តំណាង​សហគមន៍​ខេត្ត​មណ្ឌលគិរី ៤​នាក់​ប្ដឹង​អាជ្ញាធរ​រឿង​លក់​ដី​ព្រៃ​សហគមន៍​ជាង ៥០០​ហិកតារ

ដោយ សន ចាន់រដ្ឋា
2019-05-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដី​ព្រៃ​កប់​សព ដែល​ជនជាតិ​ដើម​ភាគតិច​ចោទ​ថា មាន​ឈ្មួញ​ឈូស​ឆាយ​បំពាន​យក នៅ​ក្នុង​ភូមិ​ពួឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ រូបភាព៖ សហគមន៍
ដី​ព្រៃ​កប់​សព ដែល​ជនជាតិ​ដើម​ភាគតិច​ចោទ​ថា មាន​ឈ្មួញ​ឈូស​ឆាយ​បំពាន​យក នៅ​ក្នុង​ភូមិ​ពួឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ រូបភាព៖ សហគមន៍


តំណាង​សហគមន៍ ៤​រូប ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១​រយ​គ្រួសារ រស់នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី បាន​ផ្តិត​មេដៃ​ប្ដឹង​មេភូមិ និង​មេឃុំ​ពាក់ព័ន្ធ​ករណី​ឃុបឃិត​លក់​​​សហគមន៍​ជាង ៥​រយ​ហិកតារ (៥០៣) ឱ្យ​ឈ្មួញ។

តំណាង​សហគមន៍​ភូមិ​ពូត្រែង ៤​រូប បាន​ប្តឹង​មេភូមិ​លោក ប្លង់ សេង និង​មេឃុំ​ដាក់​ដាំ លោក ចាស់ ណា ពាក់ព័ន្ធ​ឃុបឃិត និង​ចេញ​លិខិត​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី ឱ្យ​ឈ្មួញ​ក្នុង​ទំហំ​ដី​ជាង ៥​រយ​ហិកតារ (៥០៣) ត្រួត​ស៊ីគ្នា នឹង​ដី​សហគមន៍​ច្បារតាប់ កេះ​កាប់​ចុងលុង (ឈ្មោះ​ជនជាតិ​ព្នង​) ដែល​អ្នកភូមិ​ត្រៀម​ចុះបញ្ជី​ប្រើប្រាស់​សមូហភាព​សហគមន៍។

តំណាង​ពលរដ្ឋ លោក តើយ ច្រើន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ឧសភា ថា ពាក្យបណ្តឹង​នេះ​ពួកគេ​បាន​ដាក់​ជូន​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​សុរិយោដី​រួច​ហើយ កាល​ពី​ដើម​ខែ​ឧសភា បំណង​ឱ្យ​ស៊ើបអង្កេត​មេភូមិ និង​មេឃុំ ដែល​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​របស់​រដ្ឋ​ខុសច្បាប់។ លោក​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​នៅ​មិនទាន់​ចុះ​ស៊ើបអង្កេត​ពាក្យ​បណ្តឹង​របស់​ពួកគេ​នៅឡើយ​ទេ​៖ «ពលរដ្ឋ​មួយ​ចំនួន​គាត់​ជំទាស់ មិន​ឱ្យ​ភូមិ​ឃុំ​លក់​ដីព្រៃ​សហគមន៍​ទេ​ព្រោះ​តំបន់​កន្លែង​ហ្នឹង តំបន់​ប្រពៃណី​ចម្ការ​វិល​ជុំ​។ ពួក​ខ្ញុំ​មើល​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​ធំ បារម្ភ​ថា ប្រសិន​ជា​មេភូមិ និង​មេឃុំ​គាត់​ចេះតែ​ចេញ​ប្លង់​អីចឹង ព្រួយ​ថា អស់​ព្រៃ និង​តំបន់​កន្លែង​អាស្រ័យ​ផល​អនុផល»

សេចក្ដី​រាយការណ៍​ពី​សហគមន៍​ភូមិ​ពូត្រែង ឱ្យ​ដឹង​ថា ពួកគេ​បាន​ឃើញ​ឯកសារ​មួយ​ចំនួន ដែល​ចុះ​ហត្ថលេខា​ដោយ​មេភូមិ​ពូត្រែង លោក ប្លង់ សេង និង​មេឃុំ​ដាក់​ដាំ លោក ចាស់ ណា ដែល​បញ្ជាក់​ពី​ទំហំ​ផ្ទៃដី​ចំនួន ៥០៣​ហិកតារ ទៅ​ឱ្យ​ឈ្មោះ ចឆ ស្វង់ និង​ឈ្មោះ ឆ្វល ច្រិះ។ អ្នកភូមិ​ថា ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​លក់​ដី​ព្រៃ​សហគមន៍ ពួកគេ​ប្រទះឃើញ គ្រឿងចក្រ​មួយ​គ្រឿង កាយ​ក្រវាត់​ព្រុំដី។ លើស​ពី​នេះ រូបភាព​នៃ​ការរំលោភ​ដី​ព្រៃ​ទាំងនេះ អាជ្ញាធរ​មូលដ្ឋាន បាន​យក​ពលរដ្ឋ​មួយ​ចំនួន​ជា​ខែល ដោយ​អះអាង​ថា ដី​ព្រៃ​ដែល​ពួកគេ​រំលោភ​យក ជា​ប្រភេទ​ដីចម្ការ របស់​អ្នកស្រុក ត្រួត​ស៊ីគ្នា​លើ​ដី ព្រៃ​សហគមន៍ មាន​ទំហំ ២​ពាន់​ហិកតារ (២០០០)

ឆ្លើយតប​រឿងនេះ មេឃុំ​ដាក់ដាំ លោក ចាស់ ណា បដិសេធ​ថា ការ​លើកឡើង​របស់​តំណាង​សហគមន៍​គឺ​ជា​រឿង​មិន​ពិត។ លោក​ទទួល​ស្គាល់​ថា មាន​ការ​លក់ដូរ​ដី​មួយ​ចំនួន ក៏ប៉ុន្តែ​ដី​ទាំងនោះ ជា​ដីចម្ការ​កេរ​ដូនតា​របស់​អ្នកភូមិ ពុំ​មែន​ជា​ដី​ព្រៃ​សហគមន៍​នោះ​ទេ។ លើស​ពី​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​មក​សម្របសម្រួល​បញ្ហា​នេះ ពីរ​ដង​ហើយ តែ​តំណាង​សហគមន៍​បាន​បដិសេធ​៖ «ពលរដ្ឋ​ទេ​ពាក់ព័ន្ធ​តែ​ខ្លួនឯង​ទេ ចុងក្រោយ​មក​ចោទ​លើ​អាជ្ញាធរ ដោយសារ​អាជ្ញាធរ​គ្រប់គ្រង​លើ​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បញ្ហា​អីចឹង ដល់ពេល​ត្រឡប់​ទៅវិញ​មក​ចោទ​អាជ្ញាធរ​វិញ»

ចំណែក​មេភូមិ​ពូត្រែង លោក ប្លង់ សេង ប្រាប់​អាស៊ីសេរី​កាលពី​ចុង​ខែ​មេសា​ថា អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ហត្ថលេខា អនុញ្ញាត​ឱ្យ​ពលរដ្ឋ​លក់​ដី​ព្រៃ​ទំហំ ១៣០​ហិកតារ ក៏ប៉ុន្តែ​ដី​ទាំងនោះ ជា​ដីចម្ការ​អ្នកស្រុក បាន​អាស្រ័យ​ផល​តាំងពី​ទសវត្សរ៍​ទី​៨០។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​សម្រេច​លក់​ដី​ទាំងនោះ ពុំ​មែន​អាជ្ញាធរ​ភូមិ​-​ឃុំ​នោះ​ទេ​៖ «ដី​លក់​ហ្នឹង​មិនមែន​ជា​​សមូហភាព​ទេ តែ​ដីចម្ការ​ចាស់​គេ​យូរហើយ គេ​ចោល ៤​ទៅ ៥​ឆ្នាំ​។ គេ​មិន​អាច​ចុះបញ្ជី​សមូហភាព ខ្ញុំ​ដឹង​ទាំងអស់ ព្រំប្រទល់​ជាមួយ​សហគមន៍។ គេ​លក់​ហ្នឹង​មិនមែន​កន្លែង​សហគមន៍​ទេ លក់​កន្លែង​ចម្ការ​ចាស់​គេ​ហ្នឹង»

សហគមន៍​ការពារ​ព្រៃឈើ​ស្រុក​អូររាំង លោក បូរ៉េត កាំពី សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ ដី​ព្រៃ​សហគមន៍​មាន​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ នៅ​សល់​ដើមឈើ​ធំៗ​មួយ​ចំនួន ដូចជា​ដើម​រាំង ដើម​ត្បែង និង​គគីរ​ជាដើម ហើយ​មាន​ផ្នែក​ខ្លះ​ទៀត មាន​ដើមឈើ​តូចៗ​គ្មាន​តម្លៃ​លើ​ទីផ្សារ អាច​ប្រើប្រាស់​បាន ក៏ប៉ុន្តែ​អ្នកភូមិ​ចង់​រក្សា​ព្រៃ​នេះ​ទុក សម្រាប់​រក​ឃ្មុំ ថ្នាំ​បុរាណ ឃ្វាលគោ និង គោរព​បូជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច។ លោក​ចាត់​ទុក​ការ​លក់​ដី​ព្រៃ​សហគមន៍​នេះ​ជាង ៥​យ​ហិកតារ បី​ដូចជា​បំផ្លាញ​បំណង​រួម របស់​សហគមន៍ និង​បំផ្លាញ​ទីកន្លែង​អាស្រ័យ​ផល​បន្សល់​ចុងក្រោយ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង៖ «អ្នក​ខូច​នៅតែ​ខូច អ្នក​អត់​នៅតែ​អត់​ភាគច្រើន​គឺ មេភូមិ​គឺ​អ្នកដើរ​បញ្ចុះបញ្ចូល​ប្រជាជន ហើយ​មុន​កើត​ហេតុ​ថា មេភូមិ​គាត់​បោក​ពលរដ្ឋ គាត់​ដើរ​ប្រមូល​អត្តសញ្ញាណប័ណ្ណ អ្នកភូមិ​មេភូមិ​គាត់​ប្រមូល​គាត់​ឱ្យ​។ អ្នកភូមិ​មាន​ដឹង​ថា គេ​ប្រមូល​លក់​ដី​អី​ណា បែរជា​លក់​ដី​ទៅវិញ»

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​នៅ​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​នេះ​នៅឡើយ​ទេ​។ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្ដឹង​ករណី​នេះ​តាម​ឋានានុក្រម រដ្ឋបាល​ពោល​គឺ ចាប់ពី​អាជ្ញាធរ​ថ្នាក់​ឃុំ​/​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ ជាមុន​សិន មុននឹង​ដាក់ពាក្យ​ប្ដឹង​ឱ្យ​អាជ្ញាធរ​ខេត្ត​អន្តរាគមន៍​។ រីឯ​មន្ទីរ​ជំនាញ​ក៏​មិនទាន់ រាយការណ៍​ករណី​នេះ មក​អាជ្ញាធរ​ខេត្ត​ដែរ៖ «ខេត្ត​ក៏​កំពុង​ចាំ​មើល​ដែរ​ថា តើ​មន្ទីរ​ណា​រាយការណ៍​មក​ហ្នឹង ហេតុផល​យ៉ាងម៉េច​? អាជ្ញាធរ​ស្រុក​គាត់​ដាក់​ទៅ​អាជ្ញាធរ​ស្រុក​ផង​។ អាជ្ញាធរ​ស្រុក​មាន​មូលដ្ឋាន​នៅ​កៀក គេ​មាន​ជំនាញ​របស់​គេ​។ វា​មាន​ឋានានុក្រម របស់​គេ មិន​អី​ទេ​គាត់​ប្តឹង​ទៅ​ណា​ក៏បាន តែ​ខេត្ត​អត់​ទាន់​ដឹង​ទេ គាត់​ដាក់​ទៅ​មន្ទីរ​ជំនាញ អីចឹង​ចាំ​មន្ទីរ​ជំនាញ​គេ​ឆ្លើយ​សិន»

មន្ត្រី​សម្របសម្រួល​សមាគមហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ទាមទារ​ដី​របស់​រដ្ឋ ដែល​រង​ការ​រំលោភ​បំពាន​ដោយ​ខុសច្បាប់​។ រីឯ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​ពន្លឿន​ទប់ស្កាត់​ការ​ចេញ​លិខិត ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី នៅ​ខេត្ត​មណ្ឌលគិរី ព្រោះ​បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ បាន​ឆ្លៀតឱកាស​ចុះហត្ថលេខា​ឃុបឃិត​ជាមួយ​ឈ្មួញ ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី រំលោភ​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ស្រប​ពេល​ដែល​សន្ទុះ​ដី​កំពុង​ឡើងថ្លៃ​៖ «អាជ្ញាធរ​ថ្នាក់លើ​គួរតែ​ចាត់វិធានការ​ជាបន្ទាន់​ករណី​នេះ បើសិនជា​បណ្ដោយ​ឱ្យ​មាន​ការ​ចេញ​លិខិតបញ្ជាក់ លើ​ពាក្យ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ហេតុ​មួយ​ធ្វើ​ឱ្យ​ជន​មានឱកាស មានឱកាស​ច្រើន​ទទួល​បាន​ដី​ខុសច្បាប់»

ថ្មីៗ​នេះ ក្រសួង​បរិស្ថាន បាន​ចេញ​គោលការណ៍​ណែនាំ ហាម​មិន​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​លិខិត​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី លើ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ និង​ព្រៃ​ការពារ​ធម្មជាតិ​គ្រប់​ប្រភេទ​។ ក្រសួង​ចាត់ទុកថា ការ​កាប់​កាប់​ដី​ព្រៃ​របស់​រដ្ឋ និង​ឈូស​ឆាយ​ព្រៃ​អភិរក្ស គឺជា​ទង្វើ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles