អ្នកវិភាគ​ថា ប្រសាសន៍​មេដឹកនាំ​សិង្ហបុរី​រឿង​វៀតណាម​ឈ្លានពាន​កម្ពុជា​នោះ​ជា​ប្រវត្តិសាស្ត្រ​ពិត

ដោយ ហេង រស្មី
2019-06-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ស្ដាំ) នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ជួប​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc)។ Photo courtesy of  Lee Hsien Loong Facebook Page
(ស្ដាំ) នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ជួប​នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc)។ Photo courtesy of Lee Hsien Loong Facebook Page


ថ្មីៗ​នេះ មេដឹកនាំ​សិង្ហបុរី​បាន​រំឭក​អំពី​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​រំលេច​ថា អន្តរាគមន៍​របស់​កងទ័ព​វៀតណាម​ក្នុង​ការ​វាយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៩ គឺជា​អំពើ​ឈ្លានពាន ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​តំបន់។ ការ​លើកឡើង​នេះ ត្រូវ​បាន​ច្រានចោល​ដោយ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ និង​ប្រទេស​វៀតណាម ដោយ​ពួកគេ​អះអាង​ថា អន្តរាគមន៍​យោធា​នៅ​គ្រានោះ គឺជា​ការ​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា ចេញពី​របប​វាល​ពិឃាដ​ខ្មែរក្រហម​។ តើ​អ្នកវិភាគ និង​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បកស្រាយ​ដូចម្ដេច​ចំពោះ​រឿង​នេះ?

អ្នក​ជំនាញ​អះអាង​ថា អន្តរាគមន៍​យោធា​នៅ​ឆ្នាំ​១៩៧៩ និង​ការគ្រប់គ្រង​កម្ពុជា​ប្រមាណ ១០ឆ្នាំ​ពី​សំណាក់​កងទ័ព​វៀតណាម គឺជា​អំពើ​ឈ្លានពាន ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​អន្តរជាតិ​។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា ប្រវត្តិសាស្ត្រ​ពិភពលោក​បាន​ចារ​ទុក​ព្រឹត្តិការណ៍​នោះ ថា ជា​ការ​ចូល​ឈ្លានពាន​កម្ពុជា មិនមែន​ជា​ការ​ចូល​មក​រំដោះ​ប្រជាជន​ខ្មែរ​ចេញពី​របប​វាល​ពិឃាត ដូច​ការ​អះអាង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ភាគី​វៀតណាម​នោះ​ឡើយ​។ លោក​បន្ត​ថា អ្វី​ដែល​មេដឹកនាំ​សិង្ហបុរី​បាន​លើកឡើង​នោះ គឺ​ប្រវត្តិសាស្ត្រ​ពិត​ដែល​មិន​អាច​កែប្រែ​បាន ដូច្នេះ​លោក​ថា មន្ត្រី​រដ្ឋាភិបាល​មិន​គួរ​មាន​ប្រតិកម្ម​តប​ទៅ​នឹង​រឿង​នេះ​ឡើយ៖ «យើង​មើល​សវតា​ដែល​គេ​បោះពុម្ពផ្សាយ​តាំងពី​ហ្នឹង​រហូតមកដល់​ឥលូវ ក៏​នៅតែ​គេ​ប្រើ​ពាក្យ​ឈ្លានពាន​ដែរ គេ​អត់​មាន​ថា ចូល​មក​រំដោះ​ទេ​។ អាហ្នឹង​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​កើត ហើយ​វៀតណាម​គេ​ឈឺឆ្អាល ដោយសារតែ​គេ​គិត​ថា នេះ​ជា​គុណសម្បត្តិ ជា​គុណ​ស្រ័យ​របស់​គេ ទីមួយ​។ ទី​ពីរ​ពាក់ព័ន្ធ​ជាមួយ អ្នក​នយោបាយ​កម្ពុជា យក​ថ្ងៃ​ហ្នឹង​ធ្វើជា​ថ្ងៃ​ឃោសនា រំឭក​គុណ​ស្រ័យ​ដែរ ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​។ អ៊ីចឹង​នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី លី សៀនឡុង លើកឡើង​ហ្នឹង វា​ប្រទះ​នឹង​ទស្សនៈ​គំនិត​ដែល​អ្នក​នយោបាយ​ប្រើប្រាស់​ការ​រំដោះ​របស់​វៀតណាម​ទៅ​ហើយ»

កាលពី​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បាន​បង្ហោះ​សំណេរ​មួយ​នៅ​លើ​ហ្វេសប៊ុក (Facebook) ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ប្រធាន​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ជំនាន់​ទសវត្សរ៍​ទី​៨០ លោក ប្រេម ទីនស៊ូឡាណុន (Prem Tinsulanonda)​។ លោក លី សៀនឡុង បាន​សង្កត់ធ្ងន់​អំពី​គុណសម្បត្តិ​ដឹកនាំ​របស់​ឧត្ដមសេនីយ៍ ប្រេម ក្នុង​កិច្ចការ​ការពារ​សន្តិសុខ​នៅ​ប្រទេស​ថៃ និង​តំបន់​អាស៊ាន ដែល​កាលនោះ​មាន​ប្រទេស​៥ ជា​សមាជិក គឺ​សិង្ហ​បុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។ លោក​បញ្ជាក់​ថា លោក ប្រេម រួម​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត បាន​ពួតដៃគ្នា​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា និង​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម​។ លោក​បញ្ជាក់​ទៀត​ថា លោក ប្រេម និង​ថ្នាក់ដឹកនាំ​អាស៊ាន​ដទៃ​ទៀត បាន​ជំទាស់​នៅ​លើ​ឆាក​អន្តរជាតិ​ចំពោះ​ការ​ដាក់​នឹម​ត្រួតត្រា​លើ​កម្ពុជា​ពី​សំណាក់​ប្រទេស​វៀតណាម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការឈ្លានពាន​តាមរយៈ​កម្លាំង​យោធា និង​របប​ថ្មី​នៅ​ពេល​នោះ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ឡើយ ហើយ​នេះ​គឺ​ការ​ជួយ​ការពារ​សន្តិសុខ​សម្រាប់​ប្រទេស​អាស៊ាន​ដទៃ​ទៀត។

ក្រៅពី​សរសេរ​នៅ​លើ​ហ្វេសប៊ុក​បែប​នេះ​ហើយ លោក លី សៀនឡុង ដែល​ជា​កូនប្រុស​របស់​រដ្ឋបុរស​សិង្ហបុរី លោក លី ក្វាន់យូ (Lee Kuan Yew) ក៏​បាន​លើក​រឿង​វៀតណាម​ឈ្លានពាន​កម្ពុជា​នេះ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​សប្ដាហ៍​មុន​ផង​ដែរ។ លោក​បាន​ថ្លែង​ថា នៅមុន​ពេល​មាន​សន្តិភាព​ដូច​ពេល​បច្ចុប្បន្ន តំបន់​អាស៊ីអាគ្នេយ៍​ធ្លាប់​ជា​សមរភូមិ​សង្គ្រាម និង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​រីក​រាលដាល​នៃ​លទ្ធិ​កុម្មុយនិស្ត ដោយ​សារ​តែ​ការឈ្លានពាន​កម្ពុជា​ពី​សំណាក់​ប្រទេស​វៀតណាម៖ «ក្រោយ​ពេល​សង្គ្រាម​ត្រជាក់​បាន​បិទ​បញ្ចប់ សហរដ្ឋអាមេរិក​បាន​ក្លាយ​ទៅ​ជា​ប្រទេស​មហាអំណាច​តែមួយគត់​ក្នុង​លោក ហើយ​តំបន់​អាស៊ីអាគ្នេយ៍​ក៏បាន​ចូល​មក​ដល់​ដំណាក់កាល​ថ្មី​មួយទៀត។ សង្គ្រាម​ឥណ្ឌូចិន​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ហើយ​ប្រទេស​កុម្មុយនិស្ត​ទាំងឡាយ​នៅ​ឥណ្ឌូចិន បាន​បើកចំហ​ប្រទេស​របស់​គេ​រៀងៗ​ខ្លួន។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ប្រទេស​វៀតណាម​បាន​ចូល​ឈ្លានពាន​កម្ពុជា ហើយ​បាន​បង្ក​ជា​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​ប្រទេសជិតខាង ដែល​មិនមែន​កុម្មុយនិស្ត។ ក៏ប៉ុន្តែ​ពេលនេះ វៀតណាម​បាន​ចូល​ជា​សមាជិក​អាស៊ាន រួម​ទាំង​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ផង​ដែរ ដែល​នេះ​ជា​ករណី​ប្រែក្លាយ​សង្គ្រាម​ឱ្យ​ទៅ​ជា​សន្តិភាព»

ថ្វីដ្បិត​តែ​លោក លី សៀនឡុង បាន​លើក​ព្រឹត្តិការណ៍​ជាក់ស្ដែង​មក​បរិយាយ​មែន ក៏​ការពិត​នេះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​វៀតណាម និង​មន្ត្រី​របប​លោក ហ៊ុន សែន នោះ​ដែរ​។ ពួកគេ​បាន​ច្រានចោល​ការ​លើកឡើង​នេះ និង​បកស្រាយ​ផ្ទុយ​មកវិញ​ថា វៀតណាម​បាន​ចូល​មក​ជួយសង្គ្រោះ​ប្រទេស​កម្ពុជា​ពី​របប​ខ្មែរក្រហម។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម អ្នកស្រី ឡេ ធី ធូ ហាំង (Lê Thị Thu Hằng) បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាល​សង្គម​ធ្វីតធ័រ (Twitter) ថា វៀតណាម​សោកស្ដាយ​ចំពោះ​ការ​លើកឡើង​របស់​លោក លី សៀនឡុង ដែល​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​នៃ​ប្រវត្តិសាស្ត្រ នាំ​ឱ្យ​មាន​ការយល់​ខុស​ពី​សាធារណមតិ។ អ្នកស្រី​បន្ថែម​ថា ក្នុងនាម​ជា​សមាជិក​សកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​នៃ​សមាគម​អាស៊ាន វៀតណាម​នឹង​បន្ត​សហការ​គ្នា​ជាមួយ​សមាជិក​ផ្សេងទៀត ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​រឹងមាំ​មួយ​ដែល​មាន​ឯកភាព និង​សាមគ្គីភាព ដើម្បី​ដើរ​តួនាទី​ស្នូល​នៅ​ក្នុង​តំបន់​។

ស្រដៀង​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិរ​របប​ក្រុងភ្នំពេញ លោក ទៀ បាញ់ បាន​អះអាង​ថា ការ​លើកឡើង​របស់​លោក លី សៀនឡុង គឺជា​រឿង​មិន​ត្រឹមត្រូវ និង​គ្មាន​សច្ចភាព។ លោក​ថា អន្តរាគមន៍​យោធា​របស់​វៀតណាម​នៅ​ពេល​នោះ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​កម្ពុជា មិនមែន​ជា​រឿង​ឈ្លានពាន​ឡើយ។

ចំណែក កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​បច្ចុប្បន្ន​កាន់ការ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​នៃ​សភា​ឯក​បក្ស ក៏បាន​បញ្ចេញ​ប្រតិកម្ម​ដែរ​ថា លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​លើកឡើង​របស់​ប្រមុខ​ដឹកនាំ​សិង្ហបុរី។ លោក​សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) ថា ទោះបីជា​ការ​លើកឡើង​នេះ​ស្ថិត​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ក្ដី ក៏​គេ​មិន​គួរ​មើល​រំលង​អំពើ​ឃោរឃៅ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​របស់​ពួក​ខ្មែរក្រហម ទៅលើ​ជនរងគ្រោះ​ជិត​៣ លាន​នាក់​នោះ​ដែរ។ លោក​សរសេរ​ទៀត​ថា ស្រប​ពេល​ដែល​ប្រទេស​នានា​កំពុង​លេងល្បែង​នយោបាយ​ដាក់គ្នា​នោះ ពលរដ្ឋ​ខ្មែរ​បាន​បួស​សួង​សុំ​ឱ្យ​តែ​មាន​ការ​ជួយ​សង្គ្រោះ​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុណ្ណោះ មិន​ថា​អ្នក​ជួយ​នោះ​ជា​អ្នកណា ហើយ​ចេញពី​កន្លែង​ណា​នោះ​ឡើយ​។ លោក​អះអាង​ថា ការ​ជួយ​សង្គ្រោះ​នៅ​ពេល​នោះ គឺ​ផ្តើម​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ជួយ​ទំនុកបម្រុង​ពី​ប្រទេស​វៀតណាម ដែល​ជា​អ្នកជិតខាង​របស់​កម្ពុជា។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា តាមច្បាប់​អន្តរជាតិ អន្តរាគមន៍​របស់​កង​ទ័ព​វៀតណាម​នៅ​ពេល​នោះ គឺជា​ការ​លុកលុយ​កម្ពុជា​ដោយមាន​ការរៀបចំ​ទុកជាមុន ហើយ​ការឈ្លានពាន​ដំបូងបង្អស់ ចាប់​ផ្ដើម​នៅ​ថ្ងៃ​២៥ ធ្នូ ឆ្នាំ​១៩៧៨។ លោក​បន្ត​ថា ប្រសិនបើ​ក្នុង​គោលបំណង​រំដោះ​ជាតិ​ខ្មែរ​ពិតប្រាកដ​មែន រណសិស្ស​២ ធ្នូ គួរតែ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ប្រកាសប្រាប់​ពិភពលោក​ឱ្យ​ដឹង​ពី​អំពើ​កាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម និង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​ដើម្បី​វាយ​ផ្ដួល​ពួក​ខ្មែរក្រហម។ លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​អំឡុង​ឆ្នាំ​១៩៧៨ នោះ មាន​ប្រទេស​មួយ​ចំនួន​បាន​លើក​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក៏ប៉ុន្តែ​ត្រូវ​បាន​ជំទាស់​ដោយ​សហភាពសូវៀត​ដែល​ជា​ប្រទេស​បងធំ​របស់​វៀតណាម ហើយ​វៀតណាម​ខ្លួនឯង ក៏​មិនបាន​អន្តរាគមន៍​ឱ្យ​មានការ​ថ្កោលទោស​ពួក​ខ្មែរក្រហម​នោះ​ដែរ៖ «ច្បាប់​អន្តរជាតិ គឺ​វៀតណាម​ជា​អ្នក​ឈ្លានពាន ហើយ​រដ្ឋាភិបាល​ដែល​កងទ័ព​វៀតណាម​ហ្នឹង​បង្កើត​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហ្នឹង គេ​អត់​ទទួលស្គាល់ ព្រោះថា​មិនមែន ជា​រដ្ឋាភិបាល​ស្របច្បាប់​ទេ។ អ៊ីចឹង​បានជា​គេ​ក៏​មាន​វិធានការ​ដាក់ទណ្ឌកម្ម គឺ​ហ៊ុមព័ទ្ធ​ខាង​សេដ្ឋកិច្ច វៀតណាម​ហើយ​និង​កម្ពុជា​ទៀត​។ អាហ្នឹង​ជា​វិធានការ​ទៅតាម​ច្បាប់​អន្តរជាតិ»

អ្នកវិភាគ​នយោបាយ​រូប​នេះ​ក៏បាន​រិះគន់​ចំពោះ​ប្រតិកម្ម​ទាំងឡាយ របស់​មន្ត្រី​របប​ក្រុងភ្នំពេញ​ដែរ​។ លោក​ថា អ្វី​ដែល​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង លើកឡើង​នោះ សុទ្ធសឹងតែ​ជា​រឿង​ពិត ហើយ​បើ​រដ្ឋាភិបាល​មិន​ពេញ​ចិត្តនឹង​រឿង​នេះ រដ្ឋាភិបាល​គួរតែ​តវ៉ា​តាម​ផ្លូវ​ទូត មិន​គួរ​បញ្ចេញ​វោហារសាស្ត្រ​តាមតែ​ចិត្ត​នឹកឃើញ​បែបនេះ​ឡើយ។ លោក​ថា ឥរិយាបថ​បែបនេះ​ធ្វើ​ឱ្យ​គេ​អាច​វាយតម្លៃ​បាន​ថា មន្ត្រី​កម្ពុជា​មិន​ចេះ​របៀប​របប​ការទូត និង​មាន​គ្មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ និង​កិច្ចការ​អន្តរជាតិ​៖ «ក្រសួងការបរទេស គេ​នឹង​កោះហៅ​ស្ថានទូត​របស់​ប្រទេស​នោះ មក​ព្រមាន ហើយ​និង​ទទួលយក​ការ​តវ៉ា​របស់​រដ្ឋាភិបាល​ប្រទេស​សាមី​ហ្នឹង​។ គេ​មិន​ចេះតែ​ប្រតិកម្ម​ជា​សាធារណៈ ហើយ​និង​តបត​ទៅវិញ​ហ្នឹង គឺ​ដោយ​មន្ត្រី ឬ​រដ្ឋមន្ត្រី ដែល​មិន​មាន​តួនាទី​ការទូត​នោះ​ទេ​។ វា​ទៅជា​អនាធិបតេយ្យ ហើយ​គេ​ក៏​សម្គាល់​មក​ថា យើង​ហ្នឹង​អត់​ចេះ​ធ្វើការ​ទេ ហើយ​និង​មិន​មាន​ភាព​ចាស់ទុំ​ក្នុង​រឿង​នយោបាយ និង​កិច្ច​ការទូត»

ទាំង​បណ្ឌិត ឡៅ ម៉ុងហៃ និង​លោក ឯម សុវណ្ណារ៉ា សុទ្ធតែ​អះអាង​ថា ប្រទេស​សមាជិក​ស្ថាបនិក​អាស៊ាន​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​កម្ពុជា​ចេញពី​ការឈ្លានពាន និង​គ្រប់គ្រង​របស់​វៀតណាម ចាប់​តាំង​ពី​ចុង​ទសវត្ស​ទី​៧០ រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ ក៏ប៉ុន្តែ គុណសម្បត្តិ​នេះ​ហាក់​មិនសូវ​មានការ​អារម្មណ៍ និង​ដឹង​លឺ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ឡើយ ដោយសារតែ​កង្វះ​ការស្រាវជ្រាវ និង​ការ​ផ្សព្វផ្សាយ។ ជាពិសេស គឺ​របប​លោក ហ៊ុន សែន មិន​បាន​ឱ្យ​តម្លៃ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ឡើយ ប៉ុន្តែ​បែរជា​ឱ្យ​តម្លៃ​ខ្លាំង​ទៅលើ​ប្រទេស​វៀតណាម​ដែល​បាន​ចូល​ឈ្លានពាន​កម្ពុជា និង​លើក​បន្តុប​ខ្លួន​ឱ្យ​កាន់អំណាច​នោះ​ទៅវិញ៕


What Next?

Recent Articles

Leave a Reply

Submit Comment