ដោយ មាន ឫទ្ធិ
2019-05-24
RFA
ជនត្រូវចោទ ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះពិតថា អឿត អាង ពេលនាំចេញក្រោយសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ RFA
តុលាការកំពូលនៅថ្ងៃទី២៤ ឧសភា ផ្ដន្ទាទោសបុគ្គល អឿត អាង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញករណីឃាតកម្មលើបណ្ឌិត កែម ឡី។ អ្នកការពារសិទ្ធិមនុស្សយល់ថា រឿងនេះមិនទាន់មានយុត្តិធម៌ពេញលេញនៅឡើយ ព្រោះមកទល់នឹងពេលនេះមានតែបុគ្គល អឿត អាង ម្នាក់ប៉ុណ្ណោះ ដែលត្រូវបាននាំខ្លួនមកកាត់ទោស។
អ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ឱ្យអាស៊ីសេរីដឹងថា តុលាការកំពូលសម្រេចតម្កល់សាលដីកាផ្ដន្ទាទោស អឿត អាង របស់សាលាឧទ្ធរណ៍ទុកជាបានការដដែល បន្ទាប់ពីបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៨ ឧសភាកន្លងទៅ។ លោកបន្ថែមថា នេះជាសេចក្ដីសម្រេចចុងក្រោយ ដែលបិទផ្លូវតវ៉ារបស់បុគ្គល អឿត អាង ហៅ ជួប សម្លាប់៖ «អឿត អាង គាត់ត្រូវផ្ដន្ទាទោសអស់មួយជីវិត ហើយសាលាឧទ្ធរណ៍គាត់តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយគាត់ប្ដឹងសារទុក្ខមកកំពូល កំពូលបានតម្កល់សាលដីការបស់ឧទ្ធរណ៍នៅដដែល»។
លោក អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ នោះ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទ «ឃាតកម្មគិតទុកជាមុន” និង “ការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» កាលពីចុងខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ អឿត អាង បានប្ដឹងសារទុក្ខប្រឆាំងនឹងសាលក្រមផ្ដន្ទាទោសនេះតាមរយៈមេធាវី ហើយនៅខែឧសភា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍ក៏បានសម្រេច តម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការដដែល។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅលោក អ៊ឹម ម៉ាច ដែលជាមេធាវីការពារក្តីឱ្យ អឿត អាង នៅតុលាការកំពូលនេះដែរ ដើម្បីចង់ដឹងប្រតិកម្មរបស់កូនក្តីលោក ក៏ប៉ុន្តែមេធាវីរូបនេះមិនលើកទូរស័ព្ទ។
ថ្វីត្បិតតែ អឿត អាង ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគារអស់មួយជីវិតមែន ក៏មន្ត្រីសិទ្ធិមនុស្សយល់ថា សំណុំរឿងនេះមិនទាន់មានយុត្តិធម៌ពេញលេញនៅឡើយទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់ថា អំពើឃាតកម្មដ៏រសើបនេះ អាចមានជាប់ពាក់ព័ន្ធនឹងមនុស្សជាច្រើនទៀត មិនអាចមានត្រឹមតែបុគ្គល អឿត អាង ម្នាក់បែបនេះឡើយ៖ «សាលាដំបូងដែលបំបែកសំណុំរឿងនោះ ពន្លឿននីតិវិធីនៃការស៊ើបអង្កេតបន្តទៀត ដើម្បីរកជនដែលពាក់ព័ន្ធ ជនដែលរូមគំនិត សមគំនិត ឬក៏អ្នកនៅពីក្រោយខ្នងយកមកអនុវត្តតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់គាត់។ យើងមិនអាចបញ្ឈប់ត្រឹមការកាត់ទោសលោក អឿត អាង ហៅ ជួប សម្លាប់ នេះមួយបានទេ»។
តុលាការក្រុងភ្នំពេញបានបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត យកមកកាត់ទោស។ ការស៊ើបអង្កេតបន្តនោះ គឺដើម្បីរកអ្នកលក់កាំភ្លើងឱ្យ ជួប សម្លាប់ អ្នកទទួលឱ្យ ជួប សម្លាប់ ស្នាក់នៅក្នុងក្រុងភ្នំពេញ និងអ្នកនៅពីក្រោយខ្នង ជួប សម្លាប់។ ក៏ប៉ុន្តែជាង ២ឆ្នាំមកនេះ តុលាការមិនបានកោះហៅ ឬបើកការជំនុំជម្រះសំណុំរឿងទីពីរនេះឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សំណុំរឿងទីពីរនេះកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ ដែលមិនអាចបញ្ចេញព័ត៌មានឱ្យសាធារណជនបានដឹងឡើយ៖ «មិនមែនគ្រប់ដំណើរការនីតិវិធីស៊ើបអង្កេតត្រូវតែបង្ហាញជាសាធារណៈនោះទេ។ វាមានកន្លែងខ្លះអាចបង្ហាញជាសាធារណៈបាន កន្លែងខ្លះគេមិនអាចបង្ហាញបានដែរ។ វាប៉ះពាល់ដល់ភាពសម្ងាត់នៃការស៊ើបអង្កេត និងបំបែកសំណុំរឿង»។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្ស លោក អំ សំអាត ថ្លែងថា តុលាការមិនអាចយោងលើហេតុផលនេះ ដើម្បីអូសបន្លាយសំណុំរឿងនោះទេ។ លោកជំរុញឱ្យតុលាការពន្លឿនករណីនេះ ដើម្បីរកយុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ និងលុបបំបាត់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)។ អំពើឃាតកម្មនេះ បានកើតឡើងរយៈពេល ២ថ្ងៃ ក្រោយពីលោកបានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីវេទិកាអ្នកស្ដាប់អាស៊ីសេរី ដើម្បីជជែកពិភាក្សាអំពីរឿងការក្ដោបក្ដាប់ជំនួញរបស់ក្រុមគ្រួសារលោក ហ៊ុន សែន នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។