តុលាការ​ថៃ​​​នៅ​បាងកក ​ពិនិត្យ​​បណ្ដឹង​សមូហភាព​របស់​​ពលរដ្ឋ​ខ្មែរ ដែល​ប្ដឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ​នៅ​ខេត្ត​ឧត្ដរមានជ័យ

ដោយ ជី វិតា
2019-06-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ជីវិតា
តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ជីវិតា


តុលាការ​ថៃ​ផ្នែក​រដ្ឋប្បវេណី​​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បាន​បើក​សវនាការ​បឋម​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​សមូហភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ប្ដឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ​ដ៏​ធំ​មួយ​ឈ្មោះ មិត្រផុន (Mitr Phol Limited) ថា បាន​រំលោភ​យក​ដី​ធ្លី និង​ដុត​ផ្ទះ​សម្បែង​របស់​ពួក​គេ ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១៥។

ជា​សាក្សី​ក្នុង​តុលាការ​ថៃ​នៅ​ពី​ព្រឹក​ថ្ងៃ​ពុធ ទី១២ ខែ​មិថុនា​នេះ អ្នក​ភូមិ​បី​នាក់ ដែល​តំណាង​ឱ្យ​ជន​រង​គ្រោះ​ដី​ធ្លី ៧០០គ្រួសារ ពី​ខេត្ត​ឧត្តរមានជ័យ​សង្ឃឹម​ថា តុលាការ​ថៃ​នឹង​រក​យុត្តិធម៌​ជូន​ដល់​ពួក​គេ។

ជា​ជន​រង​គ្រោះ​ខ្លួន​ឯង​ផង និងតំណាងអោយពលរដ្ឋជាង៧០០គ្រួសារផង ពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ និង​មិន​បញ្ចេញ​សំឡេង​ដើម​របស់​ខ្លួន ដោយ​បារម្ភពី​សុវត្ថិភាព​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ ប្រាប់​អាស៊ី​សេរី​នៅ​មុខ​បន្ទប់​តុលាការ នៅ​ទីក្រុង​បាងកក​ថា អ្នកស្រី និង​តំណាង​ជន​រង​គ្រោះ​ដី​ធ្លី​ដទៃ​ទៀត​ពី​ខេត្ត​ឧត្តរមានជ័យ​មិន​មាន​ជំនឿ​លើ​តុលាការ​កម្ពុជា​ទេ ទើប​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ថៃ។

តំណាង​ពលរដ្ឋ​រូប​នេះ រៀបរាប់​ថា ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន មិត្រផុន (Mitr Phol Limited) ចាប់​ផ្ដើម​នៅ​ឆ្នាំ២០០៨ នៅ​ពេល​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ​មួយ​នេះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ២០.០០០ (ពីរ​ម៉ឺន) ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​អំពៅ​ចំនួន ៧០ឆ្នាំ នៅ​ខេត្ត​ឧត្តរមានជ័យ។

ការ​វិនិយោគ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ថៃ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ភូមិ​ចំនួន​ប្រាំ រួម​មាន ភូមិ​តា​ម៉ាន ភូមិ​ត្រពាំង​វែង ភូមិ​ខ្ទុំ ភូមិ​អូរ​បាត់​មាន់ ភូមិ​បុស្ស ឃុំ​ក្រៀល ក្នុង​ក្រុង​សំរោង។ ការ​ប៉ះ​ទង្គិច​រវាង​កម្លាំង​ប្រដាប់​អាវុធ ដែល​ការពារ​ឱ្យ​ក្រុមហ៊ុន ជាមួយ​អ្នក​ភូមិ​ក៏​កើត​មាន​ឡើង។

ផ្ទះ​សម្បែង​ពលរដ្ឋ ២២៣ខ្នង​នៅ​ភូមិ​អូរ​បាត់​មាន់ ត្រូវ​បាន​កម្លាំង​របស់​ក្រុមហ៊ុន​ដុត​បំផ្លាញ​ចោល​ទាំង​ស្រុង ដើម្បី​បង្ខំ​ឱ្យ​អ្នក​ភូមិ​ចាក​ចេញ។ តំណាង​ជន​រង​គ្រោះ​រូប​នេះ​បន្ត​ថា រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ពលរដ្ឋ​ដែល​រង​គ្រោះ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ជីវភាព​រស់​នៅ សុខភាព ការ​រៀន​សូត្រ​របស់​កូន​ចៅ ហើយ​អ្នក​ភូមិ ៤នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ទៀត​ផង។ ដូច្នេះ ការ​ដាក់​បណ្ដឹង​សមូហភាព​នៅ​តុលាការ​ថៃ​នេះ គឺ​ដើម្បី​ទារ​សំណង​ប៉ះប៉ូវ​ការ​ខូច​ខាត​ទាំង​នោះ។

នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​តុលាការ​ថៃ​ទទួល​បណ្ដឹង​របស់​ដើម​បណ្ដឹង​ជា​ជន​ជាតិ​ខ្មែរ ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន​ថៃ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​យល់​ឃើញ​ជុំវិញ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ​នៅ​ថ្ងៃ​ទី១១ មិថុនា។

លោក អាឡិកសេនដឺ ណូវ៉ាក់ (Alexander Nowak) ទីប្រឹក្សា​កិច្ចការ​នយោបាយ​នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​បាងកក ដែល​ចូលរួម​សង្កេត​តាម​ដាន​សវនាការ​នេះ ប្រាប់​អាស៊ី​សេរី​ថា ប្រទេស​ថៃ គឺ​ជា​ហត្ថលេខី​នៃ​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស មិន​ថា​នៅ​ទី​ណា​ទេ។ លោក​ថា រាល់​ធុរកិច្ច ឬ​ការ​ធ្វើ​ជំនួញ​ជួញ​ដូរ គេ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស ពោល​រាល់​គម្រោង​វិនិយោគ​ទាំង​ឡាយ ត្រូវ​តែ​គិតគូរ​ដល់​សិទ្ធិ​មនុស្ស។ ទោះ​យ៉ាង​ណា លោក​ថា លោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដែល​តុលាការ​ថៃ​បើក​សវនាការ​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​របស់​ពល​រដ្ឋ​កម្ពុជា​នេះ។

តំណាង​ជន​រង​គ្រោះ​ដីធ្លី​ដែល​បាន​មក​ធ្វើ​ជា​សាក្សី​ក្នុង​តុលាការ​រដ្ឋប្បវេណី​ថៃ នៅ​ទីក្រុង​បាងកក មាន​ក្តី​សង្ឃឹម​ថា តុលាការ​ថៃ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​កម្ពុជា​ជាក់​ជា​មិន​ខាន។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្តរមានជ័យ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ​ឈ្មោះ មិត្រផុន (Mitr Phol Limited) បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០០៨ ហើយបញ្ចប់ដោយគា្មនដំណោះស្រាយនៅឆ្នាំ២០១៥ បន្ទាប់ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ថៃ​ឈ្មោះ មិត្រផុន ក្រោយ​ពេល​មាន​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ប្រទេស​ថៃ។ ទោះ​ជា​យ៉ាង​ណា​ក្ដី បើ​តាម​តំណាង​ពលរដ្ឋ និង​អង្គការ​សិទ្ធិ​មនុស្ស មាន​ប្រជា​ពលរដ្ឋ​ជាង ៣០០ (បី​រយ) គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ៧០០គ្រួសារ​នោះ បាន​ទទួល​ដី​របស់​ខ្លួន​មក​វិញ​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​ថៃ​មួយ​នេះ​ដក​ខ្លួន​ចេញ ហើយ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ប្រគល់​ដី​ចម្រូងចម្រាស​ទាំង​នោះ​ឱ្យ​អ្នក​ស្រុក​វិញ។

តុលាការ​ថៃ​នៅ​ទីក្រុង​បាងកក​នឹង​បន្ត​នីតិវិធី​របស់​ខ្លួន​ទៀត នៅ​ថ្ងៃ​ទី១៣ និង​ថ្ងៃ​ទី១៤ មិថុនា ដើម្បី​ពិនិត្យ​ពាក្យ​បណ្ដឹង និង​សាក្សី ថា​តើ​នឹង​ត្រូវ​ទទួល​ពាក្យ​ជា​សមូហភាព ឬ​ជា​បណ្ដឹង​ជា​បុគ្គល​ម្នាក់ៗ យក​មក​កាត់​សេចក្ដី​ឬ​យ៉ាង​ណា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles