សំណុំរឿង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ឃុំ​ប្រមេរ​រឿង​បង្ខាំង​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចិន​ត្រូវ​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ

ដោយ សន ចាន់រដ្ឋា
2019-06-15
RFA

សាលា​ដំបូង​ខេត្ត​ព្រះវិហារ។ Photo: RFA
សាលា​ដំបូង​ខេត្ត​ព្រះវិហារ។ Photo: RFA


ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ បាន​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ​សំណុំរឿង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេ​រហើយ កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក៏ប៉ុន្តែ​ចៅក្រម​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​រង​ការចោទប្រកាន់​ក្នុង​សំណុំ​រឿង​នេះ ស្នើ​ឱ្យ​តុលាការ​លើកលែង​បទ​ចោទប្រកាន់​លើ​រូបលោក និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក សំ ទិត្យសីហា ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៤ មិថុនា​ថា ចៅក្រម​ស៊ើបសួរ​មិនទាន់​ចេញ​សេចក្តី​សន្និដ្ឋាន​ស្ថាពរ​ថា នឹង​ត្រូវ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ ឬមួយ​ក៏​ត្រូវ​លើកលែង​បទចោទប្រកាន់​លើ​កូន​ក្តី​របស់​លោក​នៅឡើយ​ទេ​។ ដូច្នេះ លោក​ថា ក្រុម​មេធាវី​នឹង​ស្វែងរក​ភស្តុតាង​ដាក់​ជូន​តុលាការ​បន្ថែម​ទៀត ដើម្បី​ជួយ​ដោះ​បន្ទុក​កូន​ក្តី​ឱ្យ​បាន​រួចផុត​ពី​បទ​ចោទប្រកាន់៖ «គ្មាន​ច្បាប់​ណា​ចែង ហើយក៏​គ្មាន​បទល្មើស​ដែរ បើ​គ្រាន់តែ​យើង​ហាមឃាត់​មិន​ឱ្យ​គេ​ភ្ជួរ​លើ​ដី​ស្រែ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​។ តុលាការ​មេត្តា​ពិចារណា ហើយ​ចេញ​ដីកា​លើកលែង​ការចោទប្រកាន់​ដល់​កូន​ក្តី​របស់ខ្ញុំ​ទាំងអស់ ដើម្បី​ឱ្យ​គាត់​មាន​សេរីភាព រួច​ផុត​ពី​ការចោទប្រកាន់ ដើម្បី​ឱ្យ​គាត់​មានឱកាស​គ្រប់គ្រាន់​ក្នុង​ការ​ដើរហើរ​ស្វែង​របរ​រកស៊ី​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ​គាត់»

តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទប្រកាន់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​ចំនួន ៧​នាក់ ពី​បទ “​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​ដោយ​ខុសច្បាប់​” និង​បាន​ចោទប្រកាន់​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​២ នាក់ ពី​បទ “​សមគំនិត​” ក្នុង​អំពើ​ទាំងនេះ​។ ចំណាត់​ការ​របស់​តុលាការ​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ស្ករស​ចិន​ហេងហ្វូ (Hengfu) ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ។

ចៅក្រម​ស៊ើបសួរ លោក ជៀន ស្រស់ បាន​កោះហៅ​អ្នក​ទាំង​៩ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់ កាលពី​ចុងខែ​មីនា​កន្លង​ទៅ។ ចៅក្រម​ដដែល​នេះ​ក៏បាន​ដាក់​ពួកគេ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា ត្រូវ​ទៅ​បង្ហាញខ្លួន​ជា​រៀងរាល់​ខែ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ និង​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស ព្រមទាំង​ត្រូវ​ចូលខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​ជាដើម។

មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ដែល​រង​បណ្ដឹង​ក្នុង​រឿង​នេះ ថ្លែង​ថា លោក និង​អតីត​សហការី​មួយ​រូប​ទៀត មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។ លោក​បញ្ជាក់​ថា សកម្មភាព​របស់​ពួក​លោក​នៅ​ពេល​នោះ គឺ​គ្រាន់តែ​ចុះទៅ​ឃ្លាំមើល​ការ​តវ៉ា​របស់​ពលរដ្ឋ និង​ជួយ​ពន្យល់​ពលរដ្ឋ​កុំ​ឱ្យ ផ្ទុះ​អំពើ​ហិង្សា​បំផ្លាញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រួប​នេះ ត្អូញត្អែរ​ថា ការ​ជាប់​បណ្តឹង និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ ធ្វើ​ឱ្យ​លោក​មាន​សម្ពាធ​ជា​ខ្លាំង និង​ប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​លោក​ក្នុងនាម​ជា​អ្នកការពារ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច៖ «សូម​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​រូប​ខ្ញុំ​បាទ​ហ្នឹង​តែម្ដង ដោយ​មិន​ចាត់ការ​រឿង​នេះ​ទេ រួម​ទាំង​សហគមន៍​ទាំង​១០ នាក់​ទៀត​ផង សូម​ឱ្យ​ទម្លាក់​បទ​ចោទ​ហ្នឹង​ចោល​ទៅ​។ វា​មិនមែន​ជា​រឿង​ដែល​ធ្វើ​ឱ្យ​ចំណេញ ឬក៏​ខាត​អ្វី​នោះ​ទេ»

កាលពី​ចុង​ឆ្នាំ​២០១៤ កន្លងទៅ ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​នាំគ្នា​ឃាត់​គ្រឿងចក្រ​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ដែល​កំពុង​ឈូសឆាយ​ដី​ទំនាស់​។ គ្រឿងចក្រ​ទាំងនោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​មក​ទុក​នៅ​សាលាឃុំ​ប្រមេរ រហូត​ដល់​ឆ្នាំ​២០១៦ ទើប​អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​ចុះ​មក​យក​គ្រឿងចក្រ​ទាំងនោះ​ទៅវិញ​។ ក្រោយ​មក​ក្រុមហ៊ុន​ក៏បាន​ដាក់​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ពី​រឿង​បង្ខាំង​ទុក​ដោយ​ខុសច្បាប់។

អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ហេងហ្វូ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៤ មិថុនា។

ទោះជា​យ៉ាងណា ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ បាន​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​ឃាត់​គ្រឿងចក្រ​នោះ គឺ​ដោយសារ​កម្មករ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ព្រៃ និង​ដីចម្ការ​ដែល​ពួកគាត់​ធ្លាប់​បង្កបង្កើនផល​ជា​យូរ​មក​ហើយ ហើយ​ការ​ឃាត់​នេះ គឺ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ទំនាស់​ឱ្យ​បាន​ចប់​សព្វគ្រប់​ជាមុន​សិន។

ពួកគាត់​បន្ថែម​ថា ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ទៅវិញ​អស់ហើយ ហើយ​ដី​ដែល​ពួកគាត់​ធ្លាប់​តស៊ូ​ក្រាញ​ននាល​នោះ ក៏​ក្លាយ​ជា​របស់​ក្រុមហ៊ុន​អស់​ទៅ​ហើយ​ដែរ ដូច្នេះ​តុលាការ​មិន​គួរ​ចាត់ការ​រឿង​នេះ ដើម្បី​ផ្គាប់ចិត្ត​ក្រុមហ៊ុន​ចិន​ឡើយ។ ពួកគាត់​ស្នើ​យ៉ាង​ទទូច​ឱ្យ​តុលាការ​លើកលែង​បទចោទប្រកាន់​លើ​សមាជិក​សហគមន៍ ដើម្បី​កុំ​ឱ្យ​ពួកគាត់​ក្លាយ​ជា​ជនរងគ្រោះ​ពីរ​ដង​ដោយសារ​រឿង​ដីធ្លី​ដ៏​អយុត្តិធម៌​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles