តុលាការ​ពន្យារ​ពេល​សាកសួរ​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​ដោយ​គ្មាន​ថ្ងៃ​កំណត់

ដោយ មួង ណារ៉េត
2019-05-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided


សកម្មជន​គណបក្សប្រឆាំង​នៅ​ស្រុក​មោងឬស្សី ដែល​បាន​ចូល​បំភ្លឺ​តុលាការ រិះគន់​មន្ត្រី​សាលាដំបូង​ខេត្ត​បាត់ដំបង​ថា បាន​ពន្យារពេល​សាកសួរ​ដោយ​ពុំបាន​ជូនដំណឹង​ដល់​ពួកគាត់​ជាមុន ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ពេលវេលា និង​ថវិកា។ ការរិះគន់​នេះ បន្ទាប់ពី​មន្ត្រី​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​លើក​ពេល​សាកសួរ​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​នេះ ចំនួន​៩​នាក់​ដែល​ត្រូវ​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​២៤​ឧសភា ដោយ​បាន​ពន្យារពេល​ទៅ​ថ្ងៃក្រោយ​វិញ ដោយ​គ្មាន​ថ្ងៃ​កំណត់។

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ស្រុក​មោងឬស្សី លោក អ៊ុត ជឿន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៤ ឧសភា​ថា ពួកគាត់​ទាំង​៩​នាក់​ខំ​សន្សំ​លុយ​យ៉ាង​លំបាកលំបិន ដោយ​អ្នកខ្លះ​បាន​លក់​មាន់ លក់​ទា ដើម្បី​យក​ប្រាក់​ធ្វើដំណើរ​ទៅ​ចូល​បំភ្លឺ​តុលាការ​តាម​ការកំណត់​ហើយ បែរជា​មន្ត្រី​តុលាការ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ។ លោក​ថា ពួកគាត់​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​តុលាការ​ខេត្ត​បាត់ដំបង​ធ្វើ​បែប​នេះ ព្រោះ​ពួកគាត់​បាន​ទៅ​ដល់​មុខ​តុលាការ​តាំងពី​ម៉ោង​៧​ព្រឹក ដើម្បី​ត្រៀម​ចូល​បំភ្លឺ​ទៅ​ហើយ បែរជា​ត្រូវ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទៅវិញ៖ «ម្យ៉ាងទៀត​ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ទៅ​តំណាង​អយ្យកា​រថា ខ្ញុំ​សោកស្ដាយ​ដែល​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ក៏​ល្អ​មួយ​រូប​ឈរ​ឈ្មោះ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ចូលរួម​អភិវឌ្ឍន៍ និង​ការពារ​សន្តិ​សុខភូមិ​ឃុំ​របស់​ខ្លួន តែ​ខ្ញុំបម្រើ​មិនទាន់​ចប់​ចុង​ចប់​ដើម​ផង​ស្រាប់តែ​តុលាការ​កំពូល​រំលាយ​គណបក្ស​ខ្ញុំ​ធ្វើ​ឱ្យ​ខ្ញុំ​ខក​បំណង ហើយ​រឿង​នេះ​មក​ដល់​ថ្ងៃ​ទី​២៤​ឧសភា ចោទ​ថា ខ្ញុំ​មិន​គោរព​ដីកា​ទៀត​អីចឹង​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទាំង​៩​រូប»

លោក​បន្ត​ថា ពួកគាត់​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ ហើយ​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ឈប់​កោះហៅ​ពួកគាត់​សាកសួរ​បន្ត​ទៀត ព្រោះ​កន្លង​មក​ពួកគាត់​គ្រាន់តែ​ជួបជុំគ្នា​សម្ដែង​មតិ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ក្នុង​នាម​កូនចៅ និង​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ពួកគេ​ធ្លាប់​ធ្វើការ​ជាមួយ​ប៉ុណ្ណោះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បាត់ដំបង អ្នកស្រី ទៀង សំបូរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៤ ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក អ៊ុត ជឿន អះអាង​ថា មន្ត្រី​តុលាការ​ម្នាក់​បាន​ប្រាប់​ពួកគាត់​នៅមុខ​សាលាដំបូង​ខេត្ត​បាត់ដំបង​ថា តុលាការ​លើក​ពេល​សាកសួរ​នេះ ដោយសារ​តំណាង​អយ្យការ​ជាប់រវល់​មិន​អាច​ធ្វើការ​សាកសួរ​បាន។ លោក​បន្ត​ថា មន្ត្រី​តុលាការ​បាន​ប្រមូល​ដីកា​ពី​ពួកគាត់​ទុក​ទាំងអស់ ហើយ​បាន​ប្រាប់​ថា តំណាង​អយ្យការ​នឹង​ចេញ​ដីកា​កោះហៅ​នៅ​ពេល​ក្រោយ​ទៀត ដោយ​ពុំ​មាន​ថ្ងៃ​កំណត់​ជាក់លាក់​នោះ​ទេ៖ «ប៉ុន្តែ​ការ​ជាប់​រវល់​នេះ​គាត់​បាន​ជូនដំណឹង​យ៉ាងហោចណាស់​ក៏​៣​ថ្ងៃមុន​ដែរ ទាល់តែ​ខ្ញុំ​មក​ដល់​តុលាការ​ម៉ោង​៧​ព្រឹក ខ្ញុំ​ឃើញ​ប៉ូលិស​កំពុង​ដាក់​រនាំង​បាំង​មិន​ឱ្យ​ពួក​ខ្ញុំ​ដែល​ទៅ​លើកទឹកចិត្ត ចូល​ទៅមុខ​តុលាការ​ទេ ដល់​ម៉ោង​៧ និង​១០​នាទី​ស្រាប់តែ​ឃើញ​ប៉ូលិស​សា​រនាំង​ទុក​វិញ​អស់​ទៅ ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​មក​ប្រាប់​ថា អ្នកស្រុក​មោងឬស្សី​ដែល​មាន​ដីកា​កោះហៅ​ត្រូវ​បាន​លើក​ពេល​ហើយ សូម​ត្រឡប់​ទៅវិញ​ចុះ»

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង លោក ឈឹន សុផុន បាន​កោះហៅ លោក អ៊ុត ជឿន និង​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជាប់ឆ្នោត​ផ្សេងទៀត នៅ​ស្រុក​មោងឬស្សី​មកពី​គណបក្ស​សង្គ្រោះជាតិ​សរុប​៩​នាក់ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ដោយ​ចោទប្រកាន់​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល រឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ កន្លង​ទៅ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មន្ត្រី​តុលាការ​អាច​ធ្វើ​ការ​ពន្យារ​ពេល​សាកសួរ​លើ​ជនសង្ស័យ​ណា​ម្នាក់​បាន ប្រសិនបើ​មន្ត្រី​តុលាការ​មានការ​រវល់​ចាំបាច់​បំពេញការងារ​បាន​តាម​ការកំណត់ ប៉ុន្តែ​ត្រូវ​ជូនដំណឹង​ឱ្យ​ពួកគាត់​បាន​ដឹង​ជាមុន​ដែរ គឺ​ពុំ​មែន​ពន្យារ​ដោយ​មិនបាន​ប្រាប់​ពួកគាត់​ជាមុន​បែបនេះ​ទេ ព្រោះ​ការ​ធ្វើ​បែបនេះ បាន​ប៉ះពាល់​ដល់ពេល​វេលា និង​ខាតបង់​ថវិកា​ក្នុង​ការ​ធ្វើដំណើរ​របស់​ពួកគាត់៖ «អីចឹង​ខ្ញុំ​ឃើញ​ថា ដីកាកោះ​មនុស្ស​៩​នាក់​នឹង​បាន​ចុះហត្ថលេខា​តាំងពី​ថ្ងៃ​ទី​៨ ឧសភា​មក​ហើយ ហេតុ​អី​ដល់ពេល​ថ្ងៃ​ចូល​បំភ្លឺ​គាត់​បែរជា​លើក​ពេល​ទៅវិញ នេះ​បាន​បង្ហាញ​ថា​ការ​ទទួលខុសត្រូវ មិន​បាន​ច្បាស់លាស់ វា​អាច​មាន​ការ​លើក​ពេល​ដែរ គេ​លើក​លើ​ករណី​ពិសេស តែ​ដល់​ពេល​លើក​ពេលវេលា​ដោយ​មិន​បាន​ប្រាប់​ពួកគាត់​ពី​មូល​ហេតុនេះ​ជា​ចំណុច​មួយ​គឺ​ខ្វះ​ការ​ទទួលខុសត្រូវ»

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ឧសភា សាលាដំបូង​ខេត្ត​បាត់ដំបង បាន​កោះហៅ​មេឃុំ​ចៅសង្កាត់ សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ស្រុក ក្រុង​និង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​ជាប់ឆ្នោត គណបក្ស​សង្គ្រោះជាតិ​ចំនួន ៣៥​នាក់​ហើយ ឱ្យ​ចូល​បំភ្លឺ​តុលាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ឧសភា​មក ក្នុង​នោះ​មាន​ចៅសង្កាត់​អូរចារ​ជាប់ឆ្នោត គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ២៦​នាក់​ផ្សេងទៀត​ដែល​បាន​ចូល​បំភ្លឺ​តុលាការ​រួចហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles