មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​រឹបអូស​ឈើ​មូល​រាប់​សិប​ម៉ែត្រ​គួប​ដែល​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ក្រវាញ​កណ្ដាល

ដោយ ថន ថារ៉ូ
2019-06-15
អាស៊ីសេរិ

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គំនរ​ឈើ​រាប់​សិប​ម៉ែត្រគូប ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ចាប់​រឹបអូស នៅ​ភ្នំ​ក្រវាញ​កណ្ដាល នៅ​ថ្ងៃ​ទី ១៥ មិថុនា ២០១៩។ រូប​ពី​លោក ជា ហ៊ាន
គំនរ​ឈើ​រាប់​សិប​ម៉ែត្រគូប ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ស្ពឺ ចាប់​រឹបអូស នៅ​ភ្នំ​ក្រវាញ​កណ្ដាល នៅ​ថ្ងៃ​ទី ១៥ មិថុនា ២០១៩។ រូប​ពី​លោក ជា ហ៊ាន


មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ រឹបអូស​ឈើ​មូល​ជាង ៣​រយ (៣៣៩) កំណាត់ ដែល​មាន​មុខកាត់ ៥​តឹក​ឡើង​ទៅ មក​រក្សាទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​ក្នុងស្រុក​ឱរ៉ាល់។ សកម្មជន​បរិស្ថាន​អះអាង​ថា ឈើ​ទាំងនោះ ត្រូវ​ក្រុម​ជនល្មើស​ប្រមូល​ចេញ ពី​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ​កណ្ដាល ដែល​ដុះ​តាម​ជម្រាល​ភ្នំ និង​តំបន់​ជ្រោះ ដែល​ជា​ឈើ​កម្រប​សល់​ចុងក្រោយ​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន អះអាង​ថា ពួកគេ​បាន​រក​ឃើញ​ទីតាំង​ស្តុក​ឈើ ៣​កន្លែង​ផ្សេងគ្នា ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ឃុំ​តាសាវ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​បាន​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន ដែល​ឈរជើង​តំបន់​នោះ​ឃាត់​ចាប់ និង​រឹបអូស​មក​រក្សាទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​នៅ​ថ្ងៃទី ១៥ មិថុនា​។ ឈើ​ទាំងនោះ ភាគច្រើន ជា​ប្រភេទ​ឈើ សុ​ក្រំ និង​រកា មានមុខ​កាត់​កន្លះ​ម៉ែត្រ រហូតដល់​ជិត ១​ម៉ែត្រ ប្រវែង ចាប់ពី ៣​ម៉ែត្រ​កន្លះ ដល់ ៤​ម៉ែត្រ​។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ដែល​អង្កេត​រឿង​នេះ ឱ្យ​ដឹង​ថា ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​កាប់​រំលំ និង​ដឹកជញ្ជូន​ចេញពី​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ​កណ្ដាល មក​លាក់​ទុក​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ពី​ទីតាំង​ស្តុក​ឈើ និង​កន្លែង​ដែល​ពួកគេ​អារ​រំលំ​។ លោក​ថា ប្រតិបត្តិ​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​រឹបអូស​បាន ម៉ាស៊ីន​កែច្នៃ​ឈើ​មួយ​គ្រឿង និង​ត្រង់សឺន័រ​មួយ​គ្រឿង រីឯ​ជនល្មើស​បាន​គេច​ខ្លួន​៖ «ប៉ុន្តែ​យើង​មិនទាន់​បាន​កំណត់​តើ​មេ​ឈ្មួញ​ជា​មុខសញ្ញា​នរណា ព្រោះ​មកដល់ពេលនេះ ទីតាំង​ឈើ​យើង​ឃើញ​ឈើ ម៉ាស៊ីន​ត្រង់សឺន័រ​ហើយ​និង ម៉ាស៊ីន​ដែល​កំពុង​ធ្វើ​សកម្មភាព ជន​ល្មើស​ត្រូវ​បាន​គេចខ្លួន​។ ប្រសិនបើ​យើង​មិន​រួមគ្នា​ថែរក្សា​ព្រៃឈើ​ទេ ៥​ឆ្នាំ​ទៀត​នឹង​រលាយ​ហើយ​ឈើ​នៅ​តំបន់​អភិរក្ស»

សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ នៅ​សេសសល់​ឈើ​កម្រ​ធំៗ​ដុះ​ចេញ​តាម​ជម្រាល​ភ្នំ និង​តំបន់​ជ្រោះ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ កំពុង​ទទួលរង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​យ៉ាង​ខ្លាំង​ក្លា​។ រីឯ​អ្នក​មាន​អំណាច​មួយ​ចំនួន បាន​ជួល​ពលរដ្ឋ​កាប់ និង​ដឹកជញ្ជូន​ឈើ​លក់​ឱ្យ​ខ្លួន​តាម​រថយន្ត​ប៉ា​កុង និង​គោយន្ត​៖ «ជាប់​ព្រំប្រទល់​គ្នា​រវៀង​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ពោធិ៍សាត់ អ៊ីចឹង​អាជ្ញាធរ​បាន​ទម្លាក់កំហុស​លើ​គ្នា​ទៅវិញទៅមក ក៏​មាន​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​ឧទ្យានុរក្ស បរិស្ថាន​ឬ​កងកម្លាំង​មួយ​ចំនួន​ទៀត អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ ដែល​ជា​តំបន់​អភិរក្ស»

អាស៊ីសេរី​បាន​ទាក់ទង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ជុំវិញ ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១៥ មិថុនា​។

ចំណែក​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក នៅ ណាក់ បញ្ជាក់​យ៉ាងខ្លី​ថា មន្ត្រី​ជំនាញ​កំពុង​ប្រមូល​ឈើ​ទាំងនោះ រក្សាទុក​នៅ​ស្នាក់​ការ​បរិស្ថាន ក្នុង​​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ត្រៀម​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​។ លោក​បដិសេធ មិន​បញ្ជាក់​លម្អិត​ថា ឈើ​ទាំងនោះ​មាន​ប៉ុន្មាន​ម៉ែត្រ​គូប​ទេ​៖ «ខ្ញុំ​កំពុង​បង្ក្រាប​តែ​អត់​ទាន់​ដឹង​ចំនួន​ច្បាស់លាស់​នៅឡើយ បូកសរុប​ហើយ​ចាំ​រាយការណ៍​ជូន​បង​វិញ តែ​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ»

លោក ជា ហ៊ាន មន្ទិល​ថា ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ពី​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ក្រវាញ មកកាន់​កន្លែង​ស្តុក​ឈើ មាន​ចម្ងាយ​រាប់​សិប គីឡូម៉ែត្រ ហេតុអ្វី​សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​ឧទ្យានុរក្ស​នៅ​តំបន់​នោះ​មើល​មិន​ឃើញ​? លោក​ថា សកម្មភាព​កាប់​ឈើ​ធំៗ​នៅ​តំបន់​ជ្រលង​ភ្នំ និង​ជ្រោះ កំពុង​មមាញឹក​ខ្លាំង ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពង្រឹង​កម្លាំង​ឈរជើង​នៅ​តំបន់​នោះ មិន​បាន​រារាំង និង​ទប់ស្កាត់​បទល្មើស​គ្រប់​ជ្រុងជ្រោយ​ទេ ធ្វើ​ឱ្យ​ដើមឈើ​ធំៗ​ដែល​ដុះ​នៅ​តំបន់​ខ្ពស់​រាប និង​ជ្រលង​ភ្នំ ត្រូវ​គេ​អារ​ឱ្យ​ដួល យក​ឈើ​លក់​នៅ​វៀតណាម និង​ក្នុងស្រុក។

តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល និង​ជួរ​ភ្នំ​ក្រ​វ៉ាង​ខាងត្បូង លាតសន្ធឹង​ជាប់​ទឹកដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល មាន​ផ្ទៃដី​ជាង ៨​សែន​ហិកតារ។ តំបន់​អភិរក្ស​នេះ មាន​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ជាង ៧០​នាក់​ដែល​ឈរជើង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ជីវចម្រុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​រឹបអូស​ឈើ​មូល​រាប់​សិប​ម៉ែត្រ​គួប​ដែល​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ក្រវាញ​កណ្ដាល"

  1. Anonymous says:

    this is Cambodian blood