តុលាការ​នឹង​​ប្រកាស​សាលក្រម​សំណុំ​រឿង​លោក រ៉ាត់ រត្នមុនី នៅ​ចុង​ខែ​មិថុនា​នេះ

ដោយ សេក បណ្ឌិត
2019-06-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ ពេល​អាជ្ញាធរ​នាំ​ខ្លួន​មក​ធ្វើ​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ រូបថត​ពី​ហ្វេសប៊ុក​ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០១៩
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ ពេល​អាជ្ញាធរ​នាំ​ខ្លួន​មក​ធ្វើ​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ រូបថត​ពី​ហ្វេសប៊ុក​ភរិយា​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ២០១៩


តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​សកម្មជន​សិទ្ធិ​ការងារ​ លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា​ខាងមុខ​នេះ បន្ទាប់​ពី​បាន​​បិទ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ម្សិលមិញ។ មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​ថា សកម្មជន​រូប​នេះ នឹង​អាច​រួច​ខ្លួន​ពី​បទ​ចោទប្រកាន់ ប្រសិន​បើ​តុលាការ​កាត់​ក្តី​រឿង​នេះ​ដោយ​យុត្តិធម៌។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យ​សីហា រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​ ដោយ​លើក​លែង​បទចោទប្រកាន់ ​ និង​ដោះ​លែង​កូន​ក្តី​របស់​លោក​​ឱ្យ​មាន​សេរីភាព​វិញ។ លោក​អះអាង​ថា លោក រ៉ាត់ រត្នមុនី មាន​តួនាទី​ត្រឹមតែ​ជា​អ្នក​បកប្រែ និង​ជួយ​សម្រប​សម្រួលការ​ថត​វីដេអូ​ឯកសារ​ឱ្យ​សារព័ត៌មាន​ Russia Today (RT) ប៉ុណ្ណោះ មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​​ក្នុង​ការ​ចេញផ្សាយ​ភាព​យន្ត​ឯកសារ​ ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត កូន​ក្ដី​របស់​លោក​មាន​លិខិត​បញ្ជាក់​ពី​តួនាទី និង​ការងារ​របស់​ខ្លួន​​នៅ​ក្នុង​ដំណើរ​ការ​ផលិត​​ភាពយន្ត​ឯកសារ​នេះ ដោយ​​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​​ពី​អាជ្ញាធរ​ពាក់ព័ន្ធ៖ «គាត់​គ្រាន់​តែ​ជា​អ្នក​បកប្រែ​ ហើយ​គាត់​មិនបាន​មាន​ចេតនា​ណា​ជាក់​លាក់​ក្នុង​ការ​​ប្រព្រឹត្ត​ហ្នឹង ដើម្បី​ផល​ប្រយោជន៍​នោះ​ទេ ហើយ​បើ​យើង​និយាយ​ផល​ប្រយោជន៍ គឺ​អត់​មាន​តែ​ម្តង។ ​គាត់​គ្មាន​ផល​ប្រយោជន៍​ណាមួយ​ដើម្បី​ធ្វើ​អំពើ​អ៊ីចឹង​នោះ​ទេ»

សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី១២ មិថុនា បាន​ដំណើរ​ការ​អស់​រយៈពេល​ជាង៣ ម៉ោង និង​មាន​ការ​ចូល​រួម​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណីចំនួន៥ នាក់។ ក្នុង​ចំណោម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង ៥នាក់​នោះ មាន​៤ នាក់ គឺ​ជា​តួអង្គ​ម្ដាយ និង​កូន​នៅ​ក្នុង​ភាពយន្ត​ឯកសារ “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ខណៈ​ម្នាក់​ទៀត គឺ​ជា​នាយក​វិទ្យាល័យ​ឥន្ទ្រ​ទេវី។ តំណាង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​​ក្រសួង​មហាផ្ទៃ ក៏​បាន​ចូល​រួម​ក្នុង​សវនាការ​នេះ​ដែរ ដើម្បី​​បញ្ជាក់​អំពី​របាយការណ៍​សំយោគ​របស់​ខ្លួន​ដែល​បាន​ជូន​តុលាការ។

ទោះ​ជា​យ៉ាង​ណា តុលាការ​​មិន​បាន​កោះ​ហៅ​តំណាង​សារព័ត៌មាន​ RT ដែល​ជា​ម្ចាស់​ស្នាដៃ​ភាពយន្តឯកសារ​ “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ឡើយ។ ចំណែក ​តួ​អង្គ​ម្នាក់​ទៀត​ឈ្មោះ អ៊ុន ស្រីពេជ្រ ដែល​ជា​សាក្សី​ដ៏​​សំខាន់​ក្នុង​ការ​ជួយ​ដោះបន្ទុក​ លោក រ៉ាត់ រត្នមុនី នោះ ក៏​អវត្តមាន​ក្នុង​អង្គ​សវនាការ​នេះ​ដែរ ដោយ​សារ​សមត្ថកិច្ច​មិន​អាច​ស្វែង​រក​ទីតាំង​ស្នាក់​នៅ​របស់​នាង​បាន។

មេធាវី​ សំ ទិត្យសីហា សោក​ស្ពាយ​ដែល​តួអង្គ​ដ៏​សំខាន់​ម្នាក់​នេះ មិន​បាន​ចូល​រួម​ផ្ដល់​ព័ត៌មាន​ពិត​ក្នុង​ដំណើរ​ការ​នីតិវិធី​រឿង​ក្តី​នេះ​បាន៖ «គាត់​ជា​តួអង្គ​មួយ​ដែល​បញ្ជាក់​ថា ករណី​ហ្នឹង​ជា​រឿង​ពិត ហើយ​រហូត​មក​ដល់​ពេល​នេះ យើង​មាន​ការ​សោក​ស្ដាយ​មែន​ទែន​ ដែល​គាត់​អត់​បាន​ចូល​រួម​ក្នុង​សវនាការ​ ព្រោះ​គាត់​ជា​តួអង្គ និង​ជា​សាក្សី​មួយ​សំខាន់​មែន​ទែន​ ក្នុង​ការ​បញ្ជាក់​ថា កូន​ក្ដី​របស់​ខ្ញុំ​ហ្នឹង​ គឺ​អត់​មាន​កំហុស​ទេ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី ត្រូវ​បាន​តុលាការ​​​ចោទ​ប្រកាន់​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើស​អើង” បន្ទាប់​ពី​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​អះអាង​ថា ភាពយន្ត​ឯកសារ “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ដែល​បង្ហាញ​ពី​ស្ត្រី​ខ្មែរ​វ័យ​ក្មេង ៣នាក់ ត្រូវ​បាន​លក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ ជា​វីដេអូ​បែប​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​​​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។ អាជ្ញាធរ​​​បាន​ចោទ​លោក រ៉ាត់ រត្នមុនី ថា ​បាន​ឱ្យ​លុយ​តួអង្គ​ក្នុង​សាច់រឿង ដើម្បី​ឱ្យ​ពួកគេ​និយាយ​កុហក​ពី​ដំណើរ​រឿង​របស់​ខ្លួន។

ក៏​ប៉ុន្តែ តួអង្គ​ម្នាក់​ក្នុង​ចំណោម ៣នាក់ នោះ​គឺ​ កញ្ញា អ៊ុន ស្រីពេជ្រ ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ី​សេរី​ថា នាង​មិនដែល​ទទួល​បាន​លុយ​កាក់​ពី​លោក រ៉ាត់ រត្នមុនី ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀប​រាប់​នៅ​ក្នុង​ភាពយន្តឯកសារ​នោះ សុទ្ធ​សឹង​តែ​រឿង​ពិត​របស់​នាង៖ «នេះ​ជា​រឿង​ការពិត​របស់​ខ្ញុំ។ ខ្ញុំ​លាក់​ទុក​ក្នុង​ចិត្ត​ជា​យូរ​មក​ហើយ។ ខ្ញុំ​ចង់​បញ្ចេញ​ឱ្យ​ធូរ​ក្នុង​អារម្មណ៍​របស់​ខ្ញុំ។ ហើយ​លោក​គ្រូ​ខ្ញុំ​ក៏​គាត់​អត់​មាន​ត្រូវ​ខុស​អី​ដែរ ព្រោះ​មុន​នឹង​គាត់​សម្ភាស គាត់​ក៏​បាន​និយាយ​ដែរ​ថា ហ៊ាន​តទល់ ឬ​អត់? ខ្ញុំ​ថា ខ្ញុំ​ហ៊ាន ខ្ញុំ​អត់​ចេះ​ខ្លាច​អី​គេ​ផង។ ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ និង​ប៉ូលិស​ដោះ​លែង​លោក​គ្រូ​ខ្ញុំ​វិញ​ទៅ ព្រោះ​គាត់​អត់​មាន​ធ្វើ​រឿង​ខុស​ឆ្គង ឬក៏​សូក​លុយ​ឱ្យ​គេ​ថត​រឿង​និយាយ​ប្រឌិត​អ៊ីចឹង​ទេ។ រឿង​នេះ​ជា​រឿង​ការពិត»

អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​បាន​ចូលរួម​តាម​ដាន​សវនាការ​នេះ​មើល​ឃើញ​ថា បទ​ចោទ​ប្រឆាំង​នឹង​លោក រ៉ាត់ រត្នមុនី មិន​ទាក់ទង​គ្នា​ទៅ​នឹង​សកម្មភាព​ការងារ​ជា​អ្នក​បក​ប្រែ​របស់​លោក​ឡើយ។ លោក​ជឿ​ជាក់​ថា ប្រសិន​បើ​ចៅក្រម​កាត់​ក្ដី​រឿង​នេះ​ដោយ​ត្រឹម​ត្រូវ​មែន​នោះ​លោក រ៉ាត់ រត្នមុនី នឹង​បាន​​រួច​ខ្លួន​ពី​បទ​​ចោទ​ប្រកាន់ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ៖ «ឯកសារ​ខាង RT បាន​ដាក់​ទៅ​ក្រសួង​ព័ត៌មាន​មុន​នឹង​ថត​ហ្នឹង ក៏​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា លោក រត្នមុនី ជា​អ្នក​សម្រប​សម្រួល​ រត់​ការ​ឯកសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​អ្នក​បក​ប្រែ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​មិន​មាន​អី​ជា​អ្នក​ពាក់ព័ន្ធ​​ក្នុង​ការ​ផលិត​វីដេអូ​ហ្នឹង​ទេ អ៊ីចឹង​ខ្ញុំ​គិត​ថា រឿង​ទាំង​អស់នេះ​តុលាការ​អាច​នឹង​ធ្វើ​ការ​ទម្លាក់​បទ​ចោទ ហើយ​ឱ្យ​លោក រ៉ាត់ រត្នមុនី បាន​មាន​សេរីភាព​វិញ»

គិត​ត្រឹម​ថ្ងៃ​ទី១២ មិថុនា សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល ៦ខែ​មក​ហើយ ហើយ​ការ​នៅ​បន្ត ឬ​រួច​ផុត​ពី​ការ​ឃុំ​ឃាំង​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​សាលក្រម​របស់​តុលាការ ក្នុង​រយៈ​ពេល ២សប្ដាហ៍​ខាងមុខ​ទៀត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles