គ.ជ.ប​ ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​មាន​ស្ថានភាព​ល្អ តែ​លោក សម រង្ស៊ី ថា ក្លែងក្លាយ

ដោយ សេក បណ្ឌិត
2019-05-26
RFA

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ផ្ដល់បទសម្ភាសន៍​ដល់អ្នកកាសែត ក្នុងថ្ងៃបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣  នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩។ រូបពីហ្វេសប៊ុក​អ្នកនាំពាក្យ​គ.ជ.ប
អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ផ្ដល់បទសម្ភាសន៍​ដល់អ្នកកាសែត ក្នុងថ្ងៃបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩។ រូបពីហ្វេសប៊ុក​អ្នកនាំពាក្យ​គ.ជ.ប


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត វាយតម្លៃ​ថា ស្ថានភាព​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ដំណើរការ​ទៅ​រលូន ដោយ​មិន​មាន​បញ្ហា​អ្វី​ទាំងអស់​។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ហៅ​ការបោះឆ្នោត​នេះ ថា​ក្លែងក្លាយ និង​ធ្វើ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​របប លោក ហ៊ុន សែន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ប្រកាស​ថា ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត នៅ​ការិយាល័យ​ទាំង ២០៣​ទីតាំង បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​ការ​រាំងស្ទះ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង និង​មាន​សណ្ដាប់ធ្នាប់​ល្អ​ជាដើម។

អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ីសេរី​ថា គិត​ត្រឹម​ម៉ោង​៤​ល្ងាច គ..ប ទើប​ទទួល​បាន​លទ្ធផល​បឋម ៨​ខេត្ត ហើយ​មិនទាន់​អាច​ប្រាប់​ព័ត៌មាន​លំអិត​បានទេ​។ ចំណែក​អង្គ​បោះឆ្នោត ៧​នាក់​អវត្តមាន ដោយសារ ម្នាក់​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត ម្នាក់​ប្រកាស​ពហិការ និង ៥​នាក់ មិន​ទៅ​បោះឆ្នោត ដោយ​មិន​ដឹង​មូលហេតុ៖ «ម្នាក់​គាត់​ទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ម្នាក់ទៀត គាត់​ប្រកាស​មិន​អញ្ជើញ​មក​បោះឆ្នោត ហើយ​៥​នាក់​ទៀត គឺ​គាត់​អត់​ឃើញ​អញ្ជើញ​មក។ អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់​ទេ​។ សំណួរ​៖ តើ​មាន​ក្រុមប្រឹក្សា​គណបក្សប្រឆាំង ដែល​ចុះចូល​គណបក្ស​កាន់អំណាច​មិន​ទៅ​បោះឆ្នោត​ទេ? ឆ្លើយ​៖ ក្នុងនាម គ​.​ជ​.​ប​ ក្នុង​នាម​ការងារ​បច្ចេកទេស​យើង​មិន​និយាយ​អំពី​អ្នកណា មក​ពី​ណា​ទេ»

ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣​នេះ គ​.​ជ​.​ប បាន​ហាមឃាត់​សិទ្ធិ​គណបក្ស​ប្រឆាំង មិន​ឱ្យ​ចូលរួម​ប្រកួត ដូច​ការ បោះឆ្នោត​២​ដង កន្លង​មក​កាលពី​ឆ្នាំ​២០១៨​ដែរ​។ គណបក្ស​ចំនួន​៧​ចូលរួម​ប្រកួត ខណៈ​បក្ស​ខ្លះ​គ្មាន​អង្គ​បោះឆ្នោត​ទេ។

គណបក្ស ដែល​មាន​អង្គ​បោះឆ្នោត​តិច ដូចជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិន​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះ​ទេ។ ចំណែក គណបក្ស​ដែល​ទទួល​បាន​កៅអី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តិចតួច ដែល​របប​ក្រុងភ្នំពេញ​រឹបអូស​ពី​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទៅ​ចែក​ឱ្យ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ក៏​មិន​ចូលរួម​ការបោះឆ្នោត​នេះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ប្រាប់​ថា ក្រៅពី​មិន​ចូលរួម អង្គ​បោះឆ្នោត​ទាំង​៥​នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​មិន​ទៅ​ចូលរួម​ការបោះឆ្នោត​នេះ​ដែរ៖ «ពិនិត្យមើល​ពី​លទ្ធភាព​នៃ​ការ​ទទួល​បាន​អាសនៈ​ហ្នឹង គឺ​យើង​មិន​អាច​ទទួល​បាន​។ អ៊ីចឹង យើង​មិន​ចូល​រួម​ការបោះឆ្នោត ហើយ​អង្គ​បោះឆ្នោត​យើង ក៏​មិន​អញ្ជើញ​ចូលរួម​ការបោះឆ្នោត​ដែរ»។​ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចាត់​ទុក​ការបោះឆ្នោត​ថ្ងៃ​ទី​២៦ ឧសភា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ លើក​ទី​៣ បន្ទាប់​ពី​របប លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ កាលពី​ចុង​ឆ្នាំ​២០១៧​មក។ លោក សម រង្ស៊ី រំលឹក​ថា ការបោះឆ្នោត​ក្លែងក្លាយ លើក​ទី​១ គឺ​បោះឆ្នោត​អសកល​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​លើក​ទី​២ គឺ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋសភា កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ និង​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​លើក​ទី​៣ គឺ​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ថ្ងៃ​ទី​២៦ ឧសភា​។ លោក សម រង្ស៊ី បន្ត​ថា ការបោះឆ្នោត​ក្លែងក្លាយ​ទាំង ៣​លើក បាន​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច ទទួល​បាន​កៅអី ១០០​ភាគរយ នៅ​គ្រប់​ស្ថាប័នរដ្ឋ ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់​មូលដ្ឋាន​។ លោក សម រង្ស៊ី ថា ការបោះឆ្នោត​ក្លែងក្លាយ​ទាំងនេះ នាំមក​នូវ​ប្រព័ន្ធ​ដឹកនាំ​បែប​ឯក​បក្ស។

ឯ​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​ជា​អតីត​សមាជិក​បណ្ដុះ​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​ឃ្លាំមើល​ការបោះឆ្នោត លោក យង់ គិមអេង យល់ឃើញ​ថា កម្រិត​ប្រកួតប្រជែង​ខុសគ្នា​ឆ្ងាយ​ពេក ទើប​នាំ​ឱ្យ​ពលរដ្ឋ​គ្មាន​ការចាប់អារម្មណ៍​លើ​ព្រឹត្តិការណ៍​បោះឆ្នោត​នេះ។ លោក​ថា តាមរយៈ​លទ្ធផល​ឆ្នោត​លើក​នេះ នឹង​នាំ​ឱ្យ​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា ពី​ថ្នាក់​មូលដ្ឋាន ដល់​នីតិប្បញ្ញត្តិ​គ្មាន​តុល្យភាព​នយោបាយ ហើយ​មានតែ​គណបក្ស​កាន់អំណាច​តែមួយគត់​សម្រេច​រាល់​កិច្ចការ​គ្រប់​ជាន់ថ្នាក់។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ យល់ថា បើ​ទោះ​នីតិវិធី​គ្រប់ការ​បោះឆ្នោត​ចេះតែ​ដំណើរការ​ទៅតាម​គម្រោង ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ប្រឈម​បញ្ហា​ចំពោះ​មុខ​ជាច្រើន ជាមួយ​សហគមន៍​អន្តរជាតិ និង​អ្នក​វិនិយោគទុន​អន្តរជាតិ ដោយសារតែ​ការបោះឆ្នោត ក្នុង​ស្ថានភាព​ចម្រូងចម្រាស​បែបនេះ​៖ «អ៊ីចឹង ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត​ទោះបីជា​យ៉ាងណាក៏ដោយ យើង​ឃើញ​ថា បញ្ហា​ប្រឈម​ចំពោះ​មុខ​ដែល​គេ​ចោទសួរ​អំពី​បញ្ហា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅតែ​ជា​បញ្ហា ជា​ឧបសគ្គ សម្រាប់​អ្នក​វិនិយោគ ឧបសគ្គ​ចំពោះ​ទំនាក់ទំនង​អន្តរជាតិ​ផ្សេងៗ ដែ»

ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះ រង​ការរិះគន់ និង​ថ្កោលទោស​ពី​បក្ស​ប្រឆាំង ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​ល្បិច ហាមឃាត់ និង​ដណ្ដើមយក​អាសនៈ​របស់​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ គណបក្សប្រឆាំង អស់​ជាង​៥​ពាន់ (.០០៧) អាសនៈ ដែល​ស្មើ​ជិត​ពាក់កណ្ដាល​នៃ​អង្គ​បោះឆ្នោត​ទាំងមូល។

លទ្ធផល​បណ្ដោះអាសន្ន ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣​នេះ គ..ប នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ឧសភា ចំណែក​លទ្ធផល​ផ្លូវការ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៨ មិថុនា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles