មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា​ សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធ​សភា​អាមេរិកាំង​នឹង​គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​ឡើយ​

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា​ សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធ​សភា​អាមេរិកាំង​នឹង​គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​ឡើយ


By

ឌឹ ខេមបូឌា ដេលី

មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​អះអាង​ថា ​សេចក្តី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​ស្តីពី​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា​និង​ការវិល​ត្រឡប់​វិញ​នូវ​ការ​វិនិយោគ‍​ឆ្នាំ​២០១៩ ​ហៅ​កាត់​ថា​ CARI Act​និង​គ្មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​នោះ​ឡើយ។​

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន ​បាន​ប្រាប់​សារ​ព័ត៌មាន ​The Cambodia Daily ​ថា​ ការ​បង្កើត​ច្បាប់​ទាំង​ឡាយ​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​គ្រាន់​តែជា​សិទ្ធិ​របស់​ពួក​គេ​ប៉ុណ្ណោះ​ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អាច​មិន​អនុវត្ត​ទៅ​លើ​ប្រទេស​មួយ​ទៀត​បាន​នោះ​ឡើយ។​ អ្នក​នាំពាក្យ​រូប​នេះ​អះអាង​ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចូល​ជាធរមាន​មែន​ នោះ​ ​វា​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​នោះ​ឡើយ។​

ប្រតិកម្ម​របស់​លោក សុខ ឥសាន ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិកាំង​កាល​ពី​សប្តាហ៍​មុន​បាន​ដាក់​ចេញ​នូវ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​មួយ​ដែល​ទាមទារ​ឱ្យ​ដោះលែង​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ ​ហើយ​មួយ​ចំនួន​ទៀត​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស។ ​សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ឈ្មោះ​ថា​ ច្បាប់​ស្តីពី​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា​និង​ការវិល​ត្រឡប់​វិញ​នូវ​ការ​វិនិយោគ‍​ឆ្នាំ​២០១៩​ឬ​ហៅ​កាត់​ថា ​CARI Act។​

សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​វិញ​ជាថ្មី​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​៣រូប​ដែល​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​និង​គណ​បក្ស​ប្រជា​ធិបតេយ្យ​គឺលោក Lindsey Graham លោក ​Dick Durbin​ និង​លោក​ Marco Rubio​កាលពី​សប្តាហ៍​មុន។​

សេចក្តី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា​ ពី​ការ​ឃុំឃាំង​ក្នុងផ្ទះ​ដោយ​ឥត​លក្ខខណ្ឌ ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ព្រហ្មទណ្ឌ​នានា​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី ​និង​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត​ព្រម​ទាំងទាម​ទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​អតីត​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ចំនួន​ពីរ​នាក់​ថែម​ទៀត។​ សេចក្តី​ស្នើ​ច្បាប់​ឈ្មោះ ​CARI Act ​នេះក៏​នឹង​មាន​ឥទ្ធិពល​ក្នុង​ការ ​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រី​​រដ្ឋាភិបាល​កម្ពុជា​ដែល​តម្កល់​ទុក​ក្នុង​សហ​រដ្ឋ​អាមេរិក​ និង​ការ​ប្រឆាំង​ជំទាស់​រាល់​ប្រាក់​កម្ចី​របស់​អាមេរិក​ទៅ​កម្ពុជា​ផង​ដែរ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា​ សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធ​សភា​អាមេរិកាំង​នឹង​គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​ឡើយ​"

  1. Anonymous says:

    YES….. PAI SEE PHORM and SOK MIN SAN will see soon .