គោ​ឧសភរាជ​បរិភោគ​ស្រូវ​ពោត និង​សណ្ដែក​ច្រើន​ជាង​គេ​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល

ដោយ សេក បណ្ឌិត
2019-05-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គោ​ឧសភរាជ​ ក្នុង​ពិធី​ច្រត់​ព្រះនង្គ័ល នៅ​ខេត្ត​កាកែវ ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​មន្ទីរព័ត៌មាន​ខេត្ត​សៀមរាប
គោ​ឧសភរាជ​ ក្នុង​ពិធី​ច្រត់​ព្រះនង្គ័ល នៅ​ខេត្ត​កាកែវ ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​មន្ទីរព័ត៌មាន​ខេត្ត​សៀមរាប


ទាក់ទង​នឹង​របរ​កសិកម្ម​នៅ​ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ជំនឿថា ដំណាំ​បី​មុខ គឺ​ស្រូវ ពោត និង​សណ្ដែក នឹង​ទទួល​បាន​ផល​ច្រើន​ជាងគេ ក្នុងចំណោម​ផលដំណាំ​ជាច្រើន​ផ្សេងទៀត​។ ជំនឿ​នេះ​ពួកគាត់​ពឹងផ្អែក​តាម​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​ក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២២ ឧសភា នេះ ដែល​គោ​ឧសភរាជ បាន​បរិភោគ​ស្រូវ ពោត និង​សណ្ដែក​ច្រើន​ជាងគេ ក្នុងចំណោម​អាហារ​ផ្សង​ប្រផ្នូល​ទាំង ៧​មុខ ដែល​ដាក់​កណ្ដាលវាល​ព្រះ​ស្រែ។ ទោះ​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​បារម្ភ​អំពី​បញ្ហា​អាកាសធាតុ និង​បញ្ហា​ខ្វះ​ទីផ្សារ​លក់​កសិករ​ផល។

ពិធី​ច្រត់ព្រះនង្គ័ល ដែល​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី យាង​ចូលរួម​ជា​ព្រះរាជ​អធិបតី​នោះ គឺ​ព្រះអង្គ បាន​ព្រះរាជទាន​ឱ្យ​អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា ធ្វើជា​ស្ដេច​មាឃ និង​ភរិយា​របស់​លោក ធ្វើជា​មេហួរ ក្នុង​ព្រះ​រាជពិធី​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្ត​តាកែវ រយៈពេល​ជាង ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា។ «»

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែល​មាន​ព្រះមហាក្សត្រ​យាង​ចូលរួម​ជា​អធិបតី​នេះ គឺជា​ការ​ផ្សង​នូវ​ភោគផល​កសិកម្ម​ផង និង​ជា​ការ​ប្រកាសប្រាប់​ឱ្យ​កសិករ​គ្រប់ៗ​រូប​នៅ​ទូទាំង​ប្រទេស​ដឹង​ថា រដូវ​ធ្វើស្រែ​ចម្ការ បាន​ចូល​មក​ដល់​ហើយ ដូច្នេះ​ត្រូវ​ត្រៀមលក្ខណៈ​បង្កបង្កើនផល​ឱ្យ​បាន​ទាន់​ពេល។

តាម​លំអាន​ប្រពៃណី​នៃ​ព្រះ​រាជពិធី​ដែល​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ គឺ​តែងតែ​មានការ​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិ​ជាមុន។ បន្ទាប់មក​ទើប​ដល់​ពិធី​ច្រត់ព្រះនង្គ័ល និង​ធ្វើ​ពិធី​ផ្សង​ប្រផ្នូល​ដែល​គេ​ធ្វើឡើង​តាមរយៈ​សកម្មភាព​គោ​ឧសភរាជ ដោយ​ភ្ជាប់​ទៅ​នឹង​ភោគផល​កសិកម្ម​សម្រាប់​ចុង​ឆ្នាំ។ «»

