សមត្ថកិច្ច​អុកឡុក​សកម្មជន​បក្ស​ប្រឆាំង​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ខេត្ត​បន្ទាយមានជ័យ

ដោយ ហេង រស្មី
2019-05-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ប៉ូលិស​ទៅអុកឡុក​រំខាន់​ដល់​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​នៅ​ភូមិ​ប្រិយ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided
សកម្មភាព​ប៉ូលិស​ទៅអុកឡុក​រំខាន់​ដល់​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជួប​ជុំគ្នា​ហូប​នំ​បញ្ចុក​នៅ​ភូមិ​ប្រិយ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided


សកម្មជន​គណបក្សប្រឆាំង​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បាន​បញ្ចប់​ពិធី​ហូប នំ​បញ្ចុក​ជុំ​គ្នា​យ៉ាង​តក់ក្រហល់ បន្ទាប់ពី​ប៉ូលិស​ស្រុក​នេះ​ជាច្រើន​នាក់​បាន​ទៅ​អុកឡុក​រំខាន​ដល់​ផ្ទះ​ពួកគាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា។

មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​លើ​បញ្ហា​នេះ​ថា ជា​ការ​ភ័យខ្លាច​ហួសហេតុ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ស្រុក​ស្វាយចេក​លោក យ៉ាត ភិរម្យ ប្រាប់​អាស៊ីសេរី​ថា មាន​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ប្រមាណ ៣០​នាក់ បាន​ទៅ​អុកឡុក​រំខាន​ដល់​ផ្ទះ​ពួកគាត់​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ប្រិយ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ធ្វើ​អ្នក​ចូលរួម​មានការ​ភ័យខ្លាច ហើយ​បាន​នាំគ្នា​ឈប់​ហូប​នំ​បញ្ចុក​ភ្លាមៗ។ លោក​ថា ការ​ធ្វើ​នេះ​ដោយសារ​សមត្ថកិច្ច​ឃើញ​សមាជិក​ប្រឹក្សា​ឃុំ​ស្វាយចេក​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ប្រមាណ​១០​នាក់ ក្នុង​ចំណោម​អ្នកចូលរួម​ប្រហែល​១០០​នាក់​នៅ​ក្នុង​កម្មវិធី​នោះ៖ «ចុះ​មក​អុកឡុក​ពួក​យើង​កំពុងតែ​ហូប​ហ្នឹង។ បងប្អូន​យើង​ខ្លះ​ហូប​មិនទាន់​ឆ្អែត​ផង​ក៏​ភ័យ​រត់​ទៅផ្ទះ​ព្រោងព្រាត។ ខ្ញុំ​សូម​ប្រកាស​ថា ខ្ញុំ​អត់​អាច​ទទួល​យក​បាន​ទេ ពី​ព្រោះ​ការ​គំរាមកំហែង​បែបនេះ វា​ហួសហេតុ​ពេក។ ខ្ញុំ​ហ្នឹង​ជា​ឧក្រិដ្ឋជន​ឬ​ជា​ភេរវកម្ម​អ្វី​ដែល​ចុះទៅ​រហ​រហេវ​អ៊ីចឹង។ ប្រជាពលរដ្ឋ​យើង​គ្រាន់តែ​ជួបជុំគ្នា​ធ្វើបុណ្យ​ធ្វើ​ទាន​ដល់​គាត់​ធ្វើ​រូបភាព​សាហាវយង់ឃ្នង​អ៊ីចឹង​ពួក​ខ្ញុំ​អត់​ទទួលយក​បានទេ»

លោក​បន្ត​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ធ្វើ​បុណ្យ​សង្ឃទាន​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ដោយមាន​ដាក់​នំ​បញ្ចុក​ហូប​ជុំ​គ្នា គឺ​មិនទាន់​នឹង​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​ប៉ូលិស​មកដល់​ក៏​នាំគ្នា​ឈប់​តែម្ដង។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម ឃឿន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី២៣ ឧសភា ថា សមត្ថកិច្ច​មិន​មាន​គោលការណ៍​ណាមួយ បញ្ជា​អាជ្ញាធរ​មូលដ្ឋាន ទៅ​រារាំង ហាមឃាត់ មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ពិធី​ជួប​ប្រជុំ​ទទួលទាន​នំ​បញ្ចុក​ក្នុង​ភូមិ ឬ​តាម​ផ្ទះ​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​គ្រាន់តែ​ទៅ​ឃ្លាំមើល ដើម្បី​រក្សា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន​ប៉ុណ្ណោះ៖ «ប៉ូលិស​គេ​ធ្វើការ ២៤​ម៉ោង​លើ​២៤​ម៉ោង។ កងកម្លាំង​របស់ខ្ញុំ​នេះ​មាន​ចែក​វេន​ប្រចាំការ ប្រចាំ​បញ្ជា​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តាម​ភូមិ​ឃុំ ហើយ​ការ​ដើរ​ល្បាត​ដើរ​អី​នេះ។ អានេះ​ធ្វើ​ឡើង​ជា​អចិន្ត្រៃយ៍​មិនមែន​ទាល់តែ​គេ​ហូប​នំ​បញ្ចុក​បាន​ធ្វើ​ទេ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ខ្មុំ​ចង់​និយាយ​ថា នេះ​គោ​ដំ​ប៉ៅ​ខ្នង​ក៏​មិន​ដឹង​បាន​ចេះតែ​ផ្អើល»

សមត្ថកិច្ច​ប៉ូលិស​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​នាំ​គ្នា​ទៅ​សាកសួរ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ក្រុង​នេះ ប្រមាណ​១០០​នាក់ ជុំវិញ​ពី​ការ​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ដូចនេះ​ដែរ ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ដំណើរការ​កម្មវិធី​នេះ​រហូតដល់​ចប់។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​នៅ​ភូមិ​ប្រិយ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​នៅ​ភូមិ​ប្រិយ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo Provided

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​ហូប​នំ​បញ្ចុក​ជួបជុំគ្នា​មិន​មាន​អ្វី​ខុសច្បាប់​នោះ​ទេ ផ្ទុយទៅវិញ​អ្នក​ដែល​ទៅតាម​ឃ្លាំមើល​ប្រជាពលរដ្ឋ​ទៅ​ទៅវិញ​ទេ​ដែល​ខុសច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ បាន​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជួបជុំគ្នា​សម្ដែង​មតិ និង​ចូលរួម​កិច្ចការ​នយោបាយ​បាន​ដោយ​សេរី៖ «អាហ្នឹង​ច្បាប់​គេ​លើក​តម្កើង​តែម្ដង​ពីព្រោះ​ការ​ជួប​ប្រជុំ ការ​និយាយ​គ្នា ការ​ពិភាក្សា​គ្នា គឺ​ធ្វើ​ឱ​ភាព​រីកចម្រើន​ទាំង​សេដ្ឋកិច្ច​គ្រួសារ ទាំង​ប្រទេសជាតិ​អ៊ីចឹង​ទាំងអស់​ហ្នឹង គឺ​មនុស្ស​ត្រូវការ​បញ្ចេញមតិ​ទាក់ទង​ការ​រក​ស៊ី​ទាក់ទង​រឿង​នយោបាយ​និយាយ​អំពី​នយោបាយ និយាយ​អំពី​ភាព​ដឹក​នាំ និយាយ​អំពី​ការ​ជ្រើសរើស​អ្នកដឹកនាំ​ធ្វើ​ម៉េច​ឱ​ប្រទេស​ហ្នឹង​កាន់តែ​ប្រសើរ​ឡើង»

ចំណែក អ្នកវិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ បញ្ជាក់​ថា អ្វី​ដែល​របប​ក្រុងភ្នំពេញ​បារម្ភ​បំផុត​គឺ​ខ្លាច​ចរន្ត​ការ​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដើម្បី​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ឱ្យ​របប​នេះ​គិតពិចារណា​វិលត្រឡប់​ទៅ​រក​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​​​សិទ្ធិមនុស្ស។ លោក​បញ្ជាក់​ទៀត​ថា ចរន្ត​នេះ​កាន់តែ​រីក​ធំ​នោះ គឺ​ច្បាស់​ណាស់​របប​ក្រុងភ្នំពេញ​នឹង​ជួប​ឧបសគ្គ​ក៏​កាន់តែ​ធំ ហើយ​ពិបាក​នឹង​ទប់ស្កាត់៖ «ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​គេ​ត្រូវ​ទប់ស្កាត់​ជាមុន គឺ​ខ្ទប់​នូវ​រាល់​សកម្មភាព​ទាំងអស់ បើទោះបីជា​តិចតួច​ប៉ុនណា​ក៏ដោយ ដែល​គេ​សង្ស័យ​ថា នឹង​អាច​ទៅជា​កម្លាំង​ធំ​នៅ​ថ្ងៃក្រោយ​ក្នុង​បំណង​របស់​គេ​ពិតប្រាកដ​មួយ​គឺ​ទប់ស្កាត់​ការ​ងើបឡើង​នូវ​ចរន្ត​នៃ​ការ​ចង់​ផ្លាស់ប្ដូរ​ទាំងអស់​ហ្នឹង​ដើម្បី​គេ​សន្សំ​ពេល​ក្នុង​ការ​រៀបចំ​ផ្ទៃក្នុង​របស់​គេ​ឱ​រួចជាស្រេច»

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ​តាមដាន​យ៉ាង​តឹងតែង ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់។

ពួកគាត់​បន្ត​ថា បើ​ទោះ​បី​ជា​មាន​សមត្ថកិច្ច​តាមដាន​និង​មានការ​អុកឡុក​យ៉ាង​នេះ​ក្ដី ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ហើយ​ពួកគាត់​នឹង​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment