សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​រិះគន់​ថា​ សមត្ថ​កិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​អុកឡុក​ពួក​គេ​ពេល​កំពុង​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក​

សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​រិះគន់​ថា​ សមត្ថ​កិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​អុកឡុក​ពួក​គេ​ពេល​កំពុង​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក


By

ឌឹ ខេមបូឌា ដេលី

សំណុំ​រឿង​ហូប​នំ​បញ្ចុក​នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​តុលាការ​មិន​ទាន់​បន្ត​កោះ​ហៅ​អតីត​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​សាក​សួរ​បន្ថែម​ទៀត​អំពី​រឿង​ដែល​ពួក​គេ​ហូប​នំ​បញ្ចុក​ក្តី ​ប៉ុន្តែ​ពេល​នេះ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ រិះ​គន់​ថា ​សមត្ថ​កិច្ច​ខេត្ត​នេះទៅ​អុកឡុក​ពួក​គេ​ពេល​កំពុង​ជួប​ជុំ​គ្នា​ហូប នំ​បញ្ចុក។​

ការ​លើក​ឡើង​បែប​នេះ​ ខណៈ​អតីត​សកម្ម​ជន​គណបក្ស​ប្រឆាំង​នៅ​ជួប​ជុំ​គ្នា​ហូប​នាំ​បញ្ចុក ​ប៉ុន្តែ​សមត្ថ​កិច្ច​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់​លើក​គ្នា​ទៅ​កន្លែង​ជួប​ជុំ​របស់​ពួក​គេ​ដែល​ធ្វើឲ្យ​សកម្ម​ជន​ទាំង​នោះ​​មិន​អាច​ហូប​នំ​បញ្ចុក​ជុំ​គ្នា​បាន​ និង​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។​

ហ្វេសប៊ុក​ឈ្មោះ ​ជាតិ​ខេមរា ​បាន​បង្ហោះ​រូប​ក្រុម​ប៉ូលិស​ដែល​ចុះ​ទៅ​អុកឡុក​ពួក​គេ​ថ្ងៃ​ទី​២៣ ​ខែ​ឧសភា​នេះ ​ដោយ​រៀបរាប់​ថា​ ប៉ូលិស​ទាំង​នោះ​មាន​គ្នា​ជាង​៥០​នាក់​ដឹកនាំ​ដោយ​អធិការ​ស្រុក​ស្វាយចេក​ បាន​ចុះ​ទៅ​គំរាម​កំហែង​កម្ម​វិធី​សូត្រ​មន្ត​មួយ​ដែល​អ្នក​ភូមិ​ប្រីយ ​ឃុំ​ទ្រាស​ ដែល​គ្នា​ជាង​១០០​នាក់​រួមគ្នា​ធ្វើ។ ​ប្រភព​ដដែល​បន្ត​ទៀត​ថា​ សកម្ម​ភាព​នេះ​ដូច​ក្នុង​សមរភូមិ​អ៊ីចឹង​ គឺ​ប៉ូលិស​បាន​ព័ទ្ធ​គ្រប់​ច្រក​ក្នុង​ភូមិ​មាន​ទាំង​ស្លៀក​ស៊ីវិល​ ឯក​សណ្ឋាន​ហើយ​ព្រមាន​ពលរដ្ឋ​មិន​ឲ្យថត​ឡើយ។ ​

សារ​ព័ត៌មាន​ The Cambodia Daily ​នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ ​នៅថ្ងៃ​ទី​២៣​ខែ​ឧសភា​នេះ។ ​វា​មិន​មែន​ជា​លើក​ទី១​ទេ ​ដែល​សមត្ថ​កិច្ច​ខេត្ត​នេះ​ចេញ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ពលរដ្ឋ​ដែល​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ដូច្នេះ។ ​កាលពី​ពេល​ថ្មីៗ​នេះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ក៏​បាន​ទៅ​សាកសួរ​អតីត​មន្រ្តី​និង​សកម្ម​ជន​បក្ស​ប្រឆាំង​ធ្វើ​ពិធី​និង​ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​ដូច​គ្នា​នេះ​ដែរ។​

ចំណែក​អតីត​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​ខេត្ត​កំពង់ធំ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ទៀត​គឺ​លោក ​ថៃ ធីម ​ឱ្យ​ដឹង​ថា​ ការ​ជួប​ជុំ​ពិសារ​នំ​បញ្ចុក​ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ផ្ទះ​អតីត​ជំទប់​ទី​២​ឃុំ​ស្វាយ​ភ្លើង​ក្នុង​ស្រុក​បារាយណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ក៏មាន​ការ​រំខាន​ខ្លះ​ដែរ​ពី​សំណាក់​មន្ត្រី​សមត្ថ​កិច្ច​ប្រមាណ​២០​នាក់។​ ក្រៅពី​នេះ​ការ​ជួប​ជុំ​ពិសារ​នំ​បញ្ចុក​នៅ​ឃុំ​ទ្រៀល​ ក៏​មាន​ការ​ចូល​ទៅ​សាក​សួរ​ពី​សំណាក់​អធិការ​នគរបាល​ស្រុក​បារាយណ៍ ​និង​ការ​តាម​ថត​រូប​អ្នក​ចូល​រួម​ផង​ដែរ។​

លោក​ ថៃ ធីម​ បញ្ជាក់​ថា​ ការ​ជួប​ជុំ​គ្នា​ក្នុង​ពិធី​សូត្រ​មន្ត​និង​ពិសារ​នំ​បញ្ចុក​ទាំង​នោះ​ពួក​គាត់​មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​នោះ​ឡើយ​ដោយ​គ្រាន់តែ​នឹក​រឭក​គ្នា​និង​ការ​ចូល​រួម​តាម​ប្រពៃណី​ប៉ុណ្ណោះ។​

លោក​បន្ត​ថា​ បច្ចុប្បន្ន​មាន​អតីត​មន្ត្រី​នឹង​សកម្ម​ជន​បក្ស​ប្រឆាំង​ខេត្ត​នេះ​ចំនួន​៣៥​នាក់​ហើយ​ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​មូលដ្ឋាន​កោះហៅ​មក​សាក​សួរ​ ដោយ​បញ្ជាក់​ថា​​ជា​ការ​សាក​សួរ​រឿង​ផ្ទាល់​ខ្លួន។​

អតីត​មន្ត្រី​បក្ស​ឆាំង​រូប​នេះ​យល់​ថា​ សកម្ម​ភាព​របស់​សមត្ថ​កិច្ច​ទាំង​នេះ​គឺ​ជាការ​គំរាម​កំហែង ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​ហើយ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ ដែល​ជា​ពលរដ្ឋ​សាមញ្ញ​មិន​ជាប់​បម្រាម​ណាមួយ​ក្នុង​ការ​ធ្វើ​នយោបាយ​នោះ​ឡើយ។​

កាល​ពីថ្ងៃ​ម្សិលមិញ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​តេឡេក្រាម​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច ​លោក ​សុខ ឥសាន ​បាន​លើក​ឡើង​ថា ​ការ​កោះហៅ​ទៅ​សាកសួរ​គឺ​ជា​នីតិវិធី​ដើម្បី​រក​យុត្តិធម៌។ ​លោក​បន្ត​ថា​ ក្នុង​របប​ប្រល័យ​ពូជសាសន៍​គឺ​គ្មាន​អ្នក​ណា​នឹក​ឃើញ​ពី​សិទ្ធិ​សេរីភាព​នោះ​ទេ។​ ជាង​នេះ​ទៅ​ទៀត​លោក​ថា ​វិទ្យុ​ឯករាជ្យ​គឺ​ជា​វិទ្យុ​ដែល​ផ្សាយ​ឲ្យ​មាន​ការ​ញុះញង់​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល​ ប្រមាថ​ជាតិ​សាសន៍​ឯង។ ​អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ​ការ​ហូប​ចុក​ដើម្បី​បបួល​គ្នា​ប្រព្រឹត្ត​ល្មើស​ច្បាប់​មិនមែន​ជា​សិទ្ធិ​នោះ​ទេ ​ហើយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​រួច​ហើយ​ ហើយ​គ្មាន​ជន​ណា​មួយ​មាន​សិទ្ធិ​បបួល​គ្នា​គាំទ្រ​នោះ​ឡើយ។ ​

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​នីតិវិធី​របស់​តុលាការ​ នា​ពេល​ថ្មីៗ​នេះ ​​ប្រឆាំង​នឹង​អតីត​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៦៥​នាក់។​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​លុប​បំបាត់​នូវ​ការ​រឹតត្បិត​លើ​មនុស្ស​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​និង​ឲ្យ​ដោះលែង​អ្នក​ទោស​ទាំង​ឡាយ​ណា ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​និង​ខុសច្បាប់ ​រួម​ទាំង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ កឹម សុខា ​ផង​ដែរ។​

សហ​រដ្ឋ​អាមេរិក​បាន​អំពាវនាវ​ជាថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​គាំទ្រ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ពិត​ប្រាកដ​ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សកម្ម​ភាព​និង​ច្បាប់​របស់​កម្ពុជា​គោរព​ទៅ​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ស្ថិត​ក្រោម​ច្បាប់​អន្តរជាតិ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Related Articles

Leave a Reply

Submit Comment