យុវជន​ច្រៀង​រ៉ែប​រិះគន់​សង្គម​អះអាង​ថា អាជ្ញាធរ​នៅ​តែ​តាម​ឃ្លាំមើល​លោក​ជា​ប្រចាំ

ដោយ មួង ណារ៉េត
2019-05-25
RFA

តារា​ចម្រៀង​រ៉ែប គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែល​ជា​ម្ចាស់​បទ​''​សង្គម​នេះ​''។ រូប​ហ្វេសប៊ុក​យុវជន ឈុន ឌីម៉ី
តារា​ចម្រៀង​រ៉ែប គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែល​ជា​ម្ចាស់​បទ​”​សង្គម​នេះ​”។ រូប​ហ្វេសប៊ុក​យុវជន ឈុន ឌីម៉ី


យុវជន​ម្នាក់​ដែល​ច្រៀង​រ៉ែ​ប​រិះគន់​សង្គម​អះអាង​ថា អាជ្ញាធរ​ក្នុង​ខេត្ត​សៀមរាប​នៅតែ​តាម​ឃ្លាំមើល​លោក​ជាប្រចាំ ដែល​ធ្វើ​ឱ្យ​លោក​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព។ មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​ទង្វើ​អាជ្ញាធរ​គឺជា​ការ​គំរាមកំហែង និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ព្រោះ​យុវជន​នោះ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ។

តារា​ចម្រៀង​រ៉ែប គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែល​ជា​ម្ចាស់​បទ​”​សង្គម​នេះ​ប្រាប់​អាស៊ីសេរី​ ថា​អាជ្ញាធរ​ក្នុង​ខេត្ត​សៀមរាប នៅតែ​ចុះទៅ​ឃ្លាំមើល​ដល់​ផ្ទះ​របស់​លោក​ជាប្រចាំ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​ដោយ​មិន​បញ្ចប់​រឿង​នោះ​ទេ ទោះបីជា​លោក​ព្រម​លុប​បទ​ចម្រៀង ដែល​រិះគន់​ពី​សង្គម​នោះ ចេញពី​គណនី​ហ្វេសប៊ុក (Facebook) និង​យូធូប (YouTube) របស់​លោក​រួចទៅ​ហើយ​ក្តី​។ លោក​លើកឡើង​ថា សកម្មភាព​របស់​អាជ្ញាធរ​នេះ គឺជា​ការ​ដាក់​សម្ពាធ និង​ធ្វើ​ឱ្យ​លោក​ព្រួយបារម្ភ​អំពី​សុវត្ថិភាព៖ «ខាង​អាជ្ញាធរ​គេ​នៅតែ​ចុះ​មក​សង្កេត​យើង ប៉ុន្តែ​គេ​មក​តែ​ម្នាក់ៗ​មក​ស៊ើបៗ​នៅផ្ទះ​មួយ​ភ្លែតៗ​អ៊ីចឹង​ទៅ រួច​ហើយ​គេ​ទៅវិញ​នៅ​ពេល​ឃើញ​យើង​នៅ​ផ្ទះ និង​ផ្តល់​ដំណឹង​ឱ្យ​មេ​របស់​គេ​រួចហើយ។ ស្ថានភាព​របស់ខ្ញុំ​កំពុង​ច្របូកច្របល់​ហើយ​ចិត្ត​របស់​ខ្ញុំ​នៅ​មិន​ស្ងប់​ទេ នៅ​តែ​ព្រួយបារម្ភ​ដដែល​ហើយ​នៅតែ​ទទួលរង​សម្ពាធ»

ការ​តាម​យាយី​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ខេត្ត​សៀមរាប​ឥត​ឈប់ឈរ​នេះ បាន​ធ្វើ​ឱ្យ​លោក​មាន​បញ្ហា​ទាំង​នៅ​កន្លែង​ការងារ និង​កន្លែង​សិក្សា​។ កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា សកល​វិទ្យាល័យ​សៅស៍អ៊ីសថ៍​អេយសៀ (South-East Asia) បាន​ហៅ​លោក​ទៅ​ស្ដីបន្ទោស និង​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ច្រៀង​រិះគន់​សង្គម​តទៅទៀត ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ ចាត់វិធានការ​រាលដាល​ដល់​ស្ថាប័ន​របស់​ខ្លួន។ សកល​វិទ្យាល័យ​មួយ​នេះ ព្រមាន​ថាបើ​លោក​នៅតែ​រិះគន់​សង្គម គឺ​នឹង​បញ្ឈប់​ពី​សាលា។ រីឯ​នៅ​កន្លែង​ធ្វើការងារ​វិញ ក៏​គេ​ក៏​ព្រមាន​បញ្ឈប់​ពី​ការងារ ជា​អនុប្រធាន​ផ្នែក​អនាម័យ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប។

ស្នងការ​នគរបាល​ខេត្ត​សៀមរាប​លោក ទិត្យ ណា​រ៉ុង ប្រាប់​អាស៊ីសេរី ថា​ខាង​ស្នងការ​មិន​បាន​បញ្ជូន​មន្ត្រី​នគរបាល ទៅ​ឃ្លាំមើល​យុវជន ឈុន ឌីម៉ី នោះ​ទេ​។ ប៉ុន្តែ​ករណី​នេះ​លោក​អះអាង​ថា ពាក់ព័ន្ធ​ជាមួយ​អង្គភាព​កងរាជអាវុធហត្ថ ខេត្ត​សៀមរាប៖ «ខ្ញុំ​ដូចជា​មិន​មាន​ដាក់​ផែនការ​ឱ្យ​កម្លាំង​នគរបាល​របស់ខ្ញុំ​ទៅ​ឃ្លាំមើល​យុវជន​នោះ​ទេ ហើយ​យុវជន​ដែល​ច្រៀង​ចម្រៀង​ប៉ះពាល់​ដល់​សង្គម​និង​ដល់​ថ្នាក់​ដឹកនាំ​នោះ​គឺ​ខាង ប៉េអិម គាត់​បាន​យក​មក​សួរនាំ​ដូច្នេះ​មិនមែន​ខាង​ប៉ូលិស​ខ្ញុំ​នោះ​ទេ។ អ៊ីចឹង​សាច់​រឿង​នេះ វា​នៅ​ខាង​ប៉េអិម​ខេត្ត»

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប ពី​មេ​បញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​សៀមរាប​បាន​នៅ​ឡើយ​ទេ។ ចំណែក​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា និង​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មិន​ទទួល​ទូរស័ព្ទ។

ការ​តាម​យាយី​ពី​អាជ្ញាធរ ក្នុង​ខេត្ត​សៀមរាប​នេះ គឺ​បន្ទាប់ពី​យុវជន ឈុន ឌីម៉ី ច្រៀង​ចម្រៀង​រ៉ែប រិះគន់​ពី​សង្គម ក្រោម​ចំណងជើង​ថា​សង្គម​នេះ​”​។ បទ​ចម្រៀង​នេះ ល្បី​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម។ ក្រោយ​រង​ការ​គំរាមកំហែង យុវជន ឈុន ឌីម៉ី បានសម្រេច​ចិត្ត​លុប​វីដេអូ​ចម្រៀង​នេះ ចេញពី​គណនី​ហ្វេសប៊ុក និង​យូធូប របស់​លោក​រួចទៅ​ហើយ កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា និង​ប្រកាស​លាឈប់​ពី​សិល្បៈ​មួយ​រយៈ​ទៀត​ផង ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​តាម​យាយី​លោក​តទៅទៀត។

នាយករង​ទទួលបន្ទុក ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ចាត់ទុកថា ទង្វើ​របស់​អាជ្ញាធរ​នេះ គឺជា​ការ​បំភិតបំភ័យ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស ព្រោះ​យុវជន ឈុន ឌីម៉ី គ្រាន់តែ​បញ្ចេញ​មតិស្រប​តាមច្បាប់​ប៉ុណ្ណោះ មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ​ទេ​។ លោក ស្នើ​សុំ​ឱ្យ​អាជ្ញាធរ បញ្ឈប់​សកម្មភាព​ទាំងនេះ ដើម្បី​ផ្ដល់​សិទ្ធិ​សេរីភាព ជូន​យុវជន ឈុន ឌីម៉ី វិញ៖ «ខ្ញុំ​គិត​ថា​នេះ​វា​ជា​ការ​គំរាមកំហែង កា​របំភិតបំភ័យ ចំពោះ​គាត់​និង​គ្រួសារ​គាត់ ហើយ​នេះ គឺ​ជា​ការរំលោភ​ទៅលើ​សិទ្ធិ​របស់​គាត់​ហើយ ព្រោះ​គាត់​អត់​មាន​ធ្វើ​អ្វី ដែល​ខុសច្បាប់​ទេ ហើយ​គាត់​ទទួលរង​នូវ​សម្ពាធ​គ្រប់​បែប​យ៉ាង​។ អង្គការ​លីកាដូ នៅតែ​បន្ត​ឃ្លាំមើល​អំពី​សុវត្ថិភាព​របស់​គាត់ និង​ក្រុម​គ្រួសារ​គាត់»

ចំណាត់​ការ​របស់​អាជ្ញាធរ និង​សកល​វិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ក៏​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង ពី​ប្រជាពលរដ្ឋ​ទូទៅ និង​សិស្ស​និស្សិត​ដែរ។ ពួកគេ ថា​ការប្រព្រឹត្តិ​បែបនេះ​មក​លើ​យុវជន ឈុន ឌីម៉ី គឺ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ចំពោះ​រូប​គាត់​ឡើយ។

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​”​សង្គម​នេះ​គឺ​មាន​ពីរ​វគ្គ ដែល​រៀបរាប់​អំពី​រឿងរ៉ាវ​ស្មោកគ្រោក​ជាច្រើន នៅ​ក្នុង​សង្គម ដូចជា​ការប្រព្រឹត្ត​អំពើពុករលួយ ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​អ្នកមាន​លុយ​មានអំណាច ជិះជាន់​រំលោភ​យក​ដីធ្លី​ស្រស់ៗ និង​ការ​បាញ់​កាប់សម្លាប់ អ្នកចេះដឹង​និង​អ្នកស្នេហាជាតិ​ជា​ហូរហែ។ ទំនុកច្រៀង​នោះ ក៏​រៀបរាប់​អំពី​បញ្ហា​ជនអន្តោប្រវេសន៍​ចិន និង​វៀតណាម ដែល​រស់នៅ​យ៉ាង​អនាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ឈុន ឌីម៉ី មាន​វ័យ​២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មានវិទ្យា​នៃ​សាកលវិទ្យាល័យ South-East Asia។ លោក​រៀបរាប់​ថា បទ​ចម្រៀង​នេះ លោក​តាក់តែង​ម្នាក់ឯង និង​មាន​ឆន្ទៈ​ផ្ទាល់ខ្លួន ដោយ​គ្មាន​ការ​ជំរុញ ពី​អ្នកនយោបាយ​ណាមួយ​នោះ​ទេ​។ លោក​ច្រៀង​រៀបរាប់​ក្នុង​អត្ថន័យ​ចម្រៀង​នោះ គឺ​ដោយសារតែ​មើល​ឃើញ ពី​តថភាព​សង្គម​ពិតៗ​។ លោក​គ្រាន់តែ​សង្ឃឹមថា បទ​ចម្រៀង ដែល​ច្រៀង​នោះ នឹង​ធ្វើ​ឱ្យ​មាន​ដំណោះស្រាយ​ល្អ​មួយ នៅ​ក្នុង​សង្គម​ខ្មែរ​តែប៉ុណ្ណោះ។

ចម្រៀង​រ៉ែប​វគ្គ​ទី​ពីរ អំពី​សង្គម​នេះ យុវជន ឈុន ឌីម៉ី បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ លើ​គណនី​បណ្តាញ​សង្គម​របស់​ខ្លួន ជាច្រើន​ខែ​មក​ហើយ និង​មាន​អ្នក​ចូល​មើល និង​ចែក​ផ្សាយ​បន្ត​ជាច្រើន​។ អ្នក​នយោបាយ រួមមាន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ផង​បាន​ផ្សាយ​បន្ត​វីដេអូ​ចម្រៀង​នេះ លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី៧ ខែ​ឧសភា ដោយ​លោក សម រង្ស៊ី សរសេរ​ថា យុវជន​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​លោក​ថា ពួកគេ​កំពុងតែ​និយម​ចម្រៀង​រ៉ែប​ច្រៀង​ដោយ Dymey-Cambo នេះ។ លោក សម រង្ស៊ី បន្ថែម​ថា លោក​ជឿជាក់​ថា ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ក៏​ពេញចិត្ត​អត្ថន័យ​ចម្រៀង​នេះ​ដែរ។

ក្រោយ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន អំពី​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ យុវជន ឈុន ឌីម៉ី បែរជា​អំពាវនាវ​ឱ្យ​លោក សម រង្ស៊ី លុប​បទ​ចម្រៀង​នេះ ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ព្រោះ​លោក​អះអាង លោក​ចង់​បញ្ជាក់​ថា ថា​លោក​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​មិន​ចង់​ឱ្យ​អាជ្ញាធរ​តាម​យាយី​លោក​តទៅទៀត​នោះ​ដែរ។

ទោះជា​យ៉ាង​នេះ​ក្តី វីដេអូ​ចម្រៀង​រ៉ែប​នេះ ត្រូវ​បាន​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាច្រើន នាំគ្នា​ចែកចាយ​ផ្សាយ​បន្ត យ៉ាង​ទូលំទូលាយ តាំងតែ​ពី​លោក សម រង្ស៊ី មិន​ទាន់​បាន​យក​មក​ផ្សាយ​បន្ត លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​មក​ម្ល៉េះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles