ក្រុម​យុវជន​និង​សហគមន៍​នៅ​ព្រះវិហារ​​រក​ឃើញ​មន្ត្រី​យោធា ជួល​ពលរដ្ឋ​កាប់​ឈើ​ព្រៃព្រះរកា

ដោយ សន ចាន់រដ្ឋា
2019-06-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាពយុវជន និងនិស្សិត នៅរាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពព្រៃព្រះរកា កាលពីអំឡុងខែកុម្ភៈ ២០១៩។ រូប​យុវជន N1M
សកម្មភាពយុវជន និងនិស្សិត នៅរាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពព្រៃព្រះរកា កាលពីអំឡុងខែកុម្ភៈ ២០១៩។ រូប​យុវជន N1M


ក្រុម​យុវជន​អះអាង​ថា​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា នៅ​តែ​បន្ត​កើត​មាន


ក្រុម​យុវជន និង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ អះអាង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា នៅតែ​កើតមាន​ច្រើន​ទាំង​យប់ និង​ថ្ងៃ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​រួមគ្នា រយៈពេល​២​ថ្ងៃ ប្រទះឃើញ​ដើមឈើ​ធំៗ ២៤​ទីតាំង​ផ្សេងគ្នា ទទួល​រង​ការ​កាប់​ដួល​ច្រៀក​យក​ឈើ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​យោធា ជួល​ពលរដ្ឋ​មូលដ្ឋាន​កាប់​ឈើ​លក់​ឱ្យ​ខ្លួន។

ក្រុម​យុវជន និង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា អះអាង​ដូចៗ ​គ្នា​ថា ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នឹង​មិន​ថិតថេរ​គង់វង្ស​ទេ ដរាបណា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅតែ​បណ្ដោយ​ឱ្យ​បទល្មើស​កើតមាន​ច្រើន​ដដែលៗ​។ ពួកគេ​សង្កេតឃើញ​ថា នៅ​គ្រា​ដែល​មន្ត្រី​ឧទ្យានុរក្ស​ឃាត់​ជនល្មើស កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា មន្ត្រី​គ្រាក់ៗ ខេត្ត​ព្រះវិហារ​ខ្លះ បាន​ចេញ​មុខ​អន្តរាគមន៍ ឬ​កាង​ការពារ​ជនល្មើស។

កាលពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩ មិថុនា យុវជន​មួយ​ក្រុម មកពី​រាជធានី​ភ្នំពេញ សហគមន៍​មូលដ្ឋាន ២៥​នាក់ មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ និង​មន្ត្រី​យោធា​ពីរ​នាក់ បាន​ចុះ​ល្បាត​ព្រៃព្រះរកា​រួមគ្នា ឋិត​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។ លទ្ធផល​ចុះ​ល្បាត​រយៈពេល ២​ថ្ងៃ មួយ​យប់ ពួកគេ​ចាប់​គោយន្ត​បាន ៧​គ្រឿង ម៉ាស៊ីន​ត្រង់សឺន័រ ៣​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ បញ្ជូន​ទៅ​ទីស្នាក់ការ​បរិស្ថាន​នៅ​ក្បែរ​នោះ​អនុវត្ត​ច្បាប់​។ លើស​ពី​នេះ ពួកគេ​ប្រទះឃើញ ដើមឈើ ២៤​ទីតាំង​ផ្សេងគ្នា ត្រូវ​គេ​កាប់ និង​អារ​ច្រៀក​ឈើ​នៅ​សល់តែ​គល់​។ ក្រុម​អ្នក​ដឹក​ឈើ​ភាគច្រើន ស៊ី​ឈ្នួល​កាប់ និង​ដឹកជញ្ជូន​ឱ្យ​មន្ត្រី​យោធា និង​ឈ្មួញ​ដោយ​ក្នុង​មួយ​គោយន្ត​ចាប់ពី ៧​ម៉ឺន​រៀល ដល់ ១៧​ម៉ឺន​រៀល។

ក្រុម​យុវជន​ដែល​ចុះ​ល្បាត​ព្រៃ​ព្រះរកា លោក ម៉ា ចិត្រា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ មករា​ថា នៅ​គ្រា​ដែល​មន្ត្រី​បរិស្ថាន ចាប់​បាន​គោយន្ត រឹបអូស​វត្ថុ​តាង និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន ពួកគេ​មិន​បាន​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ ដោយ​គ្រាន់តែ ផាក​ពិន័យ​លុយ នៅ​ទី​ស្នា​ការ​បរិស្ថាន​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជនល្មើស មិន​រាងចាល​។ លោក​ថា រយៈពេល ២​ថ្ងៃ ពួកគេ​ប្រទះឃើញ គោយន្ត​ដឹក​ឈើ ៧​គ្រឿង ដោយ​ក្នុង​មួយ​គ្រឿង​ផ្ទុក​ឈើ ១​ម៉ែត្រ​គួប​ឡើង​ទៅ រីឯ​ក្រុម​ជនល្មើស​ខ្លះ​ទៀត បាន​បោះតង់​ស្នាក់នៅ​ក្នុង​ព្រៃ សម្ងំ​កាប់​ឈើ​៖ «ពេល​ដែល​ចាប់​ជនល្មើស​ហើយ រឹបអូស​គោយន្ត​ជាពិសេស​ឱ្យ​ទៅ​ដោះស្រាយ នៅ​កន្លែង​បរិស្ថាន ហើយ​ដោះ​ហ្នឹង​គ្រាន់តែ​យក​លុយ​អីចឹង​ទៅ​។ ខ្ញុំ​ឧទាហរណ៍​ថា តាម​ផ្លូវ​ច្បាប់​ត្រូវ​ទារ​ប្រាក់​ប៉ុន្មាន​អីចឹង​ទៅ ដោះ​យក​គោយន្ត​អីចឹង គេ​យក ៣​លាន​អី​ទៅ ដោះ​រួច​មកវិញ គាត់​កាប់​ឈើ​ទៀត​។ អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​គិត​ថា វា​មិន​អាច​គង់វង្ស ប្រសិនបើ​នៅ​ស្ថានភាព​ដដែល»

សកម្មជន​បរិស្ថាន​ម្នាក់ទៀត លោក សាន ម៉ាឡា សង្កេត​ឃើញ​ថា ទោះបី​ព្រៃ​ព្រះរកា​មាន​ទំហំ​រាប់​ម៉ឺន​ហិកតារ​ក្ដី តែ​ក្រុម​អ្នក​កាប់​ឈើ ចាំបាច់​ត្រូវតែ​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវ​ហេតុនេះ​ក្រសួង​បរិស្ថាន គួរ​តែ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ និង​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​ម៉ឺងម៉ាត់​នៅ​តាម​ផ្លូវ ប្រសិនបើ​មាន​ឆន្ទៈ​លុបបំបាត់​បទល្មើស។ លោក​ថា ក្រសួងបរិស្ថាន​គួរតែ​បង្កើត​អ៊ែប App (Application ឬ​កម្មវិធី​ទូរស័ព្ទ) បំណង​បង្ក​លក្ខណៈ​ងាយស្រួល​ផ្ដល់​ព័ត៌មាន​ពី​ស្ថានភាព​ព្រៃឈើ និង​បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ព្រះ​រកា ជាពិសេស​តាមដាន​ពី​ប្រសិទ្ធភាព​ការងារ​មន្ត្រី​ជំនាញ​មូលដ្ឋាន​ឱ្យ​ទាន់​ពេល៖ «គ្រាន់តែ ២​ថ្ងៃ​ដែល​យើង​ចុះ​ល្បាត យើង​ប្រទះឃើញ​បទល្មើស​ជាច្រើន ចុះ​ថ្ងៃ​ដែល​យើង​មិន​ចុះ​ល្បាត​យើង​មិន​ដឹង​ថា បទល្មើស​ព្រៃ​ហ្នឹង វា​មាន​រណា​ចំនួន​ប៉ុន្មាន​គ្រឿង​ដែល​គេ​កំពុង​អារ​ឈើ ដូច្នេះ​យើង​ព្រួយបារម្ភ​ខ្លាំង យើង​ចង់​ឱ្យ​ក្រសួងបរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​ច្បាប់​មែនទែន ដើម្បី​ធានា​ថា មិន​មាន​ការបំផ្លាញ​ព្រៃឈើ​ទៀត»

អាស៊ីសេរី​បាន​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ពី​ករណី​នេះ បានទេ​នៅ​ថ្ងៃទី១២ មិថុនា​នេះ។

ទោះបីជា​យ៉ាងណា នាយក​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា លោក យាន់ ប៊ុនសឿង អះអាង​ថា នៅ​គ្រា​ដែល​មន្ត្រី​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ និង​រឹបអូស​វត្ថុតាង តម្រូវ​ឱ្យ​ជនសង្ស័យ បង់​ប្រាក់​ផាក​ពិន័យ​អន្តរកាល ចាប់ពី ១​លាន​រៀល​ឡើង​ទៅ និង​ត្រូវ​រឹបអូស​ម៉ាស៊ីន​រក្សាទុក អនុលោម​តាមច្បាប់ ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។ រីឯ​ថវិកា​ដែល​ផាក​ពិន័យ​បាន ត្រូវ​បង្វិល​ចូល​រដ្ឋ។ លោក​ថា មន្ត្រី​ឧទ្យានុរក្ស​ដែល​កំពុង​ឈរជើង ការពារ​ព្រៃ​ព្រះ​រកា មាន​សរុប ១៤​នាក់ បាន​ដាក់​វេន​គ្នា សហការ​ជាមួយ​ពលរដ្ឋ​មូលដ្ឋាន​ចុះ​ល្បាត​ជាប្រចាំ និង​ឃាត់​ជនល្មើស រឹបអូស​វត្ថុ​តាង​ជា​ហូរហែ។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត ពី​របាយការណ៍ បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ប៉ុន្មាន​ករណី​ទេ ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១៩៖ «ច្បាប់​ស្ដីពី​តំបន់​ការពារ​ត្រូវ​ពិន័យ​អន្តរកាល លើក​ទី​១ អ៊ីចឹង ទី​២ ឈើ​លេខ ២ ក្នុង​ច្បាប់​យើង​មិន​អាច​បញ្ជូន​ទៅ​តុលាការ ដាក់ទោស​ទណ្ឌ​បានទេ​។ ពិន័យ​អន្តរកាល គេ​មាន​បារ៉ែន​របស់​គេ​ពិន័យ​តាមច្បាប់ ហើយ​យើង​គុណ​ឈើ និង​ស្ដារ​ការខូចខាត»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ទទួលស្គាល់​ថា ការ​បង់​ប្រាក់​ផាក​ពិន័យ ជា​ថ្នូរ​សម្របសម្រួល​ឱ្យ​ជនល្មើស​រួច​ទោស​តាម​ផ្លូវ​តុលាការ ពុំ​មែន​ជា​យន្តការ ធ្វើ​ឱ្យ​បទល្មើស​ព្រៃឈើ​ថយ​ចុះ​ទេ​។ លោក​សង្កេតឃើញ ជនល្មើស​មុខ​ដដែលៗ បាន​ចូល​កាប់​ឈើ និង​ដឹក​ឈើ​ជា​រៀងរាល់ថ្ងៃ និង​យប់ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ នឹង​រលាយ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ បង្ក​ប៉ះពាល់​ធ្ងន់​ដល់​សហគមន៍​ដែល​អាស្រ័យ​ផល​ព្រៃ​ព្រះ​រកា ជាពិសេស​ជនជាតិ​ដើម​ភាគតិច​ដង​ជ័រទឹក​ចិញ្ចឹមជីវិត​៖ «បទល្មើស​វា​នៅតែ​ដដែលៗ ហើយ​ពុំ​មាន​នរណា​ក្រៅ​ទេ តែ​មនុស្ស​ដដែលៗ​ហ្នឹងឯង​។ អីចឹង​ទេ​យើង​ស្នើសុំ​សូម​មន្ត្រី ជាពិសេស​អាជ្ញាធរ​ខេត្ត​លោក​អនុវត្ត​តាម​សហគមន៍ និង​ធ្វើ​យុទ្ធនាការ​ណាមួយ បើ​មិន​ជឿ​ទុកចិត្ត​ទេ។ សូម​ឱ្យ​លោក​ចុះទៅ តែ​ជាក់ស្ដែង​ការ​ដឹក​ជញ្ជូន​ឈើ​រៀងរាល់ថ្ងៃ​រាល់​យប់»

ក្រុម​យុវជន​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​ក្រុមហ៊ុន​ប្រមូល​ទិញ​ឈើ ជាប់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដូចជា​ក្រុមហ៊ុន សំអឿន សុវណ្ណ ជាដើម ប្រសិនបើ​មាន​ចេតនា​ទុក​ព្រៃ​នេះ ឱ្យ​ឋិតថេរ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ជាពិសេស​ ត្រូវ​ស៊ើប​អង្កេត​​រក​មន្ត្រី​យោធា​ណា ដែល​ជួល​ពលរដ្ឋ​កាប់​ឈើ​លក់​ឱ្យ​ខ្លួន មក​ផ្ដន្ទាទោស​តាមច្បាប់។

ព្រៃ​ព្រះ​រកា មាន​ទំហំ​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ (៩៦.០០០) នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles