សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​គេច​ខ្លួន​ក្រោយ​ដឹង​ថា​មាន​បញ្ជា​ឱ្យ​ចាប់ខ្លួន

ដោយ ម៉ៅ សុធានី
2019-06-15
RFA

គេហទំព័រ​ហ្វេសប៊ុក របស់ លោក ម៉ៃ ប៊ុនស៊ាង ឈ្មោះ «ទោះ​ស្លាប់ ក៏​ជា​ខ្មែរ​»។ Print Screen
គេហទំព័រ​ហ្វេសប៊ុក របស់ លោក ម៉ៃ ប៊ុនស៊ាង ឈ្មោះ «ទោះ​ស្លាប់ ក៏​ជា​ខ្មែរ​»។ Print Screen


សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ព្រះសីហនុ​ម្នាក់ បន្ត​គេច​ខ្លួន​មិន​ទាន់​ហ៊ាន​ត្រលប់​ចូល​ផ្ទះ​វិញ​ទេ ព្រោះ​ខ្លាច​រង​ការ​ចាប់ខ្លួន ដោយសារ​ទទួល​បាន​ព័ត៌មាន​ពី​មិត្តភ័ក្ដិ​ម្នាក់ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ថា សមត្ថកិច្ច​បាន​បញ្ចាំង​រូបថត​លោក និង​បង្គាប់​ឱ្យ​ចាប់ខ្លួន។ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ថា មិន​បាន​ទទួល​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ​ទេ និង​ចាត់ទុកថា លោក​ប្រឌិត​រឿង​ដោយ​ខ្លួនឯង។

ភរិយា​របស់ លោក ម៉ៃ ប៊ុនស៊ាង សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់​ថា ស្វាមី បាន​រត់​គេច​ខ្លួន តាំងពី​ថ្ងៃ​ទី​២១ ឧសភា មិនដែល​ហ៊ាន​ត្រលប់​មក​ផ្ទះ​ម្ដង​ទេ ដោយសារ​ភ័យខ្លាច​ការ​ចាប់ខ្លួន។ អ្នកស្រី​រៀបរាប់​ថា ដើមហេតុ​ដំបូង គឺ​ថ្ងៃ​ទី​២០ ឧសភា មាន​មិត្តភ័ក្ដិ​ម្នាក់ ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​អំណាច បាន​ទូរស័ព្ទ​មក​ប្រាប់​ប្ដី​អ្នកស្រី ថា លោក​មានឈ្មោះ​បញ្ជី​ផ្ទាំង​រូបថត (Slide)​ដែល​ត្រូវ​ចាប់ខ្លួន ព្រោះតែ​ហ៊ាន​បង្ហោះ​ហ្វេសប៊ុក​រិះគន់​រដ្ឋាភិបាល។

មួយថ្ងៃ​បន្ទាប់ ស្វាមី​អ្នកស្រី បាន​រត់គេច​ខ្លួន និង​បន្សល់ទុក​កូន​តូចៗ​៣​នាក់ ក្នុង​បន្ទុក​អ្នកស្រី តែម្នាក់​ឯង​។ អ្នកស្រី​អះអាង​ថា ស្វាមី គឺ លោក ម៉ៃ ប៊ុនស៊ាង មិន​បាន​បង្ហោះ​សារ​ជេរប្រមាថ​នរណា​ទេ តែ​គាត់​ចូលចិត្ត​បង្ហោះ​សារ​រិះគន់ ដើម្បី​ស្ថាបនា​ប្រទេស​ជាតិ៖ «គាត់​បង្ហោះ​រិះគន់​ហ្នឹង ក្នុង​ន័យ​ស្ថាបនា​ទេ ហើយក៏​មិន​នឹកស្មាន​ថា ដល់​ថ្នាក់​ហ្នឹង​ដែរ ដល់​គេ​មក​ចាប់​អ្វី​អ៊ីចឹង រត់ចោល​ប្រពន្ធ​កូន​។ ខ្ញុំ​គ្រាន់តែ​ឆ្ងល់​ថា គាត់​មិនដែល​ទៅ​លួច​ឆក់​ប្លន់ អ្នកណា​សោះ គ្រាន់តែ​រិះគន់​តាម​សង្គម​សោះ ក៏​ដេញ​ចាប់​គាត់ មិន​សេរីភាព​អ្វី​បន្តិច​សោះ»

លោក ម៉ៃ ប៊ុនស៊ាង ជា​អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ បន្ទាប់​មក​លោក​បាន​លាលែង​តំណែង​នេះ ទុក​ឱ្យ​ក្មេងៗ​ស្រករ​ក្រោយ​កាន់​វិញ ដោយ​សុំ​ធ្វើ​ត្រឹម​សកម្មជន​ធម្មតា​ប្រចាំ​ខេត្ត​ព្រះសីហនុ​។ បើ​ទោះ​លោក ម៉ៃ ប៊ុនស៊ាង គេចខ្លួន​ជិត​មួយ​ខែ​ហើយក៏​ដោយ ប៉ុន្តែ គេហទំព័រ​ហ្វេសប៊ុក របស់ លោក ម៉ៃ ប៊ុនស៊ាង ឈ្មោះ «ទោះ​ស្លាប់ ក៏​ជា​ខ្មែរ​» នៅតែ​បន្ត​ចែករំលែក​ព័ត៌មាន និង​បញ្ចេញមតិ​រិះគន់​របប​ក្រុងភ្នំពេញ។

ភរិយា លោក ម៉ៃ ប៊ុនស៊ាង អ្នកស្រី គា ស៊ីសុគន្ធី អះអាង​ថា ក្រោយ​ពេល​ស្វាមី​អ្នកស្រី គេច​ចេញ​ពី​ផ្ទះ​បាន​ប៉ុន្មាន​ថ្ងៃ មាន​សមត្ថកិច្ច​ជិះ​ក្រឡឹង​ផ្ទះ​អ្នកស្រី ខុស​ពី​ធម្មតា និង​មាន​ជន​ចម្លែក​២​នាក់ បាន​ឃ្លាំមើល​ផ្ទះ​អ្នកស្រី ២​ថ្ងៃ​ជាប់​គ្នា កាល​កំឡុង​ដើមខែ​មិថុនា។ អ្នកស្រី​ប្រាប់​ថា មិន​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ទេ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​ប្ដី។

ស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី​ថា ស្ថាប័ន​ប៉ូលិស មិន​បាន​ដឹង​ពី​គម្រោង​ឃាត់ខ្លួន ឬ​ការ​រត់​គេចខ្លួន​របស់ លោក ម៉ៃ ប៊ុនស៊ាង ឡើយ។ ស្នងការ​រូប​នេះ យល់​ថា នេះ​ជា​ការ​ភ័យខ្លាច ដោយ​ខ្លួនឯង ព្រោះ​បើ​ត្រឹម​ជា​អតីត​សកម្មជន​បក្ស​ប្រឆាំង​គឺ​គ្មាន​ទោស​ទេ តែ​បើ​លោក ម៉ៃ ប៊ុនស៊ាង បាន​ប្រព្រឹត្តិ​ល្មើសច្បាប់​មែន មិន​អាច​រត់គេច​បាន​ទេ៖ «អ៊ីចឹង​រឿង​ហ្នឹង រឿង​តែ​គាត់ ស្អី​ក៏​គាត់​ទាំងអស់​ណា​។ សូម​ជម្រាប​ជូន​ថា ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​អ្វី​ដែរ​ទេ ដល់​សួរ​អ៊ីចឹង​ខ្ញុំ​ឆ្ងល់​ដែរ​។ អ៊ីចឹង គាត់​ប្រហែលជា គាត់​ភ័យ​ខ្លួនឯង ធ្វើ​ប៉ូលិស​ខ្លួនឯង ស្អី​ធ្វើ​ខ្លួនឯង​ទាំងអស់»

បើ​ទោះ​យ៉ាងណា ភរិយា លោក ម៉ៃ ប៊ុនស៊ាង អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់​ថា ប្ដី​របស់​អ្នកស្រី​នៅតែ​បារម្ភ​ថា អាជ្ញាធរ​អាច​ធ្វើទុក្ខបុកម្នេញ​គាត់ ដោយសារតែ​លោក នៅតែ​បន្ត​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល នៅ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ តាំងពី​តុលាការ​កំពូល​នៃ​របប​ក្រុងភ្នំពេញ បិទ​សិទ្ធិ​គណបក្សប្រឆាំង​មិន​ឱ្យ​ធ្វើ​នយោបាយ​នៅ​កម្ពុជា​មក សកម្មជន និង​មន្ត្រី​តាម​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​នាក់​ហើយ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​បទ​ចោទ​ថា បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​របប​ឯក​បក្ស។

ចំណែក​នៅ​ខេត្ត​ព្រះសីហនុ​វិញ យ៉ាងហោចណាស់ មន្ត្រី​បក្ស​ប្រឆាំង​២​នាក់​រួចហើយ រង​ការ​ចាប់ខ្លួន ក្រោម​ហេតុផល​ថា ដឹកនាំ​ពលរដ្ឋ​ទន្ទ្រាន​យក​ដី​រដ្ឋ នៅ​ម្ដុំ​ក្បាលឆាយ គឺ​ចៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ លោក អ៊ុក ចេត្តនី និង​អតីត​ជំទប់​ទី​២ សង្កាត់​លេខ​១ នៃ​អាណត្តិ​ទី​៣ លោក ឆាយ រ័ត្ន។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បញ្ជាក់​ថា ការ​បញ្ចេញ​មតិ​រិះគន់​សង្គម ដោយ​គ្មាន​ការ​ជេរប្រមាថ ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ មិនមែន​ជា​បទល្មើស​ទេ៖ «ខ្ញុំ​ថា បើ​គ្រាន់តែ​និយាយ​អ៊ីចឹង អត់​មានរឿង​អ្វី (​សកម្មជន​) អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង និយាយ​មិន​បានទេ ព្រោះ​អា​រឿង​ហ្នឹង​នរណា ក៏​និយាយ​ដែរ ប្រជាពលរដ្ឋ​ទូទៅ​ក៏​និយាយ​ដែរ។ តែ ក្រែងលោ ថា វា​មានរឿង​អ្វី​ផ្សេង​ពី​ហ្នឹង​ទៀត បាន​គេ​ចាប់ ឬ​គេ​ចាប់​បាន​គេ​រក​ឃើញ​។ ប៉ុន្តែ​ខ្ញុំ​ថា​ទាំង​អស់ហ្នឹង ទោះបី គាត់​និយាយ​អ្វី​ក៏ដោយ គ្រាន់តែ​ជា សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​ទេ មិន​អាច​ទៅ​ឃា​ឃាំង រារាំង​ប្រជាពលរដ្ឋ​ទេ»

តំណាង​សង្គម​ស៊ីវិល​រូប​នេះ យល់ថា ប្រសិនបើ សមត្ថកិច្ច​គ្មាន​គម្រោង​ចាប់ខ្លួន លោក ម៉ៃ ប៊ុនស៊ាង ទេ គួរ​ទៅ​ប្រាប់​ភរិយា របស់ លោក ម៉ៃ ប៊ុនស៊ាង ឱ្យ​ច្បាស់ ដើម្បី​ឱ្យ​មាន​ទំនុក​ចិត្ត​ថា ប្ដី​អ្នកស្រី អាច​វិល​ត្រលប់​មក​ផ្ទះ​វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles