អ្នកបង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា

ដោយ សុ ជីវី
2019-05-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​នៅ​ភូមិ​ប្រិយ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided
សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​នៅ​ភូមិ​ប្រិយ ឃុំ​ទ្រាល ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided


ប្រធាន​ក្រុម​អ្នកបង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស​ចូលរួម​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ខាងមុខនេះ។

លោក សុខ សុផាន់ ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ ទី​២៤ ខែ ឧសភា ថា កម្មវិធី​ហូប​នំ​បញ្ចុក​នេះ​គឺជា​ការចូលរួម​ថែរក្សា​វប្បធម៌​ប្រពៃណី ម្ហូបអាហារ​ខ្មែរ ដ្បិត​អាហារ ដែល​ខ្មែរ​និយម​តាំងពី​បុរាណកាល​មក​។ ម្យ៉ាងទៀត​លោក​ថា ការ​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ជា​ការ​រួបរួម​គ្នា សាមគ្គី​គ្នា​មិន​ថា​ខ្មែរ​នៅ​ទី​ណា​ក៏ដោយ។ លោក​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​ឱ្យ​ចូល​រួម​ហូប​នំ​បញ្ចុក​មិន​ថា ជា​ក្រុម ឬ​ម្នាក់ឯង​ទេ ជាពិសេស​នៅ​ក្នុង​ពេល ដែល​មាន​ការ​រឹតត្បិត ការ​រំខាន​ដោយ​អាជ្ញាធរ​ចំពោះ​ការ​ជួបជុំ​ហូប​នំ​បញ្ចុក​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន​កន្លង​ទៅ​នេះ៖ «យើង​ប្រជាជន​យើង​ស្គាល់​សិទ្ធិ​របស់​យើង ស្គាល់​អំណាច​យើង ឃើញ​ថា យើង​ធ្វើ​ទៅ​វា​អត់​មាន​អី​ខុស​ទេ គឺថា​វា​មិន​ធ្វើ​ឱ្យ​ខូច​នូវ​សណ្ដាប់ធ្នាប់ ធ្វើ​ឱ្យ​ចលាចល​ក៏​អត់​មាន​ដែរ ដូច្នេះ​យើង​ធ្វើ​អត់​មាន​ជា​កំហុស​ហ្នឹង ខ្ញុំ​ថាបើ​យើង​មិន​ហ៊ាន​ប្រើ​សិទ្ធិ​យើង​គឺថា​ថ្ងៃក្រោយ​គឺ​គេ​ធ្វើ​ឱ្យ​យើង​មិនបាន​ធ្វើ​អ្វី​តទៅ​ទៀត​។ ដូច្នេះ​យើង​ត្រូវ​ថា នៅ​កន្លែង​ណា​ក៏​ដោយ ក៏​យើង​ទាមទារ​សិទ្ធិ​របស់​យើង យើង​ត្រូវ​ហ៊ាន​នាំគ្នា​ពួតដៃគ្នា​ហ៊ាន​ធ្វើ»

លោក​ថា ក្រុម​របស់​លោក​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ធ្វើ​កម្មវិធី​នេះ​បី​លើក​រួច​មក​ហើយ។ ក្នុង​ឆ្នាំ​២០១៩​នេះ​ក្រុម​របស់​លោក​គ្រោង​នឹង​ជួបជុំ​ហូប​នំ​បញ្ចុក​ដោយមាន​អ្នកចូលរួម​ប្រមាណ ៣០០​នាក់។

មកដល់ពេលនេះ​ការ​ឃ្លាំមើល សាកសួរ និង​រំខាន​ការ​ជួបជុំ​ហូប​នំ​បញ្ចុក​របស់​សកម្មជន និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​កើតមាន​ខេត្ត​បាត់ដំបង ខេត្ត​កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ។ ស្របគ្នា​នេះ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ យ៉ាងតិច​៧០​នាក់ ដែល​ក្នុង​នោះ​៣៥​នាក់​នៅ​ខេត្ត​បាត់ដំបង និង​៣៥​នាក់​ទៀត​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​តុលាការ និង​នគរបាល​កោះហៅ​ទៅ​សាកសួរ​ពី​រឿង​ហូប​នំ​បញ្ចុក​និយាយ​រឿង​នយោបាយ និង​សួរនាំ​ពី​រឿង​ប្រឆាំង​ជំទាស់​សាលដីកា​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧។

អ្នកវិភាគ​នយោបាយ និង​សង្គម​ចាត់​ទុក​រលក​នៃ​ការ​កោះ​ហៅ​សកម្មជន​បក្ស​សង្គ្រោះជាតិ និង​ការ​រំខាន​ការ​ជួបជុំ​ហូប​នំ​បញ្ចុក​របស់​ពួកគេ ពី​សំណាក់​នគរបាល និង​តុលាការ ថា​ជា​ការ​ធ្វើទុក្ខ​ម្នេញ​និង​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ថា​ទង្វើ​របស់​នគរបាល និង​តុលាការ​កម្ពុជា​នេះ​ថា ខ្វះ​វិជ្ជាជីវៈ និង​ជា​ជំងឺ​ភ័យខ្លាច ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួនឯង​របស់​មេដឹកនាំ​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles