អង្គការ​មួយ​នៅ​ថៃ​ជួយ​កុមារ​ខ្មែរ​ឱ្យ​រួច​ផុត​គ្រោះ​ភ័យ​បន្ទាប់​ពី​ឪពុកម្ដាយ​ពួក​គេ​ចាញ់​បោក​ថៅកែ​ថៃ

ដោយ ស្ងួន អមរា
2019-05-22
RFA

កុមារ​ខ្មែរ​ដែល​ឪពុក​ម្ដាយ​ត្រូវ​ថៅកែ​ថៃ​បោក​ប្រាស់​កម្លាំង​ពលកម្ម ដោយ​ធ្វើការ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ កំពុង​នាំ​គ្នា​លេង​ជាមួយ​កុមារ​ភូមា​នៅ​មជ្ឈមណ្ឌល​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ (LPN) នៅ​ខេត្ត​សាមុទ្រសាខន ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៩។ RFA
កុមារ​ខ្មែរ​ដែល​ឪពុក​ម្ដាយ​ត្រូវ​ថៅកែ​ថៃ​បោក​ប្រាស់​កម្លាំង​ពលកម្ម ដោយ​ធ្វើការ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ កំពុង​នាំ​គ្នា​លេង​ជាមួយ​កុមារ​ភូមា​នៅ​មជ្ឈមណ្ឌល​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ (LPN) នៅ​ខេត្ត​សាមុទ្រសាខន ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៩។ RFA


អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ ​ហៅ​កាត់​ថា LPN ដែល​មាន​ទីស្នាក់ការ​នៅ​ខេត្ត​សាមុទ្រ​សាខន (Samut Sakon) ប្រទេស​ថៃ បាន​ជួយ​ទំនុកបម្រុង​ផ្ដល់​ការ​ស្នាក់​នៅ​និង​ការ​សិក្សា​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ឱ្យ​រួច​ផុត​ពី​គ្រោះ​ភ័យ​នានា​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​ថៃ។ការ​ជួយជ្រោមជ្រែង​នេះ​ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​ពួកគេ​ធ្វើ​ជា​​​ពលករ​នៅ​ប្រទេស​ថៃ​ ហើយ​ចាញ់​បោក​ថៅកែ​ថៃ​បាន​ត្រឡប់​ទៅ​ធ្វើ​លិខិត​ស្នាម​នៅ​ប្រទេស​កំណើត​វិញ ដើម្បី​បាន​មក​ធ្វើ​ការ​ស្របច្បាប់​ជា​ថ្មី​ទៀត។

តើ​មូលហេតុ​អ្វី​បាន​ជា​កុមារ​ទាំង​នេះ​ទៅ​រស់​នៅ​ជា​មួយ​អង្គការ​ក្នុង​​ប្រទេស​ថៃ​ដោយ​មិន​បាន​ចូល​សាលារៀន​នៅ​ស្រុក​កំណើត​ដូច​កូន​អ្នក​ស្រុក​ដទៃ​ដូច្នេះ?

កុមារា​ទាំង​៣​នាក់​មាន​អាយុ​ចន្លោះ​ពី ៧ ទៅ ១៣ឆ្នាំ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ឧសភា​​ពួកគេ​អង្គុយ​ជជែក​គ្នា ​និង​ដណ្ដើម​របស់​គ្នា​លេង​ជា​មួយ​កុមារ​មក​ពី​ប្រទេស​ដទៃ​ទៀត​ ហាក់​បីដូច​មិន​មាន​ទុក្ខ​កង្វល់​អ្វី​កើត​ឡើង​ចំពោះ​ពួកគេ​ឡើយ ​ ខណៈ​ពួក​គេ​រស់​នៅ​ជា​មួយ​​អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ​ហៅ​កាត់​(LPN)​នៅ​ខេត្ត​សាមុទ្រ​សាខន(Samutshakon)​ជាប់​ទីក្រុង​បាងកក​ប្រទេស​ថៃ។

កុមារា ម្នាក់ មាន​សម្បុរ​ស្រអែម​ មាឌ​រាង​មាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប។ កុមារ​ម្នាក់​នេះ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​​សុផល​ បាន​រៀបរាប់​ប្រាប់​អាស៊ី​សេរី​​ដោយ​សំឡេង​រណ្ដឺនៗ ថា រូប​គេ​ទៅ​ប្រទេស​ថៃ​ជា​មួយ​​ម្ដាយ​តាំង​តែ​អាយុ​៩​ឆ្នាំ​មក​ ដោយ​មិន​បាន​នៅ​រៀន​សូត្រ​ក្នុង​ស្រុក​កំណើត​ដូច​កូន​អ្នក​ស្រុក​ដែល​មាន​ជីវភាព​ធូរធារ​នោះ​ទេ។ កុមារ​សុផល​បន្ត​ដោយ​ទឹក​មុខ​ស្រពោន​ថា​ ដំបូង​​រស់​នៅ​ជា​មួយ​ម្ដាយ​ធ្វើ​ជា​ពលករ​ធ្វើ​ការ​ខុស​ច្បាប់​ស៊ីឈ្នួល​ដក​ដំឡូង​នៅ​ខេត្ត​ឈុន​បុរី (Chunbori) ប្រទេស​ថៃ​មួយ​រយៈ​ ដោយ​សារ​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ​ជា​ច្រើន​ខែ​ ក្រោយ​មក​ក៏​បាន​ប្ដូរ​ទៅ​ធ្វើ​កម្មករ​ចៀរ​ជ័រ​កៅស៊ូ​នៅ​ខេត្ត​រ៉ាក់យ៉ង (Rakyorng) ភាគ​ខាង​កើត​ទីក្រុង​បាងកក​វិញ។ កុមារ​សុផល​បន្ត​ទៀត​ថា ​នៅ​ទី​នោះ​ថៅកែ​ជនជាតិ​សន្យា​ថា​នឹង​ជួយ​ធ្វើ​លិខិត​ស្នាម​ដើម្បី​បាន​សិទ្ធិ​ជា​ពលករ​ស្របច្បាប់​ឱ្យ​ ប៉ុន្តែ​ដល់​ពេល​ម្ដាយ​របស់​ខ្លួន​ខំប្រឹង​ធ្វើ​ការ​អស់​ជា​ច្រើន​ខែ​ ថៅកែ​បាន​ប្រែក្រឡាស់​ដោយ​មិន​ធ្វើ​លិខិត​ស្នាម​ឱ្យ​ឡើយ ហើយ​បាន​ប្រាប់​ម្ដាយ​របស់​ខ្លួន​ថា​ចង់​ទៅ​ណា​ក៏​ទៅៗ ស្រេច​តែ​ចិត្ត។ ក្រោយ​មក​ម្ដាយ​សុផល​ក៏​បាន​ប្ដូរ​ទៅ​ធ្វើ​ការ​ក្នុង​រោងចក្រ​ដូង​ប្រេង​មួយ​កន្លែង​នៅ​ខេត្ត​រាជបុរី (Ratchabori) នៅ​ខាងត្បូង​ទីក្រុង​បាងកក​វិញ​​​ ប៉ុន្តែ​ធ្វើ​ការ​នៅ​ទី​នេះ​ក៏​ត្រូវ​ថៅកែ​ធ្វើ​បាប​ទៀត​ ដោយ​ម្ដាយ​ធ្វើ​ការ​អស់​ជា​ច្រើន​ខែ​ថៅកែ​មិន​ព្រម​បើក​ប្រាក់​ខែ​អោយ​ទេ​ ហើយ​ថែម​ទាំង​​យក​កាំភ្លើង​ទៅ​ភ្ជង់​ម្ដាយ​របស់​ខ្លួន​ទៀត​ផង៖ «មាន​គេ​ប្រាប់​ថា​ថៅកែ​នឹង​មនុស្ស​ល្អ​ ហើយ​ធ្វើ​ការបាន​លុយ​ច្រើន​ តែ​ពេល​មក​នៅ​ហើយ​គេ​អត់​អោយ​លុយ​ គេ​អោយ​បាន​១ពាន់​បាត​ចែក​គ្នា​៤​គ្រួសារ​ ហើយ​គេ​ធ្វើ​បាប​បើ​មិន​ធ្វើ​ការ​យក​កាំ​ភ្លើង​ទៅ​ភ្ជង់​ប្រាប់​ថា​បើ​មិន​ចេញ​ពី​បន្ទាប់​ទេ​គេ​បាញ់​ ហើយ​គេ​អោយ​ធ្វើ​ដល់​យប់​ជ្រៅ​។ហើយ​ពេល​យក​ឥវ៉ាន់​ចេញ​ទៅ​កន្លែង​ថ្មី​គេ​ថា​ ចាំ​ដឹក​ឥវ៉ាន់​អស់​ហើយ ចាំ​អញ​អោយ​លុយ ដល់​រួច​ហើយ​គេ​អត់​អោយ​លុយ​ទេ​ គេ​កុហក ហើយ​ដល់​ពេល​នៅ​យូរៗ ទៅ​គេ​ក៏​កាន់​តែ​ធ្វើ​បាប​ខ្លាំង​ឡើងៗ»

កុមារ​សុផល​បន្ត​ទៀត​ថា ប៉ុន្តែ​សំណាង​ល្អ​ដោយ​សារ​កន្លែង​ធ្វើ​ការ​មាន​កម្មករ​​ជនជាតិ​ថៃ​ធ្វើ​ការ​ជា​មួយ​​ដែរ ពួកគេ​ក៏​បាន​ទៅ​ប្ដឹង​ប៉ូលិស ក្រោយ​មក​មន្ត្រី​​អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ​ហៅ​កាត់​(LPN)ក៏​បាន​ទៅ​ជួយ​នាំ​ម្ដាយ​នឹង​រូប​គេ​និង​ប្អូន​ប្រុស​របស់​សុផល​ទៅ​ស្នាក់​ក្នុង​អង្គការ​មួយ​នេះ​រហូត​មក​ទល់​​ថ្ងៃ​ទី​១០​ខែ​ឧសភា​ គឺ​មាន​រយៈ​ពេល​៧​ខែ​ហើយ​។កុមារ​សុផល​ថា​ ខ្លួន​និង​ប្អូន​ប្រុស​អាយុ​ជាង​៧​ឆ្នាំ​ បាន​ស្នាក់​នៅ​ជា​មួយ​​អង្គការ​នេះ​ ដោយ​បាន​រៀន​សូត្រ​ ៣ ភាសា រួម​មាន​ ភាសា​ថៃ អង់គ្លេស​​ និង​ ភូមា ប៉ុន្តែ​មិន​មាន​ភាសា​ខ្មែរ​នោះ​ទេ៖ «ខ្ញុំ​អត់​ចិត្ត​ដែល​មិន​បាន​ទៅ​នៅផ្ទះ​ខ្លួន​ឯង​ព្រោះ​មក​ធ្វើ​ការ​ហើយ​ធ្វើ​អោយ​ម៉ែឪ​លំបាក​រៀន​អោយ​ចេះ​ដឹង​អាង​បាន​ទៅ​ធ្វើ​ជួយ​រក​ប្រាក់​ម៉ែ​ខ្ញុំ​ចិញ្ចឹម​ម៉ែចិញ្ចឹម​គ្រួសារ​​។បើ​ខ្ញុំ​មិន​បាន​មក​រៀន​ទី​នេះ​ខ្ញុំ​អត់​ចេះ​ភាសា​គេ​ផ្សេង​ទេ​ យើង​មក​ទី​នេះ​យើង​បាន​ចេះ​ច្រើន​ភាសា​។ខ្ញុំ​ចង់​រក​លុយ​អោយ​បាន​ច្រើន​ដើម្បី​ត្រឡប់​ទៅ​នៅ​ផ្ទះ​ស្រុក​ខ្មែរ​វិញ​ ព្រោះ​អី​នៅ​ផ្ទះ​ខ្ញុំ​អត់​មាន​អី​ស៊ី​ទេ​បាទ​ហើយ​លុយ​ក៏​អត់​មាន​ដែរ​ ម៉ែ​ខ្ញុំ​និយាយ​ថា​នៅ​ថៃ​ល្អ​ជាង»

នៅ​ពេល​អាស៊ី​សេរី​ទៅ​សម្ភាសន៍​គឺ​កុមារ​សុផល​មិន​បាន​នៅ​ជា​មួយ​ឪពុក​ម្ដាយ​នោះ​ទេ​ ដោយ​ពួកគេ​២នាក់​បងប្អូន​រស់​នៅ​ជា​មួយ​អង្គការ LPN ដោយ​សុផល​ប្រាប់​ថា​ម្ដាយ​របស់​ខ្លួន​បាន​ចេញ​ទៅ​ធ្វើ​លិខិត​ឆ្លង​នៅ​កម្ពុជា​មិន​ទាន់​ត្រឡប់​មក​វិញ​នៅ​ឡើយ។រយៈ​ពេល​៧​ខែ​ខណៈ​ស្នាក់​នៅ​ជា​មួយ​អង្គការ​ ដោយ​កុមារ​​សុផល​រៀន​រហូត​​​ចេះ​អាន​ភាសា ថៃ អង់គ្លេស និង​ភាសា​ភូមា អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​​បាន​ ដោយ​មិន​បាច់​មាន​អ្នក​បកប្រែ​នោះ​ទេ។

ប្រធាន​ផ្នែក​កុមារ​នៃ​អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ អ្នក​ស្រី ដាវ៉ាន់ ខាន់ថង (DAWAN KHONTONG) ផ្ដល់​សម្ភាសន៍​ជា​មួយ​អាស៊ី​សេរី​ថា ​​​នៅ​ក្នុង​​អង្គការ​របស់​អ្នក​ស្រី​នៅ​ខេត្ត​សាមុទ្រ​សាខន (Samut Sakon) មាន​កុមារ​ខ្មែរ​ចំនួន​៣នាក់​ ក្នុង​នោះ​មាន​អាយុ​១៣​ឆ្នាំ​ម្នាក់​និង​២នាក់​ទៀត​អាយុ​ក្រោម ១០ឆ្នាំ​ ដែល​ម្ដាយ​របស់​ពួកគេ​ត្រូវ​បាន​ថៅកែ​ថៃ​បង្ខំ​ឱ្យ​ធ្វើ​ការ​ច្រើន​ម៉ោង​ ដោយ​​មិន​បើក​ប្រាក់​ខែ​ជូន​ពួកគាត់។ អ្នក​ស្រី​បន្ត​តាម​រយៈ​អ្នក​បកប្រែ​ថា តាម​ពិត​សុផល​និង​ប្អូន​ប្រុស​បាន​ចូល​រៀន​សាលា​រដ្ឋ​នៅ​ក្នុង​ប្រទេស​ហើយ ប៉ុន្តែ​ដោយសារ​ពួកគេ​នៅ​ឆ្ងាយ​ពី​សាលា​រៀន​ដែល​បាន​ចុះ​ឈ្មោះ​ ដោយ​ក៏​ខាង​អង្គការ​របស់​អ្នក​ស្រី​ជួយ​ផ្ដល់​កន្លែង​ស្នាក់​នៅ​ សំលៀកបំពាក់​ ​អាហារ​ហូប​ចុក និង​ការ​អប់រំ​ ​បណ្ដោះ​អាសន្ន​មុន​នឹង​បញ្ជូន​ពួកគេ​ទៅ​ចូល​រៀន​ក្នុង​សាលា​រដ្ឋ​វិញ។អ្នក​ស្រី​បន្ត​ថា ក្រោយ​ពី​ផ្ដល់​សម្ភារៈ​ឱ្យ​ពួកគេ​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ហើយ​ ខាង​អង្គការ​ផ្ដល់​ការ​អប់រំ​អោយ​ពួកគេ​ចេះ​រស់​នៅ​រួម​គ្នា​ ព្រោះ​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ​នេះ មាន​កុមារ​ចម្រុះ​ជាតិ​សាស្ត្រ​រស់​នៅ ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​បង្រៀន​ពួកគាត់​អោយ​ចេះ​រស់​នៅ​ជុំ​គ្នា​ដោយ​សន្តិវិធី​និង​មិន​មាន​ជម្លោះ​កើត​ឡើង៖ «ដោយសារ​កន្លែង​ដែល​ពួកគេ​រស់​នៅ​ធ្វើ​ការ​វា​ឆ្ងាយ​ពី​អង្គការ ដូច្នេះ​យើង​បាន​អនុញ្ញាត​អោយ​គាត់​រស់​នៅ​ក្នុង​ខេត្ត​សាមុទ្រ​សាខន​នឹង​ ដោយ​ខាង​អង្គការ​ខ្ញុំ​បាន​ទៅ​ធ្វើ​លិខិត​ផ្ទេរ​ពី​សាលា​ខេត្ត​រាជបុរី​អោយ​មក​រៀន​នៅ​ខេត្ត​សមុទ្រ​សាខន​វិញ​ ដើម្បី​ងាយ​ស្រួល​គាត់​ចូល​សិក្សា​ធម្មតា​។សម្រាប់​ទំនាក់ទំនង​រវាង​គាត់​នឹង​គ្រួសារ​គឺ​គាត់​នៅ​មាន​ទំនាក់ទំនង​ល្អ​ដូច​ធម្មតា​ ដោយ​ម្ដាយ​របស់​ពួកគាត់​បាន​ទាក់ទង​មក​តាម​ហ្វេសប៊ុក​ញឹក​ញាប់​»

អ្នក​ស្រី​បន្ត​ថា​ ខាង​អង្គការ​​ទទួល​ទំនុកបម្រុង​​កុមារ​ទាំង​នេះ​មួយ​រយៈ​ទៀត​​រហូត​ដល់​អាណាព្យាបាល​របស់​ពួកគេ​ត្រឡប់​មក​ពី​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ឯ​ស្រុក​កំណើត​ ដើម្បី​​មក​ធ្វើ​ការ​ស្រប​ច្បាប់​​វិញ​​នៅ​ប្រទេស​ថៃ​ ព្រោះ​ម្ដាយ​របស់​ពួកគេ​បាន​ប្រាប់​មក​ខាង​អង្គការ​​អ្នក​ស្រី​ថា​​ ពួកគេ​នឹង​ត្រឡប់​មក​ធ្វើ​ការ​វិញ​ក្នុង​ពេល​ឆាប់ៗ ហើយ​ខាង​អង្គការ​នឹង​បន្ត​ជួយ​តាម​ដាន​ការ​រស់​នៅ​ដើម្បី​ជួយ​ដល់​ពួកគេ​ទៀត​ប្រសិន​បើ​មាន​បញ្ហា​កើត​ឡើង៖ «មុន​នឹង​បញ្ជូន​ទៅ​យើង​នឹង​សិក្សា​វាយ​តម្លៃ​ជា​មុន​សិន​ថា​ទីកន្លែង​ដែល​បញ្ជូន​ទៅ​នោះ​មាន​សាលា​រៀន​អត់ ដោយ​គោល​បំណង​របស់​អង្គការ​គឺ​ចង់​អោយ​កុមារ​បាន​រៀន​សូត្រ​បន្ត​ ហើយ​ខាង​អង្គការ​ក៏​នៅ​តែ​មាន​ការ​ជួយ​ទំនុកបម្រុង​សម្ភារៈ​​សិក្សា​ដូច​ជា​សំលៀក​បំពាក់​ និង​សម្ភារៈ​ផ្សេង​ក៏​យើង​នៅ​តែ​ជួយ​ពួកគាត់​ដដែល​ ដោយ​គោល​បំណង​ចង់​កុមារ​ទទួល​បាន​សិទ្ធិ​ការ​ថែទាំ​របស់​កុមារ​តាម​ច្បាប់​»

​​អ្នក​ស្រី​បន្ថែម​ទៀត​ថា​ ពលករ​មួយ​ក្រុម​នេះ​មាន​គ្នា​ជិត​២០​នាក់ ក្នុង​នោះ​មាន​មនុស្ស​ពេញវ័យ​ចំនួន​៨​នាក់ និង​មាន​កុមារ​៨​នាក់​ ប៉ុន្តែ​កុមារ​មួយ​ចំនួន​ធំ​បាន​ទៅ​ស្រុក​កំណើត​​ជា​មួយ​អាណាព្យាបាល​អស់​ហើយ​ ដោយសារ​ពួកគេ​នៅ​តូច​មិន​អាច​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​បាន​ដូច​កុមារ​ទាំង​៣នាក់។

អង្គការ​មួយ​នេះ​មាន​ទីតាំង​៣កន្លែង​ គឺ​នៅ​ខេត្ត​រ៉ាក់​យ៉ង​(Rakyorng) ត្រាត​(Trat) និង​ខេត្ត​សាមុទ្រ​សាខន​(Samutsakon) សម្រាប់​​ជួយ​លើក​កម្ពស់​ជីវិត​រស់​នៅ​របស់​កុមារ​កម្ពុជា លាវ និង ភូមា។របាយការណ៍​របស់​អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ(LPN) អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​​កុមារ​ខ្មែរ​ប្រមាណ​១០០​នាក់​ក្នុង​មួយ​ឆ្នាំ ដែល​​បាន​ទៅ​រស់​នៅ​តាម​ឪពុកម្ដាយ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​​ដែល​ជួប​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​បំពេញ​ការងារ​ ដែល​បាន​អង្គការ​មួយ​នេះ​ជួយ​ផ្ដល់​ការ​សិក្សា​ដល់​ពួកគេ​នោះ។

ទោះ​បី​ជា​យ៉ាង​ណា​កុមារ​សុផល​ថ្លែង​ថា ​រូប​គេ​នឹង​មិន​ត្រូវ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ទេ ប្រសិន​បើ​​ឪពុកម្ដាយ​របស់​ខ្លួន​​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ដើម​ទុន​ប្រកប​មុខ​របរ​នៅ​ស្រុក​កំណើត​នោះ​ ព្រោះ​នៅ​​ផ្ទះ​​គ្មាន​ការងារ​ធ្វើ​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​ម្ដាយ​ពួកគេ​បាន​​ខ្ចី​ប្រាក់​គេ​ទាំង​ដើម​ទាំង​ការ​សរុប​ជាង​១០​ម៉ឹន​បាត​​(១០០,០០០)​ឬ​​ស្មើ​ជាង​៣ពាន់​ដុល្លារ​ហើយ​ មិន​ទាន់​រក​ប្រាក់​សង់​គេ​រួច​នៅ​ឡើយ​ទេ ព្រោះ​ធ្វើ​ការ​កន្លង​មក​​ត្រូវ​បាន​ថៅកែ​បោក​គ្រប់​កន្លែង​ ដោយសារ​ឪពុក​ម្ដាយ​​មិន​មាន​ឯកសារ​ធ្វើ​ការ​ងារ​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment