អ្នកស្រី សុទ្ធី ហៃដ្ឋ៖ ពី​ជនភៀសខ្លួន រហូត​ក្លាយ​ជា​បញ្ញវន្ត និង​ជា​តំណាង​កម្ពុជា​ក្នុង​ពិភព​ការទូត​អាមេរិក


វីអូអេខ្មែរ

កំណត់​និពន្ធ៖ ប្រិយមិត្ត​ជាច្រើន​ប្រហែល​ជា​បាន​ស្គាល់​អ្នកស្រី សុទ្ធី ហៃដ្ឋ ដែល​មាន​ឈ្មោះ​ដើម​ កែន មនោសុទ្ធី ថា​ជា​ភរិយា​របស់​លោក William A. Heidt ​ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជាពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨។ ប៉ុន្តែ​ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​មិន​បាន​ដឹង​លម្អិត​អំពី​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី មុន​នឹង​ក្លាយ​ជា​ភរិយា​របស់​មន្ត្រី​ការទូត​កំពូល​អាមេរិក​រូប​នេះ​នោះ​ទេ។ តាមពិត ជីវិត​របស់​អ្នកស្រី សុទ្ធី ហៃដ្ឋ ពោរពេញ​ដោយ​ការ​តស៊ូ​ជា​ច្រើន ស្រដៀង​គ្នា​នឹង​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ទើប​តែ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ដែរ។

អ្នកស្រី សុទ្ធី ​បាន​ឆ្លង​កាត់​បទពិសោធន៍​ជា​ច្រើន​ រាប់​តាំងពី​ការ​បាត់បង់​ឪពុកម្តាយ បងប្អូន ​ផ្ទះ​សម្បែង និង​សាច់​ញាតិ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម រហូត​បាន​មក​រស់នៅ​ជា​ជន​ភៀស​ខ្លួន នៅ​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋ​អាមេរិក ដោយ​ឆ្លង​កាត់​ភាព​ក្រីក្រ រហូត​បាន​ទទួល​ការ​អប់រំ​ខ្ពង់ខ្ពស់នៅ​សាលា​ល្បីល្បាញ​លំដាប់​កំពូល​មួយ​នៅ​អាមេរិក​នេះ។

VOA មាន​ឱកាស​សម្ភាស​អ្នកស្រី សុទ្ធី ដោយ​ផ្ទាល់ ហើយ​បាន​ផលិត​ជា​កំណត់ត្រា​ជីវប្រវត្តិផ្ទាល់មាត់​ជា​ភាគ​អំពី​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី ក្នុង​នាម​អ្នកស្រី​ជា​ជន​រងគ្រោះ​ម្នាក់​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ជា​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​មក​រស់នៅ​សហរដ្ឋអាមេរិក ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​តស៊ូ​ដើម្បី​ការ​អប់រំ​ និង​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ពិភព​ការទូត​អាមេរិក និង​ការទូត​សកលលោក។ អ្នកស្រី​បាន​ប្រាប់ VOA ថា អ្វីៗ​ដែល​អ្នក​ស្រី​សម្រេច​បាន​ក្នុង​ជីវិត គឺ​កើត​ចេញ​ពី​ «ការ​បេ្តជ្ញា​ចិត្ត និង​តស៊ូ‍» របស់​អ្នកស្រី។

សព្វថ្ងៃ​នេះ អ្នកស្រី សុទ្ធី និង​លោក William A. Heidt បាន​ត្រឡប់​មក​រស់នៅ​សហរដ្ឋអាមេរិក​វិញ​ហើយ​ ​ហើយ​លោក William A. Heidt ​កំពុង​តែបម្រើ​ការ​នៅ​ក្រសួង​ការបរទេស​អាមេរិក ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

បទសម្ភាសន៍​បែប​កំណត់ត្រាជីវ​ប្រវត្តិ​ផ្ទាល់​មាត់​អំពី​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី​ ហៃដ្ឋ ដែល​មាន​៥​ភាគ​ និង​អម​ដោយ​កម្រង​រូបភាព​នេះ ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​អ្នកនាង​ ហុង ចិន្តា និង​អ្នកនាង ទែន សុខស្រីនិត អ្នកយកព័ត៌មាន​របស់ VOA។ បទសម្ភាសន៍​ទាំងស្រុង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជាង៦ម៉ោង ​នៅ​ឯ​គេហដ្ឋាន​របស់​អ្នកស្រី សុទ្ធី នៅ​ក្រុង Arlington ​រដ្ឋ Virginia ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី វ៉ាស៊ីនតោន នា​រដូវរងា ដើម​ឆ្នាំ ២០១៩។ នៅ​ក្នុង​បទសម្ភាសន៍​នេះ យើង​ខ្ញុំ​បាន​ហៅ​អ្នកស្រី សុទ្ធី ហៃដ្ឋ ថា មនោសុទ្ធី ទៅ​តាម​សំណូមពរ​របស់​អ្នកស្រី​ផ្ទាល់។ ​

តាមរយៈ​កំណត់ត្រា​ជីវប្រវត្តិផ្ទាល់មាត់​នេះ អ្នក​ស្រី សុទ្ធី សង្ឃឹម​ថា​ បទពិសោធន៍​ជីវិត​របស់​អ្នក​ស្រី​អាច​ផ្តល់​ជា​ក្តី​សង្ឃឹម និង​ការ​លើក​ទឹកចិត្ត​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​មាន​សុទិដ្ឋិនិយម​ក្នុង​ជីវិត ហើយ​ខិតខំ​តស៊ូ និង​អត់ធ្មត់ ​កុំ​រាថយ បើ​ទោះ​បី​ជា​ជីវិត​ជួប​ឧបសគ្គ​យ៉ាង​ណា​ក្តី៕

សូម​ចុច​ស្តាប់សេចក្តីផ្តើមនៃ​បទសម្ភាសន៍ជាភាគស្តីពីដំណើរជីវិតរបស់អ្នកស្រី សុទ្ធី ហៃដ្ឋ ខាង​ក្រោមនេះ៖


ភាគទី១៖ អតីតកាល​កក់ក្តៅ​និង​ឈឺចាប់

សម្រាប់​ភាគទី១ ​នៃ​ដំណើរ​ជីវិត​របស់អ្នក​ស្រី សុទ្ធី ហៃដ្ឋ ​ប្រិយមិត្ត​នឹង​បាន​ស្តាប់​ដំណើរ​ជីវិត​របស់​អ្នក​ស្រី​កាល​ពី​វ័យ​កុមារ រស់នៅ​ក្នុង​គ្រួសារ​ដ៏​កក់​ក្តៅ​មួយ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​ដំណើរ​រត់​ភៀស​ខ្លួន​របស់​អ្នក​ស្រី និង​បងស្រី​ឈ្មោះ កែន ច័ន្ទផល្គុណ ដែល​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម មក​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក ដោយ​ទទួល​បាន​ការ​ចិញ្ចឹម​បីបាច់​ពី​ឪពុកមា​ឈ្មោះ កែន ឃន និង​ភរិយា​របស់​លោក​ឈ្មោះ ម្លិះ សារ៉ាត់។ សូម​ស្តាប់​ភាគទី ១ នៃ​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី ហៃដ្ឋ ខាង​ក្រោម​នេះ៖​


ភាគទី២៖ ជីវិត​តស៊ូ​លើ​ទឹក​ដី​ថ្មី


សម្រាប់​ភាគទី២ នៃ​ដំណើរ​ជីវិត​របស់​លោកស្រី សុទ្ធី ហៃដ្ឋ ​ប្រិយមិត្ត​នឹង​បាន​ស្តាប់​ពី​បទពិសោធន៍​របស់​អ្នកស្រី និង​បងស្រី ពេល​មក​ដល់​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ១៩៨៥ និង​ការ​តស៊ូ​រៀនសូត្រ​របស់​អ្នក​ស្រី ទាំង​មិន​ចេះ​ភាសា​អង់គ្លេស​ស្ទាត់ រហូត​ដល់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ ពី​សាកលវិទ្យាល័យ Cornell ដែល​ជា​សាលា​ល្បីល្បាញ​លំដាប់​កំពូល​មួយ​នៅ​សហរដ្ឋ​អាមេរិក។ សូម​ស្តាប់​ភាគទី ២ នៃ​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី ហៃដ្ឋ ខាង​ក្រោម​នេះ៖


ភាគទី៣៖ ផែនដី​វិល​ដល់​កន្លែង​ចាស់


សម្រាប់​ភាគ​ទី៣ នៃ​ដំណើរ​ជីវិត​របស់​អ្នក​ស្រី សុទ្ធី ហៃដ្ឋ ​ប្រិយមិត្ត​នឹង​បាន​ស្តាប់​អំពី​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​លើក​ដំបូង បន្ទាប់​ពី​បាន​រត់​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​១០ឆ្នាំ។ នៅ​ឆ្នាំ ១៩៩៧ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ពី​សាកល​វិទ្យាល័យ​ Cornell អ្នកស្រី សុទ្ធី បាន​ទទួល​ឱកាស​ការងារ​ដ៏​កម្រ​មួយ​នៅ​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​ប្រទេស​មួយ​នេះ​ទើប​តែ​ងើប​ពី​សង្គ្រាម​ស៊ីវិល និង​កំពុង​ស្ថាបនា​ប្រទេស​ជាតិ​ឡើង​វិញ។ អ្នកស្រី សុទ្ធី បាន​បម្រើ​ការ​ជា​អ្នក​គ្រប់គ្រង​ទំនាក់ទំនង​សាធារណៈ​ឲ្យ​សណ្ឋាគារ​ InterContinental Phnom Penh ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ ១៩៩៨។ សូម​ស្តាប់​ភាគទី ៣ នៃ​ដំណើរ​ជីវិត​របស់​អ្នក​ស្រី សុទ្ធី ហៃដ្ឋ ខាង​ក្រោម​នេះ៖


ភាគទី៤៖ ភ្នំពេញ​ស្នេហា​ខ្ញុំ


សម្រាប់​ភាគ​ទី៤ នៃ​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី ហៃដ្ឋ ប្រិយ​មិត្ត​នឹង​បាន​ស្តាប់​អំពី​ការ​ជួប​គ្នា​លើក​ដំបូង​របស់​អ្នកស្រី សុទ្ធី ជាមួយ​លោក William A. Heidt នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​មិថុនា ឆ្នាំ​១៩៩៧ ក្នុង​ប្រទេស​កម្ពុជា។ ការ​ជួប​គ្នា​លើក​ដំបូង​របស់​អ្នក​ទាំងពីរ​បាន​ក្លាយ​ជា​ចំណង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​មួយ រហូត​ដល់​អ្នក​ទាំងពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នៅ​ឆ្នាំ ១៩៩៩ ហើយ​បានកសាង​ជីវិត​គ្រួសារ​ជាមួយ​គ្នា​ រហូត​ដល់​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Allen Soriya Heidt។ សូម​ស្តាប់​ភាគទី ៤ នៃ​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី ហៃដ្ឋ ខាង​ក្រោម​នេះ៖


ភាគទី៥៖ លាសិនហើយកម្ពុជា


សម្រាប់​ភាគ​ទី ៥ ដែល​ជា​ភាគ​បញ្ចប់​នៃ​ដំណើរ​ជីវិត​របស់​អ្នក​ស្រី សុទ្ធី ហៃដ្ឋ ​ប្រិយមិត្ត​នឹង​បាន​ស្តាប់​ពី​បេសកកម្ម​ការទូត​របស់​អ្នក​ស្រី និង​លោក​ William A. Heidt នៅ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៨ និង​មិត្តភាព​របស់​អ្នក​ទាំងពីរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ទាំង​មូល។ សូម​ស្តាប់​ភាគទី ៥ ដែល​ជា​ភាគ​បញ្ចប់​នៃ​ដំណើរ​ជីវិត​របស់​អ្នកស្រី សុទ្ធី ហៃដ្ឋ ខាង​ក្រោម​នេះ៖


What Next?

Recent Articles