ក្រុម​ស៊ើប​អង្កេត​រដ្ឋាភិបាល​បំភ្លឺ​ថា អតីត​សកម្មជន CNRP ស្លាប់​ក្នុង​ពន្ធនាគារ​បណ្ដាល​មក​ពី​​ញៀន​ស្រា​

ជនរងគ្រោះ ទិត្យ រ៉ន។ រូបភាព៖ ផ្ដល់ឱ្យ

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​របស់​រដ្ឋាភិបាល​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​សន្និដ្ឋាន​ថា​ ករណី​អតីត​សកម្មជន​បក្ស​ប្រឆាំង​លោក​ ទិត្យ​ រ៉ន​ ស្លាប់​ក្នុង​ពន្ធនាគារ​មក​ពី​ញៀន​ស្រា​មិនមែន​ជា​ការ​ធ្វើទារុណកម្ម​ពី​មន្ត្រី​ពាក់ព័ន្ធ​ទេ​។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី១២ ខែមិថុនា ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​លើកឡើង​ថា​ បន្ទាប់ពី​បាន​ពិនិត្យ​ និង​សិក្សា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ រក​ឃើញថា​ លោក ទិត្យ​ រ៉ន​ មុន​ស្លាប់​ បាន​ដួលផ្កាប់​មុខ​បោក​ក្បាល​ទៅ​នឹង​គែម​បង្គន់​ក្នុង​បន្ទប់​ឃុំឃាំង​ ដោយបោ​កទង្គិចក្បាល​ធ្ងន់ធ្ងរ​។

​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ អះអាងថា ការសន្និដ្ឋានបែបនេះ ដោយសំអាងទៅលើ​ចម្លើយ​​ជនជាប់ចោទ ១០នាក់​ ​នៅក្នុង​បន្ទាប់​ឃុំឃាំង​ជាមួយ ទិត រ៉ន ​ចម្លើយ​របស់​មេភូមិ​ អ្នកជិតខាង​ ម្តាយ​​សព និង​កំណត់ហេតុ​​​មន្ត្រី​នគរ​បា​លប​ច្ចេ​កទេស​ មន្ត្រី​ពន្ធនាគារ​ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​។

បន្ថែម​លើ​សេច​ក្តី​ថ្លែងការណ៍​នេះ ​ប្រធាន​ផ្នែក​នីតិកម្ម​ និង​ជំនួយ​ផ្នែក​ច្បាប់​ នៃ​​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុ​ណ​កម្ម​ លោក​ តុប​ សំភី ​អះអាង​ថា​ របាយការណ៍វាយតម្លៃនេះមិនបាន​ធ្វើកោសល្យ​វិច័​យ​សព​ ​ទិត រ៉ន ទេ​ ប៉ុន្តែ លោក​ថា​ កា​រវា​យតម្លៃ​យោង​តាម​ចម្លើយ​របស់​អ្នក​ពាក់ព័ន្ធ​ និង​មន្ត្រី​ជំនាញ​។

លោក តុប សំភី ​ប្រាប់ថា​៖ «ការងារ​នេះ ​វា​សោក​ស្តាយ​ដែរ​ ដោយសារ​ក្រុមការងារ​យើង​ទៅ​ហ្នឹង​ សព​គេ​បូជា​រួចហើយ​។ អ៊ីចឹង ​យើង​មានតែ​ការងារ​ឯកសារ​កោសល្យ​​វិ​ច័​យរបស់​ប៉ូលិស​បច្ចេកទេស ​និង​ខាង​ព្រះរាជអាជ្ញា​តែប៉ុណ្ណោះ​។ អ៊ីចឹង ​យើង​ពិបាក​យក​អាហ្នឹង​មក​សិក្សា​ដោយសារ ​ប៉ុន្តែ ​ក្រុមការងារ​បាន​ចុះទៅ​ដល់​ប៉ុស្តិ៍​សុខភាព​ផ្ទាល់ ​បាន​ជួប​ពិរុទ្ធជន​ដែល​នៅក្នុង​បន្ទប់​រួមគ្នា​ហ្នឹង​»។

VOD​ មិន​អាច​រក​ការ​បញ្ជាក់​ពី​មេភូមិ​ និង​គ្រួសារ​លោក​ ទិត្យ​ ​រ៉ន​ បានទេ​ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ​ ប៉ុន្តែ ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ស្រី​ មូរ​ សុខ​ហួរ​ បាន​ច្រានចោល​ការសន្និដ្ឋាននេះ។

លោកស្រី ​មូរ​ សុខ​ហួរ​ មានប្រសាសន៍​ថា​ ស្ថាប័ន​ចុះ​ស្រាវ​ជ្រាវ​​នោះ មិនមែនជាស្ថាប័នឯករាជ្យ ដែលមានភាគីសង្គមស៊ីវិល និងអន្តរជាតិចូលរួមទេ។ លោកស្រីថា​ ការសន្និដ្ឋានដែលមិនអាចទទួលយកបាននោះ នៅត្រង់​ថា​ មនុ​ស្ស​ដួ​លផ្កាប់មុខ​ មិន​អាច​មានស្នាម​របួស​នៅ​លើ​ចង្កេះ​ ខ្នង​ និង​កបានទេ​។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា​៖ «តាមខ្ញុំ​ដឹង​ថា​ សព​​ហ្នឹង​អត់​បាន​ធ្វើកោសល្យ​វិ​ច័យទេ​ បូជា​ទៅ​ហើយ​។ បើ​អត់មាន​អ្នកឯកទេស​ពិត​ប្រា​ក​ [ធ្វើកោសល​វិ​ច័​យ] ហេតុអ្វី​ទើប​អាច​សន្និដ្ឋាន​បាន​? ចម្លើយ​ដែល​យើង​នៅ​ឆ្ងល់​នោះ ​ដួលផ្កាប់មុខ​បោក​ក្បាល​ទៅ​នឹ​ង​​​​បង្គន់​ ហេតុ​អី​មាន​ស្នា​ម​ជាំ​នៅក​ ចង្កេះ​។ អាហ្នឹង​ដែល​ត្រូវ​ឆ្លើយ​ប្រាប់​ទៅ​គ្រួសារ​ជនរងគ្រោះ​ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​គាត់​»

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ហៅ​ការវាយតម្លៃ​នេះ​ថា ​អាច​នឹង​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​​ពីយន្តការលើកកម្ពស់សិទ្ធិមនុស្សបើ​ការស្រាវជ្រាវ​នេះ​ មិនបាន​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​សព​។

លោក​ ទិត្យ​ រ៉ន​ មាន​អាយុ​ ៣៧ឆ្នាំ ​ជា​អតីតមន្ត្រី​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ជ្រើសរើស​ឃុំ-សង្កាត់​ ឆ្នាំ២០១៧ មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​។

ឪពុក​របស់​លោក​ ទិត្យ​ រ៉ន​ គឺ​លោក​ អៀម​ ទិត្យ​ ជា​អតីត​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​​ឃុំ​ទួល​ព្រះឃ្លាំង ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។

អតីតសកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់​​អំពាវ​នាវទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​រក​យុត្តិធម៌​ឱ្យ​កូនប្រុស​របស់​ខ្លួន​ ដោយ​​សង្ស័យ​ថា​ កូនប្រុស​របស់​គាត់​ត្រូវ​បាន​គេ​ធ្វើទារុណកម្ម​ដោយសារ​ការ​រើសអើង​ន​យោបាយ​។

លោក​ ទិត្យ​ រ៉​ន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ ចាប់ខ្លួន​កាលពី​ថ្ងៃទី១៦​ ខែមេសា​ ពាក់ព័ន្ធ​សំណុំរឿង​បង្ក​របួស​ស្នា​ម​​កាលពី​ជាង១០ឆ្នាំមុន។

ប៉ុន្តែ​ ពីរ​ថ្ងៃ​​ក្រោយ​ចាប់ខ្លួន​ មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​សាច់ញាតិ​ឱ្យមក​យក​សព​លោក​ ​ទិត្យ​ រ៉ន​។ គ្រួសារលោក ទិត រ៉ន ​បាន​អះ​អាង​នា​ពេល​កន្លង​មក​​ថា​ សព​កូនប្រុស​មានស្នាម​របួស​ជាំ​ជាច្រើន​កន្លែង ​និង​បាក់ក។

សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី១៨​ ខែឧសភា​ បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​មួយ​អះអាង​ថា​ខ្លួន​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​ ទិត្យ​ រ៉ន​ ​ស្ថិត​ក្រោម​ការ​ឃុំឃាំង​របស់​នគរបាល​។

សហរដ្ឋ​អាមេរិក​ក៏បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ជាបន្ទាន់​មួយ​ចំពោះ​ហេតុការណ៍​ដែល​ឈាន​ទៅដល់​ការ​ចាប់ខ្លួន​ និង​ការ​ស្លាប់​សមាជិក​គណបក្ស​ប្រឆាំង​រូប​នេះ​។

យ៉ាងនេះក្តី គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ប្រកាស​ថា​ខ្លួន​ស្វាគមន៍​គ្រប់ការ​ចូលរួម​ផ្តល់​ព័ត៌មាន​ពីសំណាក់​សាធារណជន​ ទាំង​ជាតិ​និង​អន្តរជាតិ ​ដើម្បី​រក​ឱ្យ​ឃើញ​ការពិត​ជាក់ស្តែង​រួមគ្នា​ទប់ស្កាត់​ បង្ការ​ ​និង​ប្រឆាំង​ការ​ធ្វើទារុណកម្ម​ អំពើ​ឃោរឃៅ​ អំពើ​អមនុស្សធម៌​ឬ​ទណ្ឌកម្ម​ស្របតាម​ខ្លឹមសារ​នៃ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​របស់​អង្គការសហប្រជាជាតិ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles