ចិន​អះអាង​ជាថ្មី​ថា​នឹង​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ ខណៈ​សង្គម​ស៊ីវិល​ថា​ កម្ពុជា​មិន​គួរ​ផ្តេក​ផ្តួល​ទាំងស្រុង​ទៅ​លើ​ចិន​

ចិន​អះអាង​ជាថ្មី​ថា​នឹង​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ ខណៈ​សង្គម​ស៊ីវិល​ថា​ កម្ពុជា​មិន​គួរ​ផ្តេក​ផ្តួល​ទាំងស្រុង​ទៅ​លើ​ចិន


By

ឌឹ ខេមបូឌា ដេលី

ចិន​បាន​អះអាង​ប្រាប់​មេ​ដឹកនាំ​ខ្មែរ​ជា​ថ្មី​ទៀត​ថា ​ទំនាក់​ទំនង​កម្ពុជា-ចិន​ បាន​ឡើង​ឈាន​ដល់​ចំណុច​កំពូល។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន សែន ​បាន​ចុះ​ផ្សាយ​ថា ​ក្នុង​ជំនួប​រវាង​លោក​ ហ៊ុន សែន​ ជាមួយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​អន្តរជាតិ​ចិន​លោក ​វ៉ាង យ៉ាជុន​ នៅ​វិមាន​សន្តិភាព​កាល​ពី​ព្រឹកមិញ​លោក​ វ៉ាង យ៉ាជុន បាន​ប្រាប់​លោក ​ហ៊ុន សែន​ ថា​ កម្ពុជា-ចិន​គឺ​ជា​មិត្ត​ដែក​ថែប។​

ប្រភព​ដដែល​បន្ត​ថា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ វ៉ាង យ៉ាជុន ​មក​កាន់​កម្ពុជា​នាពេល​នេះ​គឺ​ដើម្បី​ជំរុញ​និង​បន្ត​ធ្វើ​រាល់​កិច្ច​ការ​ទាំង​ឡាយ​ដែល​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​ប្រជុំ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​នៅ​ប្រទេស​ចិន​នាពេល​កន្លង​មក​ និង​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់​តែ​រឹងមាំ​ថែម​ទៀ​ជា​ពិសេស​នាំ​មក​នូវ​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​និង​ប្រទេស​ទាំង​ពីរ​ដែល​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​និង​ពង្រីក​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​អោយ​កាន់​តែ​រឹងមាំ។​

លោក​ វ៉ាង យ៉ាជុន ​នឹង​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ត​ព្រះ​សីហនុ​ដើម្បី​សិក្សា​អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហ​កម្ម​ផ្សេងៗ​ដែល​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្រុង​ព្រះ​សីហនុ។​ លោក​អះអាង​ថា​ ចិន​នៅ​តែ​បន្ត​ជំរុញ​ការ​វិនិយោគ​មក​កាន់​កម្ពុជា ​ការ​បើក​ទីផ្សារ​សម្រាប់​កម្ពុជា​និង​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ។​

ខណៈ​ទំនាក់​ទំនង​កម្ពុជា-ចិន​បាន​ឡើង​ដល់​ចំណុច​កំពូល​ ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​មហា​អំណាច​លោក​សេរី​គឺ​សហ​រដ្ឋ​អាមេរិក​ជាមួយ​មហា​អំណាច​កុម្មុយនីស្ត​ចិន​ក៏​កំពុង​ក្តៅ​គគុក​ដែរ។​ ជាមួយ​គ្នា​នេះ ​សហ​រដ្ឋ​អាមេរិក​ក៏​កំពុង​បង្កើន​ភាព​ស្អិត​ល្មួត​​ជាមួយ​វៀតណាម ​ដែល​ជា​សត្រូវ​របស់​ចិន​ផង​ដែរ។​

នាយក​ប្រតិបត្តិ​អង្គ​ការ​សម្លាភាព​កម្ពុជា​លោក​ព្រាប កុល​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​អំពី​ភូមិ​សាស្ត្រ​នយោបាយ​និង​ពាណិជ្ជ​កម្ម​អន្តរជាតិ។​
លោក​បញ្ជាក់​ថា​ សង្គ្រាម​ពាណិជ្ជ​កម្ម​ដ៏​ក្តៅ​គគុក​រវាង​ចិន​និង​អាមេរិក​នៅ​ពេល​នេះ​បាន​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​វៀតណាម​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន ​ដោយ​សារ​ទំនាក់​ទំនង​ល្អ​រវាង​វៀតណាម​និង​អាមេរិក​ទើប​អាមេរិក​រើ​ក្រុម​ហ៊ុន​ខ្លួន​ពី​ចិន​ទៅ​កាន់​វៀតណាម​ហើយ​ក៏​ដោយ​សារ​វៀតណាម​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​សហ​ភាព​អឺរ៉ុប​ផង​ដែរ។​

លោក​បន្ត​ថា ​ចំណុច​អំណោយ​ផល​មួយ​ទៀត​នោះ​គឺ​ជនជាតិ​វៀតណាម​មាន​សមត្ថ​ភាព​ខាង​ផលិត​គ្រឿង​អេឡិចត្រូនិច​ និង​ផលិត​ផល​សហគ្រាស​ទំនើប។​

អាមេរិក​ចាប់​ដៃ​ជា​មួយ​វៀតណាម​ដើម្បី​ទប់​ឥទ្ធិពល​ចិន​រី​ឯ​វៀតណាម​ត្រូវ​ការ​អាមេរិក​ដើម្បី​ផល​ចំណេញ​ផ្នែក​ពាណិជ្ជ​កម្ម​ដល់​ខ្លួន​ផង​ និង​យក​អាមេរិក​ធ្វើជា​ខ្នង​បង្អែក​ទប់​ទល់​នឹង​ចិន​ផង។​

លោក​មើល​ឃើញ​ថា ​វៀតណាម​ឆ្លាត​ ដោយ​ប្រើ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។ ​លោក ​ព្រាប កុល ​អះអាង​ថាចិន ​កំពុង​តែ​មាន​ការ​ខាតបង់​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម​ជាមួយ​អាមេរិក​ ដូច្នេះ​ចិន​អាច​នឹង​មាន​ការ​ប្រឈម​ផ្នែក​ថវិកា​ឬ​ហៅ​ថាឱនភាព​ថវិកា​ ឬ​អាច​ត្រឹម​ទប់ទល់​បាន​ប៉ុន្តែ​មិន​នៅ​សល់លុយ​ច្រើន​ហូរ​ហៀរ​ដើម្បី​ផ្តល់​ជំនួយ​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ជា​សម័្ពន្ធ​មិត្ត​របស់​ខ្លួន​ ដូច​ពេល​មុនៗ​នោះ​ទេ។​

លោក​យល់​ថា ​បញ្ហា​ទាំង​នេះ​ខ្មែរ​មិន​គួរ​ផ្តេក​ផ្តួល​ទៅ​រក​ចិន​ខ្លាំង​ពេក​នោះ​ឡើយ។ ​កម្ពុជា​គួរ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ ដើម្បី​ឱ្យ​មាន​តុល្យភាព​ ដូច​ជា​ប្រទេស​ជប៉ុន​និង​ជា​ពិសេស​សហភាព​អឺរ៉ុប​ជាដើម។​លើស​ពីនេះ​ទៀត​ កម្ពុជា​គួរ​តែ​រក្សា​ឱ្យ​បាន​នូវ​គោល​នយោបាយ​អនុគ្រោះ​ពន្ធ ​EBA​ដើម្បី​រក្សា​ទីផ្សារ​ល្អ​ និង​ផល​ចំណេញ​សម្រាប់​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បន្ត​ទៀត៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment