សមត្ថ​កិច្ច​ជំ​នាញ​កំពុង​សិក្សា​លើ​បំណែក​ដែក​ដែល​ធ្លាក់​ពី​លើ​អាកាស​នៅ​ខេត្ត​ស្ទឹង​ត្រែង​

ដោយ អ៊ឹង ប៊ុនថន
25/05/2019
RFI

media
រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។
@ឯកសារ


សមត្ថ​កិច្ច​ជំនាញ​របស់​កម្ពុជា​កំពុង​លើ​បំណែក​ដែក​ដែល​ធ្លាក់​ពី​លើ​អាកាស​រាយ​ប៉ាយ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ជាប់​ព្រំដែន​-ឡាវ​ ខណៈ​ដែល​មាន​ការ​សង្ស័យ​ថា ​ជា​ការ​​ផ្ទុះ​ផ្កាយ​រណ​រប​ស់​ចិន​បន្ទាប់​ពី​ការ​បាញ់​បរាជ័យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​ យ៉ាង​ណាក៏​ដោយ​ការ​ធ្លាក់​បំណែក​ដែក​ពី​លើ​អា​កាស​នេះ​ មិន​បាន​ធ្វើ​មនុស្ស​ណាម្នាក់​រង​របួស​ឬ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ឡើយ​។​

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នៅ​ថ្ងៃ​សៅរ៍នេះ​ថា ខាង​ទា​ហាន​ភូមិ​ភាគ​ទី​១​កំពុង​តែ​សិក្សា​លើ​​បំណែក​ដែក​ដែល​ធ្លាក់​ពី​លើ​អាកាស​នេះ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​សន្និដ្ឋាន ជា​ផ្លូវ​ការ​នៅ​ឡើយ។​ នៅ​ពេល​លើក​ឡើង​ពី​ករណី​នៃ​ការបាញ់​ផ្កាយ​រណប​បរាជ័យ​រប​ស់​ចិន​ អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ក៏​​សង្ស័យ​ដូច​គ្នានេះ​ដែរ​ តែ​ថា​បើ​ករណី​បាញ់​ធ្លាក់​ផ្កាយ​រណប​របស់​ចិន​មែន ​គឺ​វា​ហួស​ពី​សមត្ថ​កិច្ច​របស់​កម្ពុជា​ហើយ​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន ​ស៊ីន​ហួ ​បាន​ចុះ​ផ្សាយ​ថា​ ការ​បាញ់​បង្ហោះ​យាន​រ៉ុក្កែត​ដែល​មាន​ផ្ទុក​ផ្កាយ​រណប Yaogan 33 ​ចេញ​ពី​ខេត្ត​សាន​ស៊ី របស់​ចិន​បាន​បរាជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

​ចំណែក​សមត្ថកិច្ច​កម្ពុជា​នៅខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ​ករណី​ផ្ទុះ​ពី​លើ​អាកាស​ធ្លាក់​បំណែក​ដែក​នោះ​គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡាបរិ​វ៉ា​ត់ ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​។ ជាសំឡេង​ផ្ទុះ​ពី​លើ​អាកាស​លាន់​រង្គើ​ដី ​ក្រោយ​មាន​មេឃ​ភ្លៀង​ធ្លាក់មួយ​មេធំ​ លាយ​ឡំ​ជា​មួយ​នឹង​ខ្យល់​កន្ទ្រាក់​កាល​យប់​ថ្ងៃ​ទី​២២ ​ខែ​ឧសភា។​ប៉ុន្តែថា ​ការ​ធ្លាក់​បំណែក​ដែក​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អាយុ​ជីវិត​ដល់​មនុស្ស​ឬ​សត្វ​ពាហនៈ​ ឬ​ខូចខាត​ទ្រព្យ​សម្បត្តិ​​នោះ​ឡើយ។​

ជា​ការ​កត់​សំគាល់​ អាជ្ញា​ធរ​ឡាវ​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ​កម្ពុជា​ថា​ សំឡេង​ផ្ទុះ​នោះ​គឺ​ជា​យាន​អវកាស​របស់​ប្រទេស​ចិន​ហោះ​ឡើង​ទៅ​លើ​​ ហើយ​បាន​ផ្ទុះ​ជា​បំណែក​ធ្លាក់​មក​លើ​ខេត្ត​ចំនួន​៥​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ​និង​ធ្លាក់​ឆ្លង​ចូល​មក​ខេត្ត​ស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា​ដែល​នៅ​ក្បែរ​គ្នា​៕

What Next?

Recent Articles