ក្រុម​យុវជន​នៅ​តែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដោះស្រាយ​បញ្ហា​ចាក់ដី​រំលោភ​ឆ្នេរ​ព្រែក​ត្រែង​

ក្រុម​យុវជន​នៅ​តែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដោះស្រាយ​បញ្ហា​ចាក់ដី​រំលោភ​ឆ្នេរ​ព្រែក​ត្រែង


By

ឌឹ ខេមបូឌា ដេលី

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​បាន​ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដោះ​ស្រាយ​បញ្ហា​ចាក់ដី​លុប​មាត់​ឆ្នេរ​ព្រែក​ត្រែង​ ដែល​ពួក​គេ​អះអាង​ថា​ទីតាំង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នោះ​ជា​កម្ម​សិទ្ធិ​របស់​អ្នកស្រី​ ជឹង សុភាព​ ហៅ​យាយ​ភូ​ ដែល​ជា​ភរិយា​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​លោក​ ឡៅ ម៉េងឃីន​ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​ភរិយា​របស់​លោក​ ហ៊ុន សែន។​

ក្នុង​វីដេអូ​ប្រមាណ​៣​នាទី​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​យុវតី​ស្រឡាញ់​បរិស្ថាន​គឺ​កញ្ញា​ ផេង ស្រីស ​នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​ពី​សកម្ម​ភាព​យុវជន​ជាង​១០​នាក់​បាន​នាំ​គ្នាចុះ​ទៅ​កាយ​ដី​ចេញ​ពី​តំបន់ ឆ្នេរ​ព្រែកត្រែង​ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​អូរត្រេះ ​ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហនុ​ជា​ថ្មី​ទៀត​និង​បាន​លើក​ឡើង​នូវ​សំណួរ​ជា​ច្រើន​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​នេះ​ ខណៈ​អាជ្ញាធរ​មិន​ទាន់​ដោះ​ស្រាយ​ករណី​ចាក់ដី​លុប​ឆ្នេរ​សមុទ្រ​នេះ​នៅ​ឡើយ។​

ក្រុម​យុវជន​បាន​​សួរ​អាជ្ញាធរ​ខេត្ត​ថា​ តើដី​ឆ្នេរ​ព្រែក​ត្រែង​ពិត​ជា​បាន​កាយ​ចេញ​អស់​ដូច​ សម្តី​លោក​អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​ពិត​មែន​ ឬ​ទេ?​ តើ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខេត្ត​ដែល​ថា ​ ​ក្រុម​យុវជន​នេះធ្វើ​សកម្ម​ភាព​អាណាធិប​តេយ្យ​ និង​តស៊ូ​មតិ​ទាម​ទារ​ដំណោះ​ស្រាយ​កន្លង​​មក​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ក្តោប​ក្តាប់​ព័ត៌មាន​មិន​ជុំ​នោះ​ ​ជា​ការ​ចោទ​ប្រកាន់​ត្រឹម​ត្រូវ​ដែរ​ ឬ​ទេ? ​ឬ​មួយ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ពិត​ជា​អសមត្ថ​ភាព​ និង​នៅ​តែ​ប្រើ​វិធី​សាស្រ្ត​កុហក ​បន្លំ​ភ្នែក​សាធារណ​ជន​ដដែល​បន្ត​ទៀត?​

ពួក​គេ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា ​នឹង​នៅ​តែ​បន្ត​តាម​ដាន​និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​នេះ​ រហូត​មាន​ដំណោះ​ស្រាយ​ជាក់​លាក់​សម្រាប់​ឆ្នេរ​សមុទ្រ​ខ្មែរ។​

កាលពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា ​ លោក​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​បន្ទាន់​មួយ​ ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ចាត់វិធាន​ការ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែក​ត្រែង ​វិញ​ បន្ទាប់​ពី​រក​ឃើញ​ថា​ ឆ្នេរ​សមុទ្រ​មួយ​នេះ​ត្រូវ​បាន​ចាក់​ដី​លុប​ដោយ​​ក្រុមហ៊ុន​របស់​អ្នកស្រី ​ជឹង សុភាព ​ហៅ​យាយ​ភូ ​ដែល​ជា​ភរិយា​របស់​លោក​ ឡៅ ម៉េងឃីន ​សមាជិក​​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុន្តែ​មក​ទល់​ពេល​នេះ​គេនៅ​មិន​ទាន់​ឃើញ​មាន​ការ​កាយដី​ចេញ​ពីទីតាំង​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​យាយភូ​ចាក់​ចូល​ឆ្នេរ​សមុទ្រ​នោះ​នៅ​ឡើយ​ទេ។​

ខេត្ត​ព្រះ​សីហនុ​ចាប់​ផ្តើម​មាន​ភាព​ចម្រូង​ចម្រាស​ខ្លាំង​ពាក់ព័ន្ធ​បញ្ហា​ដី​ធ្លី​និង​ការ​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​ជា​បន្ត​បន្ទាប់​ក្រោយ​ពេល​ជន​ជាតិ​ចិន​សម្រុក​ចូល​មក​រស់​នៅ​និង​ប្រកប​អាជីវ​កម្ម​កាន់តែ​ច្រើន​ ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​ដី​មាន​កាន់តែ​ច្រើន​ ហើយ​តម្លៃ​ដី​តំបន់​មួយ​នេះ​ក៏មាន​តម្លៃ​កាន់​តែ​ខ្ពស់។​

បច្ចុប្បន្ន​ការ​ចាក់​ដី​ចូល​ឆ្នេរ​សមុទ្រ​និង​លុប​ទីតាំង​ទឹក​សាប​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​គឺ​មិន​ក្រោម​ពី​៥​កន្លែង​ឡើយ​ ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ទាំង​នោះ​នៅ​ឡើយ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles