ក្រសួង​ការងារ​បង្ហាញ​នីតិវិធី​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ

សិទ្ធិ​មនុស្ស


រូបឯកសារ៖ កម្មករ​រោងចក្រកំពុងធ្វើការនៅក្នុងរោងចក្រមួយនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៤។​


11 មិថុនា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

ក្រសួង​ការងារ​បាន​កំណត់​ថា៖ «កម្មករ​និយោជិត​ពេញសិទ្ធិ​ ដែល​បាន​បំពេញ​ការងារ​ក្នុង​សហគ្រាស​ គ្រឹះស្ថាន​ យ៉ាង​តិច​ចំនួន​ ២១ថ្ងៃ​ ត្រូវ​ចាត់​ទុក​ថា​ បំពេញ​ការងារ​បាន ​១​ខែ​ពេញ​ ដែល​អាច​ទទួល​បាន​ប្រាក់​បំណាច់​អតីត​ភាព​ការងារ»។

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​អំពី​ដំណើរការ​និង​រូបមន្ត​នៃ​ការ​បើក​រំលឹក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩​ និង​ការ​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយ​ៗ​ចាប់​ពី​ឆ្នាំ​២០១៩។ នេះ​បើ​តាម​សេចក្តី​ណែនាំ​ពីរដាច់​ដោយ​ឡែក​ពីគ្នា​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាល​ពីថ្ងៃចន្ទ។

សេចក្តី​ណែនាំ​ទាំងពីរ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារកាល​ពី​ថ្ងៃ​ទី​១០ ខែមិថុនា​កន្លង​ទៅ​នេះ​ នឹង​ត្រូវ​ប្រើ​សម្រាប់​សហគ្រាស​ គ្រឹះស្ថាន​ផ្នែក​វាយនភណ្ឌ​ កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង។

ក្នុង​សេចក្តី​ណែនាំ​ស្តីពី​កា​របើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ ក្រសួង​ការងារ​បាន​បង្ហាញ​ពី​របៀប​នៃ​ការ​គិត​ពី​អតីត​ភាព​ការងារ ដែល​មាន​រយៈពេល​ខ្ពស់​បំផុត​ ១៥៦​ថ្ងៃ​ ស្មើ​នឹង​ចំនួន​ឆ្នាំ​ ដែល​បាន​បម្រើ​ការងារ​ចំនួន​ ១១​ឆ្នាំ​ និង​អតីតភាព​ការងារ​ដែល​មាន​រយៈពេល​ទាប​បំផុត​ត្រឹម​ ១៥​ថ្ងៃ​ ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​បាន​បម្រើ​ការងារ​ចំនួន​មួយ​ឆ្នាំ។

ក្រសួង​ការងារ​បាន​កំណត់​ថា៖ «កម្មករ​និយោជិត​ពេញសិទ្ធិ​ ដែល​បាន​បំពេញ​ការងារ​ក្នុង​សហគ្រាស​ គ្រឹះស្ថាន​ យ៉ាង​តិច​ចំនួន​ ២១ថ្ងៃ​ ត្រូវ​ចាត់​ទុក​ថា​ បំពេញ​ការងារ​បាន ​១​ខែ​ពេញ​ ដែល​អាច​ទទួល​បាន​ប្រាក់​បំណាច់​អតីត​ភាព​ការងារ»។

មាន​ការ​កំណត់​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​ ដែល​ធានា​ថា​ កម្មករ​និយោជិត​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ អាច​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ក្នុងនោះ​ថិរវេលា​នៃ​ការ​ឈប់​សម្រាក​លំហែ​ មាតុភាព​ គ្រោះថ្នាក់​ការងារ​ និង​ការ​ឈប់​សម្រាក​ដោយ​ជំងឺ​ ត្រូវ​រាប់​បញ្ចូល​ជា​អតីត​ភាពការងារ​ ដើម្បី​គិត​ប្រាក់​បំណាច់​អតីត​ភាព​ការងារ។

ក្រសួង​ការងារ​ បាន​បញ្ជាក់​បន្ថែម​ថា៖

«រាល់​ការ​ទូទាត់​ប្រាក់បំណាច់​អតីតភាព​ការ​ងារ​ក្នុង​ឆមាស​នីមួយៗ​ និយោជក​និង​កម្មករ​និយោជិត​ត្រូវ​រក្សា​ទុក​នូវ​ឯកសារ​ជា​ភស្តុ​តាង​ដែល​មាន​ចុះ​ហត្ថលេខា​ ឬ​ស្នាម​ម្រាមដៃ​យល់​ព្រម​របស់​ភាគី​ទាំង​ពីរ​ ឬ​ឯកសារ​ដែល​មាន​តម្លៃ​ស្មើ»។

លោក​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ប្រាប់​ VOA ​តាម​សារ​ឆ្លើយ​ឆ្លង​នៅ​លើ​បណ្តាញ​សង្គម​មួយ​ថា​ ​ការ​ចេញ​សេចក្តី​ណែនាំ​នេះ​ គ្រាន់​តែ​ជា​ការ​បញ្ជាក់​ជា​ថ្មី​ នៅក្នុង​ការ​រៀបចំ​របស់​រដ្ឋាភិបាល​ ដើម្បី​ជំរុញ​ដល់​ខាង​ភាគី​និយោជក​ ឲ្យ​គិតគូ​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ។


SEE ALSO:

លោក ហ៊ុន សែន ព្រមាន​ក្រុម​អ្នក​តវ៉ា​ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ប្រចាំ​ឆ្នាំ​ថា​អាច​ធ្វើ​ឱ្យ​ឧស្សាហ​កម្ម​កាត់ដេរ​ប្រឈម​នឹង​គ្រោះថ្នាក់


ទោះបី​ជាយ៉ាង​ណា​ក៏ដោយ​ លោក​ថា​ នៅ​មាន​ចំណុច​មិន​ត្រូវគ្នារវាង​ខាង​ភាគី​សហជីព​ និង​និយោជក​ ក៏ដូចជា​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ លើ​ការ​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ បើ​មើល​ទៅ​តាម​ប្រភេទ​នៃ​កិច្ច​សន្យា​ការងារ។

«ការ​បើក​នេះ​ គឺ​សំដៅ​កិច្ច​សន្យា​មិន​កំណត់​ ហើយ​ចំពោះ​ ហើយ​ចំពោះ​កម្មករ​និយោជិត​ណាដែលគាត់​ធ្វើកិច្ច​សន្យា​កំណត់​ ហើយ​ក្លាយ​ជា​មិន​កំណត់​ តែ​គាត់​បាន​បើក​ហើយ​ហ្នឹង​ គឺ​ក្នុង​ប្រកាស​ហ្នឹង​គឺ​សេចក្តី​ណែនាំ​ហ្នឹង​គឺ​អត់​បាន​ឲ្យបើក​ទៀត​ទេ»។

ក្នុង​សេចក្តី​ណែនាំ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ក្រសួង​ការងារ​ក៏បាន​ផ្តល់​ការ​ពន្យល់​ពីរ​បៀបនៃ​ការ​គណនា​អតីតភាព​ការងារ​ថ្មី និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​នីមួយៗ​ ចាប់​ពី​ឆ្នាំ​២០១៩។

ត្រង់​ចំណុច​និយាយ​ពី​របៀបនៃ​ការ​គណនា​អតីតភាព​ការងារ​ថ្មី​នេះ​ ក្រសួង​បាន​បញ្ជាក់​ថា​ ចាប់​ពីឆ្នាំ​ ២០១៩​តទៅ អតីតភាព​ការងារ​របស់​កម្មករ​និយោជិត​សម្រាប់​ទទួល​បាន​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ត្រូវ​គិត​ក្នុង​រយៈ​ពេល​១ឆមាស​ (៦ខែ) ​ម្តង​ គឺ​ឆមាស​ទី១​ ពីខែ​មករា​ ដល់​ខែ​មិថុនា​ និង​ឆមាស​ទី​២ ពី​ខែ​កក្កដា​ដល់​ខែ​ធ្នូ។

ក្រសួង​បាន​លើកឡើង​អំពី​ករណី​ដែល​កម្មករ​មិន​អាច​ទទួល​បាន​ប្រាក់បំណាច់​អតីតភាព​ការងារ​ពីឆ្នាំ ​២០១៩​ ក្នុង​ន័យ​ដើម​ថា៖ «​ក្នុង​ករណី​ដែល​កម្មករ​និយោជិត​បាន​លាឈប់​ពី​ការងារ​មុន​ដំណាច់​ខែ​មិថុនា​ ឬ​ខែ​ធ្នូ​នោះ​ នឹង​មិន​ត្រូវ​បានទទួល​នូវ​ប្រាក់​បំណាច់​អតីតភាព​ការ​ងារ​នៅ​ក្នុង​ឆមាស​នីមួយៗ​នោះ​ទេ»។

រីឯ​ ប្រាក់​បំណាច់​អតីតភាព​ការងារ​គិតពី​ឆ្នាំ ២០១៩​ នឹងត្រូវ​បើក​ជាមួយ​នឹង​ប្រាក់​ឈ្នួល​ ដែល​កម្មករ​និយោជិត​ត្រូវ​ទទួល​បាន​លើក​ទី​២​ (១ខែបើក​២ដង​) សម្រាប់​ខែ​មិថុនា​ និង​ខែ​ធ្នូ។

តាម​លក្ខខណ្ឌ​នៃ​ការ​ផ្តល់ជូន​ប្រាក់​អតីតភាព​ការងារ​ ​និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​គិត​ចាប់​ពី​ឆ្នាំ ២០១៩​នេះ ក្រសួង​ការងារ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ទូទាត់​សំណង​ជូន​កម្មករ​ ក្នុង​ករណី​មាន​ការ​បញ្ឈប់។

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ ខេន​ លូ(Ken Loo)​ ​អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMACតែ​លោក​សុំ​មិន​ទាន់​ផ្តល់​ការ​អធិប្បាយ​ ដោយសារ​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​វៀតណាម។

VOA ​ក៏មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ហេង​ សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ដែរ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

មុនការ​ចេញ​សេចក្តី​ណែនាំ​ស្តី​ពីការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩​ និង​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុងឆ្នាំ​នីមួយៗ ​ចាប់​ពី​ឆ្នាំ​២០១៩​នេះ ក្រុម​កម្មករ​រាប់​រយ​នាក់ ​បាន​ផ្ទុះ​ការ​តវ៉ា​នៅ​តាម​រោងចក្រ​មួយ​ចំនួន​តាំង​ពីចុង​ឆ្នាំ​២០១៨​ ដោយ​ទាមទារ​ឲ្យ​ថៅកែ​រោង​ចក្រ​ ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ នៅមុន​ឆ្នាំ​២០១៩​ទាំងអស់។

កម្មករ​បាន​បង្ហាញការបារម្ភថា​ ថៅកែ​រោងចក្រ​ នឹង​មិន​រំលឹក​ប្រាក់​អតីតភាព​ការងារ​ចាស់​ ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​អំពើខុស​ឆ្គង​ណាមួយ​ក្នុង​ពេល​ធ្វើ​ការ​ ឬ​ក៏មាន​វិវាទ​ជាមួយ​អ្នកគ្រប់​គ្រង​ក្នុង​រោងចក្រ។

ការ​តវ៉ា​បាន​ស្ងប់​ស្ងាត់​ទៅវិញ​ បន្ទាប់ពី ​មានការ​ព្រមាន​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ​មេដឹក​នាំ​កម្ពុជា ​អំពី​លទ្ធភាព​នៃ​ការ​ដួល​រលំ​របស់​រោងចក្រ​ដោយសារ​តែ​ការ​ទូទាត់​សរុប​លើ​ប្រាក់​អតីត​ភាព​ការងារនេះ។ លោក​ហ៊ុន សែន​ ក៏បានសន្យា​ថា​ រដ្ឋាភិបាល​នឹង​ទូទាត់ប្រាក់​បំណាច់​អតីតភាព​ជូន​កម្មករ​ ​បើ​ថៅកែ​រោងចក្រ​ក្ស័យ​ធន​ ឬ​គ្មាន​លុយ​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជូន​កម្មករ​នោះ។

ឧស្សាហកម្ម​កាត់ដេរ​ ​បាន​ផ្តល់​ការងារ​ជូន​កម្មករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ប្រមាណ​ជា​៧០ម៉ឺន​នាក់៕

What Next?

Recent Articles

Leave a Reply

Submit Comment