សកម្មជន​បរិស្ថាន​ត្រៀម​ដាក់​ញត្តិ​ស្នើ​បដិសេធ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុមហ៊ុន ទ្រី ភាព

ដោយ សេក បណ្ឌិត
2019-05-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ជុំ ហួត (ឆ្វេង) ប្រធាន​យុវជន​ការពារ និង​បរិស្ថាន និង​លោក ជុំ ហួរ ពេល​ចូលរួម​ប្រជុំ​អំពី​បញ្ហា​បរិស្ថាន នៅ​ភោជនីយដ្ឋាន​បាសាក់ ១ នៅ​រាជធានី​ភ្នំពេញ។ RFA
លោក ជុំ ហួត (ឆ្វេង) ប្រធាន​យុវជន​ការពារ និង​បរិស្ថាន និង​លោក ជុំ ហួរ ពេល​ចូលរួម​ប្រជុំ​អំពី​បញ្ហា​បរិស្ថាន នៅ​ភោជនីយដ្ឋាន​បាសាក់ ១ នៅ​រាជធានី​ភ្នំពេញ។ RFA


សកម្មជន​បរិស្ថាន​គ្រោង​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងនោះ កុំ​ទទួល​យក​គម្រោង​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ របស់​ក្រុមហ៊ុន ទ្រី ភាព។ ពួកគេ​ប្តេជ្ញា​ថា នឹង​បន្តធ្វើ​យុទ្ធនាការ​ផ្សេងៗ​ទៀត ដើម្បី​ជំទាស់​ការផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេមេគង្គ។

សកម្មជន​បរិស្ថាន និង​ក្រុម​យុវជន​អំពាវនាវ​ឱ្យ​អន្តរក្រសួង​ពិចារណា​ឡើងវិញ និង​សិក្សា​ឱ្យ​ស៊ីជម្រៅ នូវ​សំណើ​របស់​ក្រុមហ៊ុន ទ្រី ភាព ដែល​សុំ​សិក្សា​គម្រោង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ច្រាំងទន្លេ និង​ធ្វើ​អាជីវកម្ម​ខ្សាច់​ខ្នាត​ធំ​តាម​បណ្តោយ​ទន្លេមេគង្គ និង​ទន្លេបាសាក់ មាន​ប្រវែង​ជាង ៣​រយ​គីឡូម៉ែត្រ។

ខ្លឹមសារ​ញត្តិ ២​ទំព័រ បានស្នើ​ឱ្យ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​បដិសេធ​សំណើ​គម្រោង​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ របស់​ក្រុមហ៊ុន ទ្រី ភាព តាមរយៈ​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី៣០ មេសា។ លើសពីនេះ ការ​បូម​ខ្សាច់​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ដោយសារ​បាក់​ច្រាំងទន្លេ ប៉ះពាល់​លំនៅឋាន​ប្រជាជន ជីវចម្រុះ និង​បរិស្ថាន​ទន្លេ។ ខ្លឹមសារ​ញត្តិ​បន្ថែម​ថា ក្រុមហ៊ុន ទ្រី ភាព ធ្លាប់​មាន​ឈ្មោះ​មិនល្អ ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​កន្លង​ទៅ

ប្រធាន​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួរ ឱ្យ​ដឹង​នៅ​ថ្ងៃទី២២ ឧសភា ថា ញត្តិ​នេះ ពួកគេ​នឹងដាក់​នៅ​ក្រសួង​បរិស្ថាន ក្រសួង​ធនធានទឹក ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នៅ​ថ្ងៃទី២៤ ឧសភា​ខាង​នេះ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ ធ្វើ​កិច្ចការងារ​ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ និង​សង្គមជាតិ គួរ​ទទួលយក​ញត្តិ​របស់​ពួកគេ ហើយ​គិត​ឱ្យ​ល្អិតល្អន់​បញ្ហា​នេះ។ លោក​ថា គម្រោង​សិក្សា​ស្រាវជ្រាវ​បូម​ខ្សាច់​នេះ មាន​ទំហំ​ធំធេង ហើយ​ផលប៉ះពាល់​នឹង​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​ក្រសួង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ សិក្សា ស្រាវជ្រាវ​ធ្វើ​អាជីវកម្ម​ខ្សាច់​៖ «យើង​ចង់​បង្ហាញថា ក្នុងនាម​យើង​ជា​ពលរដ្ឋ និង​ក្រុមយុវជន មុននឹង​ក្រុមហ៊ុន ទ្រី ភាព ធ្វើ​អ្វីមួយ​គួរតែ​ត្រូវការ​ស៊ើបអង្កេត​មួយ ក៏ដូចជា ពិភាក្សា​ជាមួយ​សហគមន៍​ផ្ទាល់ តើ​សហគមន៍​នៅ​តំបន់​នោះ​គាត់​សប្បាយចិត្ត ឬ​ពេញចិត្ត​ឱ្យ​ធ្វើ​អត់។ គោលបំណង​របស់​ក្រុមហ៊ុន ទ្រី ភាព តើ​ប៉ះពាល់​ច្រើនជាង ឬ​ប្រយោជន៍​ច្រើនជាង?»។

ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់​ឃើញ​ថា ក្រុម​យុវជន​គ្រោង​ប្រជុំពិភាក្សា​គ្នា​បញ្ហា​នេះ​ដែរ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមមួយ​ថា​តើ ការសិក្សា និង​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ទ្រី ភាព មាន​តុល្យភាព និង​គុណភាព​កម្រិតណា ទាក់ទិន​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​ផល​ចំណេញ។ កញ្ញា​យល់ថា ប្រសិនបើ​បណ្តោយ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ បូម​ខ្សាច់​តែឯង នឹងធ្វើ​ឱ្យ​សាធារណៈជន បាត់បង់​ទំនុកចិត្ត​៖ «ធ្វើ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​សិក្សា​តែម្នាក់ឯង ការសិក្សា​ហាក់​មិនសូវមាន​គុណភាព​ប៉ុន្មាន​ទេ ចំពោះ​ទំនុកចិត្ត​សាធារណជន នេះ​អ្វីដែល​ខ្ញុំ​មើលឃើញ​។ តែ​ខ្ញុំ​ក៏​គាំទ្រ​ដែរ​ចំពោះ​ការសិក្សា​របស់​រដ្ឋាភិបាល តែ​ការ​សិក្សា​ទាមទារ​ឱ្យ​មាន​គុណភាព​ផង​ដែរ»។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ ព្រោះ​ដំណើរការ​នីតិវិធី​នេះ មិនទាន់​ដល់​ក្រសួង​បរិស្ថាន។ លោក​ថា លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កន្លងទៅ គ្រាន់តែ​ជា​សំណើសុំ​គោលការណ៍​អនុញ្ញាត​ចុះ​សិក្សា​តែប៉ុណ្ណោះ ហើយ​សំណើ​នេះ​រដ្ឋាភិបាល​ក៏​មិនទាន់បាន​អនុញ្ញាត​ដែរ ដោយ​ត្រូវ​ឆ្លង​ក្រសួង​ធនធាន​ទឹក ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាមុនសិន។ លោក​បញ្ជាក់ថា ព្រោះ​ក្រសួង​ពាក់ព័ន្ធ​នឹង​សិក្សា​លម្អិត​ពី​ផលប៉ះពាល់​វិជ្ជមាន និង​អវិជ្ជមាន​ជុំវិញ​សំណើសុំ​ការសិក្សា​នេះ ដែល​ត្រូវ​ប្រើពេល​យូរ មុននឹង​ដាក់​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង។ លើសពីនេះ​លទ្ធផល​នៃ​ការសិក្សា និង​ការវាយតម្លៃ​រួម រដ្ឋាភិបាល​គឺជា​អ្នក​សម្រេច​អនុញ្ញាត ឬ​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ទ្រី ភាព ធ្វើ​សកម្មភាព​សិក្សា។

អាស៊ីសេរី​បាន​ទូរស័ព្ទ​ទៅ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ តែ​ទូរស័ព្ទ​ហៅចូល​គ្មាន​អ្នក​លើក​នៅ​ថ្ងៃទី២២ ឧសភា។

សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គាំទ្រ​ខ្លឹមសារ​ញត្តិ​នេះ ហើយ​លោក​នឹង​ចូលរួម​ផ្តិតមេដៃ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពិចារណា​ឱ្យ​ល្អិតល្អន់​ជុំវិញ សំណើ​សិក្សា​បូម​ខ្សាច់​នេះដែរ ចៀសវាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​សិក្សា​បូម​ខ្សាច់ និង​ធ្វើ​អាជីវកម្ម​ក្នុង​អាង​ទន្លេ​មេគង្គ​ក្នុង​ទម្រង់​ណាមួយ​នោះ​៖ «ការ​បូម​ខ្សាច់​ទន្លេ នឹង​ប៉ះពាល់​ផ្នែក​ខាងក្រោម អាច​ថា​ប៉ះពាល់​បរិស្ថាន​ទាំងមូល​ទាំង​ជីវចម្រុះ​ក្រោម​ទឹក និង​បរិស្ថាន ជាពិសេស​ជីវភាព​ពលរដ្ឋ។ ការដាក់​ញត្តិ​របស់​ពួកគាត់​ខ្ញុំ​គាំទ្រ​ពេញទំហឹង»។

សកម្មជន​បរិស្ថាន​ព្រមាន​ថា នឹង​បន្តធ្វើ​យុទ្ធនាការ​ផ្សេងៗ បន្ទាប់ពី​រដាក់​ញត្តិ​នេះ​រួចរាល់ ដើម្បី​ប្រកាស​ជំហរ​ប្រឆាំង​គម្រោង​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ ដែល​ពួកគេ​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​បំផ្លាញ​ទន្លេ និង​ជីវភាព​ប្រជាជន។

ក្រុមហ៊ុន ទ្រី ភាព របស់​ឧកញ្ញា ទ្រី ភាព ដែល​ស្និទ្ន​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អង្គការ​បរិស្ថាន​ជាតិ និង​អន្តរជាតិ ថា ជា​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ ត​រហូតមកដល់​ប​ច្ចប្ប​ន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles