“របប​ភ្នំពេញ​មិន​គួរ​ប្រតិកម្ម​ចំពោះ​មេដឹកនាំ​សិង្ហបុរី​ដែល​និយាយ​ការ​ពិត​ពី​វៀតណាម​ឈ្លាន​ពាន​កម្ពុជា”

ដោយ សុ ជីវី
2019-06-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA
លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA


ប្រជាពលរដ្ឋ​និង​អ្នក​សិក្សា​មួយ​ចំនួន យល់​ថា របប​ក្រុងភ្នំពេញ​មិន​គួរ​បញ្ចេញ​ប្រតិកម្ម​តាម​អំពើ​ចិត្ត​ចំពោះ​មេដឹកនាំ​ប្រទេស​សិង្ហបុរី ដែល​និយាយ​ការពិត​អំពី​រឿង​ប្រវត្តិ​សា​ស្រ​វៀតណាម​ឈ្លានពាន​កម្ពុជា​នោះ​ទេ។ ពួកគេ​ព្រួយបារម្ភ​ថា ប្រតិកម្ម​បែបនេះ នឹង​ធ្វើ​ឱ្យ​ភាគី​ទាំងពីរ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយគ្នា។

ប្រជាពលរដ្ឋ និង​អ្នក​សិក្សា ឬ​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​ចាត់​ទុក​ការ​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​របស់​របប​ក្រុងភ្នំពេញ​ចំពោះ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong ) ដែល​ហ៊ាន​ថ្លែង​សារ​ការពិត​ថា​វៀតណាម​បាន​ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ គឺជា​ប្រតិកម្ម​ខ្វះ​ការ​យល់ដឹង​ផ្នែក​ការទូត​និង​បង្ហាញ​ថា របប​នេះ​នៅតែ​រណប​វៀតណាម​ដដែល។

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​និង​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្តី​ខ្មែរក្រហម​លោក ចៅ នី លើក ឡើង​ថា អ្វី​ដែល​មេដឹកនាំ​ប្រទេស​សិង្ហបុរី​ថ្លែង​ថា វៀតណាម​បាន​ចាប់ផ្ដើម​ឈ្លានពាន​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨​នោះ គឺជា​រឿង​ប្រវត្តិសាស្ត្រ​ពិត​ជាក់ស្ដែង​មិន​អាច​ប្រកែក​បាន​ឡើយ៖ «នាយករដ្ឋមន្ត្រី​សិង្ហបុរី​ហ៊ាន​និយាយ​ហើយ គឺ​គាត់​ប្រហែលជា​គាត់​ហ៊ាន​និយាយ​ការពិត ដូច្នេះ​ទំនាក់ទំនង​ភាគី​ទាំងពីរ​ប្រហែលជា​មិនល្អ​ដូច​មុន​ទេ។ អ៊ីចឹង​ហ្អា​!​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​តំណែង​តាំងពី​១៩៧៩​ដល់​សព្វថ្ងៃ ដោយសារតែ​វៀតណាម​បាន​ជួយ​គាត់​ម្ល៉ោះ​ហើយ​គាត់​ត្រូវ​ដឹងគុណ​វៀតណាម ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ថា វៀតណាម​ជា​អ្នក​មាន​គុណ​ទេ»

មេដឹកនាំ​កំពូល​របប​ក្រុងភ្នំពេញ​គឺ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​រួមមាន​លោក ទៀ បាញ់ លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​លោក​ហ៊ុន សែន និង​ក្រសួងការបរទេស​ជាដើម​សុទ្ធតែ​បាន សម្ដែង​ការ​សោកស្ដាយ​ដែល​លោក លី ស៊ានឡុង ថ្លែង​សារ​ចាត់​ទុក​ការណ៍​ដែល​កងទ័ព​វៀតណាម​លើកទ័ព​ចូល​ប្រទេស​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨​នោះ ថា​ជា​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន ចោទ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ​ថា គាំទ្រ​របប​ខ្មែរក្រហម និង​ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទើប​ថ្លែង​សារ​ដូច្នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​វៀតណាម​អ្នកស្រី ឡេ ធី ធូហាំង ;(LêThị Thu Hằng) ក៏​ជំទាស់​ទៅ​នឹង​សារ​របស់​លោក លី សៀនឡុង ដែរ ដោយ​ថា​ការ​លើកឡើង​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​នៃ​ប្រវត្តិសាស្ត្រ​នាំ​ឱ្យ​មាន​ការយល់​ខុស​ពី​សាធារណមតិ។

បើទោះ​ជា​របប​ក្រុងភ្នំពេញ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ជា​បន្តបន្ទាប់​ប្រឆាំង​ការ​ប្រើ​ពាក្យ​ថា​វៀតណាម ឈ្លានពាន​កម្ពុជា​ក្តី ក៏​របប​ក្រុងភ្នំពេញ​មិនទាន់​កោះហៅ​មន្ត្រី​ស្ថានទូត​សិង្ហបុរី​ប្រចាំ​ក្រុងភ្នំពេញ​ទៅ​តវ៉ា​នៅឡើយ​ទេ។ ស្ថានទូត​សិង្ហបុរី​ប្រចាំ​ក្រុងភ្នំពេញ​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៦ មិថុនា នេះ ថា​ស្ថានទូត​មិនទាន់​ឃើញ​មាន​លិខិត​កោះ​អញ្ជើញ​ជួប​ដើម្បី​សួរនាំ​រឿង​នេះ​នៅឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កេត សោផាន់ បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទំនាក់ទំនង​បាន ប៉ុន្តែ គេហទំព័រ​ថ្មីៗ​ចុះផ្សាយ​ថា​ក្រសួង​ការបរទេស​កម្ពុជា បាន​ទំនាក់ទំនង​និង​កំណត់ពេល​ជួប​ជាមួយ​ស្ថានទូត​សិង្ហបុរី​ហើយ។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯក​បក្ស​គឺ​លោក ផៃ ស៊ីផាន មិន​ទទួល​ទូរស័ព្ទ។

អ្នកគ្រប់គ្រង​កម្មវិធី​ពង្រឹង​អំណាច​យុវជន​ដើម្បី​សមធម៌​សង្គម​នៃ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP)​លោក លី ប៊ុនធា មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​មេដឹកនាំ​កម្ពុជា និង​មេដឹកនាំ​សិង្ហបុរី គឺ​ពិបាក​បែងចែក​រក​ខុសត្រូវ ព្រោះថា​ជ្រុង​ប្រវត្តិ​សាស្ត្រ​មួយ​ផ្នែក​គឺ​ត្រូវ​ទទួល​ស្គាល់​ថា វៀតណាម​ពិតជា​បាន​នាំ​កងទ័ព​ចូល​មក​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប​ខ្មែរក្រហម។ ប៉ុន្តែ​ជ្រុង​ប្រវត្តិសាស្ត្រ​មួយទៀត​គឺ​ពេល​វៀតណាម​បាន​ចូល​មក​ហើយ វៀតណាម​មិនបាន​ដក​កងទ័ព​ទៅវិញ​នោះ​ទេ​គឺ​វត្តមាន​កងទ័ព នៅ​កម្ពុជា​រហូត​១០​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​មាន​ការ​កត់ត្រា​ថា​វៀតណាម បាន​ចូល​ឈ្លានពាន​និង​កាន់កាប់​ទឹកដី​កម្ពុជា៖ «ពេល​ដែល​វៀតណាម​ចូល​មក​វាយ​ខ្មែរក្រហម​គឺ​ព្រឹត្តិការណ៍​នោះ​គឺ​ទាញ​បាន​ថា ជា​ការ​រំដោះ​ប៉ុន្តែ​ក្រោយ​មក​ក៏​យើង​មាន​សំណួរ​សួរ​ថា ហេតុ​អី​ចូល​មក​ហើយ មិន​ត្រឡប់​ទៅវិញ​? នេះ​គឺជា​ព្រឹត្តិការណ៍​មួយទៀត​ដែល​យើង​មើល​ជ្រុង​ខុសគ្នា។ ខ្ញុំ​មិន​ថា រំដោះ​បាន​ត្រូវ​ឬ​ឈ្លានពាន​បាន​ត្រូវ​នោះ​ទេ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​គឺ​កើតឡើង​ទាំងពីរ»

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​បញ្ចេញ​ប្រតិកម្ម​តាម​ការ​នឹក​ឃើញ​ឬ​តាម​និន្នាការ​របស់​ខ្លួន​នោះ​ទេ គួរតែ​ធ្វើ​ការ​តវ៉ា​ដែល​មាន​លក្ខណៈ​ការទូត​ទើប​ប្រសើរ​ជាង​ដើម្បី​រក្សា​ទំនាក់​ទង​ល្អ​ជាមួយគ្នា៖ «គួរតែ​ក្រសួង​ស្ថាប័ន​ជាតិ​ជាពិសេស​ក្រសួងការបរទេស​ខ្មែរ​ឆ្លើយ​បំភ្លឺ​តាមរយៈ​ការទូត​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ថែរក្សា​ចំណងមិត្តភាព​ក្នុងនាម​ជា​សមាជិក​អាស៊ាន​និង​ត្រូវ​ឆ្លើយ​បំភ្លឺ​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​យល់ថា​ស្ថានភាព​ពេលនោះ​យ៉ាងម៉េច»

ប្រតិកម្ម​របស់​របប​ក្រុងភ្នំពេញ​គឺ​បន្ទាប់ពី​កាលពី​សប្ដាហ៍​មុន​នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក លី សៀនឡុង (LeeHsienLoong) បាន​បង្ហោះ​សំណេរ​មួយ​នៅ​លើ​ហ្វេសប៊ុក ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូឆា (PrayutChan-o-Cha) ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ប្រធាន​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ជំនាន់​ទសវត្សរ៍​ទី​៨០​លោក ប្រេម ទីនស៊ូឡាណុន (PremTinsulanonda)។ លោក លី សៀនឡុង បាន​សង្កត់ធ្ងន់​អំពី​គុណសម្បត្តិ​ដឹកនាំ​របស់​ឧត្ដមសេនីយ៍​ប្រេម ក្នុង​កិច្ចការ​ការពារ​សន្តិសុខ​នៅ​ប្រទេស​ថៃ​និង​តំបន់​អាស៊ាន​ដែល​កាលនោះ​មាន​ប្រទេស ៥​ជា​សមាជិក គឺ​សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន។ លោក​បញ្ជាក់​ថា លោក ប្រេម រួម​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​បាន​ពួតដៃគ្នា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​វៀតណាម លើ​កម្ពុជា និង​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម។ លោក​បញ្ជាក់​ទៀត​ថា លោក ប្រេម និង​ថ្នាក់ដឹកនាំ​អាស៊ាន​ដទៃ​ទៀត​បាន​ជំទាស់​នៅ​លើ​ឆាក​អន្តរជាតិ​ចំពោះ​ការ​ដាក់​នឹម​ត្រួតត្រា​លើ​កម្ពុជា ពី​សំណាក់​ប្រទេស​វៀតណាម​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការឈ្លានពាន​តាមរយៈ​កម្លាំង​យោធា និង​របប​ថ្មី​នៅ​ពេល​នោះ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ឡើយ ហើយ​នេះ​គឺ​ការ​ជួយ​ការពារ​សន្តិសុខ​សម្រាប់​ប្រទេស​អាស៊ាន​ដទៃ​ទៀត។

តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ដែល​ធ្លាប់​ត្រូវ​បាន​របប​លោក​ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ជាង ២​ឆ្នាំ​រឿង​រិះគន់​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ​លើក ឡើង​ថា ថ្ងៃ​ទី​៧ ខែ​មករា ១៩៧៩ ដែល​ជា​ថ្ងៃ​កងទ័ព​ដណ្តើម​បាន​ទីក្រុង​ភ្នំពេញ​នោះ​គឺជា​ថ្ងៃ​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា ដែល​វៀតណាម​ចាំតែ​ឱកាស​នេះ​ជា​យូរ​មក​ហើយ ដើម្បី​ឈ្លានពាន​កម្ពុជា និង​យក​កម្ពុជា​ដូច​យក​កម្ពុជា​ក្រោម​តាម​នយោបាយ​ឆ្ពោះ​មក​ទិស​ខាងលិច​របស់​ហូជីមិញ។ លោក​បន្ត​ថា ដោយសារតែ ចលនា​តស៊ូ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ នៅ​តាម​ជាយដែន​ខ្មែរ​-​ថៃ និង​គំនាប​អន្តរជាតិ​ព្រមទាំង​ការ​ដួល​រលំ​របស់​សហភាព​សូវៀត ទើប​ធ្វើ​ឱ្យ​វៀតណាម​ព្រម​ដក​ទ័ព​ចេញពី​កម្ពុជា បើ​ពុំ​នោះ​ទេ វៀតណាម​មិន​ព្រម​ចេញពី​កម្ពុជា​ឡើយ។ លោក​បញ្ជាក់​ថា មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់​ថា វៀតណាម​ឈ្លានពាន​កម្ពុជា៖ «ទី​១ យួន​បាន​ចូល​មក​រំលំ​របប​ខ្មែរក្រហម ហើយ​មិនបាន​ដក​ទ័ព​ទៅវិញ​នោះ​ទេ ទី​២ យួន​បាន​ដាក់​ជំនាញការ​គ្រប់​ស្ថាប័ន និង​គ្រប់​ថ្នាក់​ដើម្បី​ត្រួតត្រា​ខ្មែរ ទី​៣​យួន​បាន​បង្ខំ​ឱ្យ​ខ្មែរ (លោក ហ៊ុន សែន កាលនោះ​ជា​រដ្ឋមន្ត្រីការបរទេស) ស៊ីញេ​កាត់​ដី​ខ្មែរ​ឱ្យ​យួន​តាម​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់​ឆ្នាំ​១៩៨២ ១៩៨៣ និង ឆ្នាំ​១៩៨៥។ ទី​៤​យួន​បាន​បង្ខំ​ឱ្យ​ខ្មែរ (រដ្ឋាភិបាល​ដែល​លើក​បន្តុប​ដោយ​យួន) ស៊ីញេ​ឱ្យ​ខ្មែរ ៥​គ្រួសារ​ត្រូវ​មាន​យួន ៣​គ្រួសារ និង​ទី​៥​យួន​បង្ខំ​ឱ្យ អនុវត្ត​ផែនការ ក​៥ ដើម្បី​សម្លាប់​ខ្មែរ»

លោក អ៊ុំ សំអាន បន្ត​ថា​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី គឺជា​រឿង​ត្រឹមត្រូវ ដែល​ខុស​ពី​របប​ក្រុងភ្នំពេញ បែរជា​ប្រតិកម្ម​ជំនួស​វៀតណាម​ទៅវិញ។ លោក​បញ្ជាក់​ថា សូម្បីតែ​ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ក៏​ធ្លាប់​មាន​ព្រះបន្ទូល​ថា វៀតណាម​ឈ្លានពាន​កម្ពុជា​នា​ទសវត្ស​ទី​៨០ ផង​ដែរ។ ប្រវត្តិសាស្ត្រ សកលលោក​ក៏​សុទ្ធតែ​លើក​ឡើង​ថា វៀតណាម​ឈ្លានពាន​កម្ពុជា។ ការណ៍​ដែល លោក ហ៊ុន សែន ខំ​ការពារ​វៀតណាម​ដូច្នេះ​ព្រោះ​របប​សព្វថ្ងៃ​នេះ​នៅតែ រណប​វៀតណាម និង​ចាត់​ទុក​វៀតណាម​ជា​បងធំ​ដដែល។

ក្រោយ​មានការ​ប្រតិកម្ម​ពី​របប​ក្រុងភ្នំពេញ និង​ក្រសួងការបរទេស​វៀតណាម​នោះ ប្រធាន​រដ្ឋសភា ប្រទេស​សិង្ហបុរី លោក តាន់ ឈន់ជីន (Tan Chuan-Jin) បង្ហោះ​សំណេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្លើយតប​ទៅ​វៀតណាម​ថា វៀតណាម​ប្រហែលជា​មិន​ពេញចិត្ត​ចំពោះ​សម្ដី​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ទេ ហើយ​វៀតណាម​អាច​កំណត់​និយមន័យ​ពី​អតីតកាល​បែប​ណា​ដែល​ខ្លួន​គិត​ថា សមស្រប។ សំណេរ​ដដែល​បន្ត​ថា ទោះ​យ៉ាង​ណា​ក្តី​វា​នៅតែ​មិន​អាច​ផ្លាស់ប្ដូរ​អតីតកាល​ដែល​មនុស្ស​ភាគច្រើន​បាន​យល់​ឃើញ​ឡើយ ហើយ​ករណី​នេះ ក៏​មិន​អាច​បំបែក​មិត្តភាព​ប្រទេស​ទាំងពីរ​ដែរ។ ប្រធាន​រដ្ឋសភា​សិង្ហបុរី​រូប​នេះ​ក៏បាន​ថ្លែង​ក្នុង​ន័យ​បង្ហាញ​ពី​ជំហរ​នៅតែ​គាំទ្រ​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ខ្លួន​ដដែល​ថា ស្ថានភាព​កាលនោះ​បាន​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ដល់​ភ្នាក់ងារ​សន្តិសុខ​របស់​សិង្ហបុរី ហើយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​សុទ្ធតែ​បាន​ដឹង​ច្បាស់​ថា ការ​គំរាមកំហែង​នៃ​លទ្ធិ​កុម្មុយនិស្ត និង​ការ​រីក​សាយភាយ​នៃ​លទ្ធិ​នេះ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង​ជា​កង្វល់​ធ្ងន់ធ្ងរ​បំផុត។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​លោក យង់ គិមអេង មាន​ប្រសាសន៍ថា កម្ពុជា​មិន​គួរ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​នោះ​ទេ ព្រោះ​អន្តរជាតិ​សុទ្ធតែ​កំណត់​និយមន័យ​និង​កត់ត្រា​ថា ការ​ចូល​អន្តរាគមន៍​របស់​វៀតណាម​ពេលនោះ​គឺជា​ការឈ្លានពាន​ទឹកដី​ខ្មែរ។ ម្យ៉ាងវិញទៀត ពេលនោះ​ក៏​មាន​អ្នក​តស៊ូ​ខ្មែរ​បី​ភាគី​ទៀត​ដែល​ប្រកាស ពី​ការ​ចូល​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា និង​សុំ​ឱ្យ​អន្តរជាតិ​ជួយ​ផង​ដែរ៖ «រដ្ឋាភិបាល​មិន​គួរ​ប្រតិកម្ម​ទេ ព្រោះ​គាត់​និយាយ​រឿង​អតីតកាល​មិនមែន​និយាយ​រឿង​បច្ចុប្បន្នកាល។ អ៊ីចឹង​ពេលនោះ​ពួក​អន្តរជាតិ​ភាគច្រើន​គេ​បាន​គិត​និង​នៅ​ក្នុង​ទ្រឹស្ដី​របស់​គេ ថា វា​ជា​ការ​ឈ្លានពាន​ហើយ។ ប្រសិនបើ​មាន​ប្រតិកម្ម​ចុះ​ឡើងៗ​វា​ធ្វើ​ឱ្យ​មាន​ការ​ជជែក​កាន់តែ​វែងឆ្ងាយ​ហើយ​មិន​សូវ​មាន​ចំណេញ​ដល់​ជាតិ​ផង​ទេ។ ផ្ទុយទៅវិញ​វា​នឹង​ធ្វើ​ឱ្យ​មានការ​រង្កៀស​ចិត្ត​គ្នា​ខ្លះ នៅ​ក្នុង​ទំនាក់ទំនង​ក្នុង​អាស៊ាន​ជាពិសេស​សិង្ហ​បុរី»

លោក​បន្ត​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ការពារ​ថា វៀតណាម​មក​ជួយ​សង្គ្រោះ​មិនមែន​មក​ឈ្លាន ពាន​នេះ ដោយសារតែ​កាលនោះ​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​រួមមាន​លោក ហ៊ុន សែន បាន​រត់​ទៅ​ពឹង​ឱ្យ​វៀតណាម​ជួយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម។

ក្រុម​អ្នក​សិក្សា និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​សុទ្ធតែ​អះអាង​ថា ប្រទេស​សមាជិក​ស្ថាបនិក​អាស៊ាន​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​កម្ពុជា​ចេញពី​ការឈ្លានពាន និង​គ្រប់គ្រង​របស់​វៀតណាម​ចាប់​តាំង​ពី​ចុង​ទសវត្ស​ទី​៧០ រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ ក៏ប៉ុន្តែ​គុណសម្បត្តិ​នេះ​ហាក់​មិនសូវ​មានការ​អារម្មណ៍​និង​ដឹង​លឺ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ឡើយ​ដោយសារតែ​កង្វះ​ការស្រាវជ្រាវ​និង​ការ​ផ្សព្វផ្សាយ។ ជាពិសេស​គឺ​របប​លោក ហ៊ុន សែន មិន​បាន​ឱ្យ​តម្លៃ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ឡើយ ប៉ុន្តែ​ឱ្យ​តម្លៃ​ខ្លាំង​ទៅលើ​ប្រទេស​វៀតណាម​ដែល​បាន​ចូល​ឈ្លានពាន​កម្ពុជា​និង​លើក​បន្តុប​ខ្លួន​ឱ្យ​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "“របប​ភ្នំពេញ​មិន​គួរ​ប្រតិកម្ម​ចំពោះ​មេដឹកនាំ​សិង្ហបុរី​ដែល​និយាយ​ការ​ពិត​ពី​វៀតណាម​ឈ្លាន​ពាន​កម្ពុជា”"

  1. so socheath says:

    so socheath
    June 10, 2019 at 6:19 am
    ​គណបក្សអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិតម្រូវឲ្យសមរង្ស៊ី ចូលស្រុកខ្មែរ មុនដំណាច់ឆ្នាំ២០១៩ ?
    ហាស! ហាស
    ក្រុមអាក្បត់ជាតិសមរង្ស៊ីលេងល្ខោនអត់រោង តែដដែលៗទេ !
    …………..
    ក្រុមអាក្បត់ជាតិសមរង្ស៊ីដែលចេះត្រឹមព្រុសដូចឆ្កែ ឥឡូវក្រុមនេះបានចេញសម្លេង
    ព្រុសដូចឆ្កែរបស់វាមកទៀតហើយ។
    សម្លេងព្រុសរបស់ក្រុមអាសមរង្ស៊ី គឺជាសំនៀងដដែលៗទេ ។
    ស្តាប់ចំរៀងដដែលៗរបស់ក្រុមអាពូជឆ្កែសមរង្ស៊ីបញ្ជាក់ថា
    ក្រុមអាពូជឆ្កែ សមរង្ស៊ីពេលនេះ ស្ថានភាពនយោបាយរបស់ក្រុមវា
    បានឈានចូលដល់សេចក្តីស្លាប់ជាទីបំផុតហើយ ។
    ព្រោះថាថា ផ្អែកលើសកម្មភាពនយោបាយដែលចេះត្រឹមព្រុសដូចឆ្កែដដែលៗរបស់ក្រុម
    អាពូជឆ្កែសមរង្សុដោយមិនឈរ លើភាពចម្រើនទៅមុខបែបនេះ វាគ្រាន់តែជាសិល្បះមួយ
    ដើម្បីលាក់បាំងនូវភាពកំសាក កំសោយខាងនយោបាយ
    ពិសេសគឺលាក់បាំងនូវឧបាយកលទុច្ចរឹតក្នុងការបោកប្រាស
    យកលុយមូលនិធិ៣០ម៉ឺនដុល្លារ ចែកគ្នាចាយលេង ជាថ្នូរនិងការសន្យាវិល
    ត្រឡប់របស់អាថោកជាងឆ្កែសមរង្ស៊ី ដែលមិនខុសអីពីលុយមូលនិធិទូរទស្សន៍ព្រះអាទឹត្យ
    ជាងលានដុល្លារ ដែលក្លាយទៅជាស្រមោលក្នុងអារម្មណ៍អ្នកគាំទ្រនោះឡើយ។
    ពិតណាស់ មកដល់ពេលនេះអាពូជឆ្កែសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា គ្មានជំហជាក់លាក់
    ណាមួយ ខាងផ្នែកនយោបាយទេ ។
    ពួកវាបានត្រឹមប្រើប្រាស់ពេលវេលាដង្ហើមចុងក្រោយរបស់ពួកវា ដើម្បីបោកប្រាស តាមរយះ
    ការភូតកុហកញុះញង់ អុចអាលក្នុងចំរៀងដដែលៗដែលសូម្បីតែពួកវាដឹងយ៉ាងច្បាស់ថា
    ទោះពួកវាប្រឹងយ៉ាងណាក៍គ្មានបានផលក្តី ។
    ប៉ុន្តែថា សម្រាប់ចម្រៀងទាល់ទំនុករបស់ពួកវា ថ្វីត្បឹតវា
    មិនបានផលប្រយោជន៍ខាងនយោបាយ តែវាបានផ្តល់នូវផលចំណេញចំពោះមុខ នោះគឺពួកវា
    ទទួលបានលុយដែលបានពីក្រុមជនឆោតល្ងង់ ដែលស្ថិតនៅក្នុងបននយោបាយរបស់
    ពួកវានេះឯង។
    ដូចនេះ ចង់មិនចង់ អាក្បត់ជាតិសមរង្ស៊ី និងបក្សពួកវា
    ដាច់ខាតត្រូវតែលេងល្ខោនបែបនេះ បើទោះបី វាអត់រោងក្តី៕