ​បី​ជា​មាន​អ្នក​គាំទ្រ​ច្រើន​យ៉ាង​នេះ​ក្ដី​ ក៏​​​សំណុំ​រឿង​នេះ​ទំនង​​មិន​ទាន់​បញ្ចប់​​ត្រឹម​ការ​សាកសួរ​នោះ​ទេ ដោយ​តំណាង​អយ្យការ​អាច​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​ទៀត​ ប្រសិន​បើ​រក​ឃើញ​មេ​ក្លោង​ដើម្បី​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​។​លោក​ថា នៅ​ពេល​ដែល​តុលាការ​រក​​អ្នក​ទទួល​ខុស​ត្រូវ​បាន​ហើយ ដោយ​តុលាការ​អាច​នឹង​មាន​ការ​ឃុំ​ខ្លួន​នៅ​ពេល​ខាង​មុខ៖ «យើង​ឃើញ​ថា​គេ​កំពុង​តែ​រក​អ្នក​ទទួល​ខុស​ត្រូវ​ ថា​សំណុំ​រឿង​៣៣៨​អ្នក​ណា​អ្នក​ទទួល​ខុស​ត្រូវ​ គេ​ចង់​រក​មេ​ក្លោង​ គឺ​ធ្វើ​នៅ​ផ្ទះ​អ្នក​ណា? ហើយ​សំណុំ​រឿង​៣៣៩​ធ្វើ​នៅ​ហាង​នំ​បញ្ចុក​របស់​កញ្ញា​រ៉ូហ្សេត ហើយ​៣៣៨​ធ្វើ​នៅ​ផ្ទះ​អ្នក​ណា ឥឡូវ​រឿង​គេ​ផ្ដោត​ទៅ​លើ​ផ្ទះ​លោក ជា ជីវ​ ហើយ​អា​សំណុំ​រឿង​៣៤០​ធ្វើ​នៅ​លើ​ផ្ទះ​អ្នក​ណា​ទៀត​នៅ​ស្រុក​មោង​ឫស្សី​ អីចឹង​បញ្ហា​នេះ​អាច​មាន​កោះ​ហៅ​ពួកគាត់​ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ប៉ះពាល់​ដល់​ការ​រស់​នៅ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​និង​ធ្វើ​ឱ្យ​ពួកគាត់​រស់​ដោយ​ការ​ភ័យ​ខ្លាច»

លោក​ បន្ត​ថា រឿង​នេះ​ជា​រឿង​នយោបាយ​ ដើម្បី​បំភិត​បំភ័យ​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​និង​គាំទ្រ លោក សម រង្ស៊ី និង​ លោក កឹម សុខា ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នង​ការ​រង​ខេត្ត​បាត់ដំបង លោក មៀន ឡាយ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ការ​បិទ​ផ្លូវ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​បាន​ទេ​នៅ​ថ្ងៃទី​១៦​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​កន្លង​មក​អភិបាល​ក្រុង​បាត់ដំបង​លោក ផែង សិទ្ធី ប្រាប់​អាស៊ី​សេរី​ថា ការ​បិទ​ផ្លូវ​និង​ដាក់​សមត្ថកិច្ច​​នៅ​ទី​នោះ​ ដោយសារ​អាជ្ញាធរ​ធ្វើ​ការ​ការ​​​ជួសជុល​ផ្លូវ​នឹង​កាត់​មេឃ​ឈើ​នៅ​ជុំ​វិញ​សាលាដំបូង​ខេត្ត ដើម្បី​បោសសំអាត​បរិស្ថាន​ក្នុង​ក្រុង​បាត់ដំបង​ ដោយ​ពុំ​មែន​ជា​ការ​រារាំង​​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​ឡើយ។

ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​នេះ​​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​លោក សម រង្សី​ បាន​ដឹក​នាំ​ពលករ​ខ្មែរ​ប្រមាណ​៨ពាន់​នាក់​(,០០០)ធ្វើ​បាតុកម្ម​ភ្លើង​ទៀន​នៅ​ទីលាន​ខាងមុខ​សាលាក្រុង​ក្វាងជូ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​យប់​ថ្ងៃ​ទី២០ ខែ មេសា។ បាតុកម្ម​នេះ រៀបចំ​ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ​ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ឃុំខ្លួន​មេដឹកនាំ​គណបក្ស គឺ​លោក កឹម សុខា។ ចាប់​តាំង​ពី​ពេល​នោះ​មក​សមត្ថកិច្ច​នៅ​តាម​ខេត្ត​បាន​តាមដាន​ ដោយ​ខេត្ត​ខ្លះ​បាន​​កោះ​ហៅ​សកម្មជន​គណបក្ស​ប្រឆាំង​ចូល​បំភ្លឺ​តុលាការ​ជា​បន្តបន្ទាប់ ដោយ​ចោទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។

គិត​ត្រឹម​ថ្ងៃ​ទី១៦ ឧសភា សាលាដំបូង​ខេត្ត​បាត់ដំបង បាន​កោះហៅ​មេឃុំ​ចៅសង្កាត់ ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក ក្រុង​និង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​ជាប់​ឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៥​នាក់​ហើយ ឱ្យ​​ចូល​បំភ្លឺ​​តុលាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ឧសភា​មក ក្នុង​នោះ​មាន​ចៅសង្កាត់​អូរចារ​ជាប់ឆ្នោត​ គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១៦​​នាក់​ផ្សេង​ទៀត​​ដែល​បាន​ចូល​បំភ្លឺ​តុលាការ​រួច​រាល់​​ ហើយ​សកម្មជន​ចំនួន​៥​នាក់​ទៀត​នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧​ឧសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles