អាជ្ញាធរ​ភ្នំពេញ​កំពុង​តាម​ចាត់​វិធានការ​លើ​យុវជន​ម្នាក់​ដែល​ច្រៀង​រ៉េប​រិះគន់​ពី​សង្គម

ដោយ សុ ជីវី
2019-05-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បង​រ៉េប​"សង្គមនេះ" ដែល​តែង​និពន្ធ និង​ច្រៀង​ដោយ​យុវជន ឈុន ឌីម៉ី នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម។ Screenshot
បង​រ៉េប​”សង្គមនេះ” ដែល​តែង​និពន្ធ និង​ច្រៀង​ដោយ​យុវជន ឈុន ឌីម៉ី នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម។ Screenshot


យុវជន​ម្នាក់​ដែល​ច្រៀង​រ៉េប​រិះគន់​សង្គម​និង​កំពុង​ល្បី​ក្នុង​បណ្ដាញ​សង្គម​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ តាម​រករឿង​ដល់​ផ្ទះ និង​កន្លែង​ការងារ​របស់​លោក​ដើម្បី​បង្ខំ​ឱ្យ​លុប​បទ​ចម្រៀង​ចេញពី​បណ្តាញ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube)។ សង្គម​ស៊ីវិល ចាត់ទុក​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​គឺជា​ការ​រឹតត្បិត​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់។

តារា​ចម្រៀង​រ៉េប​គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ីខេមបូ (Dymey-Cambo) ​ប្រាប់​អាស៊ីសេរី​ថា​ប៉ូលិស​ជាច្រើន​នាក់​នៅ​ខេត្ត​សៀមរាប​បាន​ចុះទៅ​តាម​រក​លោក​ដល់កន្លែង​ការងារ និង​ផ្ទះ​របស់ លោក​ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក ក្រុង​សៀមរាប បន្ទាប់ពី​លោក​បាន​ផលិត​បទ​ចម្រៀង​ពីរ​បទ​មាន​ចំណងជើង​ថា ”សង្គម​នេះ” ដែល​មាន​ខ្លឹមសារ​រិះគន់​បញ្ហា​ពិត​នៅ​ក្នុង​សង្គម​ខ្មែរ។

លោក ឈុន ឌីម៉ី បន្ត​ថា ដំបូង​ឡើយ​មេភូមិ​បាន​ហៅ​ឪពុក​របស់​លោក​ទៅ​ព្រមាន​ឱ្យ​ណែនាំ​លោក​ឈប់​ច្រៀង​រិះគន់​សង្គម និង​ត្រូវតែ​លុប​បទ​ចម្រៀង​ទាំងនោះ​ចេញពី​ហ្វេសប៊ុក និង​យូធូប ប៉ុន្តែ​លោក​មិន​យល់ព្រម។ បន្ទាប់​មក​ទៀត មាន​ប៉ូលិស ៥​នាក់​បាន​ទៅ ដល់​ផ្ទះ​សួរនាំ​លោក និង​ម្ដាយ​លោក​ថា លោក​ពិតជា​ច្រៀង​បទ​សង្គម​នេះ​មែន​ទេ​ហើយ​ច្រៀង​នៅ​ទីណា​? ធ្វើការ​អ្វី​?​និង​សុំ​លេខ​ទូរស័ព្ទ ព្រមទាំង​ថតរូប​និង​សៀវភៅ​គ្រួសារ​ជាច្រើន​ប៉ុស្តិ៍​ផង​ដែរ។ ក្រោយមក ទៀត នៅ​ថ្ងៃ​ទី​១៣​ខែ​ឧសភា ក៏​មាន​ប៉ូលិស​ជាច្រើន​នាក់​បាន​ទៅ​តាម​រក​លោក​ដល់​កន្លែង​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ប៉ុន្តែ​មិន​ជួប​លោក​នោះ​ទេ ហើយ​ប៉ូលិស​បាន​ស្នើ​ឱ្យ​កន្លែង​ការងារ​របស់​លោក​ជួយ​សហការ​នៅ​ពេល​ប៉ូលិស​ចុះ​ប្រតិបត្តិការ។ លោក​កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ខ្លាច​គេ​បញ្ឈប់​ពី​ការងារ​ជា​អនុប្រធាន​ផ្នែក​អនាម័យ​នៅ​មន្ទីរពេទ្យ​កុមារ​ដែរ ព្រោះ​កន្លែង​ការងារ​ហៅ​លោក​ទៅ​ប្រជុំ​រាល់ថ្ងៃ៖ «មួយ​រយៈ​កាល​នេះ​ប៉ូលិស​ចុះ​មក​រហូត​ធ្វើ​ឱ្យ​ខ្ញុំ​ស្មុគស្មាញ​ហើយ​ខ្ញុំ​ត្រូវ​ទៅ​ដោះស្រាយ​កន្លែង​ការងារ​ផង ហើយ​ខ្ញុំ​ត្រូវ​រក្សា​សុវត្ថិភាព​ខ្លួនឯង​ផង។ អ៊ីចឹង​ខ្ញុំ​សម្រេច ថា​លុប​បទ​ចម្រៀង​នោះ​ចេញ​កាលពី​ល្ងាច​ម្សិលមិញ​ហើយ ខ្ញុំ​នឹង​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ ហើយ​ខ្ញុំ​នឹង​បន្ត​វិញ​នៅ​ពេល​ខ្ញុំ​មានឱកាស»។

ម្ចាស់​បទ​សង្គម​នេះ​អះអាង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក​ដោយសារ​លោក​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​ឡើយ​ដោយ​សំអាង​ថា បទ​ចម្រៀង​ដែល​លោក​បាន​តាក់តែង និង​ច្រៀង​នោះ​គឺជា​ឆ្លុះបញ្ចាំង​រឿង​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​លោក​គ្មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ចលាចល​សង្គម​ឡើយ៖ «ខ្ញុំ​គិត​ថា​វា​គឺជា​ការបំពាន​មួយ​ធ្ងន់​ណាស់​សម្រាប់​ខ្ញុំ​ជា​ប្រជា ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បញ្ចេញមតិ​ប៉ុន្តែ​គេ​បែរជា​មិន​ឱ្យ​យើង​បញ្ចេញមតិ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​លោក ទិត្យ ណារ៉ុង ជាច្រើនលើក​ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​ទូរ​ស័ព្ទ។

រីឯ​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា ថ្លែង​ថា លោក​បាន​ដឹង​ករណី​នេះ​តាម​ហ្វេសប៊ុក និង តាម​គ្រុប​ក្រុមការងារ​ដែរ ប៉ុន្តែ​មិនទាន់​ច្បាស់​នៅឡើយ​ព្រោះ​លោក​ទើប​ត្រឡប់​ពី​ប្រទេស​ចិន។ទោះយ៉ាងណា​ក្តី លោក​បន្ថែម​ថា ករណី​នេះ​ប្រសិនបើ​អាជ្ញាធរ​រក​ឃើញ​ថា បទ​ចម្រៀង​នោះ មាន ខ្លឹមសារ​ញុះញង់ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គមជាតិ​គឺ​ត្រូវតែ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៖ «ត្រឹមតែ​រិះគន់​សង្គម​ខ្ញុំ​គិត​ថា មិន​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​អ្វី​ដែល​ឃើញ​នៅ​ក្នុង​បណ្ដាញ​សង្គម​នេះ​តែងតែ​បង្កប់​នូវ​កម្មវិធី​នយោបាយ​មួយ​ចំនួន»។

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា ”សង្គម​នេះ” គឺ​មាន​ពីរ​វគ្គ​ដែល​រៀបរាប់​អំពី​រឿងរ៉ាវ​ស្មោកគ្រោក​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​ការប្រព្រឹត្ត​អំពើពុករលួយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្រីក្រ ហើយ​ត្រូវ​អ្នកមាន​លុយ​មានអំណាច​ជិះជាន់​រំលោភ​យក​ដីធ្លី​ស្រស់ៗ ការ​បាញ់​កាប់សម្លាប់​អ្នកចេះដឹង​និង​អ្នក​ស្នេហាជាតិ​ជា​ហូរហែ និង​រៀបរាប់​អំពី​បញ្ហា​ជនអន្តោប្រវេសន៍​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ផង​ដែរ៖ «ក្រោក​ឡើង​ជូត​ទឹកភ្នែក​ឱ្យ​ជ្រះ រួច​បន្ត​ដំណើរ​ទៅទៀត​។ រឿង​អវិជ្ជមាន​កើតឡើង​គ្រប់ទិសទី​ឃើញ​ទិដ្ឋភាព​នូវ​រឿង​ជម្លោះដីធ្លី​រាស្ត្រ​ស្រែក​ទ្រហោយំ​ទឹកភ្នែក​ស្រក់​នៅ​លើ​ធរណី លើកដៃ​លើក​សំពះ​អង្វរ​គេ​គ្រប់​នាទី​ឃើញ​ទិដ្ឋភាព​នោះ​ធ្វើ​ឱ្យ​ខ្ញុំ​នេះ​ស្រ​ម៉ៃ គេ​ធ្វើអំពើ​អាក្រក់​ដូច​នៅ​ក្នុង​របប​ប្រល័យ​គេ​ចាប់​រាស្ត្រ​មក​ចង ហើយ​យក​កាំភ្លើង​មក​វៃ។ គេ​ដាក់ ទារុណកម្ម​លើ​រាស្ត្រ​យ៉ាង​ព្រៃផ្សៃ​គេ​វៃ​ដោយ​ទាត់​ធាក់ ដោយ​គ្មាន​ចិត្ត​មេត្តា​ដេក​ដួល​មក​លើ​ដី​ហើយ ឈាម​ស្រក់​ជោគ​កាយា​ឈឺចាប់​ទាំង​កាយ​ចិត្ត​ស្ទើរ​តែ​ក្ស័យ​សង្ខារ​រង់ចាំ​ពេល​មួយ គឺជា​ពេល​ត្រូវ មរណា។ ម្ចាស់​ដី​ត្រូវ​ជាប់​ខ្នោះ​ឯ​ចោរប្លន់​រស់​យ៉ាង​ស្រួល​ភាព​យុត្តិធម៌​កើតឡើង​រអាក់រអួល។ គេ​មាន​លុយ មានអំណាច​គេ​អាច​ទិញ​ឬក៏​ជួល​ឧត្ដមគតិ​អ្នក​ទាំងនោះ​ឱ្យ​ប្រែ​ទៅជា​គ្មាន​ទំនួល»។

បទ​ចម្រៀង​នេះ​ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភាគ​ច្រើន​គាំទ្រ និង​ចែកចាយ ព្រោងព្រាត​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

មាន​វ័យ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មានវិទ្យា​នៃ​សាកលវិទ្យាល័យ South-East Asia លោក​ ឈុន ឌីម៉ី រៀបរាប់​ថា បទ​ចម្រៀង​នេះ​លោក​តាក់តែង​ម្នាក់ឯង និង​មាន​ឆន្ទៈ​ផ្ទាល់ខ្លួន​ដោយ​គ្មាន ការ​ជំរុញ​ពី​ក្រុម​ណា ឬ​អ្នកនយោបាយ​ណាមួយ​នោះ​ទេ៖ «សម្រាប់​មូលហេតុ​ដែល​ខ្ញុំ​ធ្វើ​បទ​ចម្រៀង​ពាក់ព័ន្ធ​នឹង​សង្គម​ព្រោះ​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ទាំងអស់​នេះ​ជាក់ស្ដែង​នឹង​ភ្នែក និង​ឃើញ​តាម​ប្រព័ន្ធ​ព័ត៌មាន​ផ្សេងៗ​ហើយ​ឃើញ ទិដ្ឋភាព​ប្រជាជន​ខ្មែរ​ពិតជា ខ្លោចផ្សា​អាណោចអាធ័ម​អ៊ីចឹង​ទៅ ខ្ញុំ​តាំងចិត្ត​ថា គួរតែ​ធ្វើ​ចម្រៀង​មួយ​ដើម្បី​ដាស់​ស្មារតី​ប្រជាជន​យើង ឬក៏​ក្រើនរំលឹក​ក្មេងៗ​ឱ្យ​បាន​ស្ដាប់​ពី​ភាព​ឈឺ​ចាប់​ក្នុង​សង្គម​នេះ ហើយ​ឱ្យ​យក​មក​គិត​ថា ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​ភាព​ឈឺចាប់​ដែល​យើង​ឃើញ​នឹង​ភ្នែក​នោះ វា​ទៅ​ជា​មាន​ភាព​ប្រសើរ​ឡើង»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍ថា អង្គការ​លីកាដូ​កំពុង​តាម​ស៊ើបអង្កេត​ករណី​នេះ។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់ ដែល​អាច​ឈាន​ដល់​ការ​ឃាត់ខ្លួន​អី​នោះ​គឺ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​តាម​គ្រប់​មធ្យោបាយ​ដូចជា​ការ​បោះពុម្ព ការ​ច្រៀង ឬ​តាម​សិល្បៈ​ផ្សេងៗ៖ «ខ្ញុំ​គិត​ថា អានេះ​វា​គឺជា​សេរីភាព​របស់​គាត់​មួយ។ អ៊ីចឹង​បាន​ថា អ្វី​ជា​ដែល​ជា​សេរីភាព​បញ្ចេញមតិ​និង​អ្វី​ដែល​ជា​បទល្មើស​។ យើង​មិន​អាច​ឱ្យ​តែ​មានការ​រិះគន់​ហើយ​ធ្វើការ​ចោទប្រកាន់​ទាក់ទង​ជាមួយ​នឹង​បទល្មើស​ញុះញង់ ឬក៏​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​ឬក៏​វ័ណ្ឌកង់ស្នាប់​អី​ទេ ពី​ព្រោះ​ត្រូវ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ចាត់វិធានការ។ បើ​មិន​អ៊ីចឹង​ទេ​នាំ​ឱ្យ​មាន​ការ​រិះគន់​បន្ថែម​ទៀត​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​កាន់តែ​ខ្លាំង។

ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ​បណ្ដាល​ឱ្យ​មាន​កា​រិះគន់​ខ្លាំងៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា គ្រាន់តែ​និយាយ​អ្វី​ដែល​ពិត​ក៏​ខុស​ដែរ ហើយ​អ្នក​ខ្លះ​ទៀត​សរសេរ​ថា សង្គម​តិរច្ឆាន​ច្រានចោល​ការពិត បើ​ច្រៀង​រ៉េប​ការពារ​របប​សព្វថ្ងៃ​នេះ​បាន​បុណ្យ​ស័ក្ដិ បាន​ការងារ​ហៀរ​តាម​កែងជើង តែ​រ៉េប​ការ​ពិត​មានតែ​គុក និង​គ្រាប់កាំភ្លើង ដូច្នេះ​សង្គម​នេះ​គ្មាន​យុត្តិធម៌ និង​គ្មាន​ភាព​ស្អាត​ស្អំ​ទេ។

ម្ចាស់​បទ​សង្គម​នេះ​អះអាង​ថា លោក​នឹង​ផ្អាក​ច្រៀង​បទ​រិះគន់​ពី​បញ្ហា​សង្គម​មួយ​រយៈ​ ព្រោះ​លោក​បារម្ភ​ខ្លាច​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដល់​គ្រួសារ និង​ជីវិត​ខ្លួនឯង។ ប៉ុន្តែ​លោក​នៅតែ​ធ្វើ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ដែល​មាន​ខ្លឹមសារ​អប់រំ​ឱ្យ​ពលរដ្ឋ​ចេះ​ស្រឡាញ់​គ្នា និង​ចេះ​រួម​សាមគ្គី​គ្នា​ក្នុង​នាម​ជា​ខ្មែរ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



What Next?

Related Articles

One Response to "អាជ្ញាធរ​ភ្នំពេញ​កំពុង​តាម​ចាត់​វិធានការ​លើ​យុវជន​ម្នាក់​ដែល​ច្រៀង​រ៉េប​រិះគន់​ពី​សង្គម"

  1. so socheath says:

    រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
    (ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
    ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
    ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
    វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
    បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
    ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
    ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
    សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
    ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