មន្ត្រី​របប​ភ្នំពេញ​ជំរុញ​ឱ្យ​យុវជន​ប្ដឹង​ទៅ ACU ករណី​មន្ត្រី​ខ្លួន​មាន​លុយ​រាប់​លាន​ទិញ​ផ្ទះ​នៅ​អូស្ត្រាលី

ដោយ យន់ សាមៀន
2019-06-15
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


ក្រុម​យុវជន​រក​ឃើញ​ថា កូនប្រុស​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​និង​ជា​អតីត​ចៅហ្វាយ​រាជធានី​ភ្នំពេញ លោក ជា សុផារ៉ា មាន​លុយ​ប្រមាណ ៨​លាន​ដុល្លារ​ទិញ​វិមាន​នៅ​អូស្ត្រាលី ដែល​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​ករណី​ពុករលួយ។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ថា មន្ត្រី​រដ្ឋាភិបាល​មាន ប្រាក់ចំណូល​បន្ថែម ប្រហែលជា​មកពី​ពួកគេ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​រដ្ឋបាល​បន្ថែម។

លោក ផៃ ស៊ីផាន ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​យុវជន អាច​ដាក់​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីព្រោះ​មានតែ​អង្គភាព​នេះ ទើប​មាន​សមត្ថកិច្ច​អាច​ស្រាវជ្រាវ​ករណី​នេះ​បាន៖ «ចំពោះ​មន្ត្រី​ជួនកាល​គេ​លក់​ដី​លក់​ធ្លី​របស់​គេ​ទៅ យើង​ដឹង​ហើយ​ថា​ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​មួយ​ប្រឆាំង​នឹង​ការ​លាង​លុយ គេ​ប្រយ័ត្នប្រយែង​ណាស់​លុយ​ហ្នឹង​ត្រូវ​មាន​ប្រភព​មក​ពី​ណា​។ នេះ​ជា​ជំហាន​ទីមួយ​ដែល​ខ្ញុំ​បាន​ដឹង ហើយ​ក្រៅពី​ហ្នឹង​ខ្ញុំ​មិន​ដឹង​ទេ បើ​តាម​ប្រាក់ខែ​តាម​ប្រាក់​រង្វាន់​ដូច​មិន​មាន​លទ្ធភាព​ដល់​ប៉ុណ្ណឹង​ទេ»

អង្គការ​មាតា​ធម្មជាតិ​បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ប្រមាណ​៣​នាទី លើ​ហ្វេសប៊ុក​ផេក​របស់​ខ្លួន​កាលពី​យប់​ទី​១៤ ខែ​មិថុនា​។ ក្រុម​យុវជន​រក​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង ឈ្មោះ ផារ៉ា មង្គល បាន​ចំណាយ​លុយ​ជាង ៨​លាន​ដុល្លារ ទិញ​ផ្ទះ​វិឡា​មួយ​កន្លែង​នៅ​ប្រទេស​អូស្ត្រាលី។

ក្នុង​វីដេអូ​នោះ​ក្រុមយុវជន​បាន​ស្រា​ជ្រាវ និង​ដក​ស្រង​ប្រភព​ព័ត៌មាន ឯកសារ​សាធារណៈ​អូស្ត្រាលី​បង្ហាញ​ថា លោក ផារ៉ា មង្គល ដែល​មាន​តួនាទី ជា​នាយក​ខុទ្ធកាល័យ​នៃ​ក្រសួង​ដែនដី ដែល​ឪពុក​របស់​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​នេះ។ យុវជន​សង្ស័យ​ថា ករណី​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ ដោយសារតែ លោក ផារ៉ា មង្គល គ្មាន ក្រុមហ៊ុន​ជំនួញ​ណា​ផ្សេង​ក្រៅពី​ធ្វើការ​ជា​មន្ត្រីរាជការ​ដែល​មាន​ប្រាក់ខែ​ក្រោម ៥០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៖ «បើ​យើង​បូកលេខ​តាម​វិធី​សាមញ្ញៗ​ធម្មតា​យើង​ក៏​អាច​យល់​បាន​ដែរ​ថា គាត់​(​ផា​រ៉ា មង្គល​) ជា​មន្ត្រី​ដែល​មាន​ប្រាក់ខែ​ក្រោម​៥០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ទាំង​គាត់ និង​ភរិយា​មិន​មាន​ឈ្មោះ​ជា​ម្ចាស់​ក្រុមហ៊ុន​អ្វី​ទេ នេះ​បើ​យើង​នៅ​ក្នុង​បញ្ជី​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​ហេតុ​អី​បាន​គាត់​មាន​ប្រាក់​រាប់​លាន​ដុល្លារ​ដែល​ច្រើនជាង​ប្រាក់ខែ​របស់​គាត់​ដល់​ទៅ​ជាង​មួយ​ម៉ឺន​ឯណោះ?»

កញ្ញា សភា មយូរា ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ក្រោយ​បង្ហោះ​វីដេអូ​នេះ ឃើញ​មហាជន​ចាប់អារម្មណ៍​ច្រើន ប៉ុន្តែ​មិនទាន់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ណាមួយ​បង្ហាញ​ប្រតិកម្ម​នឹង​ការ​រក​ឃើញ​នេះ​នៅឡើយ​ទេ​។ កញ្ញា​អះអាង​ថា អ្វី​ដែល​ពួក​រក​ឃើញ​ថា គឺ​ផ្អែកលើ​ឯកសារ​ពិត​ដែល​បាន​ស្រាវជ្រាវ​ជាច្រើន​ខែ និង​គ្មាន​ចេតនា​អាក្រក់​ណាមួយ​មូល​បង្កាច់​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ៖ «ចាស សុទ្ធតែ​ពិតប្រាកដ​វីដេអូ​នេះ​មួយ គឺ​ពួក​ខ្ញុំ​ប្រើ​ពេល​យូរ​ដើម្បី​ស្រាវជ្រាវ​បើ​យោង​តាម​ឯកសារ​និង​ព័ត៌មាន​ផ្សេងៗ​ស្ទើរតែ​មួយ​រយ​ភាគរយ​តែម្ដង»

អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង និង​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។

លោកស្រី ឡុង គន្ធា ដែល​បាន​ចូលរួម​ស្រាវជ្រាវ​ករណី​នេះ​ដែរ លើកឡើង​ថា ការ​ផ្សព្វផ្សាយ​នេះ​នឹង​លើកទឹកចិត្ត​ដល់​យុវជន​ផ្សេងទៀត​ឱ្យ​ក្លាហាន​ហ៊ាន​បង្ហាញ​អំពើពុករលួយ​ពេល​ពួក​រក​ឃើញ​។ យុវជន​ដដែល​បន្ត​ថា ពេលនេះ​ក្រុម​យុវជន​កំពុង​ពិចារណា​មុននឹង​សម្រេចចិត្ត​ត្រូវ​ដាក់​ពាក្យ ឬ​មិន​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ៖ «យើង​ធ្វើ​នឹង​គឺ​ចង់​ឱ្យ​យុវជន​ឬក៏​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​ដែល​គាត់​មាន​ភស្តុតាង​ឬក៏​សង្ស័យ​បុគ្គល​ណាមួយ​ដែល​គាត់​ប្រព្រឹត្ត​អំពើពុករលួយ​ឬក៏​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឱ្យ​ពួកគាត់​ហ៊ាន​លាតត្រដាង​នូវ​ការពិត​អាច​ថា​ជា​ការ​បើកផ្លូវ​ជា​គំរូ​ដល់​យុវជន​ផ្សេងទៀត»

ការ​រក​ឃើញ​ករណី​សង្ស័យ​មន្ត្រី​ជាន់ខ្ពស់​របប​លោក ហ៊ុន សែន ប្រព្រឹត្ត​អំពើពុករលួយ​នេះ គ្មាន​អ្វី​ប្លែក​ទេ មាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល នៃ​របប​ក្រុងភ្នំពេញ​មួយ​ចំនួន​ទៀត ដែល​មាន​លុយ​រាប់​លាន​ដុល្លារ​ទៅ​ទិញ​ដី​ទិញ​ផ្ទះ និង​បើក​ក្រុមហ៊ុន​នៅ​ប្រទេស​អូស្ត្រាលី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC ផ្សាយ កាលពី ខែ​តុលា ឆ្នាំ​២០១៨​ថា កូនប្រសា​រលោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដែល​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ដែល​មាន​ផ្ទះ​តម្លៃ​ប្រហែល ១.៥ លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​របស់​លោក ឌី វិជ្ជា ទើបតែ​លក់​ឃ្លាំង​មួយ​មានតម្លៃ​ជាង ៥​លាន​ដុល្លារ កាលពី​ខែ​ឧសភា ក្នុង​ឆ្នាំ​២០១៨​នោះ។

សារព័ត៌មាន​ដដែល បាន​រកឃើញ​ថា ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ទិញ​ផ្ទះ​តម្លៃ​ប្រហែល ១.៣ លាន​ដុល្លារ នៅ​អូស្ត្រាលី​ដែរ។ ប្រពន្ធ​របស់​លោក ហ៊ុន តូ មានទ្រព្យ​មួយ​កន្លែង​ទៀត​តម្លៃ​ជាង ៦​សែន​ដុល្លារ (៦៥០.០០០) ដែល​ទើប​ផ្ទេរ​កម្មសិទ្ធិ ឱ្យ​បងប្អូន​បង្កើត​របស់​គាត់​គ្រប់គ្រង​វិញ​។ ចំណែក​ឯ​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​លោក គង់ វិបុល មាន​ភាគហ៊ុន ក្នុង​ដី​មួយ​កន្លែង ហើយ​លោក​បាន​លក់​កាលពី​ខែ​មីនា ឆ្នាំ​២០០៧ ក្នុង​ទឹកប្រាក់ ជាង ២១ លាន​ដុល្លារ (២១.៤ លាន​ដុល្លារ​)​។ សារព័ត៌មាន​អូស្ត្រាលី ABC រកឃើញ​ថា លោក គង់ វិបុល មានទ្រព្យ​ជាច្រើន​កន្លែង​ទៀត​នៅ​អូស្ត្រាលី រួម​ទាំង​ផ្ទះ​តម្លៃ ៦​សែន​ដុល្លារ​ផង។ លោក គង់ វិបុល ធ្លាប់​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះ​ទេ។

សង្គម​ស៊ីវិល​សង្ស័យ​ថា ការប្រើប្រាស់​លុយ​វាល់​លាន​ដុល្លារ​ទិញ​អចលនវត្ថុ​នៅ​អូស្ត្រាលី​នេះ អាច​ជា​ករណី​លាង​លុយ​កង្វក់​របស់​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​បាន​លុយ​នោះ​មកពី​ការប្រព្រឹត្ត​អំពើពុករលួយ​។ ពួកគេ​ក៍​សង្ស័យ​ថា មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ​មួយ​ចំនួន បាន​ទិញ​ផ្ទះ​ត្រៀមខ្លួន ករណី​របប​លោក ហ៊ុន សែន បាត់បង់​ដំណែង​នោះ នឹង​អាច​មាន​ផ្ទះ​ជ្រក​នៅ​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​របប​ភ្នំពេញ​ជំរុញ​ឱ្យ​យុវជន​ប្ដឹង​ទៅ ACU ករណី​មន្ត្រី​ខ្លួន​មាន​លុយ​រាប់​លាន​ទិញ​ផ្ទះ​នៅ​អូស្ត្រាលី"

  1. so chết says:

    surprised not the donors who are looking into the case of the Khmer always think
    Cambodia is poor but the leaders are rich