អ្នកវិភាគ៖ ​ជប៉ុន​ជួយ​ផ្ដល់​តុល្យភាព​ជា​មួយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា

កម្ពុជា

រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។ (រូបថត AP)


23 ឧសភា 2019
អូន ឆេងប៉រ
វីអូអេខ្មែរ

ខណៈ​ចិន​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់តែ​ខ្លាំង​ទៅៗនៅ​កម្ពុជា​ចំ​ពេល​ដែល​បណ្ដា​ប្រទេសលោក​ខាង​លិច​កំពុង​ពិចារណា​ចាត់​វិធានការ​ផ្នែក​​ពាណិជ្ជ​កម្ម​​លើ​រដ្ឋាភិបាល​កម្ពុជា​​នោះ​ ​ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​តួនាទី​សំខាន់​ដើម្បី​ជួយ​ធានា​ថា​ ​​កម្ពុជា​មិន​ពឹងពាក់​ខ្លាំង​ពេក​លើ​ប្រទេស​ចិន។

គ្រាដែល​ប្រទេស​ចិន​កំពុងពង្រីកឥទ្ធិពល​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​នយោបាយ​ ​សេដ្ឋកិច្ច​ ​និង​យោធា​ ​កាល​ពី​ចុង​ខែ​មេសា​កន្លងទៅ​នេះ​ ​ប្រទេស​កម្ពុជា​និង​ចិន​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​បន្ថែម​ទៀត​ដែល​ធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​ខិត​កៀក​គ្នា​ និង​ស្អិត​ល្មួត​ចូលគ្នា​មួយ​កម្រិត​ថែម​ទៀត។ នោះ​គឺ​កិច្ច​ព្រមព្រៀង​ស្តី​ពីផែនការ​សកម្ម​ភាព​កសាង​សហគមន៍​ជោគ​វាសនា​រួមគ្នា​រវាង​ចិន​និង​កម្ពុជា។​

កិច្ច​ព្រម​ព្រៀង​នេះ​សំដៅ​ឲ្យ​ពង្រឹង​កិច្ច​សហការ​ទ្វេភាគី​រវាង​រដ្ឋាភិបាលក្រុងភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​មាន​លក្ខណៈ​«ពេញ​លេញពិត​ប្រាកដ​ស៊ី​ជម្រៅ​ ​និង​មាន​លក្ខណៈ​ខ្ពស់»​ក្នុងរយៈពេល​ប្រាំ​ឆ្នាំ​ទៅ​មុខ​ដោយ​រាប់​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣។​

ពិតមែន​ហើយ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​ផង​និង​យុទ្ធ​សាស្ត្រ​ផង។​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​ហាក់​ដូច​ជា​បាន​ពិចារណា​លើ​ការ​រអិល​ធ្លាក់​របស់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​របស់​ប្រទេស​ចិន​ ខណៈ​ដែល​កម្ពុជា​ពឹងផ្អែក​លើទីក្រុង​ប៉េកាំង​ច្រើន​ដើម្បី​ទប់​ទល់​នឹង​សម្ពាធ​មហា​អំណាច​លោក​ខាង​លិច​ ​ដូចជា​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក។​

ប៉ុន្តែ​ប្រទេស​ជប៉ុន​ប្រហែល​ជា​អាច​ដើរតួនាទី​សំខាន់ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់​ទំនង​ការ​បរទេស​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ប្រជា​ធិបតេយ្យ​ដទៃ​ទៀត។

កញ្ញា ពេជ្រ ចារ៉ាឌីន​ ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់នៅវិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព​ពន្យល់​ត្រង់​ចំណុច​នេះ​ ​ដោយ​និយាយថា​ ​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ដល់​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៨​កន្លង​ទៅ​ ​ជប៉ុន​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​បន្ត​និយាយ​ចូលគ្នា​នឹង​រដ្ឋាភិបាល​ខ្មែរ​ ​និង​ក៏ដូច​ជា​ធ្វើ​សមតុល្យ​ជាមួយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។​

ប្រទេស​ចិន​បាន​ដណ្តើម​យក​តំណែង​ទី១​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​គឺ​មាន​ទំហំ​៣,៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨។​ ​ការ​វិនិយោគ​ពី​ប្រទេស​ចិន​មាន​ច្រើន ជា​ពិសេស​ក្នុង​ផ្នែក​អចលន​ទ្រព្យ​ ​និង​កាស៊ីណូ​ ​រួម​ទាំង​គម្រោង​វិនិយោគ​លើ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញទៅ​កាន់​ខេត្ត​ព្រះ​សីហនុ។​ ​ក្រៅពីនោះ​ប្រទេស​ចិន​ក៏​មាន​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ និង​នៅ​ខេត្តសៀមរាប​ផង​ដែរ។​

លើ​ផ្នែក​នយោបាយ​វិញ ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំង​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ​ចិន​នឹង​ជួយ​ទំនុក​បម្រុង​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ ​ជាពិសេស​ក្នុង​ពេល​ដែល​សហភាព​អឺរ៉ុប​លុបចោល​ការ​អនុគ្រោះ​ពន្ធគយ​លើ​ទំនិញ​កម្ពុជា​ទាំងអស់​លើក​លែង​តែអាវុធ​ (EBA​)ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​បង្ក្រាប​ខាង​នយោបាយ​ ​និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​

​ដោយ​ឡែក​ក្នុង​ផ្នែក​យោធា​វិញ​ ​ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​បាន​ដោះដៃ​ពី​សហ​រដ្ឋ​អាមេរិក​ដែល​ខ្លួន​ធ្លាប់​សហការ​ធ្វើ​លំហាត់​យោធា​ជាប្រចាំ​ ​ហើយ​ងាក​មក​ចាប់​ដៃ​ជាមួយ​ប្រទេស​ចិន​ក្នុង​កិច្ចការ​ដូចគ្នា​នេះ។ ​យោធា​ចារ្យ​ចិន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្ដល់​ការ​ហ្វឹកហ្វឺន​ដល់​នាយ​ទាហាន​ខ្មែរ​ ​ដែល​កំពុង​សិក្សា​នៅ​ឯ​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ថែម​ទាំង​មាន​ការ​បញ្ជូន​និស្សិត​យោធា​កម្ពុជា​ទៅសិក្សា​នៅ​ប្រទេស​ចិន​ផង​ដែរ។​ ជាង​នេះ​ទៅទៀត​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទើប​តែ​បាន​ផ្តល់​ជំនួយ​យោធា​ចំនួន​៩០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា។​

រី​ឯ​កម្ពុជា​វិញ​បាន​គាំទ្រ​ស្មារតី​ពហុភាគី​និយម​របស់​ចិន​ក្នុង​រឿង​ជម្លោះ​ពាណិជ្ជ​កម្ម​ចិន​អាមេរិក។​ ហើយ​កម្ពុ​ជា​ឈរ​នៅ​ខាង​ចិន​ដោយ​មិន​គាំទ្រ​ការ​ធ្វើ​អន្តរ​ជាតូបនីយ​កម្ម​នៃ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ចិន​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​បួន​ផ្សេង​ទៀត​ដូចជា​ ​វៀតណាម​ ​ហ្វីលីពីន​ ​ម៉ា​ឡេស៊ី​ ​និង​ព្រុយ​ណេ​នោះ​ទេ។​

ហើយ​កាលចុង​ខែ​មេសា​ឆ្នាំ​នោះទៀត​សោត​ ​ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តី​ពីផែនការ​សកម្ម​ភាព​កសាង​សហគមន៍​ជោគ​វាសនា​រួមគ្នា​រវាង​ចិន​និង​កម្ពុជា​ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រាង​ជាមួយ​មហា​អំណាច​អាស៊ី​មួយ​នេះ​ ក្នុង​ក្រប​ខណ្ឌដែល​ប្រទេស​ចិន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​លើ​គម្រោងក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​របស់​ចិន​(Belt​ ​and​ ​Road​ ​Initiative)។​

ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ ​ប្រទេស​កម្ពុជា​និង​ចិន​នឹង​បង្កើត​យន្តការ​សហការ​គ្នា​ចាប់​តាំងពី​កម្រិត​«ស្ថាប័ន​បក្ស​ ​និង​រដ្ឋាភិបាល​ ​ស្ថាប័ន​នីតិ​បញ្ញត្តិ​ ​និង​រដ្ឋបាល​គ្រប់​កម្រិត»។​ ​ក្នុង​នោះ​ដែរ​ ​កិច្ច​សហការ​នឹង​ត្រូវ​ផ្តោត​លើ​វិ​ស័យ​ធំៗ​ចំនួន​ប្រាំ​ មាន​ជា​អាទិ៍​វិស័យ​នយោបាយ​ ​សន្តិសុខ​ ​សេដ្ឋ​កិច្ច​ ​ប្រជាជន​ ​និង​ពហុភាគី។​ ​បន្ថែម​ពី​នោះទៀត​ ​ប្រទេស​កម្ពុជា​និង​ចិន​ក៏​បាន​សន្យា​សហការ​គ្នា​គ្រប់​ដំណាក់​កាល​ទាក់​ទង​នឹង​បញ្ហា​នយោបាយ​អាស៊ី​ ​អឺរ៉ុប​ ​និង​កិច្ច​សហការ​រវាង​កម្ពុជា​ចិនលើ​ឆាក​អង្គការ​សហ​ប្រជាជាតិ។​

អ្នក​ជំនាញ​បាន​បង្ហាញក្ដី​បារម្ភ​ថា​ ​ការ​ពឹងពាក់​ពហុ​វិស័យ​ទៅលើ​ប្រទេស​ចិន​បែប​នេះ​បាន​នាំ​ឱ្យ​ប្រទេស​កម្ពុជា​បាត់​លំនឹង​នយោបាយ​ការ​បរទេស​ ​ខណៈ​ដែល​រដ្ឋាភិបាលក្រុង​ភ្នំពេញ​កំពុង​តែ​រង​គំនាប​ផ្នែក​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក។​

​លោក សេក សុផល​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល​ ​Ritsumeikan​ ​ដើម្បី​ការ​សិក្សា​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកឋិត​នៅ​ប្រទេស​ជប៉ុន កត់​សម្គាល់​ថា​ ​ប្រទេស​ជប៉ុន​ក៏​មាន​កង្វល់​ទាក់ទង​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ប្រទេស​ចិន​នេះ​ដែរ។​

​អ្នក​ស្រាវជ្រាវ​រូប​នេះបាន​លើក​ឡើង​ថា​ ​ការដែល​កម្ពុជា​ ​និង​តំបន់​អាស៊ី​អាគ្នេយ៍​ធ្លាក់​ក្នុង​ឥទ្ធិពល​ ​ឬ​បរិបាល​កិច្ច​ផ្ដាច់មុខ​របស់​ចិន​ ​ប្រយោជន៍​ជប៉ុន​នៅ​តំបន់​អាង​ទន្លេ​មេគង្គ​ ​និង​អាស៊ី​អាគ្នេយ៍មុខ​ជា​នឹង​រង​ផល​ប៉ះពាល់​ ​ហើយ​ការ​បង្ហាញ​ជំហរ​របស់​កម្ពុជា​ស្រប​ជាមួយ​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូងក៏​បង្ក​ហានិភ័យ​ដល់​ជប៉ុន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​កើត​ដែរ។

«ជប៉ុន​គាត់​បារម្ភ​លើ​បញ្ហា​ហ្នឹង​ ​សេ​ណា​រី​យោ​បែប​ហ្នឹង។​ ​គាត់​មិន​ចង់​ឱ្យ​កើត​ឡើង​ទេ​ ​អ៊ីចឹង​គាត់​ព្យាយាម​ប្រើ​មធ្យោបាយ​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច​ ​ពង្រីក​ទីផ្សារ​ដើម្បី​បញ្ចៀស​ ​ឬក៏​ទប់ស្កាត់​ ​យ៉ាង​ហោច​ណាស់​ធ្វើ​ឱ្យ​យឺត​នៃ​ដំណើរការ​កើន​ឡើង​នៃ​ឥទ្ធិពល​ចិន​ ​ក្នុង​សេដ្ឋ​កិច្ច​កម្ពុជា​ ​បែប​ផ្ដាច់​មុខ»។​

ដូច្នេះ​ ​ចង់​ ​ឬ​មិន​ចង់​ ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ត្រូវតែ​បង្ហាញ​តួនាទី​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​លំនឹង​ឥទ្ធិពល​នៃ​មហា​យក្ស​ចិន។​ ​ជាក់​ស្តែង​ក្នុង​វិស័យ​យោធា​ ​មាន​ការ​ចូល​ចត​របស់​នាវា​ចម្បាំង​ជប៉ុន​ក្នុង​ដែន​សមុទ្រ​កម្ពុជា​កាលពីខែ​កុម្ភៈ​កន្លង​ទៅ។​ ​ក្នុង​ផ្នែក​វិនិយោគ​វិញ​ ​ប្រទេស​ជប៉ុន​បាន​ឈរ​នៅ​លំដាប់​លេខ​២​បន្ទាប់ពី​ប្រទេស​ចិន​ដោយ​មាន​ទុន​វិនិយោគ​សរុប​ចំនួន៨៨២​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨។

​មួយ​វិញ​ទៀត​ប្រទេស​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​គោលដៅ​វិនិយោគ​នាំ​មុខ​របស់​ជប៉ុន​ផង​ដែរ​ ​តាម​រយៈ​គម្រោងបើក​ផ្លូវ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​ ​ឬ​ ​Japan Inc។​ គម្រោង​នេះ​បើក​លទ្ធភាព​ដល់​គ្រឹះស្ថាន​ឯកជន​ ​និង​ទុន​វិ​និ​យោគ​គិន​ជប៉ុន​ឆ្ពោះ​មក​កាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​ចិន​ដែរ​ ​ប្រទេស​ជប៉ុន​ក៏បាន​ផ្តល់​ហិរញ្ញ​ប្រទាន​ជា​ច្រើន​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​ ​ដូចជា​ការ​សង់ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​ឡើងវិញ​ ​ការ​បោះ​ដៃ​ជួយ​ស្ថាបនាស្ពាន​អ្នកលឿង​ ​និង​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​សម្រាប់​ការ​សាងសង់​ផ្លូវ​មួយ​ចំនួន​ទៀត។​ ក្នុង​នោះ​មាន​ការ​ជួសជុល​និង​ពង្រីក​ផ្លូវ​ជាតិ​លេខ​៥​ដែល​ជា​សរសៃឈាម​ដ៏​សំខាន់​នៃ​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​ត្បូង​ត​ភ្ជាប់រាជធានី​បាងកក​ ​ប្រទេស​ថៃ​មក​ទីក្រុង​ព្រៃនគរ​ ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​របស់​កម្ពុជា។​

លោក​ ​Bradley​ ​Jensen​ ​Murg​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ ​Seattle​ ​Pacific​ ​សហ​រដ្ឋ​អាមេរិកបាន​លើក​ឡើង​ថា​ ​ជំនួយ​ជប៉ុនហាក់​មាន​គុណ​ភាព​ ​និង​តម្លាភាព​ជាង​ជំនួយ​ចិន​ ​នា​ពេល​កន្លង​មក​ ​បើ​ទោះបី​គេ​គិត​ពី​បរិមាណ​ចិនហាក់​កំពុង​នាំមុខ​ក៏​ដោយ។​

អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖​

«វា[ជំនួយ​និង​ការ​វិនិយោគ​របស់​ជប៉ុន]មិន​អាច​ផ្គូផ្គង​ឱ្យ​ត្រ​ដំ​ត្រសង​នឹងគម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​(BRI)​របស់​ចិន​បាន​ទេ។​ ​បើ​គេ​ប្រើប្រាស់​ទំហំ​នៃ​សាច់ប្រាក់​យក​មក​វាស់វែង​តែ​យ៉ាងណា​ ​ការ​បន្ត​ភាព​សកម្ម​និង​ចូលរួម​របស់​ជប៉ុន​ ​រួម​ទាំង​បណ្ដា​រដ្ឋ​ផ្ដល់​ជំនួយ​ដទៃទៀត​ ​អាច​ផ្ដល់​ជា​ការ​ប៉ះប៉ូវ​ជួស​ការ​ពឹង​ពាក់​ជ្រុល​ហួស​ទៅ​លើប្រទេស​ចិន។​ ​ការ​បន្ត​ចូលរួម​របស់​ប្រទេស​ជប៉ុន​មាន​សារៈសំខាន់​ ​បើ​សិនគេ​ចង់​ចៀស​វាង​ការ​ផ្ដេកផ្ដួល​[​ទៅលើ​ប្រទេស​ចិន]»។

កញ្ញា​ ​ពេជ្រ​ ​ចា​រ៉ា​ឌីននៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព​ ​បាន​ឯកភាព​ជាមួយ​ការ​លើក​ឡើង​នេះ។​

​«នៅ​ចំកណ្ដាល​នៃ​ការ​លេងល្បែង​ដណ្ដើម​អំណាច​រវាង​មហា​អំ​ណាច​ធំៗ​(មាន​ចិន​និង​អាមេរិក​ជាដើម)​ ​ជប៉ុន​រក្សា​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជាដើម្បី​ប្រាកដ​ថា​ យើង​មិន​ដល់​ថ្នាក់​«លន់តួ»​ចំពោះ​មុខ​ចិន​នោះ​ទេ»។​

ជប៉ុន​ ​និង​សហភាព​អឺរ៉ុបជា​តួអង្គ​ម្ចាស់​ជំនួយ​ពីរ​សំខាន់​ជាមួយ​នឹង​តួនាទី​ជួយ​ទំនុក​បម្រុង​កិច្ចការ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ​តាម​រយៈ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​អំឡុង​ឆ្នាំ​២០១៥ដល់​ឆ្នាំ​២០១៨។​ ​ហើយ​បើ​ទោះ​ជា​សហ​ភាព​អឺរ៉ុប​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កំណែ​ទម្រង់​នៅ​ចុង​ឆ្នាំ​២០១៧ជុំវិញ​សំណុំ​រឿង​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ក្ដី​ ​ជប៉ុន​បន្ត​ស្ថិត​នៅ​ក្នុង​បញ្ជី​ម្ចាស់​ជំនួយក្នុង​កំណែ​ទម្រង់​ដែល​គេ​ជឿ​ថា​ ​អាច​ផ្ដល់​ទំនុក​ចិត្ត​ផ្នែក​ស្ថាប័ន​យូរ​អង្វែង​សម្រាប់​ធានា​ស្ថិរ​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស។​

​យ៉ាង​ណា​ក៏​ដោយ​ ​ជប៉ុន​នៅ​មាន​ប្រៀប​ខាង​អំណាច​ស្រទន់ដែល​ចិន​ទៅវិញ​ទេ​ ​ដែល​នឹង​ពិបាក​ក្នុង​ការ​យក​តុល្យភាព​ជាមួយ​ទាក់ទិន​នឹង​ការ​ជឿជាក់​ ​និង​និយម​ទុក​ចិត្តពី​សំណាក់​ប្រជាជន​ ​និង​អ្នក​នយោបាយ​កម្ពុជា។​ ​នេះ​បើ​យោង​តាម​លោក​ ​ឈាង វណ្ណា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី។​

​«ដូច្នេះ​អា​ហ្នឹង​គឺជា​អ្វី​មួយ​ដែល​ប្រទេស​ខាង​ក្រៅ​ ​ជាពិសេស​ចិន ពិបាក​នឹង​យក​បេះដូង​កម្ពុជា​ណាស់។​ ​ដូច្នេះ​ការ​ប្រកួត​ប្រជែង​ ​ខ្ញុំ​យល់​ថា​ ​ទោះ​ជា​ចិន​ឈាន​មុខ​ទាក់ទង​នឹង​ជំនួយ​ ​និង​ក៏ដូច​ជា​ការ​វិនិយោគ​ ​ក៏ប៉ុន្តែ​ចិន​ពិបាក​នឹង​យក​ឈ្នះ​បេះ​ដូង​ប្រជាជន​កម្ពុជា​ណាស់។​ ​អ៊ីចឹង​ទេ​ខ្ញុំ​គិតថា​ ​ការ​ប្រកួត​ប្រជែងវែង​ឆ្ងាយ​ ​សំខាន់​ជាង​គេ​គឺ​ឈ្នះ​បេះដូង​ប្រជាជន»។​

លោក ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បដិសេធ​មិន​ឆ្លើយ​ឱ្យ​ចំៗ​នោះ​ទេអំពី​តួនាទី​របស់​ជប៉ុន​ក្នុង​ការ​ធានា​តុល្យភាព​ជាមួយ​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា។​ ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ ​ជប៉ុន​ជា​«មិត្ត​ប្រវត្តិសាស្ត្រ»​ ហើយ​រដ្ឋាភិបាល​លោកហ៊ុន សែនកាន់​យក​នូវ​គោល​នយោបាយ​ការ​បរទេស​ពហុ​ប៉ូល​និង​ទទួល​ស្វាគមន៍​គ្រប់​មិត្ត​បរទេស​ ​ដើម្បី​ធានា​កម្ពុជា​មិន​ធ្លាក់ខ្លួន​ទៅ​ជា​សមរភូមិ​នៃ​ការ​ប្រឡង​ប្រណាំង​ភូមិសាស្ត្រ​នយោបាយ​នោះ​ទេ។​

«ជប៉ុន​សំខាន់​សម្រាប់​កម្ពុជា​គឺជា​មិត្ត​មួយ​ល្អ​ ​មិត្ត​ដែល​មាន​ទំនាក់​ទំនង​ល្អ​ ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជិតស្និទ្ធ។ ​ជប៉ុន​មិន​ជ្រៀត​ជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ​គោរព​នូវ​សិទ្ធិ​សម្រេច​របស់​កម្ពុជា​ ​ទោះ​ស្ថិត​នៅ​ក្នុង​របប​ណា​ក៏​ដោយ​ ​ហើយ​ជប៉ុន​ក៏​ជួយ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធទាំង​ផ្នែក​រដ្ឋបាល​ ​និង​ផ្នែក​ថ្នល់​ ​ហើយ​ក៏​ដូចជា​ពង្រឹង​សក្ដានុពល​នៅ​ក្នុង​ទិសដៅ​ពាណិជ្ជ​កម្ម​ ​ឬ​ក៏​សេដ្ឋ​កិច្ច​នេះ​ឯង»។​

ក្រោយពី​បាន​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​កាលពី​ខែ​មេសា​ដើម្បី​ចូលរួម​ ​ក្នុង​កិច្ច​ប្រជុំ​វេទិកា​ខ្សែ​ក្រវាត់​និង​ផ្លូវ​លើក​ទីពីរ​ ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ក៏​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឯ​ប្រទេស​ជប៉ុន​ផង​ដែរ​ ​ក្នុង​ខែ​ឧសភា​នេះ​ដើម្បី​ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​អនាគត​ទ្វីបអាស៊ី​ ​រៀបចំឡើង​ដោយ​សាជីវ​កម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ ​Nikkei។​

​ខណៈ​ដែល​ស្ថានទូត​ចិន​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ផ្ញើ​សុំ​សេចក្ដី​បំភ្លឺ​របស់​ VOA​ ​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញក៏​មិន​បានបរិយាយ​ឱ្យ​ចំ​ផង​ដែរ​អំពី​តួនាទី​របស់​មហា​អំណាច​មួយ​នេះ​ ​ផ្ដល់​ឱ្យ​កម្ពុជា​នូវ​តុល្យភាព​នយោបាយ​ការ​បរទេស។​

ក្នុង​សំណេរ​ឆ្លើយ​តប​មួយ​ផ្ញើ​ត្រឡប់​មក​កាន់​ VOA​ ​លោក​ ​Suzuki​ ​Hironori​ ​មន្ត្រី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ស្ថានទូត​ជប៉ុន​ ​បាន​បញ្ជាក់​ប្រាប់​អំពី​តួនាទី​របស់​ជប៉ុន​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​តាម​រយៈ​ផ្លូវ​សេដ្ឋ​កិច្ច​ ​និង​នយោបាយដើម្បី​ធានា​អនាគត​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ប្រកប​ដោយ​ប្រជា​ធិបតេយ្យ​តាម​រយៈ​ជំនួយ​ទៅ​លើ​ការ​បោះ​ឆ្នោត និង​ធានា​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ដាក់​ទុន​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត៕​

What Next?

Recent Articles