អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ​ជុំ​វិញ​ការ​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សា

ដោយ ទីន ហ្សាការីយ៉ា
2019-06-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ​ជុំ​វិញ​ការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​របប​លោក ហ៊ុន សែន កំពុង​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី១៦ នៅ​ខេត្ត​សៀម​រាប។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី១៦ នេះ​ថា ជា​ការ​ចំអក​ឡកឡឺយ​ដល់​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​សារព័ត៌មាន។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ស្នើ​ឱ្យ​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​គាប​សង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​ទាំង​អស់។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ មុន​ពេល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី១៦ ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ទី១៤ មិថុនា​ខាង​មុខ។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​អភិវឌ្ឍន៍​ការ​ផ្សព្វផ្សាយ (AIBD)។ វិទ្យាស្ថាន​នេះ​ ត្រូវ​​បាន​បង្កើត​ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​យូណេស្កូ (UNESCO) ដែល​ជា​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ មាន​អាណត្តិ​ការងារ​ការពារ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​​វាយ​កម្ទេច​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បណ្ដាញ​​សង្គម​នៅ​កម្ពុជា​នោះ នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នេះ។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក​ ហ្វីល រ៉ូបឺតសុន​ (Phil Robertson) បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ នៅថ្ងៃទី០៩ មិថុនា ថា វា​ជា​រឿង​មិន​សម​ទំនង​ទាល់​តែ​សោះ ដែល​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​អង្គការ​សហប្រជាជាតិ​បែបនេះ ត្រូវ​បាន​រៀប​ចំ​​ឡើង​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​បិទ​កាសែត​ឯករាជ្យ រំលាយ​កម្មវិធី​វិទ្យុ ដែល​ហ៊ាន​រិះគន់ និង​គ្រប់​គ្រង​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​យ៉ាង​ណែន​ពេញ​ដៃ។ លោក​ជំរុញ​ឱ្យ​អង្គការ​យូណេស្កូ (UNESCO) និង​​ប្រទេស​ទាំង​ឡាយ​ដែល​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​លោក ហ៊ុន សែន ហើយ​ទាម​ទារ​ជា​សាធារណៈ​ឱ្យ​មាន​ការ​បញ្ឈប់​ទង្វើ​យាយី​លើ​អ្នក​សារព័ត៌មាន និង​អនុញ្ញាត​ឱ្យ​អង្គភាព​ព័ត៌មាន​ឯករាជ្យ​ អាច​​បើក​ដំណើរ​ការ​ឡើង​វិញ​បាន។ ​ ​

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក មាស សុភ័ណ្ឌ ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ​ថា ជា​ការ​បំពុល​បរិយាកាស។ លោក​ថ្លែង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​លើក​កម្ពស់ និង​ការពារ​ដោយ​ច្បាប់។ លោក​បន្ថែម​ថា ​ការ​ជ្រើស​រើស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​នៅ​ពេល​នេះ បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ប្រសើរ។ លោក​អះអាង​ទៀត​ថា ​ចំណាត់​ការ​ទាំងឡាយ​លើ​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​នា​ពេល​កន្លងមក​នោះ គឺ​ជា​ការ​អនុវត្ត​​ច្បាប់​របស់​រដ្ឋាភិបាល៖ «ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​សេរីភាព​សារព័ត៌មាន​ សេរីភាព​បញ្ចេញ​មតិ អ៊ីចឹង​ហើយ​បាន​ជា​អង្គការ AIBD នេះ សម្រេច​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ក្នុង​​កិច្ច​ប្រជុំ​លើក​ទី១៦ នេះ​ឯង»

ការ​បកស្រាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ថ្លែង​ថា ការ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​អន្តរជាតិ​​នេះ មិន​មែន​បានន័យ​​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត លោក​ថា ប្រសិន​បើ​ភាគី​ពាក់​ព័ន្ធ​មិន​បាន​លើក​សំណើ ឬ​​អនុសាសន៍​​ ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ទេ នោះ​កិច្ច​ប្រជុំ​នេះ​នឹង​គ្រាន់​តែ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា និង​ថវិកា​ប៉ុណ្ណោះ។ លោក​បន្ថែម​ទៀត​ថា មក​ដល់​ពេល​នេះ ស្ថាន​ភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មិន​ទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​​នៅឡើយ​ទេ៖ «បើ​ព្រឹត្តិការណ៍​ហ្នឹង​អាច​ជួយ​ជំរុញ​ឱ្យ​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យើង​កាន់​តែ​ល្អ​ប្រសើរ អា​ហ្នឹង​ជា​ព្រឹត្តិការណ៍​មួយ​​ដែល​វា​​ជួយ​ច្រើន​​។ ក៏​ប៉ុន្តែ បើ​វា​គ្រាន់​តែ​ជា​ការ​ជួប​ជុំ​ ហើយ​មិន​បាន​ដាក់​នូវ​ការ​ស្នើ​ណា​មួយ ឬ​អនុសាសន៍​ណាមួយ ដើម្បី​ជំរុញ​ឱ្យ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ផ្នែក​សារព័ត៌មាន​ ខ្ញុំ​គិត​ថា ព្រឹត្តិការណ៍​ហ្នឹង​ក៏​វា​ដូច​ជា​មិន​មាន​ផល​ផ្លែផ្កា​អី​សំខាន់​ដែរ»

សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ដុនដាប​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៧ រហូត​មក ដោយសារ​ការ​បង្ក្រាប​ឥត​ឈប់​ឈរ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។ របប​នេះ​​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បិទប្រកង់វិទ្យុជាង៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ធ្វើ​ទុក​បុក​ម្នេញ​វិទ្យុ​អាស៊ី​រហូត​ដល់​បិទ​ការិយាល័យ​នៅ​ភ្នំពេញ ចាប់​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ដោយ​បំពាន ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​រិះគន់​តាម​ហ្វេសប៊ុក និង​ការ​ប៉ុន​ប៉ង​បង្កើត​ច្បាប់​គ្រប់​គ្រង​អ៊ីនធឹណិត​ជាដើម។ ទាំង​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ត្រួសៗ ដែល​បង្ហាញ​ពី​ការ​ប​វាយ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ប៉ុណ្ណោះ នៅ​មាន​រឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​របប​នេះ​បាន​ធ្វើ​ ដើម្បី​បំបិទ​សំឡេង​ឯករាជ្យ និង​សំឡេង​រិះគន់។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្លែង​ថា របប​លោក ហ៊ុន សែន បាន​ធ្វើ​រឿង​ជ្រុល​ហួសហេតុ​ជាច្រើន​ ដើម្បី​បំបិទ​សារព័ត៌មាន​ដ៏​រស់រវើក​នៅ​កម្ពុជា។ ហេតុ​ដូច្នេះ លោក​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ និង​ដៃ​គូ​ពាណិជ្ជកម្ម​ទាំងឡាយ ត្រូវ​ដាក់​ចេញ​នូវ​វិធាន​ការ​ច្បាស់លាស់​លើ​របប​លោក ហ៊ុន សែន ដែល​មិន​ព្រម​បញ្ឈប់​ការ​វាយ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ​ជុំ​វិញ​ការ​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សា"

  1. so socheath says:

    អា ហ្វីល រ៉ូប៊ឺតសុន (Ah !Phil Robertson) វាគ្រាន់តែជាឆ្កែដ៏កំសត់ និងគួរឲ្យអស់សំណើចប៉ុណ្ណោះ !

Leave a Reply

Submit Comment