បទយកការណ៍៖ បុរស​​រង​គ្រាប់​កាំភ្លើង​ក្នុង​ជម្លោះ​ដី​ធ្លី ធ្លាក់​ខ្លួន​​ពិការ​​ ដង្ហោយ​រក​យុត្តិធម៌​ និង​ជំនួយ

លោក ពៅ សារ័ត្ន និងម្ដាយរបស់គាត់ គឺអ្នកស្រី ​អន អៀន ខណៈសម្រាកក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង​នៅខេត្តបាត់ដំបង ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

អស់រយៈពេលប្រមាណ៥ ខែមកហើយ ដែលបុរសរងគ្រាប់កាំភ្លើងម្នាក់ក្នុងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ គឺលោក ពៅ សារ័ត្ន ត្រូវរស់នៅក្នុងស្ថានភាពពិការមួយកំណាត់ក្រោមនៅលើគ្រែ ដោយមិនទាន់​អាចក្រោកអង្គុយបានផងនាពេលបច្ចុប្បន្ន។

ស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ ដោយគ្រួសារបុរសរងគ្រោះគ្មាន​ថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺឱ្យបានដិតដល់ឡើយ។

និយាយដោយ​គេងនៅលើគ្រែអ្នកជំងឺ ក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង​នៅខេត្តបាត់ដំបង លោក ពៅ សារ័ត្ន លើកឡើងថា គ្រួសារលោកមិនសង្ឃឹមប៉ុន្មាន​ទេ ថានឹងទទួលបានយុត្តិធម៌ ត្បិតគ្រួសារលោកជាអ្នកក្រ ទន់ខ្សោយ គ្មានឡើយសូម្បីថវិកាសម្រាប់ព្យាបាលជំងឺរបស់ខ្លួនឱ្យបានប្រសើរ។ ទោះយ៉ាងណាក្តី ​លោកនៅតែទាម​ទារ​ឲ្យ​ផ្ដល់​យុត្តិធម៌សម្រាប់​រូបលោក ដោយថា​ ប្រសិន​បើ​លោក​អាចដើររួច លោក​នឹង​តស៊ូ​ក្នុងរឿងក្តីក្តាំនេះ។

លោកបន្តថា៖ «(មិន)ដឹងស្នើទៅខាងណាទេបង បើយើងនៅឆ្ងាយអ៊ីចេះ។ ណាមួយយើងអត់ស្គាល់គេ មិនដឹងថា ស្នើតាមណាតាមណីអ៊ីចឹង។ នរណាដែលមិនចង់បានយុត្តិធម៌ បង! ត្រូវគ្រាប់អ៊ីចឹង តែងចង់បានយុត្តិធម៌ហើយ តែមិនដឹងស្នើទៅតាមណា ព្រោះយើងនៅឆ្ងាយ ហើយណាមួយខ្ញុំឈឺអ៊ីចេះ។ បើសិនខ្ញុំដើរបាន ដើរអី ខ្ញុំអាចដើរក្តីអីបាន ដល់ពេលយើងឈឺអីចឹង មានពេលណាទៅនេះបង (ស្វែងរកយុត្តិធម៌)»។

លោក ពៅ សារ័ត្ន ខណៈសម្រាកក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង​នៅខេត្តបាត់ដំបង ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះ​ខេត្តព្រះសីហនុ​ ប្រមាណ៣០០នាក់ ដឹកនាំដោយព្រះរាជអាជ្ញារង ហួត វិចិត្រ និងអភិបាលរងខេត្ត លោក ផៃ ប៊ុនវណ្ណៈ បាន​ចុះអនុវត្តសាលដីការបស់តុលាការកំពូល ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។

ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ លោក ពៅ សារ័ត្ន ដែលជាកម្មករសំណង់​ត្រូវបានគេ​​បាញ់​ចំ​ពីក្រោយត្រង់ស្មា​ខាងឆ្វេង ហើយគ្រាប់បៀមជាប់ឆ្អឹងខ្នងទៀតផង។

ប៉ុន្មានម៉ោងក្រោយមក យុវជន ពៅ សារ័ត្ន ទើបត្រូវបានគេបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ នារាជធានីភ្នំពេញ។ ជនរងគ្រោះរូបនេះ បានរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែ ត្រូវសម្រាកព្យាបាលជំងឺនៅភ្នំពេញប្រមាណ១ខែ ក្នុងស្ថានភាពមិនអាចកម្រើកមួយកំណាត់ក្រោមចង្កេះបានឡើយ។

គ្រួសារលោក ពៅ សារ័ត្ន បញ្ជាក់ថា ក្នុងពេលសម្រាកព្យាបាលជំងឺនៅភ្នំពេញ អាជ្ញាធរខេត្តព្រះសីហនុ ដែលដឹកនាំដោយអភិបាលខេត្តនេះ គឺលោក យន្ត មីន បានទៅសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាជាង២ពាន់ដុល្លារដែរ តែថវិកានេះមិនអាចទ្រទ្រង់ការចំណាយបានយូរអង្វែងឡើយ។

ម្តាយរបស់លោក ពៅ សារ័ត្ន ដែលជាស្ត្រីមេម៉ាយផងនោះ អ្នកស្រី ​អន អៀន មានប្រសាសន៍ថា ក្រោយពេល​ខ្វះថវិកាក្នុងការព្យាបាលនៅរាជធានីភ្នំពេញ​ អ្នកស្រីក៏សម្រេចចិត្តនាំកូនប្រុសមកស្រុកកំណើតនៅឯខេត្តបាត់ដំបងវិញ។

អ្នកស្រីបន្តថា ក្រោយមករស់នៅស្រុកកំណើតក្បែរព្រំដែនថៃមួយរយៈពេល ក៏មានការណែនាំពីសំណាក់អង្គការលីកាដូ ឱ្យមកសម្រាកព្យាបាលជំងឺនៅមជ្ឈមណ្ឌល​ស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង​នៅខេត្តបាត់ដំបង ដោយកន្លែងនេះគេមិនយកថ្លៃស្នាក់នៅ និងព្យាបាលទេ។

មជ្ឈមណ្ឌល​ស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង​នៅខេត្តបាត់ដំបង។ រូបភាព៖ សូត សុខប្រាថ្នា

ម្តាយរបស់​យុវជន​រូបនេះ បញ្ជាក់ថា មែនទែនទៅគ្រាន់តែសោហ៊ុយធ្វើដំណើរឡើងមកសម្រាកនៅទីរួមខេត្ត ក៏គ្រួសារអ្នកស្រីគ្មានផង ម្យ៉ាងដោយសារជំងឺកូនប្រុសរបស់គាត់ម្នាក់នេះ គ្រួសារអ្នកស្រីបានខ្ចីបុលប្រាក់គេប្រមាណ ២ពាន់ដុល្លាររួចទៅហើយ។

អ្នកស្រី បន្ថែមថា៖ «ហើយដល់មកនេះ អត់យកលុយទេ ពេទ្យអត់យកឈ្នួលយកអីទេ។ ប៉ុន្តែ យើងហូបចុកខ្លួនយើង ទិញសម្ភារអីខ្លួនយើង ដូចបង់បិតដំបៅ ស្អីៗក៏ដោយ យើងប្រើប្រាស់ខ្លួនយើង យើងទិញទាំងអស់។ ដល់អីចឹងហើយខ្វះលុយហ្នឹងឯង។ ខ្វះលុយ មានអី មានតែចងការប្រាក់គេ ទម្រាំនឹងបានចេញទៅរកសងគេ ចុះបើអត់មានបងប្អូនណាឱ្យ»។

អ្នកស្រីបានមកមើលថែកូនប្រុស នៅមជ្ឈមណ្ឌល​ស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងរយៈពេល ៣ខែមកហើយ ដោយបានទទួលជំនួយមនុស្សធម៌ខ្លះពីអង្គការសិទ្ធិមនុស្សលីកាដូ ប៉ុន្តែ មិនគ្រប់គ្រាន់ទេ។ ​ដោយឡែកអាជ្ញាធររដ្ឋវិញ អ្នកស្រីថា គ្មានការជួយឧបត្ថម្ភណាមួយទៀតទេ​។

អ្នកស្រីបញ្ជាក់ថា៖ «ហើយនេះ គ្រាន់(តែ)ថា នឹងឱ្យគាត់ជួយ បានលុយកាក់អ៊ីចឹងទៅ សួរនាំអ៊ីចឹងទៅ បានលុយបានកាក់មក ផ្តល់ឱ្យខ្ញុំខ្លះអ៊ីចឹងមកណា។ ចាស៎! ឱ្យកូនបានជា បានអ៊ីចឹងទៅ។ ចុះនេះអូនឯងឃើញហើយតើ! បានទៅធ្វើអីកើត ប៉ុណ្ណេះហើយ បួនប្រាំខែហើយនៅតែដេកស្តូកស្តឹង ហើយមីងទៅរកអីបាន»។

ក្រោយការបង្ក្រាបដោយហិង្សាលើពលរដ្ឋមានជម្លោះដីធ្លី រហូតធ្វើឱ្យលោក ពៅ សារ័ត្ន រងគ្រាប់កាំភ្លើងធ្ងន់ធ្ងរនោះ អាជ្ញាធរខេត្តព្រះសីហនុ និងអ្នកនាំពាក្យកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បដិសេធ ដោយថា មន្ត្រីរបស់ខ្លួនមិនបានបាញ់ទៅលើពលរដ្ឋក្នុងហេតុការណ៍ពេលនោះឡើយ។ ​

យ៉ាងនេះក្តី លោក អេង ហ៊ី កងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន​សម្រេច​ព្យួរ​ការងារ​មន្ត្រី​អាវុធ​ហត្ថ​ម្នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថាបាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ និង​ត្រូវ​បាន​កសាង​សំណុំ​រឿង​ទៅ​តុលាការ។ ចំណែកឯមេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុម្នាក់
និងមន្ត្រី៣​នាក់ទៀត​ត្រូវបានអង្គភាពដាក់ពិន័យ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ​សំណុំរឿងនេះ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ​បានបង្ហាញការទទួលខុសត្រូវ តាមរយៈការជួយដល់គ្រួសារជនរងគ្រោះនិងបានដោះស្រាយចប់សព្វគ្រប់រួចទៅហើយ។  ​

លោក បន្តថា នឹងពិភាក្សាគ្នាចំពោះការខ្វះខាតរបស់គ្រួសារជនរងគ្រោះ​បន្ថែមទៀត ហើយបើគ្រួសារលោក ពៅ សារ័ត្ន យល់ថា អយុត្តិធម៌បែបណានោះ គឺអាចស្វែងរកអ្នកប្រឹក្សាផ្នែកច្បាប់ដើម្បីជួយពួកគាត់បាន។

លោកបន្តថា៖ «បាទ! ផ្តល់ថវិកាក្នុងការព្យាបាល ហើយរឿងនេះទៀតសោធហ្នឹងក៏បាន ស្ថាប័នពាក់ព័ន្ធហ្នឹង ក៏គាត់មានការដាក់ពិន័យទៅលើមន្ត្រីដែលចុះអនុវត្តសាលដីកានៅពេលនោះផងដែរ។ មានដូចជា ស្ថាប័នកងរាជអាវុធហត្ថ មានយោធា ហើយរឿងនេះបើយើងនិយាយទៅដូចជាបានដោះស្រាយចប់សព្វគ្រប់ហើយ បើតាមខ្ញុំដឹង»។

ប្រធាន​ផ្នែក​ស៊ើប​អង្កេតអង្គការ​ការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថាមកទល់ពេលនេះ អាជ្ញាធររដ្ឋគ្មានឆន្ទៈក្នុងការរកយុត្តិធម៌ជូនលោក ពៅ សារ័ត្ន ឡើយ ហើយការទទួលខុសត្រូវរបស់រដ្ឋទៅលើគ្រួសារជនរងគ្រោះក៏មិនទាន់មានប្រាកដ​ដែរ។

​លោកថា បញ្ហានេះហើយ​ ​ធ្វើឱ្យជនរងគ្រោះ និងគ្រួសារគ្មានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ពិតប្រាកដពីរដ្ឋាភិបាល។

មន្ត្រីសង្គមស៊ីវិលដដែល យល់ថា ប្រសិនបើយុត្តិធម៌ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៅ​តែមិនអាចផ្តល់ជូនគ្រួសារជនរងគ្រោះបាន ប្រព័ន្ធច្បាប់កម្ពុជានឹងបន្តរងការរិះគន់បន្ថែមទៀត។

លោក មានប្រសាសន៍ថា៖ «បញ្ហាកើតឡើងទៅលើលោក ពៅ សារ័ត្ន គឺក្នុងអំឡុងពេលហ្នឹង​តែម្តង ហើយមិនបានបង្ហាញឆន្ទៈក្នុងការស្វែងរកយុត្តិធម៌ សម្រាប់លោក ពៅ សារ័ត្ន ហ្នឹងទេ។ អានេះវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរណាស់សម្រាប់ប្រព័ន្ធយុត្តិធម៌ សម្រាប់ការស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋ ដែលត្រូវបានរងគ្រោះ នៅក្នុងអំឡុងពេលដែលអាជ្ញាធរកំពុងតែប្រតិបត្តិ។ អាហ្នឹង យើងឃើញថា វាប៉ះពាល់ធ្ងន់ធ្ងរណាស់ ដែលធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ គេមើលឃើញថា វាជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរបំផុត»។

យុវជន ពៅ សារ័ត្ន រំលឹកថា ព្រឹត្តិការណ៍អាក្រក់ដែលកើតឡើងលើរូបលោកថា ពេលនោះ លោកមិនមែនជាអ្នកតវ៉ារឿងដីធ្លីនោះទេ ដោយ​លោកបានចេញទៅទិញម្ហូបសម្រាប់ញ៉ាំបាយពេលថ្ងៃត្រង់ និងបានឈប់មើលគេតវ៉ាមួយភ្លែតតែប៉ុណ្ណោះ។

លោកបង្ហាញការសោកស្តាយចំពោះហេតុការណ៍អាក្រក់នេះ ដោយថា បានប្រែវាសនារបស់ខ្លួនពីមនុស្សដែលធ្លាប់ដើរហើរ និងធ្វើការងាររកចំណូលជួយគ្រួសារបាន ​មកជាមនុស្សពិការមួយកំណាត់ក្រោមនាពេលប្ចុចុ្បន្ន សូម្បីតែបត់ជើងក៏ខ្លួនឯងមិនដឹងផង។

ម្តាយលោក ពៅ សារ័ត្ន អះអាងថា ក្នុងស្ថានភាពជំងឺរបស់កូនអ្នកស្រីបច្ចុប្បន្ន ពេទ្យបានប្រាប់ថាត្រូវ​សម្រាកព្យាបាលនៅមជ្ឈមណ្ឌល​ស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង​នេះ ប្រមាណ៦ ខែទៀត ទើបដឹងលទ្ធផលថា អាចដើរបាន ឬត្រូវសម្រាកនៅលើគ្រែបន្តទៀត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment