ឧត្ដមស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា អាជ្ញាធរ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ច្រើន​នាក់

ដោយ ហេង រស្មី
2019-05-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប៉ាយ​សម្គាល់​ទីតាំង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (UNOHCHR-Cambodia banner) នៅ​រាជធានី​ភ្នំពេញ។ RFA
ប៉ាយ​សម្គាល់​ទីតាំង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (UNOHCHR-Cambodia banner) នៅ​រាជធានី​ភ្នំពេញ។ RFA


ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​បារម្ភ​ពី​ស្ថានភាព​នយោបាយ


តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បន្ទាប់​ពី​អតីត​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប​ ត្រូវ​បាន​​កោះហៅ​ទៅ​សាកសួរ​រឿង​ប្រឆាំង​សាលដីកា​តុលាការ​កំពូល។ របប​លោក ហ៊ុន សែន ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់ មិន​មែន​ជា​ការ​គំរាម​កំហែង​នោះ​ឡើយ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR Cambodia) ថ្លែង​នៅ​ថ្ងៃ​ទី២១ ឧសភា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ការិយាល័យ​នេះ កំពុង​តាម​ដាន​ដោយមាន​​កង្វល់​អំពី​ស្ថានភាព​​របស់​អតីត​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​កោះ​ហៅ ឬ​ឃុំ​ខ្លួន​ ដោយ​សមត្ថកិច្ច​ ឬ​តុលាការ។ ការិយាល័យ​នេះ ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​អនុវត្ត​តាម​អនុសាសន៍​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​កម្ពុជា ផ្លាស់​ប្ដូរ​ទៅ​រក​វប្បធម៌​នយោបាយ​មួយ ដែល​ផ្ដោត​លើ​បញ្ហា ជា​ជាង​ការ​ផ្ដោត​លើ​បុគ្គល។

ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នេះ ​ក៏​បាន​ដាស់​តឿន​របប​ក្រុង​ភ្នំពេញ​​ទៀត​ថា កិច្ច​គាំពារ​តាម​ផ្លូវ​ច្បាប់​លើ​សេរីភាព​បញ្ចេញ​មតិ​នឹង​ជួយ​ឱ្យ​កម្ពុជា​ជោគ​ជ័យ​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល។

ការ​បញ្ចេញ​សារ​ដ៏​កម្រ​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ធ្វើឡើង​បន្ទាប់​ពី​តុលាការ​ និង​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ ដោយ​សង្ស័យ​ថា ពួក​គេ​បាន​បំពាន​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​មាន​មន្ត្រី​បក្ស​នេះ​មួយ​ចំនួន​ផង​ដែរ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​លើក​ឡើង​នេះ​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ ក៏​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​នឹង​មិន​ធ្វើ​តាម​​​ស្ថាប័ន​ណា​មួយ​ឡើយ។ លោក​បញ្ជាក់​ថា ចំណាត់​ការ​លើ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​នេះ មិន​មែន​ជា​ការ​បំភិត​បំភ័យ​ឡើយ ផ្ទុយ​ទៅវិញ​នេះ​ជា​ការ​ស្វែង​រក​ការពិត​ ​ ព្រោះ​ពួក​គេ​ទាំងនោះ​ធ្លាប់​បង្ហាញ​ជំហរ​មិន​អនុវត្ត​តាម​សាលដីកា​តុលាការ​កំពូល៖ «កម្ពុជា​ គឺ​ជា​ប្រទេស​ឯករាជ្យ​ និង​អធិបតេយ្យ។ គ្មាន​បុគ្គល​ណា គ្មាន​អង្គការ​ណា​មក​ឈ្លានពាន​ ឬ​បង្ក​ឧបសគ្គ​ក្នុង​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​មហាជន​នោះ​ទេ»

គិត​ត្រឹម​ពេល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ជាង ១០០នាក់​ហើយ ដែល​ត្រូវ​បាន​កោះ​ហៅ​ទៅ​សួរ​នាំ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ហូប​អាហារ​សាមគ្គី និង​បង្ហាញ​ជំហរ​គាំទ្រ​ការ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត ទទួល​ស្គាល់​ថា ការ​កោះហៅ​មក​សាកសួរ គឺ​ជា​ការ​អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ប៉ុន្តែ​លោក​យល់​ថា ដើម​ហេតុ​នៃ​ការ​កោះហៅ​នេះ​ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​រឿង​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​នេះ គួរ​តែ​ត្រូវ​បាន​បញ្ចប់​ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ក្នុង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស។ លោក​បន្ថែម​ថា ក្ដី​បារម្ភ​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​នេះ គឺ​ជា​រឿង​ត្រឹម​ត្រូវ៖ «មិន​អាច​ថា អ្វី​ក៏​ជា​អធិបតេយ្យ អ្វី​ក៏​គេ​រំលោភ​លើ​អធិបតេយ្យ​ភាព​នោះ​ទេ ពី​ព្រោះ​ត្រូវ​គិត កម្ពុជា​យើង​ក៏​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ សមាជិក​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។ អ៊ីចឹង​នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​ការ​ខ្វះ​ខាត​ទាក់ទង​ទៅ​នឹង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង​ គេ​នឹង​ផ្ដល់​ជា​អនុសាសន៍​ ដើម្បី​ឱ្យ​កម្ពុជា​យើង​ហ្នឹង​​មាន​ការ​កែ​លម្អ»

ចាប់​តាំងពី​ពេល​ដែល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​អំពី​គម្រោង​វិល​ចូល​ស្រុក​វិញ របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​វាយ​បង្ក្រាប​​កាន់​តែ​ខ្លាំង​ទៅ​លើ​មន្ត្រី​ និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។ ចំណាត់​ការ​ទាំង​នោះ​ មាន​ជា​អាទិ ការ​យាយី​រំខាន ការ​ចាប់​ខ្លួន​ដោយ​​មិន​ស្រប​ច្បាប់ ការ​វាយ​ប្រហារ​លើ​រូប​រាង​កាយ និង​​មាន​ករណី​ធ្វើ​ទារុណកម្ម និង​ឃាតកម្ម​ទៀត​ផង ដែល​រឿងរ៉ាវ​ទាំង​នេះ​បាន​កើតឡើង ក្រោយ​ពេល​​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហាញ​ជា​សាធារណៈ​អំពី​បំណង “វាយ​កម្ទេច” គណបក្ស​ប្រឆាំង។

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​គូស​បញ្ជាក់​ថា ចំណាត់​ការ​បែបនេះ នឹង​មិន​អាច​នាំ​ទៅ​រក​ការ​ពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​នោះ​ឡើយ។ អ្នក​ស្រី និង​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​ដទៃ​ទៀត សុទ្ធ​តែ​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បែបនេះ​ជា​បន្ទាន់ និង​ប្រឹង​ប្រែង​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ឧត្ដមស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា អាជ្ញាធរ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ច្រើន​នាក់"

  1. so socheath says:

    រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
    (ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
    ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
    ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
    គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
    វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
    បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
    ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
    ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
    សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
    ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕

Leave a Reply

Submit Comment