ក្រោយ​ពិធី​បួងសួង និង​ច្រត់ព្រះនង្គ័ល​ចប់​កាលណា គេ​ក៏​ចាប់ផ្ដើម​ប្រលែង​គោ​ឧសភរាជ ឬ​គោបា មួយ​នឹម​របស់​ព្រះមហាក្សត្រ​ឱ្យ​បរិភោគ​អាហារ​ចំនួន​៧​មុខ ដែល​ដាក់​លើ​ជើងពាន​កណ្ដាលវាល​ព្រះ​ស្រែ មាន​ដូចជា​ស្រូវ ពោត សណ្ដែក ល្ង ទឹក ស្រា និង​ស្មៅ ដើម្បី​ចង់​ដឹង​ប្រផ្នូល ឬ​ទំនាយ​នៅ​ឆ្នាំនេះ ថា​តើ​មុខ​ដំណាំ​ណាមួយ​មាន​ផល​ល្អ និង​មាន​គ្រោះកាច​ចង្រៃ​អ្វីខ្លះ​ក្នុង​របរ​កសិកម្ម​នៅ​ឆ្នាំ​ថ្មី។

ព្រាហ្មណ៍​ព្រះរាជ​គ្រូ គឺជា​មនុស្ស​សំខាន់​ជាងគេ ក្នុង​ការ​យល់ដឹង​អំពី​ប្រផ្នូល​នៃ​ការ​ផ្សង​ក្នុង​ពិធី​ច្រត់ ព្រះ​នង្គ័ល​នេះ។

ក្រោយពី​មើល​ឃើញ​នូវ​លទ្ធផល​គោ​ឧសភរាជ​ទទួលទាន​អាហារ​ដែល​រៀបចំ​ទុកជា​ស្រេច​នៅ​កណ្តាល​វាល​ព្រះ​ស្រែ​នោះ លោក​ត្រូវ​ទូល​ថ្វាយ​ព្រះមហាក្សត្រ និង​ជំរាប​ជូន​មន្ត្រី​អ្នកមុខអ្នកការ រួម​ទាំង​ប្រជារាស្ត្រ​នៅ​ខាងក្រោយ​ការ​បញ្ចប់​នៃ​ពិធី​ច្រត់ព្រះនង្គ័ល។

ផ្អែក​តាម​លទ្ធផល​ប្រផ្នូល​ជំនឿ​នៃ​ការ​ផ្សង​តាមរយៈ​គោ​ឧសភរាជ គឺ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩​នេះ សណ្ដែក នឹង​ទទួល​បាន​ផល​ល្អ​ស្មើនឹង ៩០% រីឯ​ស្រូវ​និង​ពោត នឹង​ទទួល​ផល​ប្រមាណ ៨៥%«»

ពិធី​នេះ មាន​ប្រជារាស្ត្រ​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​ផង​ដែរ ប៉ុន្តែ​កសិករ និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​មួយ​ចំនួន​យល់ថា ជា​បុណ្យ​ប្រពៃណី​មួយ ប៉ុន្តែ​វា​មិនបាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច ឬ​វិស័យ​កសិកម្ម​កម្ពុជា​ប៉ុន្មាន​ទេ។

ប្រជាកសិករ​មួយ​រូប គឺ​លោក អួន សុផល រៀបរាប់​ថា ថ្វី​ត្បិត​គោ​ឧសភរាជ បង្ហាញ​ប្រផ្នូល​ល្អ​យ៉ាង​ណាក្តី ប៉ុន្តែ​លោក​នៅតែ​បារម្ភ​រឿង​អាកាសធាតុ និង​រឿង​តម្លៃ​ទីផ្សារ​កសិផល​ដដែល។ លោក អំពាវនាវ​ឱ្យ​ក្រសួងកសិកម្ម​ជួយ​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ បង្រៀន​ប្រជាកសិករ​ពី​របៀប​ដាំ​ដុះ និង​ជួយ​រក​ទីផ្សារ​ឱ្យ​បាន​ទូលាយ និង​មានតម្លៃ​ខ្ពស់។ «»

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា សព្វថ្ងៃនេះ ប្​ករ​ភាគច្រើន ហាក់​អស់សង្ឃឹម​ទៅលើ​ការ​ធ្វើ​កសិកម្ម​។ យុវជន​ពេញកម្លាំង​ភាគច្រើន នាំគ្នា​ចាកចោល​ភូមិ​ស្រុក​ទៅ​ធ្វើ​ចំណាកស្រុក​ទាំង​នៅ​ទីក្រុង និង​ក្រៅ ប្រទេស​។ ចំណែក​អ្នក​ដែល​បន្ត​ធ្វើ​កសិកម្ម​គឺ​ភាគច្រើន​ជា​មនុស្ស​ចាស់​ដែល​គ្មាន​ជម្រើស​សម្រាប់​រក

ការងារ​ខាងក្រៅ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ថេង សាវឿន មាន​ប្រសាសន៍ថា ការ​ផ្សង ប្រផ្នូល​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល​នេះ គឺ​មាន​ប្រសិទ្ធភាព​កាលពី​សម័យ​បុរាណ ដោយសារ​តែ​មាន អំណោយផល​ល្អ​ទាំង​អាកាសធាតុ និង​ការ​ដាំដុះ​សម្រាប់​វិស័យ​កសិកម្ម ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ មាន​បញ្ហា​អាកាសធាតុ​ប្រែប្រួល ហើយ​ការ​ដាំដុះ​ទាមទារ​ឱ្យ​មាន​ជំនាញ​បច្ចេកទេស​ខ្លាំង​ថែមទៀត​។ លោក​បន្ត​ថា ដើម្បី​ឱ្យ​ការ​ផ្សង​ប្រផ្នូល​នេះ បាន​ជោគជ័យ​គឺ​ទាមទារ​ឱ្យ​ប្រជាកសិករ​និង​មន្ត្រីរាជការ សាធារណៈ ត្រូវតែ​បំពេញការងារ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដូចជា​ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​កន្លែង​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​ផលដំណាំ និង​មាន​បច្ចេកទេស​ដាំ​ដុះ​និង​វេច្ច​ខ្ចប់​ជាដើម​។ «»

លោក ថេង សាវឿន បន្ថែម​ថា រដ្ឋាភិបាល គួរតែ​ខិតខំ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និង ប្រទេស​ធំៗ​ផ្សេងៗ​ទៀត ដើម្បី​ពង្រីក​ទីផ្សារ​កសិកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួកគាត់​មាន​ទឹកចិត្ត​ក្នុង​ការផលិត។ «»

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ដែល​ធ្វើឡើង​នៅ​ខេត្ត​តាកែវ​ឆ្នាំនេះ មាន​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហាស់ សារ៉េត ជា​អ្នក​កាន់​នង្គ័ល​ទី​១។ អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា ជា​ស្ដេច​មាឃ ជា​អ្នក​កាន់​នង្គ័ល​ទី​២ និង​ភរិយា​របស់​លោក ជា​មេ​ហួរ ដើរ​បាច​គ្រាប់​ស្រូវ។ចំណែក​ទីប្រឹក្សា​សម្តេច​ចៅហ្វា​វាំង គង់ សំអុល គឺ លោក ម៉ែន វុទ្ធី ជា​អ្នក​កាន់​នង្គ័ល​ទី​៣។

ពិធី​ច្រត់ព្រះនង្គ័ល​នេះ ក៏​មាន​ការចូលរួម​ពី​ប្រធានរដ្ឋសភា លោក ហេង សំរិន រដ្ឋមន្ត្រី​ក្រសួង​មហា ផ្ទៃ លោក ស ខេង និង​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​របប​លោក ហ៊ុន សែន ជាច្រើន​នាក់​ទៀត ព្រមទាំង មន្ត្រី​ទូត​របស់​ប្រទេស​នានា​ផង​ដែរ។

កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ពិធី​ច្រត់ព្រះនង្គ័ល​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​ខេត្ត​ស្វាយរៀង គឺ​គោ​ឧសភរាជ ក៏បាន​បរិភោគ​គ្រាប់ស្រូវ ពោត​និង​សណ្ដែក​ច្រើន​ជាងគេ​ដែរ ប៉ុន្តែ​តម្លៃ​កសិករ​ផល​ទាំង​បី​ប្រភេទ ជាពិសេស​ស្រូវ បាន​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង រហូតដល់​មាន​ពលរដ្ឋ​ត្អូញត្អែរ​តវ៉ា​គ្រប់​ទីកន្លែង ឱ្យ​របប​ក្រុងភ្នំពេញ​ជួយ​រក​ទីផ្សារ ខណៈ​តម្លៃ​បាន​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន ដែល​មិន​អាច​បាន​ផល​ចំណេញ​គ្រាន់​ចិញ្ចឹមជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment