អតីត​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​មុន​ការ​ដួល​រលំ​ក្រុង​ភ្នំពេញ​ទទួល​មរណភាព

កម្ពុជា


(ឆ្វេង) លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ / (ស្តាំ) លោក Dean កាន់ទង់ជាតិអាមេរិកាំងដែលត្រូវបានយកចេញពីស្ថានទូតអាមេរិកនៅកម្ពុជា ពេលលោកបានទៅដល់មូលដ្ឋានទ័ពអាកាស Utapao ប្រទេសថៃ ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥។


13 មិថុនា 2019
អូន ឆេងប៉រ
វីអូអេខ្មែរ

លោក​ John​ ​Gunther​ ​Dean​ ​អតីត​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ចុង​ក្រោយ​ប្រចាំ​នៅ​កម្ពុជា​មុន​ពេល​របប​ខ្មែរក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ១៩៧៥​ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទទួល​មរណភាព​​កាលពី​សប្តាហ៍​មុន​នេះ​ក្នុង​ជន្មាយុ​៩៣ឆ្នាំ​។

លោក​ John Gunther Dean​ អតីត​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​បាន​ទទួល​មរណភាព​កាលពី​ដើម​ខែ​នេះ​ ​នៅ​ឯ​ទីតាំង​សំណាក់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​ក្នុង​ប្រទេស​បារាំង។

​អតីត​អ្នក​ការទូត​ជើង​ចាស់​អាមេរិក​រូប​នេះ​ ​បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៩៣ឆ្នាំ​ ​កាលពី​ថ្ងៃទី៦​ ខែ​មិថុនា។​ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​សារព័ត៌មាន​នានា​ រួមទាំង​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក​ ​AP​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

​នៅ​ថ្ងៃ​ពុធ​នេះ​ លោក​ ​Arend Zwartjes​ ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​អំពី​មរណភាព​នេះ​ជាមួយ​ VOA​ ​ដោយ​លោក​បាន​លើក​ឡើង​ថា៖

​«យើង​មានការ​សោកសៅ​ដែល​បាន​ទទួល​ដំណឹង​អំពី​ការ​ធ្វើ​មរណភាព​របស់​លោក​ឯកអគ្គ​រដ្ឋទូត​ ​John​ ​Gunther​ ​Dean​ ​និង​សូម​សម្ដែង​កា​រគោរព​ផ្ដល់​កិត្តិយស​ចំពោះ​ ​ការ​បំពេញមុខ​នាទី​របស់​លោក​ជា​ឯក​អគ្គរដ្ឋទូត​នៅ​កម្ពុជា​និង​ប្រទេស​បួន​ផ្សេង​ទៀត»។

លោក​អតីត​ឯកអគ្គ​រដ្ឋទូត​ John​ ​Gunther​ ​Dean​ ​បាន​ចូល​មក​បម្រើ​ការងារ​នៅ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ ​កាល​ពី​ឆ្នាំ១៩៧៤។​ លោក​តាំងទី​នៅ​ភ្នំពេញ​ ​រហូត​ដល់​ថ្ងៃទី​១២ ​ខែ​មេសា​ ​ឆ្នាំ១៩៧៥​ ​ដែល​សហរដ្ឋអាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​អ្នក​ការទូត​ ​ពលរដ្ឋ​របស់​ខ្លួន​ ​និង​បិទ​ស្ថានទូត​តែម្ដង​ ​មុន​ពេល​ដែល​កង​ឧទ្ទាម​ខ្មែរក្រហម​ជិត​វាយ​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ដែល​ជាទី​បញ្ជាការ​ដ្ឋាន​នយោបាយ​និង​យោធា​ចុងក្រោយ​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ ​ដែល​ទំនុក​បម្រុង​ដោយ​អាមេរិក។

​មុន​នឹង​ចាកចេញ​ពីទី​ក្រុង​ភ្នំពេញ​នាគ្រានោះ​ លោក​ ​John​ ​Gunther​ ​Dean​ ​បាន​យក​ទង់ជាតិ​អាមេរិក​ ​ដែល​បក់​រវិច​នៅ​ស្ថានទូត​ ​បត់​ទុក​ក្នុង​ថង់​ប្លាស្ទិច​ ​ហើយ​ឱប​ក្រសោប​រហូត​ដល់​ទី​មាន​សុវត្ថិភាព​ ​ដែល​រូប​លោក​ឱប​ទង់ជាតិ​នេះ​ ​បាន​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​នៃ​បណ្ដា​សារព័ត៌មាន​ធំៗ​ទូទាំង​ពិភពលោក។

​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ចូល​កាន់​អំណាច​តាមរយៈ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ ​នរោត្តម​ ​សីហនុ​ ​កាលពី​ឆ្នាំ១៩៧០​នោះ​ បាន​រលំ​រលាយ​ក្រោយ​ពី​របប​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​ប្លុក​កុម្មុយ​និស្ដ​បាន​វាយ​ដណ្ដើម​ទីក្រុង​ភ្នំពេញ​ ​នា​ថ្ងៃទី១៧​ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥។

​របប​ខ្មែរ​ក្រហម​ដែល​ចូល​មក​កាន់​អំណាច​ត្រូវ​បាន​បន្ទោស​ចំពោះ​គោល​នយោបាយ​ជម្លៀស​មនុស្ស​ដោយ​បង្ខំ​ ​ការ​បង្ខំ​ឱ្យធ្វើ​ការ​ហួស​កម្លាំង​ ​ការ​បង្អត់​អាហារ​ ​និង​ការ​សម្លាប់​រង្គាល​គ្មាន​ត្រាប្រណី​ ​ដែល​នៅ​ទីបំផុត​ទៅ​មនុស្ស​ប្រមាណ​១.៧លាន​នាក់​ ​ត្រូវ​បាន​រាយ​ការណ៍​ថា​បាត់បង់​ជីវិត។

រូបឯកសារ៖ លោក John Gunther Dean ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ លន់ នល់ បន្ទាប់​ពី​លោក Dean បង្ហាញ​សារតាំង ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ១៩៧៤។

រូបឯកសារ៖ លោក John Gunther Dean ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ លន់ នល់ បន្ទាប់​ពី​លោក Dean បង្ហាញ​សារតាំង ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ១៩៧៤។


​ក្នុង​ឆ្នាំ២០១៥​ នា​អំឡុង​ខួប​៤០ឆ្នាំ​នៃ​ការ​ដួល​រលំ​ទីក្រុង​ភ្នំពេញ​ចូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខ្មែរ​ក្រហម​ ​លោក​ ​John Gunther Dean​ ​បាន​ផ្ដល់​កិច្ច​សម្ភាស​មួយ​ដល់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP​ ដែល​បន្ទោស​ចំពោះ​កំហុស​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នា​គ្រា​នោះ​ ​ដែល​ទីបំផុត​ទៅ​ «បាន​បោះ​បង់​ប្រទេស​កម្ពុជា​ហើយ​ប្រគល់​ពួកគេ​ទៅ​ឱ្យ​ក្រុម​ពេជ្ឈឃាដ»។

លោក​បាន​និយាយ​កាលពី​ឆ្នាំ​២០១៥​ ​ដោយ​រំឭក​ពី​ការ​ជម្លៀស​នោះ​ថា៖​ «ខ្ញុំ​ទទួល​បរាជ័យ។​ ខ្ញុំ​បាន​ព្យាយាម​ជា​ខ្លាំង​ ខ្ញុំ​យក​ទៅ​តាម​ខ្ញុំ​នូវ​មនុស្សជា​ច្រើន​បំផុត​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​ដែល​មាន​ចំនួន​រាប់​រយ​នាក់​នៃ​ពួកគេ​ ដែល​ខ្ញុំ​ត្រូវ​ជម្លៀស​ពួក​គេ​ចេញ។​ តែ​ខ្ញុំ​មិន​អាច​ជម្លៀស​ដក​យក​ប្រជាជាតិ​ទាំង​មូល​ចេញ​បាន​ឡើយ»។

​លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពិពណ៌នា​ការ​ជម្លៀស​ដក​ស្ថានទូត​អាមេរិក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ ​កាលពី​ថ្ងៃទី១២​ ​ខែមេសា​ ​ឆ្នាំ១៩៧៥​ ​ជា​ការ​«រត់»។

លោក​បាន​ប្រាប់​ VOA​ ​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ខ្មែរ​ចំៗ​ថា៖

​«យើង​ចងចាំ​មួយ​ជាមួយ​នឹង​អនុស្សាវរីយ៍​អាក្រក់​ ហើយ​យើង​ឯកភាព​ជាមួយ​នឹង​ការ​លើកឡើង​របស់​គាត់​ ដែល​គាត់​បាន​និយាយ​ថា​ ​គាត់​មិន​ពេញចិត្ត​នឹង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិកចំពោះ​កម្ពុជា​ ដែល​ក្នុង​សម័យកាល​មុន​១៩៧៥​ពី​[១៩]៧០ដល់​[១៩]៧៥ហ្នឹង​ ហើយ​ជា​សម័យ​កាល​មួយ​ដែល​នាំ​សង្គ្រាម​ចូល​កម្ពុជា»។

​ក្រៅ​តែ​ពី​ធ្លាប់​ទៅ​បម្រើ​ការ​នៅ​កម្ពុជា​ ​លោក​ ​John Gunther Dean ក៏​ធ្លាប់ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​អាមេរិក​ ​នៅ​ប្រទេស​ដាណឺម៉ាក​ ​លីបង់​ ​ថៃ​ ​និង​ប្រទេស​ឥណ្ឌា។​ លោក​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ជីហ្វ​ ​ដែល​បាន​រត់គេច​ខ្លួន​ចេញពី​ប្រទេស​អាល្លឺម៉ង់​ ​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ។

​លោក​ ​ឆាំង យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រវត្តិ​រូប​របស់​លោក​ ​John Gunther Dean​ ​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ជីហ្វ​ (Jewish) ​បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​ជា​ជន​រង​គ្រោះ​ ​និង​ដែល​លោក​យល់ថា​ជំរុញ​ឱ្យ​អតីត​អ្នក​ការទូត​រូប​នេះ​ ​បង្ហាញ​ចេញ​នូវ​ជំហរ​ផ្ទាល់​ខ្លួន​របស់​លោក​នា​ពេលក្រោយ​មក​ ​ដែល​បញ្ច្រាស​ពី​គោល​ជំហរ​នៃ​នយោបាយ​ការបរទេស​នៃ​រដ្ឋាភិបាល​លោក​នា​គ្រា​នោះ។

​យ៉ាងណាក្តី​ អ្នក​តាមដាន​ចងក្រង​ប្រមូល​ប្រវត្តិសាស្ត្រ​សង្គ្រាម​កម្ពុជា​រូប​នេះ​បាន​លើកឡើង​ថា​ ​គេ​អាច​ចងចាំ​អំពី​លោក​ John​ Gunther​ Dean​ ចំពោះ​សំបុត្រ​ចុងក្រោយ​ ​ដែល​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ សិរី​មតៈ​ បាន​ផ្ញើ​ជូន​លោក​អំពី​ការ​ខក​ព្រះទ័យ​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល «បោះបង់»​ កម្ពុជា​និង​បដិសេធ​មិនព្រម​យាង​ចេញ​ជាមួយ​នឹង​ការ​ជម្លៀសរ​បស់​ស្ថានទូត​ តែ​លោក​ថា​គេ​មិន​ដឹង​ឡើយ​ថា​តើ​ក្រោយមក​ ​ព្រះអង្គ​ម្ចាស់​ ​សិរិ​មតៈ​ បាន​កែប្រែ​ព្រះទ័យ​ឬ​យ៉ាងណា។

​ព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​សិរិ​មតៈ​ ​ជា​មេដឹកនាំ​មួយ​រូប​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ​ក្រោយ​មក​ត្រូវ​បាន​ខ្មែរក្រហម​ចាប់​ព្រះ​កាយ​បាន​ពេល​ក្រុមកុម្មុយ​និស្ដ​វាយ​បាន​ទីក្រុង​ភ្នំពេញ​ ​ហើយ​ត្រូវ​បាន​រាយការណ៍​ត្រូវ​អស់​ព្រះជន្ម​ ក្រោម​ការ​ពិឃាដ​របស់​ក្រុម​ឧទ្ទាម​ឈ្នះ​សឹក។

​លោក​ ​ឆាំង​ ​យុ​ ​បាន​លើកឡើង​ប្រាប់ VOA ថា៖

​«យើង​អាច​មើល​ឃើញ​ថា​ជា​ការ​បោះបង់​ចោល​ ​ឬក៏​យើង​អាច​មើល​ឃើញ​ថា​ជា​ការ​មិន​ខិតខំ​ប្រឹង​ប្រែង​ពី​ដៃគូ​បដិបក្ខ​ម្ខាងទៀតដែល​មាន​ព្រះអង្គ​ម្ចាស់​ សិរិមតៈ​ ហ្នឹង​ ​ឱ្យ​អស់ពី​លទ្ធភាព​ ដោយ​យើង​បាន​ជឿ​ឃោសនា​របស់​ខ្មែរក្រហម​ហ្នឹង​ឱ្យ​ជឿ​ ​ឱ្យ​ជឿ​ថា​ ​ពេលនោះ​នឹង​នាំមក​នូវ​សន្តិភាព​មែន។​ ​អ៊ីចឹង​ខ្ញុំ​គិតថា ​ពេល​ហ្នឹង​ ​វា​មិន​អាច​ជា​ជំហរតែ​ម្ខាង​ ​យើង​អាច​មើល​ឃើញ​ថា​ជា​ការ​បោះបង់​ ​ហើយក៏​យើង​អាច​មើល​ថា​ជា​ការ​មិន​ប្រឹងប្រែង​ដល់​ទី​បំផុត»។

យ៉ាង​ណាក្ដី​ ​លោក​ ​John Gunther Dean​ ​ក្រោយមក​ ​នៅតែ​បន្ត​ផ្ដល់​ជំនួយ​ប៉ះប៉ូវ​ ​នា​ពេល​ក្រោយ​មកដល់​បណ្ដា​ជន​ភៀស​ខ្លួន​កម្ពុជា​ ​ដែល​តាំងទី​រស់នៅ​តាម​ជំរំ ​នៅ​លើ​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​ ​នា​អំឡុង​ទសវត្សរ៍​១៩៨០ ដែល​គ្រា​នោះ​លោក​ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​រាជធានី​បាងកក​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​លោក អៀ ​សុផល​ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ ​មហាវិទ្យាល័យ​ ​Occidental​ ​សហរដ្ឋ​អាមេរិក។

​លោក​ ​អៀ​ ​សុផល​ ​បាន​ប្រាប់ VOA​ ​តាម​សារ​អេឡិចត្រូនិក​ថា៖

​«លោក​ឯកអគ្គ​រដ្ឋទូត​ ​Dean​ ​បាន​ព្យាយាម​ក្នុង​ការ​កែប្រែ​ឡើង​វិញ​ ​តាមរយៈ​ការ​ជួយ​ដល់​ជន​ភៀស​ខ្លួន​កម្ពុជា​ និង​តាម​រយៈ​ការ​លើក​កម្ពស់​ឱ្យ​មាន​នូវ​ការ​ផ្សះផ្សា។​ លោក​ពិតជា[​និយាយ​]ត្រឹមត្រូវ​ណាស់​ ដែល​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​ពេជ្ឈឃាដ​ ហើយ​ប្រជាជន​កម្ពុជា​ត្រូវ​បង់​សង​នូវ​តម្លៃ​ដ៏​មហិមា»។

​ទង់ជាតិ​អាមេរិក​ដែល​លោក​ ​John​ ​Gunther​ ​Dean​ ​បាន​បង្ហូត​ចេញពី​ស្ថានទូត​នា​ថ្ងៃទី១២​ ខែមេសា​ ឆ្នាំ១៩៧៥​ ត្រូវ​បាន​គេ​ដឹង​ថា​ ត្រូវ​បាន​ទុក​ដាក់​ជាប់​នឹង​រូបលោក​រហូត​នា​ពេល​ក្រោយៗ​មក សូម្បីតែ​ពេល​ផ្ដល់​បទ​សម្ភាស​កាលពី​ឆ្នាំ២០១៥​ ​រំឭក​ឡើងវិញ​អំពី​ការ​ជម្លៀសរបស់​ស្ថានទូត​ ក៏​លោក​បាន​បង្ហាញ​ទង់ជាតិ​នោះ​ដល់​អ្នក​សារព័ត៌មាន​ដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment