កម្មករ-កម្មការិនី ១៦នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ អាស៊ីសេរី
2019-06-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្មករ​ចំនួន ១៦នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​រថយន្ត​​បុក​គ្នា​មួយ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម៉ោង ៦ និង ៣០នាទី​ព្រឹក ថ្ងៃ​ទី១១ មិថុនា។ រូប៖ ហ្វេសប៊ុក​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា
កម្មករ​ចំនួន ១៦នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​រថយន្ត​​បុក​គ្នា​មួយ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម៉ោង ៦ និង ៣០នាទី​ព្រឹក ថ្ងៃ​ទី១១ មិថុនា។ រូប៖ ហ្វេសប៊ុក​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា


យ៉ាង​ហោច​ណាស់​កម្មករ​ចំនួន ១៦នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​រថយន្ត​​បុក​គ្នា​មួយ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម៉ោង ៦ និង ៣០នាទី​ព្រឹក ថ្ងៃ​ទី១១ មិថុនា។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​អាស៊ី​សេរី​ថា កម្មករ ១០នាក់ រង​របួស​ធ្ងន់ និង ៦នាក់​ទៀត​រង​របួស​ស្រាល ប៉ុន្តែ​គ្មាន​អ្នក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ។ ភ្លាមៗ ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង ១៦នាក់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន ប្រាប់​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក (Fresh news) ថា ក្នុង​រថយន្ត​តួរីស មាន​កម្មករ​ជិះ​សរុប ៣៥នាក់។ កម្មករ​រង​របួស​ទាំង ១៦នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ២នាក់ និង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ ១៤នាក់។

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់​ថា មិន​ទាន់​ដឹង​ថា កម្មករ​ទាំង​នោះ​ធ្វើការ​នៅ​រោងចក្រ​ណា​ទេ ប៉ុន្តែ​កម្មករ​ភាគ​ច្រើន នៅ​ក្នុង​ឡាន​ដែល​ជួប​គ្រោះ​ថ្នាក់​នោះ ជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​តាកែវ ហើយ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​នៅ​ម៉ោង ៦ និង ៣០នាទី​ព្រឹក​ថ្ងៃ​ទី១១ មិថុនា នៅ​ចំណុច​សេះ​ស ផ្លូវ​ជាតិ​លេខ៤១ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ៤០ និង ៤១ ស្ថិត​នៅ​ភូមិ​តា​ដែង ឃុំ​ពោធិ៍​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​បុក​គ្នា​នៅ​ខេត្ត​កំពង់ស្ពឺ តែង​កើត​ឡើង​ញឹក​ញាប់។ នៅ​ស្រុក​ឧត្ដុង្គ កាល​ពី​ព្រឹក​ថ្ងៃ​ទី៤ ខែ​មេសា កម្មករ ៥នាក់​រង​របួស​ដាច់​ដៃ​ម្ខាង និង ៧នាក់ បាក់​ដៃ បែក​ក្បាល ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ពេល​កម្មករ​ជិះ​រថយន្ត​ទៅ​ធ្វើការ​នៅ​ខេត្ត​កំពង់ឆ្នាំង។ កម្មករ ៥នាក់​ ដែល​ដាច់​ដៃ​ម្ខាង​ម្នាក់ គឺ​ដោយសារ​រថយន្ត​ដឹក​កម្មករ​កៀរ​គ្នា​ជាមួយ​រថយន្ត​ដឹក​ជី ពេល​ដែល​កម្មករ​ទាំង​នោះ​ជិះ​រថយន្ត​ឈរ ហើយ​ដាក់​ដៃ​ម្ខាង​តាម​ប្រឡោះ​ទ្រុង​រថយន្ត​តោង​ពី​ខាង​ក្រៅ។

ទំព័រ​ហ្វេសប៊ុក​របស់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ សរសេរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​ រវាង​រថយន្ត​តួរីស​ដឹក​កម្មករ​រោងចក្រ ម៉ាក​សាំងយ៉ុង (Ssangyong) និង​រថយន្ត​ធុន​ធំ​សម្រាប់​ដឹក​ស៊ីម៉ង់ត៍ ដែល​បើក​បញ្ច្រាស​ទិស​គ្នា។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា សរសេរ​លើ​ហ្វេសប៊ុក​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ដំណើរ នៅ​តែ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​កម្មករ និង​ជា​ប្រធាន​បទ​ក្ដៅ ដែល​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​មាន​យន្តការ​ដោះ​ស្រាយ​ជា​បន្ទាន់។

កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា កម្មករ​រោងចក្រ យូលី ខេត្ត​ស្វាយរៀង ប្រមាណ ៦០នាក់ បាន​រង​របួស ធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​គ្នា៕

រូប​ពី​ហ្វេសប៊ុក​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment