ចលនាមាតាធម្មជាតិទាមទារឱ្យស៊ើបអង្កេតមន្ត្រីម្នាក់ទិញភូមិគ្រឹះនៅអូស្ត្រាលី

ភូមិគ្រឹះនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលក្រុមចលនាមាតាធម្មជាតិអះអាងថា ជារបស់លោក ផារ៉ា មង្គល(រូបពីគេហទំព័រ domian.com.au)

ក្រុមការងារចលនាមាតាធម្មជាតិបានទាមទារឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតលើមន្ត្រីម្នាក់នៅក្រសួងរៀបចំដែនដី ដែលទិញភូមិគ្រឹះមួយនៅប្រទេសអូស្ត្រាលីតម្លៃជាង៨លានដុល្លារអាមេរិក​ ច្រើនជាប្រាក់ខែដែលមន្ត្រីនោះទទួលបានជាង១ម៉ឺនដង។​

វីឌីអូឃ្លីបមានរយៈពេល៣នាទីដែលក្រុមការងារចលនាមាតាធម្មជាតិផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញបានចោទប្រកាន់ថាម្នាក់ឈ្មោះ ផារ៉ា មង្គល ជាមន្ត្រីខុទ្ទកាល័យនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលមានប្រាក់ខែក្រោម៥០០ដុល្លារ បានទិញភូមិគ្រឹះមួយនៅអូស្ត្រាលីតម្លៃជាង៨លានដុល្លារ។​

ខ្លឹមសារក្នុងវីឌីអូចលនាមាតាធម្មជាតិ៖ «បើយើងបូកលេខតាមវិធីសាមញ្ញៗធម្មតា យើងក៏អាចដឹងបានដែរថា គាត់គ្រាន់តែជាមន្ត្រីដែលមានប្រាក់ខែក្រោម៥០០ដុល្លារតែប៉ុណ្ណោះ ទាំងគាត់និងភរិយារបស់គាត់មិនមានឈ្មោះជាម្ចាស់ក្រុមហ៊ុនអ្វីទេ
នេះបើយើងពិនិត្យមើលលើបញ្ជីរបស់ក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែហេតុអ្វីបានជាគាត់មានប្រាក់រហូតដល់រាប់លានដុល្លារ ដែលច្រើនជាងប្រាក់របស់គាត់ទៅដល់ជាង១ម៉ឺនដងឯណោះ!»

វីអូឌី មិនទាន់មានមធ្យោបាយទំនាក់ទំនងសុំការឆ្លើយតបពីលោក ផារ៉ា មង្គលបាននៅឡើយទេ នៅល្ងាចថ្ងៃសៅរ៍នេះ។​

នៅដើមឆ្នាំ២០១៩នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីលោក គឹម រស្មី និង ស្នងការរងខេត្តកណ្តាល លោកស្រេង សុខា។​

ករណីលោក គឹម រស្មី កើតឡើងក្រោយពី​​​មានវីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គមថា លោក  បាន​ចែក​លុយឲ្យកូន៥នាក់គឺក្នុងម្នាក់១០ម៉ឺនដុល្លារ​និង​ទ្រព្យ​សម្បត្តិ​មួយចំនួន​ទៀត​ក្នុង​ពិធី​ខួបកំណើ​ត​របស់ខ្លួន​។

ចំណែកករណីលោក ស្រេង សុខា កើតឡើងក្រោយពី​មាន​ការ​​​ចែករំលែកតាមបណ្ដាញ​សង្គម​ហ្វេសប៊ុកបន្ទាប់ពីស្នងការរងរូបនេះ បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​​បាន​ជូន​​ថ្លៃ​បណ្ណាការ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិ​ញ្ចៀ​ន​ពេជ្រ និង​រថយន្ដ​លុ​ច្ស​ស៊ី​ស ៥៧០ មួយ​គ្រឿង​ដែលមាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​។

ទោះយ៉ាងណារហូតដល់ពាក់កណ្តាលខែមិថុនានេះអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បានបង្ហាញរបាយការណ៍ស៊ើបអង្កេតលើមន្ត្រីទាំងពីររូបនេះនៅឡើយទេ។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ចលនាមាតាធម្មជាតិទាមទារឱ្យស៊ើបអង្កេតមន្ត្រីម្នាក់ទិញភូមិគ្រឹះនៅអូស្ត្រាលី"

  1. so chết says:

    surprised not the donors who are looking into the case of the Khmer always think
    Cambodia is poor but the leaders are rich

  2. Anonymous says:

    that came from Cambodian blood