លោក ហ៊ុន សែន ចោទ​នាយករដ្ឋមន្ត្រី​សិង្ហបុរី ថា​គាំទ្រ​របប​ខ្មែរក្រហម

ដោយ មួង ណារ៉េត
2019-06-07
RFA

លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។ Photo Screenshot
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។ Photo Screenshot


លោក ហ៊ុន សែន ចោទ មេដឹកនាំ​សិង្ហបុរី ទាំង​មេដឹកនាំ​បច្ចុប្បន្ន និង​មេដឹកនាំ​សម័យមុន​ថា គាំទ្រ​របប​ខ្មែរក្រហម និង​អាច​ធ្លាប់​មាន​បាតដៃ​ប្រឡាក់​ឈាម ក្នុង​ការ​រួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា ទើប​មេដឹកនាំ​សិង្ហ​បុរី​សម័យនេះ ហ៊ាន​ថ្លែង​សា​រថា​វៀតណាម បាន​ឈ្លានពាន​ទឹកដី​កម្ពុជា។

នាយករដ្ឋមន្ត្រី​នៃ​របប​ឯក​បក្ស​លោក ហ៊ុន សែន ចោទ​នាយករដ្ឋមន្ត្រី​សិង្ហបុរី ថា​គាំទ្រ​របប​ខ្មែរក្រហម​។ លោក ហ៊ុន សែន សរសេរ​សារ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃទី៦ ខែ​មិថុនា ថា​លោក​ពិតជា​សោកស្ដាយ​ខ្លាំង ដែល​លោក លី ស៊ានឡុង ថ្លែង​សារ​ចាត់​ទុក​ការណ៍​ដែល​កងទ័ព​វៀតណាម លើកទ័ព​ចូល​លុកលុយ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ១៩៧៩ ថា​ជា​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា​។ លោក ហ៊ុន សែន បន្ត​ចោទ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ ថា​ចង់​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ ទើប​ថ្លែង​សារ​ដូច្នេះ។ជាងនេះទៅទៀត លោក ហ៊ុន សែន ចោទ​លោក លី ស៊ានឡុង ថា​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់​ឈាម​ស្រស់ របស់​កងទ័ព​វៀតណាម​។ លោក​បន្ត​ថា ការ​លើកឡើង​បែបនេះ​នៅ​ពេល​នេះ បង្ហាញ​ប្រជាជន​សិង្ហបុរី និង​ពិភពលោក​ថា មេដឹកនាំ​សិង្ហបុរី​នា​ពេល​នោះ បាន​រួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។

ប្រតិកម្ម​របស់​អតីតកម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម​រូប​នេះ ធ្វើឡើង​ក្រោយ​មេដឹកនាំ​សិង្ហ​បុរី​លោក លី ស៊ានឡុង បាន​រំឭក​អំពី​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​រំលេច​ថា អន្តរាគមន៍​របស់​កង​ទ័ព​វៀតណាម ក្នុង​ការ​វាយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៩​នោះ គឺជា​អំពើ​ឈ្លានពាន ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​តំបន់។

ទោះជា​មានការ​បកស្រាយ និង តវ៉ា​យ៉ាងណា​ចំពោះ​សារ​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ ថ្លែង​ថា អង្គហេតុ​ប្រវត្តិសាស្ត្រ គ្មាន​នរណា​អាច​កែប្រែ ឬ គួរ​កែប្រែ​វា ទៅតាម​ការ​បកស្រាយ និង តវ៉ា​ណាមួយ​បាន​នោះ​ឡើយ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃទី ០៦ ខែ មិថុនា​ដែរ គណបក្ស​សង្គ្រោះជាតិ គាំទ្រ​ជំហរ​របស់​រដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​និយាយ​អំពី​ការពិត​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ពិភពលោក​ដឹងឮ​ជាទូទៅ​រួចទៅ​ហើយ​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឱ្យ​ទាំងអស់​គ្នា រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​ថា ការណ៍​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហបុរី ព្រោះ​លោក​និយាយ​ការពិត​អំពី​កម្ពុជា មិន​និយាយ​ការពារ៖ «រឿង​ដែល​វៀតណាម​ឈ្លានពាន​កម្ពុ​ជានា​ចុង​ទសវត្សរ៍​ឆ្នាំ៧០ និង ដើម​ទសវត្សរ៍​ឆ្នាំ ៨០ នេះ គឺ​មិន​អាច​ពី​ណា​បំភ្លៃ​បានទេ​។ ទស្សនវិទូ អ្នក​សរសេរ​សៀវភៅ សាស្ត្រាចារ្យ បណ្ឌិត អ្នកនយោបាយ​ដែល​គោរព​ក្រម​វិជ្ជាជីវៈ គេ​ទទួលស្គាល់​ពេញទី ថា​វៀតណាម​ពិតជា​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា។ ដោយសារតែ​ការឈ្លានពាន​ហ្នឹងឯង ទើប​បានជា​ឈាន​មក​មាន​ដំណោះស្រាយ​នយោបាយ នៅ​ឆ្នាំ​១៩៩១ គឺ​សន្និសីទ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា»

មន្ត្រី​របប​ក្រុងភ្នំពេញ​រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ និង កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ផង សុទ្ធតែ​ជំទាស់​ទៅ​នឹង​សារ​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី។ ពួកគាត់​អះអាង​ថា អន្តរាគមន៍​យោធា​ប្រទេស​វៀតណាម​នៅ​គ្រានោះ គឺជា​ការ​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា ចេញពី​របប​វាល​ពិឃាដ​ខ្មែរក្រហម។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម ក៏​ជំទាស់​ទៅ​នឹង​សារ​របស់​លោក លី សៀនឡុង ដែរ។ អ្នកស្រី ឡេ ធី ធូ ហាំង (Lê Thị Thu Hằng) ថា វៀតណាម​សោកស្ដាយ​ចំពោះ​ការ​​​​​​​លើកឡើង​នេះ ដែល​អ្នកស្រី​អះអាង​ថា មិនបាន​ឆ្លុះបញ្ចាំង​ការពិត​នៃ​ប្រវត្តិសាស្ត្រ នាំ​ឱ្យ​មាន​ការយល់​ខុស​ពី​សាធារណមតិ។

ទោះជា​យ៉ាងនេះ​ក្តី​បញ្ញវន្ត​ខ្មែរ យល់​ស្របតាម​អង្គហេតុ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ថា​កងទ័ព​វៀតណាម ពិតជា​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​។ សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា ប្រវត្តិសាស្ត្រ​ពិភពលោក​បាន​ចារ​ទុក​ព្រឹត្តិការណ៍​នោះ ថា​ជា​ការ​ចូល​ឈ្លានពាន​កម្ពុជា មិនមែន​ជា​ការ​ចូល​មក​រំដោះ​ប្រជាជន​ខ្មែរ​ចេញពី​របប​វាល​ពិឃាដ ដូច​ការ​អះអាង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន និង​ភាគី​វៀតណាម​នោះ​ឡើយ​។ លោក​បន្ត​ថា អ្វី​ដែល​មេដឹកនាំ​សិង្ហបុរី​បាន​លើកឡើង​នោះ គឺ​ប្រវត្តិសាស្ត្រ​ពិត​ដែល​មិន​អាច​កែប្រែ​បាន ដូច្នេះ​លោក​ថា មន្ត្រី​រដ្ឋាភិបាល​មិន​គួរ​មាន​ប្រតិកម្ម​តប​ទៅ​នឹង​រឿង​នេះ​ឡើយ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា តាមច្បាប់​អន្តរជាតិ អន្តរាគមន៍​របស់​កងទ័ព​វៀតណាម​នៅ​ពេល​នោះ គឺជា​ការ​លុកលុយ​កម្ពុជា​ដោយមាន​ការរៀបចំ​ទុកជាមុន ហើយ​ការឈ្លានពាន​ដំបូងបង្អស់ ចាប់ផ្ដើម​នៅ​ថ្ងៃ​២៥ ធ្នូ ឆ្នាំ​១៩៧៨។ លោក​បន្ត​ថា ប្រសិនបើ​ក្នុង​គោលបំណង​រំដោះ​ជាតិ​ខ្មែរ​ពិតប្រាកដ​មែន រណសិរ្ស ២ ធ្នូ គួរតែ​ធ្វើ​សេចក្ដីថ្លែងការណ៍​ប្រកាសប្រាប់​ពិភពលោក​ឱ្យ​ដឹង​ពី​អំពើ​កាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម និង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ ដើម្បី​វាយ​ផ្ដួល​ពួក​ខ្មែរក្រហម។

ទោះបីជា ក្រុម​បញ្ញវន្ត បាន​កត់ត្រា​ថា វៀតណាម​បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ទី ៧០ នោះ​យ៉ាងណាក្ដី ប៉ុន្តែ​លោក ហ៊ុន សែន និង​របប​របស់​លោក នៅតែ​ព្យាយាម​អះអាង​ថា វៀតណាម​ជា​អ្នកមានគុណ​លើក​កម្ពុជា។ របប​ក្រុងភ្នំពេញ បានសម្រេច​យក​ថ្ងៃ ៧​មករា ជា​ថ្ងៃ​ដែល​វៀតណាម​ជួយសង្គ្រោះ​ពលរដ្ឋ​កម្ពុជា ហើយ​ដាក់បញ្ចូល​ថ្ងៃ​នោះ ទៅជា​ទិវា​បុណ្យជាតិ​ថែមទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ចោទ​នាយករដ្ឋមន្ត្រី​សិង្ហបុរី ថា​គាំទ្រ​របប​ខ្មែរក្រហម"

  1. Anonymous says:

    Veitname invade cambodia without permission from U N and their puppet must go to court in Hague ‘and Veitcong dog giving Tral Island to his boss Youn-hanoi so all cases must go to international court ‘

  2. Anonymous says:

    action was telling every one do not have to criticise SANGHAK BORY leader. action of HUN SEN leadership is telling every one in the world that KHMER RED regime still continuous till this day.

Leave a Reply

Submit Comment