ECOSOC ពន្យារ​ពេល​សំណើ​សុំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​សមាជិក​ក្រុម​ប្រឹក្សា​នេះ

ដោយ យន់ សាមៀន
2019-05-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) (រូបភាព​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម)
​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​ទៅ​កាន់​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) (រូបភាព​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម)


គណៈកម្មាធិការ​អង្គការ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ​បាន​សម្រេច​ពន្យារពេល​សំណើសុំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ រយៈពេល ៦​ខែ​ទៅ​មុខ​ទៀត ក្រោយ​ពេល​ប្រទេស​វៀតណាម​បាន​បដិសេធ​សំណើ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ប្រទេស​មាន​ចំនួន​ទៀត​បាន​ដាក់​សំណួរ​ជុំវិញ​សំណើ​របស់​សហព័ន្ធ។

នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់រិន្ទ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​ឯកសារ​ចម្លើយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​សមាជិក​នៃ​គណៈកម្មាធិការ​អង្គការ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) ក្នុង​រយៈពេល ៦​ខែ​ទៀត ដើម្បី​ឱ្យ​គណៈកម្មាធិការ​អង្គការ​នេះ ដាក់​បញ្ជូន​សហព័ន្ធ​ជា​សមាជិក​ប្រឹក្សា​ផ្តល់​យោបល់​នៃ​ក្រុមប្រឹក្សា​នេះ​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដាក់​បញ្ជូល​ពាក្យ​ស្នើ​សុំ​ឱ្យ​ក្លាយ​ជា​សមាជិក ECOSOC កាលពីដើម​សប្ដាហ៍​នេះ ហើយ​គណៈកម្មាធិការ​អង្គការ​នៃ​ក្រុមប្រឹក្សា​នេះ​បាន​សាកសួរ​សំណួរ កាលពី​ថ្ងៃ​ទី​២១ ឧសភា ខណៈ​តំណាង​ប្រទេស​វៀតណាម បាន​ជំទាស់​សមាជិកភាព​របស់​សហព័ន្ធ។ តំណាង​ប្រទេស​វៀតណាម អះអាង​ថា ប្រទេស​នេះ​ជំទាស់​សមាជិកភាព​របស់​សហព័ន្ធ​ដោយ​ចោទ​ប្រកាន់​ថា សហព័ន្ធ​ជា​ចលនា​នយោបាយ​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​នៅ​ប្រទេស​វៀតណាម និង​បាន​ដឹកនាំ​ចលនា​មួយ​ចំនួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម។ ទោះបីជា​យ៉ាងណា ប្រតិភូ​តំណាង​ខាង​អាមេរិក​បាន​សំដែង​ការ​គាំទ្រ សមាជិកភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ ប្រតិភូ​តំណាង​អាមេរិក​អះអាង​ថា សហព័ន្ធ​ជា​អង្គការ​ស្របច្បាប់ ធ្វើ​ការងារ​ដើម្បី​បម្រើ​ពលរដ្ឋ​ជនជាតិ​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ក្នុង​វិស័យ​សង្គម សិទ្ធិមនុស្ស និង​អប់រំ៖ «ពាក់ព័ន្ធ​ទៅ​នឹង​លិខិតស្នើ​សុំ​ជា​សមាជិក​ភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គឺថា បេសកកម្ម​សហព័ន្ធ​គឺ​ដើម្បី​ការពារ និង​រក្សា​វត្តមាន​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ដើម្បី​ធានា​សិទ្ធិ​របស់​ពួកគេ ត្រូវ​បាន​ការពារ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ធ្វើ​ការងារ​យ៉ាង​ល្អ​ប្រសើរ​ដើម្បី​លើកកម្ពស់​សេរីភាព​ផ្នែក​សាសនា និង​ភាសា​របស់​សហគមន៍​ដើម្បី​ធានា​ថា ពួកគេ​ទទួល​បាន សិទ្ធិ​ស្មើភាព​គ្នា​ទៅ​នឹង​ពលរដ្ឋ​វៀតណាម​ដែរ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តំណាង​សំឡេង​ឱ្យ​សហគមន៍​ខ្មែរ​កម្ពុជា​រួម​ទាំង​ព្រះសង្ឃ​ផង​ដែរ។ ព្រះសង្ឃ​ដែល​បាន​ទាមទារ​ឱ្យ​មានការ​បង្រៀន​អក្សរ​ខ្មែរ តែងតែ​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ និង​រង​ការវាយប្រហារ​ថែម​ទៀត​ផង»

លោក ត្រឹង ម៉ាន់រិន្ទ មានប្រសាសន៍ថា វៀតណាម​ព្រួយបារម្ភ​ថា ប្រសិនបើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្លាយ​ជា​សមាជិក ក្រុមប្រឹក្សា​ពិភាក្សា នៃ (ECOSOC) សហព័ន្ធ នឹង​អាច​មាន​សិទ្ធិ​រាយការណ៍​ជូន​អង្គ​សន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា​ក្រោម ដែល​អាច​ប៉ះពាល់​ដល់​កិត្តិយស​វៀតណាម​នៅ​លើ​ឆាក​អន្តរជាតិ។ លោក ត្រឹង ម៉ាន់រិន្ទ បដិសេធ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​គម្រោង​ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​នៅ​វៀតណាម៖ «និយាយ​រួម​អង្គការ​សហព័ន្ធ​ដូច​សហរដ្ឋអាមេរិក​បាន​និយាយ​អ៊ីចឹង ជា​អង្គការ​មួយ​ទាមទារ​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ សិទ្ធិ​ខាង​សាសនា សិទ្ធិ​ខាង​ភាសា។ យើង​ទាមទារ​សិទ្ធិ​ឱ្យ​ស្មើ​នឹង​ជនជាតិ​យួន។ ហេតុអ្វី​បានជា​ខ្មែរ​អត់​មាន​សិទ្ធិ​រៀន​អក្សរ​ខ្មែរ អត់​មាន​សិទ្ធិ​រៀន​ប្រវត្តិសាស្ត្រ​របស់​ខ្លួន?»

ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា (ECOSOC) មាន​សមាជិក​មកពី​ប្រទេស​ចំនួន ៥៤​ប្រទេស​។ កម្ពុជា​មិន​មាន​សមាជិកភាព​ក្នុង​ក្រុមប្រឹក្សា​នេះ​នៅ​ឡើយ​ទេ។ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ មាន​តួនាទី​ជា​វេទិកា​កណ្ដាល​មួយ​សម្រាប់​ការពិភាក្សា​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ដើម្បី​ជំរុញ​ស្តង់​ការរស់នៅ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ផ្ដល់​ការងារ និង​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles