តំណាង​រាស្រ្ត​ ស.រ.អា. ​ថា​ទំនាក់​ទំនង​កម្ពុជា​ និង​អាមេរិក​កំពុង​មាន​ភាព​ល្វីងជូរ​ចត់​ដោយសារ​កម្ពុជា​បាន​រំលោភ​លទ្ធិ​ប្រជា​ធិបតេយ្យ​ធ្ងន់ធ្ងរ​

តំណាង​រាស្រ្ត​ ស.រ.អា.​ ថា​ទំនាក់​ទំនង​កម្ពុជា​ និង​អាមេរិក​កំពុង​មាន​ភាព​ល្វីងជូរ​ចត់​ដោយសារ​កម្ពុជា​បាន​រំលោភ​លទ្ធិ​ប្រជា​ធិបតេយ្យ​ធ្ងន់ធ្ងរ


By

ឌឹ ខេមបូឌា ដេលី

តំណាង​រាស្រ្ត​សហ​រដ្ឋ​អាមេរិក​សម្តែង​ក្តី​សង្ឃឹម​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​លេខ​ HR.526​ នឹង​ត្រូវបាន​អនុម័ត​ក្លាយ​ទៅ​ជា​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ដែល​បាន​បំផ្លាញ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ប្រធាន​អនុ​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​ទទួល​បន្ទុក​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ និង​ជា​តំណាង​រាស្រ្ត​សហព័ន្ធ​របស់​អាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក​ Ted Yoho​ បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា​ ច្បាប់​លេខ ​HR.526​ នឹង​ត្រូវ​អនុម័ត​ឲ្យ​ខាង​តែ​បាន​ដើម្បី​ដាក់​ទណ្ឌកម្ម​ជា​បុគ្គល​ និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​ដោយ​សារ​រដ្ឋាភិបាល​មួយ​នេះ​បាន​បំផ្លាញប្រជា​ធិបតេយ្យ ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​មាន​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​មុនៗ​មក​ម៉្លេះ។​

លោក​ Ted Yoho​ បន្ត​ថា​ ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​កំពុង​មាន​ភាព​ល្វីង​ជូរចត់​ដោយ​សារ​កម្ពុជា​បាន​រំលោភ​លទ្ធិ​ប្រជា​ធិបតេយ្យ​ធ្ងន់ធ្ងរ​និង​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ដោយ​ផាត់​ចេញ​ គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​នេះ​ដាក់​ពន្ធនាគារ​ថែម​ទៀត​ ពីព្រោះ​លោក​ ហ៊ុន សែន​ ខ្លាច​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​អាច​ដណ្តើម​អំណាច​ពី​ខ្លួន​នោះ។​

លោក​បន្ត​ថា ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បាន​ចំណាយ​លុយ​ខ្ជះខ្ជាយ​ ក្នុង​ការ​ជួល​ក្រុម​អ្នកបញ្ចុះ​បញ្ចូល​ដើម្បី​ស្វែង​រក​ការ​បន្ធូរ​បន្ថយ​សម្ពាធ​ពី​សហ​រដ្ឋ​អាមេរិក​ដោយ​សារ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ កំពុង​មាន​ការ​ភ័យ​ស្លន់​ស្លោរ​ជា​ខ្លាំង។​

សារ​ព័ត៌មាន​The Cambodia Daily​បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប៉ុន្តែ​មិនមាន​មន្រ្តី​ណាមួយ​លើក​ទូរស័ព្ទ​នោះ​ឡើយ។​ សារ​ព័ត៌មាន ​Open Secret​ របស់​អាមេរិក​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ​បាន​រាយ​ការណ៍​ថា ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​ចំណាយ​លុយ​ជាង​៧​សែន​២​ម៉ឺន​ ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ជួល​ក្រុមហ៊ុន ​Brownstein Hyatt Farber Schreck​ ដើម្បី​ទប់ទល់​នឹង​សម្ពាធ​អាមេរិក​រហូត​ដល់​ថ្ងៃទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០២០។​

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ​កាលពី​ដើម​ឆ្នាំ​២០១៩​កន្លង​ទៅ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន ​ក៏​បាន​ជួល​ក្រុម​ហ៊ុន ​PacRimBridges​​ តម្លៃ​៥​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជួយ​ទប់ទល់​នឹង​ការ​ដាក់​សម្ពាធ​របស់​អាមេរិក​ដែរ។​

ទោះជាយ៉ាង​ណាក៏​ដោយ​ លោក​Ted Yoho​អះអាង​ថា​ លោក​ ហ៊ុន សែន​ មិន​បាច់​ខំ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ទេ ​ប៉ុន្តែ​លោក​ ហ៊ុន សែន ​គ្រាន់​តែ​ដោះ​លែង​លោក​ កឹម សុខា​ ស្តារ​ប្រជា​ធិបតេយ្យ ​និង​គោរព​សិទ្ធិ​មនុស្ស​ទៅ ​នោះ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​នឹង​រួច​ផុត​ពី​សម្ពាធ​របស់​អន្តរជាតិ​យ៉ាង​ងាយ​ស្រួល៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment