តុលាការ​កំពូល​សម្រេច​ឱ្យ ជួប សម្លាប់ ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល

ដោយ មាន ឫទ្ធិ
2019-05-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA
ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA


តុលាការ​កំពូល​នៅថ្ងៃទី២៤ ឧសភា ​ផ្ដន្ទាទោស​បុគ្គល​ អឿត អាង ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ជុំវិញ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ អ្នក​ការពារ​សិទ្ធិមនុស្ស​យល់​ថា​ រឿង​នេះ​មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​នៅឡើយ ព្រោះ​មក​ទល់​នឹង​ពេល​នេះ​មាន​តែ​បុគ្គល អឿត អាង​ ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស។

អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​ លោក អ៊ុក គឹមសិទ្ធិ ឱ្យ​អាស៊ី​សេរី​ដឹង​ថា តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​ អឿត អាង របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល បន្ទាប់​ពី​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី៨ ឧសភា​កន្លង​ទៅ។ លោក​បន្ថែម​ថា នេះ​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ​ ដែល​បិទ​ផ្លូវ​តវ៉ា​របស់​បុគ្គល​ អឿត អាង ហៅ ជួប សម្លាប់៖ «អឿត អាង គាត់​ត្រូវ​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​ ហើយ​សាលាឧទ្ធរណ៍​គាត់​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​គាត់​ប្ដឹង​សារទុក្ខ​មក​កំពូល កំពូល​បាន​តម្កល់​សាល​ដីកា​របស់​ឧទ្ធរណ៍​នៅ​ដដែល»

លោក អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ «ឃាតកម្ម​គិតទុក​ជាមុន” និង “​ការ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត» កាល​ពី​ចុង​ខែ​មីនា ឆ្នាំ២០១៧ កន្លង​ទៅ។ អឿត អាង បាន​ប្ដឹង​សារទុក្ខ​ប្រឆាំង​នឹង​សាលក្រម​ផ្ដន្ទាទោស​នេះ​តាម​រយៈ​មេធាវី​ ហើយ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ សាលាឧទ្ធរណ៍​ក៏​បាន​​សម្រេច តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​​លោក អ៊ឹម ម៉ាច ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ អឿត អាង នៅ​តុលាការ​កំពូល​នេះ​ដែរ ដើម្បី​ចង់​ដឹង​ប្រតិកម្ម​របស់​កូន​ក្តី​លោក ក៏​ប៉ុន្តែ​មេធាវី​រូប​នេះ​មិន​លើក​ទូរស័ព្ទ។

ថ្វី​ត្បិត​តែ អឿត អាង ត្រូវ​បាន​តុលាការ​​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​មែន ក៏​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា សំណុំ​រឿង​នេះ​មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ទេ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់​ថា អំពើ​ឃាតកម្ម​ដ៏​រសើប​នេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជាច្រើន​ទៀត មិន​អាច​មាន​ត្រឹម​តែ​បុគ្គល អឿត អាង ម្នាក់​បែប​នេះ​ឡើយ«សាលា​ដំបូង​ដែល​បំបែក​សំណុំ​រឿង​នោះ ពន្លឿន​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ដើម្បី​រក​ជន​ដែល​ពាក់ព័ន្ធ ជន​ដែល​រូម​គំនិត សម​គំនិត​ ឬក៏​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​អនុវត្ត​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​លោក​បណ្ឌិត​ កែម ឡី និង​ក្រុម​គ្រួសារ​របស់​គាត់។ យើង​មិន​អាច​បញ្ឈប់​ត្រឹម​ការ​កាត់​ទោស​លោក អឿត អាង ហៅ​ ជួប សម្លាប់ នេះ​មួយ​បាន​ទេ»

តុលាការ​ក្រុង​ភ្នំពេញ​បាន​បំបែក​សំណុំរឿង​នេះ​ជា​ពីរ​ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ យក​មក​​កាត់​ទោស។ ការ​ស៊ើបអង្កេត​បន្ត​នោះ គឺ​ដើម្បី​រក​អ្នក​លក់​កាំ​ភ្លើង​ឱ្យ​ ជួប សម្លាប់ អ្នក​ទទួល​ឱ្យ​ ជួប​ សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ជួប សម្លាប់។ ក៏​ប៉ុន្តែ​ជាង ២ឆ្នាំ​មក​នេះ តុលាការ​មិន​បាន​កោះ​ហៅ ឬ​បើក​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ទី​ពីរ​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា សំណុំ​រឿង​ទីពីរ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ដែល​មិន​អាច​បញ្ចេញ​ព័ត៌មាន​ឱ្យ​សាធារណជន​បាន​ដឹង​ឡើយ៖ «មិន​មែន​គ្រប់​ដំណើរ​ការ​នីតិវិធី​ស៊ើបអង្កេត​ត្រូវ​តែ​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ វា​មាន​កន្លែង​ខ្លះ​អាច​បង្ហាញ​ជា​សាធារណៈ​បាន កន្លែង​ខ្លះ​គេ​មិន​អាច​បង្ហាញ​បាន​ដែរ។ វា​ប៉ះពាល់​ដល់​ភាព​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត និង​បំបែក​សំណុំ​រឿង»

ទោះ​ជា​យ៉ាង​ណា អ្នក​ការពារ​សិទ្ធិមនុស្ស លោក អំ សំអាត ថ្លែង​ថា តុលាការ​មិន​អាច​យោង​លើ​ហេតុ​ផល​នេះ ដើម្បី​​អូស​បន្លាយ​សំណុំរឿង​នោះ​ទេ។ លោក​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​ករណី​នេះ​​ ដើម្បី​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ជន​រងគ្រោះ និង​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex)។ អំពើ​ឃាតកម្ម​នេះ បាន​កើត​ឡើង​រយៈ​ពេល​ ២ថ្ងៃ ក្រោយ​ពី​លោក​​បាន​ចូល​រួម​ធ្វើ​ជា​វាគ្មិន​​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី ដើម្បី​ជជែក​ពិភាក្សា​អំពី​រឿង​ការ​ក្ដោប​ក្ដាប់​​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles