ពិធីច្រត់នង្គ័ល​នៅឆ្នាំនេះ​ព្យាករណ៍​ពីទិន្នផល​ខ្ពស់នៃដំណាំស្រូវនៅ​កម្ពុជា

វប្បធម៌


គោឧសភរាជក្នុងព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ រៀបចំឡើង​នៅទីរួម​ខេត្តតាកែវ​ កាលពីថ្ងៃ​២២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ VOD)


22 ឧសភា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

ការ​ផ្សង​ក្នុង​​ព្រះ​រាជ​ពិធីច្រត់​ព្រះ​នង្គ័ល​នៅ​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា ​​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ស្រូវ​ ពោត ​និង​​សណ្តែក​ច្រើន​បរបូរណ៌។​ តែ​អ្នក​ជំនាញ​លើក​ឡើង​ថា​ បញ្ហា​អាកាស​ធាតុ​ប្រែប្រួល​ទំនង​ជា​ពិបាក​នឹង​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​បង្ក​បង្កើន​ផល​បាន​ច្រើន​ដូច​ប្រផ្នូល​​​នេះ​។

នេះ​ជា​ដំណឹងគួរ​ជាទី​រីករាយ​សម្រាប់​ប្រជា​កសិករ​ខ្មែរ​ ​ប្រសិន​បើ​ការ​ផ្សងផល​កសិកម្មតាម​រយៈ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នៅថ្ងៃ​ពុធ​នេះ​ក្លាយជា​ការណ៍​ពិត។​

ការ​ផ្សង​របស់​គោ​ឧសភរាជ​ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័លដែល​ធ្វើ​ឡើង​ក្នុង​កីឡាដ្ឋាន​ក្រុង​ដូនកែវ ​ទីរួម​ខេត្ត​តាកែវ​ បង្ហាញ​ឲ្យ​ដឹង​ថា​ ការ​បង្ក​បង្កើន​ផល​ស្រូវ​ ពោត​ និង​សណ្តែកនៅឆ្នាំ​២០១៩​នេះ​នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ។​

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​អំឡុង​ខែ​ឧសភា​ដែល​ត្រូវ​នឹង​ខែ​ពិសាខ ​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា ​ខែ​ដើម​ឆ្នាំ​សម្រាប់​ចាប់​ផ្តើម​បង្ក​បង្កើន​ផល​កសិកម្ម។​

នៅ​ឆ្នាំ​នេះ​ ព្រះ​មហា​ក្សត្រ​កម្ពុជា​ព្រះ​បាទនរោត្តម​ សីហមុនីសព្វ​ព្រះ​រាជ​ហឫទ័យ​រាជា​នុញ្ញាត​ឲ្យ​លោក​អភិបាល​ខេត្ត​តាកែវអ៊ូច ភាធ្វើ​ជា​ស្តេច​មាឃ ​និង​ភរិយា​របស់​គាត់​ធ្វើ​ជា​មេហួរ។​

ពិធី​ភ្ជួរ​ដី​ស្រែ​ដោយ​គោ​ឧសភរាជ​មួយ​គូ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​ព្រះ​ស្រែក្រោម​ព្រះ​រាជ​ធិបតី​របស់​ព្រះ​មហា​ក្សត្រ​ និង​មាន​ការ​ចូល​រួម​ពី​លោក​សាយ ឈុំ​ អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា ​លោក​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​ និង​លោក​ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ព្រម​ទាំង​អម​ដោយ​ក្រុម​រដ្ឋ​មន្ត្រី ​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាជា​ច្រើន​ទៀត។​

ព្រះមហាក្សត្រខ្មែរ​សម្តេច​ព្រះបាទ​នរោត្តម សីហមុនី ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ រៀប​ចំ​ឡើង​នៅទីរួម​ខេត្តតាកែវ​ កាលពីថ្ងៃ​២២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ VOD)

ព្រះមហាក្សត្រខ្មែរ​សម្តេច​ព្រះបាទ​នរោត្តម សីហមុនី ក្នុង​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ រៀប​ចំ​ឡើង​នៅទីរួម​ខេត្តតាកែវ​ កាលពីថ្ងៃ​២២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (រូបថត​ផ្តល់​ឲ្យ​ដោយ​ VOD)


ក្រោយ​ពី​ពិធី​ភ្ជួរបី​ជុំ​រយៈ​ពេលជាង​២០នាទី​នៅ​លើ​ដី​ដែល​គេ​សន្មត់​ជា​វាល​ស្រែ​ ​រួចមក​នោះ​ គោ​ឧសភរាជ​មួយ​គូ​ត្រូវ​បាន​គេ​ដឹក​ទៅ​ឱ្យ​បរិភោគ​អាហារ​ដែល​មាន​៧​មុខរួម​មាន​ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ស្មៅ​ ទឹកនិង​ស្រា។​

ក្នុង​ពិធី​ ដែលមាន​ការ​តុបតែង​ដ៏​ប្រណីត​ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ ​អាចារ្យ​ព្រាហ្ម​បាន​ប្រកាសថា៖​ «ស្រូវ​បាន​៨៥​ភាគ​រយ​ ពោត​បាន​៩០​ភាគ​រយ និង​សណ្តែក​បាន​៨៥​ភាគ​រយ»។​

ទំនាយ​ទាយ​ថា​ ​ប្រជាកសិករ​ខ្មែរ​នឹង​ទទួល​បាន​ផលល្អ​ពី​ការ​ធ្វើ​កសិកម្មនៅ​ក្នុង​ឆ្នាំ​នេះ។​ ដោយ​ឡែកគោ​ឧសភរាជ​មិន​បរិភោគ ​ល្ង​ ស្មៅ​ ស្រា​ និង​ទឹក​ទេ។​

លោក​សំ វិទូ ​ប្រធាន​មជ្ឈម​ណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ ​CDAC​ ​មាន​ប្រសាសន៍ ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រផ្នូល​បាន​មក​ពី​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះគ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ទំនៀម​ទម្លាប់​ ហើយ​ក៏​ជា​អបិយ​ជំនឿ​ក្នុង​សង្គម​ខ្មែរ។ ​លោក​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រែ​ប្រួលអាកាសធាតុ​ ដែល​ពិបាក​ក្នុង​ការ​ព្យាករណ៍​អំពី​ការ​ធ្លាក់​ភ្លៀង​ ការ​កើត​មាន​ទឹក​ជំនន់​ ឬក៏​ភាព​រាំង​ស្ងួត​នោះ។​

«យើង​ក៏​ពិបាក​ទស្សន៍​ទាយ​ដែរថា ​តើ​មាន​ជំនន់​ ឬ​ក៏​អី​ហ្នឹង​ ព្រោះ​អាស្រ័យ​ទៅ​លើទិស​ខ្យល់ អាស្រ័យ​ទៅ​លើការ​ប្រែ​ប្រួល​ច្រើន​ណាស់​ ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ»។​

បន្ថែម​ពី​នោះ​ទៀត​ ​លោក​សំ វិទូ​បាន​ផ្តល់​យោបល់​ដល់​ប្រជា​កសិករ​ខ្មែរ​ឲ្យ​ត្រៀម​លក្ខណៈ​បម្រុង​ទឹក​ទុក​ដើម្បី​បង្ការ​ទុក​ ពេល​កូន​រដូវ​ប្រាំង​មក​ដល់​ក្នុង​អំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ។​ ការ​ត្រៀម​លក្ខណៈ​រក្សា​ទឹក​ទុក​មាន​ដូច​ជា​ការ​ជីក​ស្រះ​បម្រុង​ទុក​ជា​ដើម។​

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ​ក៏​ស្នើ​ឲ្យរដ្ឋាភិបាល​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្យាករណ៍​អាកាស​ធាតុ​ទាន់​ពេល​វេលា​ និង​ត្រៀម​ផ្តល់​បច្ចេកទេស​ដល់​កសិករក្នុង​ការ​ជួយ​សង្គ្រោះ​ផល​ដំណាំ​ដែល​រង​ការ​ជន់​លិច។​

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ភាគច្រើន​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​វាល​ព្រះ​មេរុ ​ខាង​ជើង​ព្រះ​បរម​រាជ​វាំង​ក្រុង​ភ្នំពេញ។​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ព្រះ​រាជពិធី​ប្រពៃណី​នេះ​តែងតែ​ប្រារព្ធ​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​នានា​ ដូចជា​ខេត្ត​ស្វាយរៀង​ខេត្ត​បាត់ដំបង​ និង​ខេត្ត​តាកែវ​ជាដើម។​

ក្នុង​ព្រះរាជ​ពិធីច្រត់​ព្រះ​នង្គ័ល​នៅ​ថ្ងៃ​នេះ ​មាន​ការ​ដាក់​តាំង​ផលិតផល​កសិកម្ម​នានា​ចំនួន​៣៤​តូបរបស់​ក្រសួង ​មន្ទីរ​ និង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ទៀត​ផង​ដែរ៕

What Next?

Recent Articles