ព្រះមហាក្សត្រ​យាង​មក​ដល់​កម្ពុជា​វិញ ក្រោយ​យាង​ជា​ព្រះ​កិត្តិយស​ក្នុង​ខួប ២៥​ឆ្នាំ​ ICC-Angkor

ដោយ អាស៊ីសេរី
2019-05-26

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


ព្រះមហាក្សត្រ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី បាន​យាង​និវត្តន៍​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​២៦ ឧសភា នេះ បន្ទាប់ពី​ព្រះអង្គ​បាន​យាង​ធ្វើជា​ព្រះ​កិត្តិយស​ក្នុង​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ហៅ​កាត់​ថា ICC-Angkor ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​ទៅ។

ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​របប​ក្រុងភ្នំពេញ មាន​ជា​អាទិ៍​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត ព្រមទាំង​ព្រះ​ញាតិវង្ស​ជាច្រើន​អង្គ​ផង បាន​ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ព្រះអង្គ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​១៩៩៣ ក្នុង​គោលដៅ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​អង្គរ ក្រោយពេល​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ។ គណៈកម្មាធិការ​នេះ​មាន​តួនាទី និង​ភារកិច្ច ស្រោចស្រង់ អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ចំពោះ​រមណីយដ្ឋាន​ក្នុង​តំបន់​សៀមរាប​អង្គរ​។

ICC-Angkor មាន​ប្រទេស​បារាំង និង​ជប៉ុន ជា​សហប្រធាន ហើយ​លេខាធិការដ្ឋាន​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍ គឺ​ទទួលបន្ទុក​ដោយ​ការិយាល័យ​តំណាង​របស់​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា និង​អាជ្ញាធរ​ជាតិ​អប្សរា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles