អតីត​មន្ត្រី​បក្ស​សង្គ្រោះ​​ជាតិ​ខេត្ត​បាត់ដំបង​៤​រូប​ទៀត​ បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​​ជាតិ​ខេត្ត​បាត់ដំបង​៤​រូប​ទៀត​ បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​


By

ឌឹ ខេមបូឌា ដេលី

អតីត​មន្ត្រី​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​​នៅ​ខេត្ត​បាត់ដំបង​ចំនួន​៤​រូប​ទៀត​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​នា​ព្រឹក​នេះ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រឆាំង​ និង​បំពាន​សាល​ដីកា​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ ដោយ​មិន​មាន​ការ​ឃាត់​ខ្លួន​នោះ​ឡើយ។​

អ្នក​ទាំង​៤​រូប​នោះ​រួមមាន​អតីត​មេ​ឃុំ​ពាមឯក​ លោក​ ស៊ុន ចំរើន ​អតីត​មេ​ឃុំ​សម្រោង​ក្នុង​ លោក​ ភឿក ឡំ ​អតីត​មេ​ឃុំ​ព្រែង​ហ្លួង ​អ្នកស្រី​ នី រំដួល ​និង​ទី​៤​ អតីត​ជំទប់​ទី​១​ ឃុំ​ព្រែក​នរិន្ទ​លោក​ សុខ សុភ័ក្រ្ត។​​

ចំណែក​អតីត​ចៅ​សង្កាត់​អូរចារ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ​ដែល​បាន​តាម​ឃ្លាំ​មើល​ការ​ចូល​ឆ្លើយ​បំភ្លឺ​នេះ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា​ថា​ អ្នក​ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​សាក​សួរ​ក្នុង​សំណុំ​រឿង​៣៣៨​កាល​ពី​ព្រឹកមិញ​​នេះ​គឺ​ខុស​ពី​កញ្ញា​ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​បំភ្លឺ​នៅ​ក្នុង​សំណុំ​រឿង​៣៣៩​ប៉ុន្តែ​កញ្ញា​ថា​ តំណាង​អយ្យការ​បាន​សួរ​សំណួរ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​៤​រូប​នោះ​ស្រដៀងៗ​គ្នា។ ​កញ្ញា ​រ៉ូហ្ស៊េត​ បញ្ជាក់​ថា​ សំណួរ​ទាំង​នោះ​ដូច​ជា​តើ​អ្នក​ស្គាល់ ​រ៉ូហ្ស៊េត​ ឬ​ទេ?​ តើ​អ្នក​ឧស្សាហ៍​មក​ញ៉ាំ​នៅ​ហាង​នំ​បញ្ចុក​របស់​នាង​ទេ?​ហើយ​ហេតុ​អ្វី​បាន​ជា​ឧស្សាហ៍​មក​ញ៉ាំ​នំ​បញ្ចុក​នៅ​ហាង​របស់​នាង?​

កាលពី​ចុង​ខែ​មេសា​និង​នៅ​ដើម​ខែ​ឧសភា​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​លោក ​គឺ ប៊ុណ្ណារ៉ា ​បាន​ចេញ​ដីកា​ជា​បន្ត​បន្ទាប់​កោះ​ហៅ​អតីត​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​នេះ​ចំនួន​២៦​រូប​ឱ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ក្នុង​ខែ​ឧសភា​នេះ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រឆាំង​សាល​ក្រម​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ដែល​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ចោល​និង​ដក​ហូត​តំណែង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​តាំង​ពី​ថ្នាក់​ឃុំ​សង្កាត់​រហូត​ដល់​រដ្ឋសភា​ ហើយ​យក​តំណែង​ទាំង​នោះ​ទៅ​ចែក​មន្ត្រី​របស់​ខ្លួន​និង​គណបក្ស​រណប​របស់​បក្ស​កាន់​អំណាច​មួយ​ចំនួន។​ សាលា​ក្រម​នោះ​ក៏បាន​ហាម​ឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​១១៨​រូប​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ផង​ដែរ។​

រហូត​មក​ទល់​ពេល​នេះ ​តុលាការ​ខេត្ត​បាត់ដំបង​បន្ត​កោះហៅ​អ្នក​គាំទ្រ​សកម្ម​ជន​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​ដែល​កើន​ដល់​ចំនួន​៣៥នាក់ ហើយ​គិត​មក​ដល់​ថ្ងៃ​ទី​២១​ខែ​ឧសភា​នេះ។ ​តុលាការ​ចោទ​ប្រកាន់​ថា ​អ្នក​ទាំង​នោះ​ កំពុង​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​ទាំង​នេះ​គឺ​លោក​ សំ សុគង់ ​រិះគន់​ថា ​ការ​កោះហៅ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​និង​ជាការ​គំរាម​កំហែង​ដល់​សិទ្ធិ​កូនក្តី​របស់​លោក​ព្រោះ​ពួក​គេ​ មិន​បាន​ជាប់​បម្រាម​នយោបាយ​ឡើយ​ ដូច្នេះ​ពួក​គេ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ជួប​ជុំគ្នា ​និង​បញ្ចេញ​មតិ។​ អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​ពលរដ្ឋ​ដែល​មាន​និន្នា​ការ​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អតីត​មន្រ្តី​បក្ស​ប្រឆាំង​ដែល​មិន​ព្រម​ចុះ​ចូល​ជា​មួយ​ខ្លួន។​

កាលពី​ដើម​ឆ្នាំ​២០១៩​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​រួច​ហើយ​ថា​ ក្រុម​លោក​នឹង​តាម​កម្ចេច​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​ទាំងអស់​មិន​ឱ្យ​រស់​រាន​មាន​ជីវិត​ឡើយ​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់។​ ក្រោយ​ការ​ប្រកាស​នេះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ សកម្ម​ភាព​ចាប់​ចង​ និង​ចេញ​ដីកា​កោះ​ហៅ​អតីត​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ក៏កើត​មាន​ឥត​ឈប់ឈរ។​

កាលពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​សហ​រដ្ឋ​អាមេរិក​សម្តែង​នូវ​កង្វល់​យ៉ាង​ខ្លាំង ​ចំពោះ​នីតិវិធី​របស់​តុលាការ ​នា​ពេល​ថ្មីៗ​នេះ ​ដែល​បង្កើត​ឡើង​ប្រឆាំង​នឹង​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៦៥​នាក់​ទាំង​នៅ​ខេត្ត​បាត់ដំបង​ខេត្ត​កំពង់​ធំ​និង​ខេត្ត​ដទៃ​ទៀត។​
ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យលុប​បំបាត់​នូវ​ការ​រឹតត្បិត​លើ​មនុស្ស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​និង​ស្នើឲ្យ​ដោះលែង​អ្នក​ទោស​ទាំង​ឡាយ​ណា ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ និង​ខុស​ច្បាប់ ​រួម​ទាំង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក ​កឹម សុខា​ ផង​ដែរ។​ សហ​រដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​គោរព​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ​ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សកម្ម​ភាព​និង​ច្បាប់​របស់​ខ្លួន​គោរព​ទៅ​តាម​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ស្ថិត​ក្រោម​ច្បាប់​អន្តរជាតិ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment