2019-06-13
RFA
សកម្មភាពកុមារធ្វើការក្នុងសិប្បកម្មផលិតឥដ្ឋ នាតំបន់ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ RFA
សង្គមស៊ីវិលលើកស្ទួយសិទ្ធិស្ត្រី និងកុមារសាទរការបង្កើតឱ្យមានវិធានការសម្រេចបញ្ចប់ពលកម្មកុមារនៅត្រឹមឆ្នាំ២០២៥ របស់រដ្ឋាភិបាល ប៉ុន្តែភាគីពាក់ព័ន្ធគួរជំរុញឱ្យមានការអនុវត្តដ៏ត្រឹមត្រូវមួយបន្ថែមទៀត។
នាយកអង្គការជំនួយផ្លូវច្បាប់ដល់ស្ត្រី និងកុមារ លោក មុំ សុខចា ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ចំណុចដែលត្រូវយកចិត្តទុកដាក់ ដើម្បីឱ្យការអនុវត្តបានដើរស្របគ្នានឹងគម្រោងផែនការនេះ គឺការពង្រឹងធនធានទាំងធនធានមនុស្ស និងថវិកា៖ «ការជំរុញប្រតិបត្តិឱ្យបានហ្នឹង យើងទាមទារនូវអី? ទាមទារនូវធនធានទាំងធនធានមនុស្សទាំងធនធានហិរញ្ញវត្ថុ ហើយក៏ទាមទារនូវការតាំងចិត្តខ្ពស់ក្នុងការលប់បំបាត់ហ្នឹង ព្រោះថាពលកម្មកុមារមិនមែនជារឿងថ្មីទេ វាកើតមានយូរមកហើយ ហើយវាពាក់ព័ន្ធដល់បញ្ហាជាច្រើនទៀត វាពាក់ព័ន្ធនឹងបញ្ហាក្រីក្រ វាពាក់ព័ន្ធនឹងបំណុលដែលគ្រួសារជំពាក់គេ។ អ៊ីចឹងពេលយើងដោះស្រាយបញ្ហាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារវាមានរឿងជាច្រើនត្រូវដោះស្រាយ»។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែ មិថុនា ជាទិវាពិភពលោកប្រឆាំងពលកម្មកុមារនេះ បានដាក់ចេញវិធានការមួយចំនួនដើម្បីសម្រេចទិសដៅបញ្ចប់ពលកម្មកុមារនៅត្រឹមឆ្នាំ២០២៥។ ប្រធានបទស្ដីពីកុមារត្រូវសម្រេចសុបិនរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយត្រូវបានគេលើកឡើងសម្រាប់ឱកាសទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៩ និង១២មិថុនានេះ ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ។ មន្ត្រីក្រសួងការងារបានលើកឡើងពីផែនការដើម្បីសម្រេចទិសដៅបញ្ចប់ពលកម្មកុមារនេះដែរ ដែលក្នុងនោះរួមមានពង្រឹងវិធានការអធិការកិច្ចការងារ ផ្ដោតទៅលើកម្មករការងារផ្ទះ សិប្បកម្ម និងសេវាកម្មដទៃទៀតពង្រឹងសមត្ថភាពគ្រប់ភាគី និងកៀរគរធនធានហិរញ្ញវត្ថុ ព្រមទាំងស្វែងរកការគាំទ្រពីសាធារណជនចូលរួមប្រឆាំងពលកម្មកុមារជាដើម។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សកន្លងទៅនេះ បានចេញរបាយការណ៍ពីផលប៉ះពាល់ទៅលើកុមារនៅក្នុងផ្នែកផលិតឥដ្ឋ។ កុមារជាច្រើនត្រូវធ្វើការងារជួយម្ដាយឪពុក ដើម្បីដោះបំណុលក្នុងស្ថានភាពងាយរងគ្រោះទៅដល់សុខុមាលភាព ប្រឈមនឹងពិការភាព និងពេលខ្លះអាចនឹងបាត់បង់ជីវិត នៅគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្មផលិតឥដ្ឋ៕