តុលាការ​ថៃ​បញ្ចប់​សវនាការ​បឋម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្ដឹង​ក្រុមហ៊ុន​ថៃ​រំលោភ​ដី​ធ្លី

ដោយ ជី វិតា
2019-06-15
RFA

តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ជីវិតា
តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ជីវិតា


នៅ​ប្រទេស​ថៃ​ណោះ​វិញ តុលាការ​បាន​បញ្ចប់​សវនាការ​បឋម​ស្ដីពី​ការពិនិត្យ​មើល​បណ្ដឹង សមូហភាព​របស់​ជន​រងគ្រោះ​ដីធ្លី​កម្ពុជា​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ។

សាក្សី​របស់​ក្រុមហ៊ុន​ស្ករ អំពៅ​ថៃ​មិត្រផុន (Mitr Phol) ឆ្លើយ​បំភ្លឺ​តុលាការ​ថា ក្រុមហ៊ុន​មិត្រផុន មាន​ភាគហ៊ុន ១០០​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ (Angkor Sugar) ដែល​ជា​ក្រុមហ៊ុន​មានឈ្មោះ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រំលោភ​យក​ដីធ្លី​របស់ ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ឧត្តរមានជ័យ។

តុលាការ​ក្រុង​បាងកក​បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា នេះ សាកសួរ​សាក្សី​របស់​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​មិត្រផុន អំពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន ថៃ​ដ៏​ធំ​មួយ​នេះ ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​អំពៅ​ចំនួន​៣ នៅ​កម្ពុជា រួមមាន ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ ក្រុមហ៊ុន​ឃេន អេន ស៊ូហ្គឺរ វ៉ាលី (Cane and Sugar Valley) និង​ក្រុមហ៊ុន​ទន្លេ​ស៊ូហ្គឺរ (Tonle Sugar)

ឆ្លើយតប​ទៅ​នឹង​ការ​សួរ​ដេញដោល​របស់​មេធាវី​ដើម​បណ្ដឹង ឬ​មេធាវី​របស់​ជនរងគ្រោះ សាក្សី​របស់​ក្រុមហ៊ុន​ដែល​ធ្លាប់​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ នៅ​កម្ពុជា ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​មិត្រផុន មាន​ភាគហ៊ុន​១០០​ភាគរយ ជាមួយ​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ។ ប៉ុន្តែ​សាក្សី​ដដែល​នេះ​ឆ្លើយ​ថា លោក​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​ដ៏​ធំ​មួយ​នេះ មាន​ភាគហ៊ុន​ជា មួយ​ក្រុម​ហ៊ុន​ពីរ​ទៀត​នៅ​កម្ពុជា ដែរ​ឬទេ​។ ក្រុមហ៊ុន​ពីរ​ទាំងនោះ គឺ​ក្រុមហ៊ុន​ឃេន អេន ស៊ូហ្កាវ៉ាលី (Cane and Sugar Valley) និង​ក្រុមហ៊ុន​ទន្លេ​ស៊ូ​ហ្កា (Tonle Sugar) ដែល​អ្នកស្រុក​និង​អ្នក​សង្កេត​ការ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដីធ្លី​របស់​អ្នកស្រុក​ផង​ដែរ។

ទោះជា​យ៉ាងណា នេះ​ជា​ការ​ផ្ដល់​ចម្លើយ​ក្នុង​តុលាការ​លើកដំបូង​ហើយ ដែល​សាក្សី ធ្លាប់​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ ថ្លែងប្រាប់​តុលាការ​ថា ក្រុមហ៊ុន​មិត្រផុន មាន​ភាគហ៊ុន ១០០​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ។

សាក្សី​ដដែល​ប្រាប់​ថា បើ​ទោះ​ជា​ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ជាង ៦.០០០ ហិកតារ​ក្តី ក៏​ជាក់ស្ដែង​វិញ​ក្រុមហ៊ុន​ដាំ​ដំណាំ​បាន​តែ ៥០ ហិកតារ​ប៉ុណ្ណោះ។

ប៉ុន្តែ​ដើម​បណ្ដឹង និង​ជា​ជនរងគ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ីសេរី ក្រោយ​សវនាការ​ថា ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺរ ដាំ​ដំណាំ​អំពៅ​បាន ៥០០​ហិកតារ​ឯណោះ។ «»

ចំពោះ​ជោគជ័យ​ក្នុង​សំណើ​រឿង​នេះ មេធាវី​តំណាង​ដើម​បណ្តឹង គឺ​អ្នកស្រី សរ រតនាម៉ានីផនក្លា (Sor Rattanamanee Polkla) ប្រាប់​អាស៊ីសេរី​នៅមុខ​បន្ទប់​តុលាការ​ថា គ្រប់​ភាគី​សុទ្ធ​តែ​មាន​ក្តី​សង្ឃឹម​រៀងៗ​ខ្លួន។ «»

អ្នកស្រី​សង្ឃឹម​ថា តុលាការ​នឹង​ទទួលយក​ពាក្យ​បណ្តឹង​សមូហភាព​របស់​ក្រុម​មេធាវី​ជនរងគ្រោះ ជាជាង​ទទួល​បណ្ដឹង​ឯកជន​ជា​បុគ្គល​ម្នាក់ៗ​។ អ្នកស្រី​ថា ចំណែក​ក្រុមហ៊ុន​មិត្រផុន វិញ​ក៏​គេ​សង្ឃឹមថា តុលាការ​នឹង​មិន​ទទួលយក​ពាក្យ​បណ្ដឹង​បែប​សមូហភាព​នោះ​ទេ។ «»

ប្រទេស​ថៃ​កាលពី​៤​ឆ្នាំមុន បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់រដ្ឋប្បវេណី​របស់​ខ្លួន បើកផ្លូវ​

ឱ្យ​ជនរងគ្រោះ​អាច​ប្ដឹង​ជា​សមូហភាព​បាន។ បណ្ដឹង​សមូហភាព គឺជា​បណ្ដុំ​នៃ​ដើម​បណ្ដឹង​ជាច្រើន​នាក់ ដែល​យល់ថា ខ្លួន​រង​ការខូចខាត​ដូចគ្នា ឬ​ស្រដៀង​គ្នា ពី​អំពើ​ណាមួយ ដែល​អំពើ​ទាំងនោះ ប្រព្រឹត្ត​ឡើង​អ្នកមាន​ឥទ្ធិពល ដូចជា​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន ឯកជន ឬ​សាជីវកម្ម ជាដើម​។ ប្រយោជន៍​ធំ​ជាងគេ​មួយ​នៃ​ពាក្យ​បណ្តឹង​សមូហភាព គឺ​ជួយ​ឱ្យ​ជនរងគ្រោះ​ឱ្យ​មាន​លទ្ធភាព​ក្នុង​ការ​ប្ដឹង ព្រោះ​មិន​ចាំបាច់​ចំណាយ ប្រាក់​ច្រើន​សម្រាប់​ថ្លៃ​មេធាវី បណ្ដឹង​រួមគ្នា​នេះ ក៏​បង្ហាញ​ពី​កម្លាំង​រួមគ្នា​នៃ​ដើម​បណ្ដឹង​ផង​ដែរ។

សម្រាប់​តុលាការ​ថៃ​ទទួលយក​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​កម្ពុជា​មក​ពិនិត្យ​ពិចារណា​នេះ គឺជា​រឿង​មួយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ផ្លូវច្បាប់​នៃ​ប្រទេស​ទាំងពីរ។

ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្តរមានជ័យ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​អង្គរ​ស៊ូហ្គឺរ ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​ឈ្មោះ មិត្រផុន បាន​ផ្ទុះឡើង​នៅ ឆ្នាំ​២០០៨​។ ប្រជាពលរដ្ឋ​ចំនួន​៥ភូមិ​រង​ផលប៉ះពាល់ រួមមាន ភូមិ​តាម៉ាន ភូមិ​ត្រពាំងវែង ភូមិ​ខ្ទុំ ភូមិ​អូរបាត់មាន់ ភូមិ​បុស្ស ក្នុង​ឃុំ​ក្រៀល នៃ​ក្រុង​សំរោង។ ភូមិ​ដែល​ប៉ះពាល់​ធ្ងន់​ជាងគេ​បំផុត គឺ​ភូមិ​អូរបាត់មាន់​ដែល​មាន​ផ្ទះ​របស់​អ្នកស្រុក ជាង​២០០​ខ្នង ត្រូវ​បាន​កម្លាំង​ដែល​ការពារ​ឱ្យ​ក្រុមហ៊ុន​ដុត​បំផ្លាញ​ចោល​ទាំងស្រុង ដើម្បី​បង្ខំ​ឱ្យ​អ្នកភូមិ​ចាកចេញ​យក​ដី​ឱ្យ​ក្រុមហ៊ុន។

សម្រាប់​នីតិវិធី​បន្ទាប់ គឺ​មេធាវី​គ្រប់​ភាគី​នឹង​ដាក់​សារណា​នៃ​សេចក្ដី​សន្និដ្ឋាន របស់​ខ្លួន​ជូន​ចៅក្រម​ពិចារណា​សម្រេច ដែល​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី៤ ខែ​កក្កដា ថា តើ​តុលាការ​ថៃ​នៅ​ទីក្រុង​បាងកក នឹង​ទទួលយក​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​កម្ពុជា​ជា​ពាក្យ​បណ្ដឹង​បែប​សមូហភាព ឬ​ជា​ពាក្យ​បណ្ដឹង​ឯកជន។ ហើយ​បើ​ភាគី​ណាមួយ មិន​សុខចិត្ត​ចំពោះ​សេចក្ដី​សម្រេច​នោះ​អាច​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល ៧​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles