យុវជន​នៅ​ជប៉ុន​គ្រោង​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន និង​មន្ត្រី​គណៈប្រតិភូ​របប​ភ្នំពេញ

ដោយ មួង ណារ៉េត
2019-05-25
RFA

លោក ហៃ វណ្ណា សកម្មជន និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដាក់​ញត្តិ​នៅ​ក្រសួង​ការបរទេស ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ ២០១៨។ រូបថត​ពី​ហ្វេសប៊ុក​លោក ហៃ វណ្ណា
លោក ហៃ វណ្ណា សកម្មជន និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដាក់​ញត្តិ​នៅ​ក្រសួង​ការបរទេស ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ ២០១៨។ រូបថត​ពី​ហ្វេសប៊ុក​លោក ហៃ វណ្ណា


ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ នៅ​ប្រទេស​ជប៉ុន​លោក ហៃ វណ្ណា គ្រោង​នាំគ្នា​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន និង​គណៈប្រតិភូ​របប​ក្រុងភ្នំពេញ នៅ​ប្រទេស​ជប៉ុន។ លោក ហៃ វណ្ណា ថា ការ​ជួបជុំ​តវ៉ា​នេះ នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ឧសភា នៅ​ស្រប​ពេល​ដែល​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ​ជាច្រើន​រូប​ទៀត ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី នៅ​ទីក្រុង​តូក្យូ។

លោក ហៃ វណ្ណា ថា ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន នឹង​គ្មាន​អនាគត​ល្អ និង​យូរអង្វែង​ទេ បើ​មាន​មេដឹកនាំ​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន សព្វថ្ងៃ។ លោក​បញ្ជាក់​បន្ថែម​ថា លោក ហ៊ុន សែន បន្ត​ក្រាញ​អំណាច ដោយ​មិន​ស្របច្បាប់ ដែល​របប​សព្វថ្ងៃ​កំពុង​រង​សម្ពាធ និង​ការ​ថ្កោលទោស​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ៖ «យើង​មិន​ស្វាគមន៍​លោក ហ៊ុន សែន ព្រោះ​គាត់​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ​។ យើង​តវ៉ា​នេះ យើង​ចង់​ប្រាប់​ទៅ​មហាជន ជាពិសេស​ពលរដ្ឋ​ជប៉ុន និង​កាសែត​នីកេ​ជប៉ុន ឱ្យ​ដឹង​ថា ជន​ផ្ដាច់ការ​ដូច​លោក ហ៊ុន សែន មិន​គួរណា​កាសែត​ជប៉ុន អញ្ជើញ​មក​ជប៉ុន​ជា​លើក​ទី​ពីរ​ទៀត​ទេ។ យើង​នៅតែ​ប្រកាន់​ជំហរ​ថា យើង​ជា​ពលរដ្ឋ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ជប៉ុន មិន​ទទួលស្គាល់​ដាច់ខាត ការបោះឆ្នោត​កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ជា​ការបោះឆ្នោត​ក្លែងក្លាយ»

លោក ហៃ វណ្ណា បាន​អំពាវនាវ ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រជាធិបតេយ្យ នៅ​ទីក្រុង​តូក្យូ ចូលរួម​លើក​បដា​តវ៉ា នៅ​ទីតាំង​ចំនួន​បី គឺ​នៅមុខ​សណ្ឋាគារ ដែល​រៀបចំ​សន្និសីទ​នោះ នៅមុខ​ក្រសួងការបរទេស​ជប៉ុន និង​មុខ​រដ្ឋសភា។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ។

កន្លងមក​មន្ត្រី​នាំ​ពាក្យ​របប​នេះ បាន​គំរាម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ខាងត្បូង មិន​ឱ្យ​ចូលរួម​ក្នុង​បាតុកម្ម ឬ ការ​តវ៉ា​ណាមួយ ប្រឆាំង​របប​នេះ​នោះ​ទេ​។ បើ​ហ៊ាន​ធ្វើ គឺ​នឹង​ប្រឈម​នឹង​ការ​លែង​បន្ត​ទិដ្ឋាការ​ការងារ ឱ្យ​អ្នក​ទាំងនោះ នឹង​ព្រមាន​ចាប់ខ្លួន ពេល​អ្នក​ទាំងនោះ វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ថែម​ផង។

ប៉ុន្តែ ទោះជា​មាន​សារ​គំរាម​បែបនេះ ក៏​យុវជន​ខ្មែរ នៅ​ក្រៅ​ប្រទេស នៅតែ​ចូលរួម​តវ៉ា ដោយសារ​ពួកគេ អះអាង​ថា នៅ​ប្រទេស​សេរី ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​តវ៉ា ដោយ​សន្តិវិធី ហើយ​អាជ្ញាធរ​នៃ​ប្រទេស​ទាំងនោះ ជួយ​សម្រួល​ការ​តវ៉ា​នោះ​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment