ក្រសួង​ព័ត៌មាន​ថា កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី ផ្ដោត​លើ​បញ្ហា​សាកល មិន​ផ្ដោត​លើ​បញ្ហា​កម្ពុជា

ដោយ ហេង រស្មី
2019-06-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រសួង​ព័ត៌មាន។ Photo: RFA
ក្រសួង​ព័ត៌មាន។ Photo: RFA


សង្គម​ស៊ីវិល​ចង់​ឲ្យ​កិច្ចប្រជុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី ពិភាក្សា​ពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា


ក្រសួង​ព័ត៌មាន​អះអាង​ថា កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី១៦ ជា​កិច្ចប្រជុំ​ដែល​ផ្ដោត​លើ​បញ្ហា​សាកល​ ហើយ​នឹង​មិន​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើយ។ អង្គការសង្គម​ស៊ីវិល​ថា ព្រឹត្តិការណ៍​នេះ​គួរ​តែ​មាន​របៀបវារៈ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន បើ​ពុំ​ដូច្នេះ​ទេ ព្រឹត្តិការណ៍​នេះ​នឹង​មិន​អាច​រួម​ចំណែក​ដល់​ការ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​បាន​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ មិថុនា​ថា កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​លើក​ឡើង​អំពី​ប្រធាន​បទ​ជាច្រើន​ ក្នុង​នោះ​មាន​ជាអាទិ៍ ​បដិវត្តន៍​ឌីជីថល ការ​កំណត់​ចក្ខុ​វិស័យ​ព័ត៌មាន​ក្នុង​សម័យ​ឧស្សាហកម្មទី៤​ បញ្ហា​ព័ត៌មាន​ក្លែងក្លាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប​ ជាដើម​។ លោក​ថា អ្នក​ចូលរួម​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ និង​​បទ​ពិសោធន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ទៅ​តាម​ប្រធាន​បទ​នីមួយៗ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា នឹង​មិន​មាន​ការ​លើក​យក​ប្រធាន​បទ​ស្ដីពី​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មក​ជជែក​ក្នុង​កិច្ច​ប្រជុំ​នេះ​ឡើយ៖ «ភាគ​ច្រើន​យើង​ផ្ដោត​ទៅ​លើ​​បច្ចេកទេស​ក្នុង​ប្រទេស​នីមួយៗ ដើម្បី​ស្វែង​យល់ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បទពិសោធន៍ និង​មេរៀន​ល្អៗ ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​ឌីជីថល ក្នុង​បច្ចេកវិទ្យា​ឧស្សាហកម្ម​ទី៤ ហ្នឹង»

កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី១៦ ចាប់​ពី​ថ្ងៃទី១០ ដល់​ទី១៤ មិថុនា ហើយ​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ឡើង​ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​ធំ នៅថ្ងៃទី១២ មិថុនា ខាងមុខ។ កិច្ច​ប្រជុំ​ថ្នាក់​អន្តរជាតិ​នេះ មាន​ការ​ចូល​រួម​ពី​ប្រតិភូ​ចំនួន៤២ ប្រទេស ក្រុម​អង្គការសង្គម​ស៊ីវិល​ តំណាង​វិស័យ​ឯកជន​ និង​អ្នក​ជំនាញ​ជាច្រើន​នាក់​ទៀត។ ​ភាគី​កម្ពុជា​គ្រោង​លើក​ឡើង​អំពី​ប្រធាន​បទ “ការ​ចាប់​យក​បដិវត្តន៍​ឌីជីថល” ទៅ​ជជែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។

លោក មាស សុភ័ណ្ឌ បន្ថែម​ថា កិច្ច​ប្រជុំ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​កម្ពុជា មាន​ជា​អាទិ៍ ការ​ស្វែង​យល់​បន្ថែម​អំពី​បដិវត្តន៍​ឌីជីថល​ ការ​ទទួល​ស្គាល់​ថា កម្ពុជា​មាន​សេរីភាព​សារព័ត៌មានល្អ​ប្រសើរ និង​ការ​ផ្សព្វផ្សាយ​អំពី​កិត្យានុភាព​ជាតិ​តាម​រយៈ​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​មក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ។

ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ យល់​ឃើញ​ថា ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​ជួយ​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​របស់​​អង្គការ​សហប្រជាជាតិ​បែបនេះ គួរតែ​មាន​ការ​ជជែក​គ្នា​អំពី​បញ្ហា​ធ្លាក់​ចុះ​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន​​នៅ​កម្ពុជា។

អនុប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ស ម៉ូរី ថ្លែង​ថា ស្រប​ពេល​ដែល​សេរីភាព​បញ្ចេញមតិ​ និង​សេរីភាព​សារព័ត៌មាន​កំពុង​រង​ការ​រឹតត្បិត​ខ្លាំង​ កម្មវិធី​ទាំងមូល​មិន​គួរ​ផ្ដោត​តែ​ទៅលើ​រឿង​បដិវត្តន៍​ឌីជីថល និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នោះ​ឡើយ។ លោក​បន្ត​ថា ភាគី​អន្តរជាតិ​គួរ​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ទៅ​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ការពារ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ បើ​ពុំ​ដូច្នេះ​ទេ​លោក​ថា កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​មិន​ផ្តល់​ផល​អ្វី​ជាដុំ​កំភួន​ដល់​កម្ពុជា​ឡើយ៖ «កម្មវិធី​អន្តរជាតិ​បែបនេះ ជា​ឱកាស​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បក​ស្រាយ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ដែរ​អំពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ហើយ​ជា​ឱកាស​មួយ​ដែល​គាត់​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​នាម​ជា​សមាជិក​នៃ​កតិកាសញ្ញា​ស្ដី​អំពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ប្រទេស​កម្ពុជា​យើង​បាន​ផ្ដល់​សច្ចាប័ន ក៏​ដូចជា​គោរព​តាម​ស្មារតី និង​​គោល​ការណ៍​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា»

អង្គការ​ជាតិ និង​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ដុន​ដាប​​ខ្លាំង​ចាប់​ពី​ចុង​ឆ្នាំ២០១៧ រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​សារ​តែ​ការ​បង្ក្រាប​ឥត​ត្រាប្រណី​ពី​សំណាក់​របប​ក្រុង​ភ្នំពេញ​ទៅ​លើ​ស្ថាប័ន​ និង​អ្នក​សារព័ត៌មាន​ ដែល​មិន​ព្រម​ធ្វើ​តាម​ខ្សែ​ញាក់​របស់​របប​នេះ។

ឧទាហរណ៍​ត្រួសៗ ស្តីពី​ការ​វាយ​បង្ក្រាប​នេះ​ មាន​ជាអាទិ៍ ការ​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​បិទ​ហ្វ្រេកង់​វិទ្យុ​ជាង៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​វិទ្យុ​អាស៊ី​សេរី​រហូត​ដល់​បិទ​ការិយាល័យ​នៅ​ភ្នំពេញ ការ​ចាប់​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ដោយ​បំពាន ការ​ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​រិះគន់​តាម​ហ្វេសប៊ុក និង​ការ​ប៉ុន​ប៉ង​បង្កើត​ច្បាប់​គ្រប់​គ្រង​អ៊ិនធើណិត​ជា​ដើម។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចាត់​ទុក​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី១៦ នេះ​ថា ជា​ការ​ចំអក​ឡកឡឺយ​ដល់​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន ពី​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​អ្នក​ដែល​បាន​វាយ​កម្ទេច​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​របស់​ខ្លួន។ អង្គការ​អន្តរជាតិ​មួយ​នេះ ​ជំរុញ​ឱ្យ​អង្គការ​យូណេស្កូ (UNESCO) និង​ប្រទេស​ទាំង​ឡាយ ដែល​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​លោក ហ៊ុន សែន ដោយ​​ទាម​ទារ​ឱ្យ​មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន និង​អនុញ្ញាត​ឱ្យ​ស្ថាប័ន​​ព័ត៌មាន​ឯករាជ្យ​ អាច​​បើក​ដំណើរ​ការ​ឡើង​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles