អ្នក​ការពារ​បរិស្ថាន​ស្នើសុំ​ឱ្យ​លោក ជា សុផារ៉ា លាលែង​​ពី​តំណែង ព្រោះ​អសមត្ថភាព​​ដោះ​ស្រាយ​​បញ្ហា​​ទឹក​​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ទីន ហ្សាការីយ៉ា
2019-06-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ខាង​ក្រោយ​សណ្ឋាគារ និង​កាស៊ីណូ​ចិន​​​ឈ្មោះ សាន់សាញ បេ (Sunshine Bay) ដែល​មាន​​ទីតាំង​នៅ​លើ​ឆ្នេរ​ឯករាជ្យ​នៃ​ក្រុង​ព្រះសីហនុ ដែល​សកម្មជន​ជន​បរិស្ថាន​បង្ហោះ​នៅ​លើ​​​​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ អង្គការ​មាតា​ធម្មជាតិ
ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ខាង​ក្រោយ​សណ្ឋាគារ និង​កាស៊ីណូ​ចិន​​​ឈ្មោះ សាន់សាញ បេ (Sunshine Bay) ដែល​មាន​​ទីតាំង​នៅ​លើ​ឆ្នេរ​ឯករាជ្យ​នៃ​ក្រុង​ព្រះសីហនុ ដែល​សកម្មជន​ជន​បរិស្ថាន​បង្ហោះ​នៅ​លើ​​​​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។ រូប៖ អង្គការ​មាតា​ធម្មជាតិ


ក្រុម​អ្នក​ការពារ​បរិស្ថាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​រៀប​ចំ​ដែន​ដី លោក ជា សុផារ៉ា លា​ឈប់​ពី​មុខ​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​តំបន់​ឆ្នេរ បន្ទាប់​ពី​ពួក​គេ​មើល​ឃើញ​ថា លោក​មិន​អាច​ដោះស្រាយ​បញ្ហា​ការ​បំពុល​ទឹក​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ កាលពី​ពេល​កន្លង​ទៅ រដ្ឋ​មន្ត្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ប្រាប់​ប្រជា​ពលរដ្ឋ​ថា ខេត្ត​ព្រះសីហនុ​ លែង​មាន​ការ​បំពុល​ទឹក​សមុទ្រ​ទៀត​ហើយ ក្រោយ​អាជ្ញាធរ​ចុះ​ដោះ​ស្រាយ។

ក្រុម​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ មិន​បាន​ថមថយ​នោះ​ទេ បើ​ទោះបី​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​បែប​ណា​ក្តី។

វីដេអូ​រយៈពេល​ជាង២ នាទី ដែល​ពួក​គេ​​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១០ មិថុនា បង្ហាញ​ថា ទឹក​កខ្វក់ ត្រូវ​បាន​គេ​បង្ហូរ​​ចូល​សមុទ្រ​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​ដែល​នៅ​ក្បែរ​នោះ​ប្រែ​ជា​ល្អក់ និង​មាន​ពណ៌​ខ្មៅ។ ពួក​គេ​បញ្ជាក់​ថា កន្លែង​ដែល​មាន​ការ​បង្ហូរ​ទឹក​កខ្វក់​នោះ មាន​នៅ​តាម​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា ឆ្នេរ​លំហែ​កាយ និង​ឆ្នេរ​កោះ​រ៉ុង ជា​ដើម៖ «បើ​ទោះ​បី​ជា​សណ្ឋាគារ កាស៊ីណូ ឬក៏​សំណង់​អាគារ​ផ្សេងៗ នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​ច្រោះ​សម្អាត​ទឹក​នៅ​ឡើយ​ ក៏​សំណង់​អាគារ​ទាំង​នោះ ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​សាងសង់​ ព្រម​ទាំង​បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ថានភាព​សមុទ្រ​នៃ​​ខេត្ត​ព្រះសីហនុ​របស់​យើង​សព្វ​ថ្ងៃ កាន់​តែ​អាក្រក់​ទៅៗ ជា​រៀង​រាល់​ថ្ងៃ»

ក្រុម​សកម្មជន​បរិស្ថាន​បន្ត​ថា ពួកគេ​បាន​បង្ហោះ​វីដេអូ​ជា​បន្ត​បន្ទាប់​អំពី​ទីតាំង​ដែល​មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ ដូច​ជា ចេញ​ពី​សណ្ឋាគារ និង​កាស៊ីណូ​ចិន និង​បំពង់​លូ​បង្កប់​ក្រោម​ដី​ជា​ដើម ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ចុះ​ដោះស្រាយ​រឿង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បែរ​ជា​បំភ័ន្ត​សាធារណជន​ថា ខ្លួន​បាន​ដោះស្រាយ​រឿង​ទាំងនេះ​រួច​ហើយ​ទៅ​វិញ។ ពួក​គេ​បាន​ទាម​ទារ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី លោក ជា សុផារ៉ា លាលែង​ចេញ​ពី​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ទុក​ឱកាស​ឱ្យ​មន្ត្រី​មាន​សមត្ថភាព​កាន់ការ​ងារ​នេះ​ជំនួស​វិញ ដើម្បី​ជួយ​សង្គ្រោះ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ៖ «ពួក​ខ្ញុំ​មិន​ដែល​ឃើញ​មាន​អន្តរាគមន៍​ណា​មួយ​ចេញ​ពី​ក្រុម​ការងារ​ឯកឧត្ដម​ ជា សុផារ៉ា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​ទាល់​តែ​សោះ។ ពួក​ខ្ញុំ​ចង់​សួរ​ទៅ​ឯកឧត្ដម​ថា តើ​ឯកឧត្ដម​គិត​ថា ឯកឧត្ដម​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ដែរ​ឬ​ទេ? ប្រសិន​បើ​ឯកឧត្ដម​ទទួល​ស្គាល់​ថា ឯកឧត្ដម​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ​វា​ទេ សូម​ឯកឧត្ដម​មេត្តា​ពិចារណា​លា​ឈប់​ពី​តំណែង ដើម្បី​ផ្ដល់​ឱកាស​ដល់​មន្ត្រី​ថ្មី​ ដែល​មាន​សមត្ថភាព​អាច​ជួយ​សង្គ្រោះ​សមុទ្រ ឬ​ឆ្នេរ​សមុទ្រ​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​យើង​ឱ្យ​បាន​ទាន់​ពេល​វេលា​ផង»

កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ លោក ជា សុផារ៉ា បាន​អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ខេត្ត​ព្រះសីហនុ​លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​​ទៀត​ហើយ បន្ទាប់​ពី​អាជ្ញាធរ​បាន​លុប​ប្រព័ន្ធ​លូ​នៅ​តាម​ឆ្នេរ ​​ដែល​ធ្លាប់​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​បាន​កៀរគរ​មនុស្ស​រាប់​ពាន់​នាក់​ ឱ្យ​ចុះ​មុជទឹក​លេង​ថែម​ទៀត​ផង ដើម្បី​បង្ហាញ​ថា ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ។ ក៏​ប៉ុន្តែ ការ​ចុះ​មុជទឹក​នៅ​ពេល​នោះ អាជ្ញាធរ​បាន​ធ្វើ​នៅ​ទីតាំង​ឆ្នេរ​អូរត្រេះ​ ដែល​ជា​ឆ្នេរ​ស្អាត និង​គ្មាន​ការ​បំពុល​ទៅ​វិញ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ជា សុផារ៉ា ដើម្បី​សុំ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​ក្រុម​សកម្មជន​បរិស្ថាន​បាន​ទេ នៅថ្ងៃទី១០ មិថុនា ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី​ លោក សេង ឡូត វិញ មិន​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អាស៊ី​សេរី ដោយ​ទទួល​ស្គាល់​ថា ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ពិត​ជា​នៅ​បន្ត​កើត​មាន​មែន។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ចង់​លុប​បំបាត់​ករណី​នេះ​ឱ្យ​អស់ ក៏​ប៉ុន្តែ​រឿង​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់​ជាតិ៖ «ការ​បង្ហូរ​កាក​សំណល់​ទឹក​កខ្វក់​ហ្នឹង ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ណាស់។ វា​ប៉ះពាល់​រហូត​ដល់​ជីវចម្រុះ ប៉ះពាល់​លើ​ឆ្នេរខ្សាច់​ស្អាត អ៊ីចឹង​បើ​និយាយ​ពី​ចិត្ត​វិញ គឺ​ថា​ចង់​មិន​ឱ្យ​មាន​ទេ ករណី​នេះ។ ប៉ុន្តែ​ចំពោះ​មុខ យើង​ត្រូវ​ការ​ការ​គាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ​ទៅលើ​បច្ចេកទេស និង​ថវិកា ដើម្បី​មក​ចាត់ការ​ការងារ​ហ្នឹង​ជា​បន្ទាន់ ព្រោះ​អត់​អាច​បណ្ដែត​បណ្ដោយ​បាន​ទេ។ វា​នឹង​អាច​ប្រឈម​ទៅ​ដល់​ការ​ខូច​ឆ្នេរ»

សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ថ្លែង​ថា ស្ទើរ​គ្រប់​ទីតាំង​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ សុទ្ធតែ​មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ ដោយ​មិន​មាន​ឆ្លង​កាត់​ការ​ចម្រោះ​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក​បន្ត​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​មាន​ប្រសិទ្ធភាព​បាន​​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​ស្ថានភាព​នេះ​បាន​ត្រឡប់​ទៅ​ជា​ធម្មតា​វិញ។ លោក​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ នោះ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ ក៏​នឹង​ត្រូវ​បំផ្លាញ​ដោយសារ​​ទឹក​កខ្វក់​នេះ​ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment